អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​រិះគន់​ការ​កាត់​ក្តី​របស់​តុលាការ​កម្ពុជា​ករណី​សារ​បដិវត្តន៍​ពណ៌

ដោយ សាន សែល
2016-03-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​ចេញ​ពី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
យុវជន គង់ រ៉ៃយ៉ា (រូប​កណ្ដាល) ពេល​បញ្ជូន​ចេញ​ពី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦។
RFA/Sorn Chanratha

បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាត់​ក្តី​ឲ្យ​យុវជន​ដែល​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក (Facebook) ធ្វើ​បដិវត្ត​ពណ៌ ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ យុវជន​មួយ​ចំនួន គណបក្ស​ប្រឆាំង រិះគន់​ថា រដ្ឋាភិបាល​កំពុង​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។

ក៏ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា សាទរ​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​នេះ ហើយ​ថា រដ្ឋាភិបាល​មិន​ដែល​មាន​បំណង​បំបិទ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ណា​ម្នាក់​ទេ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រូបឺតសុន (Phil Robertson) ភ្ញាក់​ផ្អើល​នៅ​ពេល​តុលាការ​កម្ពុជា ផ្ដន្ទាទោស​យុវជន​ដែល​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ឲ្យ​ជាប់​ពន្ធនាគារ។ លោក​អះអាង​ថា លោក គង់ រ៉ៃយ៉ា មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​រហូត​ដល់​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ឡើយ។ លោក ហ្វីល រ៉ូបឺតសុន មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ផ្ញើ​សារ​ព្រមាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ថា រដ្ឋាភិបាល​កំពុង​តាម​ដាន​រាល់​សកម្មភាព​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ដែល​បង្ខំ​ឲ្យ​ប្រជាជន​មិន​និយាយ​រិះគន់​រដ្ឋាភិបាល។

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ករណី​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ធ្វើ​បដិវត្ត​ពណ៌​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥។

យុវជន​មួយ​ចំនួន ក៏​រិះគន់​សេចក្តី​សម្រេច​របស់​តុលាការ​នេះ​ផង​ដែរ។

ជា​និស្សិត​ឆ្នាំ​ទី​២ កញ្ញា យ៉ែម ដាលីស ខក​ចិត្ត​ចំពោះ​ការ​កាត់​ក្តី​របស់​តុលាការ​ក្រុង​ភ្នំពេញ។ ខក​ចិត្ត​ដ្បិត កញ្ញា ដាលីស យល់​ថា ការ​ដាក់​ទោស​យុវជន គង់ រ៉ៃយ៉ា ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ ជា​រឿង​ហួស​ហេតុ​ពេក។

កញ្ញា ដាលីស ជឿ​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ ជា​សារ​គំរាម​ដល់​អ្នក​ដែល​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​អ៊ីនធឺណិត ជាពិសេស​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ កញ្ញា​បន្ត​ថា វា​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​រដ្ឋធម្មនុញ្ញ៖ «ពួក​ខ្ញុំ​មិន​ពេញ​ចិត្ត​នូវ​សាល​ដីកា​នេះ​ទាំង​ស្រុង​តែ​ម្ដង ព្រោះ​តុលាការ​ចោទ​ប្រកាន់​ដោយ​មិន​មាន​ហេតុផល។ ហេតុផល (ដែល​គេ​ចោទ) ដោយ​គាត់​បង្ហាញ​មតិ​យោបល់​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឲ្យ​គាត់​ជាប់​ទោស​រហូត​ដល់ ១​ឆ្នាំ ៦​ខែ។ ចុះ​អ្នក​ដែល​បុក​គេ​ស្លាប់ ២​នាក់ ហេតុ​អី​ជាប់​ទោស​តែ​ពីរ​ខែ? នេះ​បើ​យើង​ប្រៀបធៀប»

បើ​ទោះ​បី​ជា​បែប​នេះ​ក្តី កញ្ញា ដាលីស និយាយ​ថា នាង​មិន​បាក់ស្បាត​ឈប់​រិះគន់​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល​នោះ​ទេ៖ «សម្រាប់​គេ ខ្ញុំ​មិន​ដឹង​ទេ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​រិះគន់​មិន​សំចៃ​មាត់​ទេ រឹត​តែ​ខ្លាំង​ឡើង ពីព្រោះ​ខ្ញុំ​មើល​សង្គម​រាល់​ថ្ងៃ​ហ្នឹង គឺ​បើ​យើង​មិន​បញ្ចេញ​មតិ មិន​បញ្ចេញ​យោបល់​ទេ (រដ្ឋាភិបាល) រឹត​តែ​ខ្លាំង​ជាង​ហ្នឹង​ទៀត»

យុវជន​ម្នាក់​ទៀត​ឈ្មោះ សម្បត្តិ ស៊ីណា ឲ្យ​ដឹង​ថា តាំង​ពី​តុលាការ​ចោទ​ប្រកាន់​យុវជន គង់ រ៉ៃយ៉ា មក លោក​បាន​បន្ថយ​បញ្ចេញ​មតិ​រិះគន់ និង​បង្ហាញ​ពី​មតិ​ផ្ទាល់​ខ្លួន​នានា ទាក់ទង​នឹង​ការ​ដើរ​ថយ​ក្រោយ​របស់​សង្គម ក្រោយ​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល។ លោក ស៊ីណា ដែល​ជា​និស្សិត​ឆ្នាំ​ទី​៣ រិះគន់​ថា ទង្វើ​របស់​តុលាការ​នេះ​ជា​ការ​បំបាក់​ស្មារតី​យុវជន មិន​ឲ្យ​ឈឺ​ឆ្អាល និង​ទម្លាយ​ភាព​ស្ងៀមស្ងាត់​នៃ​ភាព​អវិជ្ជមាន​របស់​រដ្ឋាភិបាល៖ «រាល់​ថ្ងៃ​ខ្ញុំ​ជា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ច្រើន​ដែរ តែ​ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​តាម​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា ដែល​ធ្វើ​ដាក់​យុវជន ខ្ញុំ​មាន​អារម្មណ៍​មួយ​មាន​ការ​ភ័យ​ខ្លាច​មែន​ទែន ដោយ​យើង​ស្ថិត​នៅ​ក្នុង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ ហើយ​គ្រាន់​តែ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ចង់​និយាយ​ពី​អ្វី​ដែល​យើង​ចង់​និយាយ ជា​កង្វល់​ផ្ទាល់​របស់​យើង ចឹង​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច»

ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​ហៅ​ការ​កាត់​ក្តី​របស់​តុលាការ ថា​ជា​ការ​បង្ហាញ​នូវ «ភាព​សាហាវ​ឃោរឃៅ» របស់​គណបក្ស​កាន់​អំណាច ដើម្បី​បំភិតបំភ័យ គំរាម​កំហែង និង​គាប​សង្កត់​យុវជន​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​រាល់​ការ​រិះគន់​ទាំង​នេះ ដោយ​លោក​ថា តុលាការ​បាន​កាត់​ក្តី​ត្រឹមត្រូវ​តាម​អង្គ​ហេតុ។ អង្គ​ហេតុ​ដែល លោក សុខ ឥសាន អះអាង​នោះ គឺ​យុវជន គង់ រ៉ៃយ៉ា បាន​ប្រើ​សេរីភាព​របស់​ខ្លួន​លើស​កម្រិត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ លោក​ថ្លែង​ថា រដ្ឋាភិបាល​មិន​ដែល​គំរាម​កំហែង ឬ​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​ទេ៖ «ពីព្រោះ​គាត់​អត់​មាន​អាវុធ​មែន តែ​គាត់​កៀរគរ​កម្លាំង​ជា​កម្លាំង​មហាជន ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។ ហ្នឹង​វា​ខុស​បាត់​ទៅ​ហើយ គ្រាន់​តែ​ខ្លឹមសារ នឹង​មិន​ដល់​សកម្មភាព។ បើ​ដល់​សកម្មភាព គេ​ចាប់​ដល់​អ្នក​ដែល​ពាក់ព័ន្ធ មិន​ត្រឹម​តែ​ចាប់​ខ្លួន រ៉ៃយ៉ា ដែល​ជា​មេ​ដើម​គំនិត​នោះ​ទេ»

ក្រុម​យុវជន​ដែល​ជា​មិត្តភ័ក្ដិ​ជិតស្និទ្ធ​របស់​យុវជន គង់ រ៉ៃយ៉ា មួយ​ចំនួន គ្រោង​សរសេរ​សារ​ទៅ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ក៏​នឹង​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​ក្រសួង​យុត្តិធម៌ ដើម្បី​សុំ​អន្តរាគមន៍​ដោះលែង លោក គង់ រ៉ៃយ៉ា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិគួរចំណាយពេលវេលា លុយកាក់និងអំណាចរបស់ខ្លួនជួយដល់ប្រជាជនSyria Lybia Iraq Afganistan....ដែលរដ្ធាភិបាលប្រទេសរបស់អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិនេះផ្ទាល់ កំពុងសម្លាប់យ៉ាងរង្គាលវិញ ប្រហែលត្រឹមត្រូវជាង ការមកគឹតអំពីជនពាលខ្លះៗនៅកម្ពុជា។

Mar 17, 2016 12:06 AM

ហានិភ័យ

ពី តាកែវ

តើមានបងប្អូនណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ពាក្យប្រយោគមួយឃ្លានេះ
បើនៅក្នុងប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យពិតប្រាកដ គឺជាហ្វេសប៊ុកកំប្លែងគួរឲ្យអស់សំណើច តែបើប៉ះចំលើប្រទេសផ្តាច់ការមួយចំនួនវិញ
នោះនឹងធ្វើឲ្យពួកគេភ័យរន្ធត់ញាប់ញ័រដេកមិនលក់ ព្រោះគេចាត់ទុកថាជាប្រភេទហ្វេសប៊ុកបញ្ជាមរណៈ។

Mar 16, 2016 08:41 PM

គេហទំព័រ​ទាំងមូល