សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​មួយ​រូប​បាន​ចេញ​ពី​ពន្ធនាគារ​បន្ទាប់​ពី​ជាប់​ទោស​គ្រប់​កំណត់

ដោយ មួង ណារ៉េត
2018-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។
តំណាង​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ លោក ធុយ វី ពេល​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

សមាជិក​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​ទើប​ចេញពី​ពន្ធនាគារ​លោក ធុយ វី ត្រេកអរ​ដែល​បាន​ចេញពី​ពន្ធនាគារ ប៉ុន្តែ​នៅតែ​អះអាង​ថា ការ​ផ្ដន្ទាទោស​លោក គឺជា​រឿង​អយុត្តិធម៌ និង​រំលោភ​រដ្ឋធម្មនុញ្ញ។ ថ្លែងប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៣ ខែ​វិច្ឆិកា នេះ លោក ធុយ វី ដែល​បាន​ជាប់ពន្ធនាគារ​គ្រប់​កាលកំណត់ អស់​រយៈពេល ជាង​១​ឆ្នាំ​កន្លះ (១​ឆ្នាំ ៦​ខែ និង ១​ថ្ងៃ​) មុននឹង​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​នេះ ថា​របប​សព្វថ្ងៃ បំពាន​ច្បាប់ ដោយ​រឹតត្បិត​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង ធ្វើទុក្ខបុកម្នេញ រាល់​សំឡេង​ដែល​មិន​ស្រប​របប​នេះ។

លោក ធុយ វី ជា​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​មនុស្ស ២​នាក់​ផ្សេងទៀត ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៧ ក្នុង​ពេល​ខ្លួន​កំពុង​ធ្វើ​សន្និសីទកាសែត ស្ដីពី​ជំហរ​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ។ ក្រោយ​ការ​ចាប់ខ្លួន​មនុស្ស ២​នាក់​ក្នុង​ចំណោម​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ដោះលែង​វិញ ក្រោម​ហេតុផល​ថា រក​មិន​ឃើញ​ធាតុ​ផ្សំ​នៃ​បទល្មើស។

ប៉ុន្តែ លោក ធុយ វី ត្រូវ​បាន​តុលាការ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៧​នោះ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដោយសារតែ​ការ​ធ្វើ​សន្និសីទកាសែត​នោះ។

បច្ចុប្បន្ន​សមាជិក​របស់​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​ប្រមាណ ១០​នាក់​មក​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ ដោយ​រង​ការ​ចោទ​ប្រកាន់​ថា មាន​ចេតនា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ក្រោយពី​ចេញពី​ពន្ធនាគារ​ភ្លាម លោក ធុយ វី បាន​អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល