សាលា​ឧទ្ធរណ៍​តម្កល់​ការ​សម្រេច​របស់​សាលា​ដំបូង​រឿង​បន្ត​ឃុំ​ខ្លួន​មន្ត្រី​អាដហុក​និង​គ.ជ.ប

ដោយ រ៉ាន់ សំណាង
2016-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

សភា​ស៊ើបសួរ​សាលា​ឧទ្ធរណ៍ ច្រាន​ចោល​ការ​ប្ដឹង​ទាស់​ពី​ក្រុម​មេធាវី​ការពារ​មន្ត្រី​អាដហុក (ADHOC) ៤​រូប និង​មន្ត្រី គ..ប ទាក់ទង​ការ​បន្ត​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​អ្នក​ទាំង ៥ ដាក់​ក្នុង​ពន្ធនាគារ ៦​ខែ​បន្ថែម​ទៀត ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សំអាង​ថា ត្រូវ​ការ​ពេលវេលា​សាកសួរ​សាក្សី​បន្ថែម​ទៀត និង​ការ​ប្រមូល​ភស្តុតាង​នៅ​មាន​ភាព​ស្មុគស្មាញ។

ខណៈ​ឆ្មាំ​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំ​ខ្លួន​វិញ​នោះ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក ថា​ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌។ ចំណែក​លោក នី ចរិយា សុំ​មិន​អត្ថាធិប្បាយ​ណា​មួយ​ទេ​លើ​រឿង​នេះ។

អ្នកស្រី គា សុផល មេធាវី​ការពារ​ក្ដី​ឲ្យ​មន្ត្រី​អាដហុក មិន​ទាន់​បញ្ជាក់​ជំហរ​ខាង​ក្រុម​មេធាវី​យ៉ាង​ណា​នោះ​ទេ ថា​នឹង​ធ្វើ​អ្វី​ទៀត​ក្រោយ​ការ​សម្រេច​នេះ«មូលហេតុ​ដែល​ចៅក្រម​គេ​បញ្ជាក់​ថា គេ​សម្រេច​តម្កល់​ដីកា​ពន្យារ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​របស់​ចៅក្រម​ស៊ើប​នឹង​ទុក​ជា​បាន​ដដែល ព្រោះ​ថា​សំណុំ​រឿង​ជា​សំណុំ​រឿង​បទ​ឧក្រិដ្ឋ ហើយ​ការ​ស៊ើបសួរ​អត់​ទាន់​ពេញលេញ ការ​ហេតុផល​របស់​គាត់​មាន​តែពីរ​ហ្នឹង»

កាល​ពី​ចុង​ខែ​តុលា ឆ្នាំ​២០១៦ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ក្រុង​ភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ សម្រេច​ឃុំ​ខ្លួន​អ្នក​ទាំង ៥​រូប​ដាក់​ពន្ធនាគារ ៦​ខែ​បន្ថែម​ទៀត ក្រោម​ហេតុផល​ថា ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​បន្ត​សាកសួរ​សាក្សី និង​ស្វែងរក​ភស្តុតាង​បន្ថែម​ទៀត​ក្នុង​សំណុំ​រឿង​ផ្សំគំនិត និង​សូកប៉ាន់​សាក្សី។ សាក្សី​ដែល​សំខាន់​ក្នុង​សំណុំ​រឿង ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា​ជា​រឿង​នយោបាយ​នេះ គឺ​អ្នក​នាង ខុម ចាន់តារាទី ហៅ​ស្រី​មុំ និង​អ្នកស្រី ទ្រី ឈូន ជា​មេធាវី​ការពារ​ក្ដី​ឲ្យ​ស្រី​មុំ ដែល​នាង​បាន​សុំ​ជំនួយ​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក។

គិត​មក​ត្រឹម​ចុង​ខែ​វិច្ឆិកា នេះ​មាន​រយៈពេល ៧​ខែ​ហើយ ដែល​អ្នក​ទាំង ៥​រូប​ត្រូវ​តុលាការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយ​មិន​ដឹង​សវនាការ​ពេញ​អង្គ​លើ​រឿង​សូកប៉ាន់​សាក្សី នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ណា​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល