លោក ហ៊ុន សែន ឆ្លើយ​តប​លិខិត​លោក អាត់ ធន់ ដោយ​បញ្ជា​​នៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ថ្មី​ទៀត ឲ្យ​​​ពន្លឿន​ការ​ដោះ​ស្រាយ​បញ្ចប់​បណ្ដឹង​​សហជីព និង​​អង្គការ​​សង្គម​​ស៊ីវិល

2018-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ប្រាប់​អ្នក​កាសែត​ពេល​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។
ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ប្រាប់​អ្នក​កាសែត​ពេល​ចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA

លោក​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​វិច្ឆិកា​ បាន​បញ្ជា​ជា​ថ្មី​ទៀត ​ទៅ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​ឲ្យ​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​សំណុំ​សហជីព ​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បាន​ឆាប់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគាត់​។ មន្ត្រី​សហជីព​យល់​ថា ​បញ្ជា​របស់​លោក​ ហ៊ុន ​សែន​ គ្រាន់​តែ​ការ​ដោះស្រាយ​បញ្ហា​តានតឹង​របស់​កម្ពុជា​បាន​មួយ​ផ្នែក​តូច​​​ ដោយសារ​មាន​សម្ពាធ​ពី​ប្រទេស​សេរី​។ តែ​ធ្វើ​ដូច្នេះ​ មិន​អាច​រួច​ផុត​ពី​ទណ្ឌកម្ម​អន្តរជាតិ​បាន​ទេ។​​

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក អាត់ ធន់​ អះអាង​ថា លោក​បាន​បញ្ជូន​​សំណុំរឿង​ដែល​ជាប់​ក្នុង​បណ្ដឹង​ក្នុង​តុលាការ​ ទៅ​ក្រសួង​ការងារ និង​លោក​នាយករដ្ឋមន្ត្រី​ដើម្បី​ឲ្យ​តុលាការ​​ពន្លឿន​ដោះ​ស្រាយ​សំណុំ​របស់​ខ្លួន​មួយ​សប្ដាហ៍​ហើយ​ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ វិច្ឆិកា​ មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ លោក​បន្ថែម​ទៀត​ថា លោក​ជាប់​បណ្ដឹង​ព្រហ្មទណ្ឌ​ក្នុង​តុលាការ​ចំនួន​ ៧​ករណី​ និង​​ជាមួយ​មន្ត្រី​សហជីព​ប្រហែល ៤០​ករណី​ទៀត ដែល​បណ្ដឹង​ទាំង​នោះ​លោក​មិន​មាន​កំហុស​ទាល់​តែ​សោះ​ ​តែ​ជា​សំណុំ​រឿង​ដែល​លោក​និង​មន្ត្រី​សហជីព​បំពេញការងារ​តាម​វិជ្ជាជីវៈ​មួយ​ក្រុម​​កម្មករ​ ដែល​​​រងគ្រោះ​ដោយ​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ថៅកែ​រោងចក្រ​មក​​លើ​ពួកគាត់។ មេដឹកនាំ​សហជីព​រូប​នេះ​ អះអាង​ទៀត​ថា​ សំណុំ​រឿង​ទាំង​អស់​នេះ​បាន​រាំងស្ទះ​ដល់​ដំណើរ​របស់​សហជីព​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន​ ហើយ​ធ្វើ​ឲ្យ​មួយ​រយៈ​ចុង​ក្រោយ​នេះ​មិន​អាច​ចុះ​ជួយ​ក្រុម​កម្មករ​​ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​គោរព​សិទ្ធិ​ការងារ​បាន​ឡើយ៖ «»

នៅ​ព្រឹក​ថ្ងៃ​ទី២៨ វិច្ឆិកា លោក ហ៊ុន សែន ទទូច​ឲ្យ​មន្ត្រី​សហជីព​ទាំង​អស់​ដែល​មាន​បណ្ដឹង​ក្នុង​តុលាការ​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ឲ្យ​បាន​ឆាប់​ដើម្បី​ក្រសួង​ការងារ​និង​ក្រសួង​យុត្តិធម៌​សហការ​ជាមួយ​តុលាការ​ដោះស្រាយ​បញ្ចប់​រឿង​ឲ្យ​បាន​ឆាប់។លោក ហ៊ុន សែន​ក៏​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​រឿង​នេះ​ប្រញាប់​ដោះស្រាយ​សំណុំ​រឿង​សហជីព​និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​បាន​លឿន​​ ដើម្បី​ឲ្យ​ពួកគាត់​បាន​បំពេញ​ការងារ​របស់​ខ្លួន​បាន​ពេញ​លេញ ដោយ​​មិន​មាន​ការ​រិះ​គន់​ថា​របប​លោក​រឹតត្បិត​សេរីភាព​អង្គការ​សង្គម​ស៊ីវិល​និង​សហជីព៖ «»

ទោះ​ជា​យ៉ាង​ណា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក គ..ប លោក រ៉ុង ឈុន លើក​ឡើង​ថា លោក ហ៊ុន សែន បន្ទន់​ឥរិយាបថ​​នេះ ដោយសារ​មាន​សម្ពាធ​ដក​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ពី​​កម្ពុជា​ទៅ​សហគមន៍​អឺរ៉ុប​ គឺ​មិន​មែន​នៅ​សុខៗ លោក ហ៊ុន សែន ធ្វើ​ចិត្ត​នោះ​ទេ ព្រោះ​កន្លង​មក​លោក ហ៊ុន សែន តែង​ចាត់​ទុក​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជា​ក្រុម​ប្រឆាំង​នឹង​របប​លោក ដោយសារ​តែ​ពួក​គេ​បំពេញ​ការងារ​ប៉ះពាល់​ដល់​ប្រជាប្រិយភាព​គណបក្ស​កាន់​អំណាច៖ «»

លោក រ៉ុង ឈុន បន្ថែម​ទៀត​ថា​ វិធានការ​របស់​​លោក​ ហ៊ុន សែន ​នេះ​ គ្រាន់​តែ​ជា​ការ​ដោះស្រាយ​ភាព​តានតឹង​នៅ​កម្ពុជា​បាន​មួយ​ផ្នែក​តូច​ដើម្បី​​កុំ​ឲ្យ​មាន​ការ​រិះ​គន់​ធ្ងន់ធ្ងរ​មក​លើ​របប​លោក​តែ​ប៉ុណ្ណោះ​ ដោយ​​មិន​អាច​បញ្ចៀស​សម្ពាធ​ពី​អន្តរជាតិ​បាន​ទេ។ លោក​ថា​ ដើម្បី​ដោះស្រាយ​កុំ​ឲ្យ​មាន​​សម្ពាធ​ពី​អន្តរជាតិ​បាន​លុះ​ត្រា​តែ​លោក​ ហ៊ុន សែន​ ដោះលែង​លោក ​កឹម សុខា ​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់​ទៅ​​លើ​លោក សម រង្ស៊ី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​របប​លោក​ ហ៊ុន សែន​រំលាយ​ចោល​ ហើយ​បង្ក​បរិយាកាស​​រៀបចំ​ការ​បោះឆ្នោត​ឡើង​វិញ​ ដោយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ប្រកួតប្រជែង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល