ដំណើរ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ​នៅ​កម្ពុជា

ដោយ ជី វិតា
2014-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបថត​ថ្ងៃ​ទី១១ ធ្នូ ២០១១៖ ទីស្នាក់ការ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ
រូបថត​ថ្ងៃ​ទី១១ ធ្នូ ២០១១៖ ទីស្នាក់ការ​តុលាការ​កំពូល​នៅ​រាជធានី​ភ្នំពេញ
RFA/Keo Nimol

រយៈពេល​ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ តុលាការ​កម្ពុជា បាន​ដំណើរ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ច្បាប់​រៀប​ចំ​តុលាការ។ ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​យុត្តិធម៌ បាន​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី "ការ​រៀបចំ​អង្គការ​តុលាការ" ក្នុង​គោល​បំណង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ។ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ គ្មាន​ការ​ចូល​រួម​ផ្តល់​យោបល់​ពី​សង្គម​ស៊ីវិល​ឡើយ។

មិន​យូរ​ទៀត​ទេ តុលាការ​កម្ពុជា នឹង​អាច​បំពេញ​ការងារ​របស់​ខ្លួន​ក្រោម​ច្បាប់​មួយ​ដែល​ខ្លួន​បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ចំនួន ២១​ឆ្នាំ។

រដ្ឋធម្មនុញ្ញ​ខ្មែរ​ឆ្នាំ​១៩៩៣ តម្រូវ​អោយ​កម្ពុជា បង្កើត​ច្បាប់​ចំនួន​៣ ដើម្បី​គ្រប់គ្រង​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ ច្បាប់​ទាំង​បី​នេះ មាន ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​តុលាការ ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជ​អាជ្ញា និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។

ជាង​ពីរ​ទសវត្សរ៍​បន្ទាប់​ពី​ប្រឈម​នឹង​ការ​រិះគន់​ជា​ហូរហែ ចំពោះ​ការ​ខ្វះខាត​ច្បាប់​សម្រាប់​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​នៃ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឥឡូវ​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​បាន​លេច​ចេញ​ជា​រូបរាង និង​ទំនង​ជា​កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មុន​ដាក់​ជូន​រដ្ឋសភា ដើម្បី​អនុម័ត​ចេញ​ជា​ច្បាប់។ ប៉ុន្តែ​ក្នុង​ដំណើរ​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​ទាំង​បី​នេះ រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ ដោយ​ផាត់​ចោល​សង្គម​ស៊ីវិល​ទាំង​ស្រុង នាំ​អោយ​មាន​ក្តី​ព្រួយ​បារម្ភ​អំពី​គុណភាព​នៃ​ច្បាប់​ទាំង​នោះ ថា​តើ​អាច​នឹង​ជួយ​ដោះស្រាយ​វិបត្តិ​សង្គម​ប្រកប​ដោយ​យុត្តិធម៌​ដែរ​ឬ​ទេ?

ត​ទៅ​នេះ ខ្ញុំ​សូម​លើក​យក​តែ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ ដែល​ជា​ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ទាំង​បី​មក​រាយការណ៍​ជូន។

លោក​មេធាវី សុក សំអឿន នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​បទ​សម្ភាសន៍​នា​ពេល​ថ្មីៗ​នេះ​ថា សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ ដែល​រាជ​រដ្ឋាភិបាល​កំពុង​ពិភាក្សា​ដោយ​មិន​បើក​ចំហ​នេះ មាន​ទាំង​ចំណុច​ល្អ និង​ចំណុច​អាក្រក់។ លោក​ថា ចំណុច​ល្អ​ទាំង​នោះ​រួម​មាន តុលាការ​នឹង​មាន​ច្បាប់​មួយ​ជា​ត្រី​វិស័យ ដែល​អាច​ធានា​នូវ​ភាព​ប្រាកដ​និយម​ក្នុង​ការ​បំពេញ​ការងារ​របស់​ខ្លួន។

លោក​មេធាវី សុក សំអឿន៖ «ក្នុង​ច្បាប់​នេះ​យើង​មាន​បង្កើត​ឲ្យ​មាន​តុលាការ​ជំនាញ​ខ្លះ ដូច​ជា តុលាការ​ពាណិជ្ជកម្ម តុលាការ​ការងារ ដែល​យើង​ឃើញ​ថ្មី​ពីរ​ហ្នឹង។ ហើយ​ចំណុច​ដែល​ល្អ​មួយ​ទៀត គឺ​យើង​ឃើញ​មាន​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង ដូច​ជា ត្រៀម​ថា​នឹង​ពង្រីក​ឲ្យ​មាន​សាលា​ឧទ្ធរណ៍​ឲ្យ​បាន​ច្រើន​ជាង​មុន។ ហី​តាម​ដែល​ខ្ញុំ​ដឹង ដូច​ជា​រដ្ឋាភិបាល​ចង់​ពង្រីក​ថែម​បួន​តំបន់​ទៀត។ ដល់​អ៊ីចឹង​ទៅ​អាច​នឹង​ងាយ​ប្រសើរ​សម្រាប់​កុំ​ឲ្យ​មាន​ស្ទះ​រឿង​ក្ដី​នៅ​សាលា​ឧទ្ធរណ៍ បាទ!»

កម្ពុជា រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​តុលាការ​ជំនាញ​ទេ។ លោក​មេធាវី សុក សំអឿន បាន​បន្ត​ថា វា​មាន​សារប្រយោជន៍​ណាស់​ដែល​កម្ពុជា ត្រូវ​មាន​តុលាការ​ជំនាញ៖ «អឺ! នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ​យើង​ឃើញ​មាន​តុលាការ​ជំនាញ​មាន​តែ​ពីរ​ទេ តុលាការ​ពាណិជ្ជកម្ម តុលាការ​ការងារ ព្រោះ​បញ្ហា​តុលាការ​ពាណិជ្ជកម្ម កន្លង​មក​យើង​ឃើញ​បាន​ជជែក​គ្នា ហើយ​យើង​ធ្លាប់​មាន​ស្នើសុំ​ឲ្យ​បង្កើត​តុលាការ​នេះ​យូរ​ហើយ ប្រហែល​ជា​ជិត ២០​ឆ្នាំ​ហើយ សំណើ​ហ្នឹង​បាទ! ដោយសារ​យើង​គិត​ថា សព្វថ្ងៃ​នេះ​មាន​ន័យ​ថា​ប្រជាពលរដ្ឋ សាធារណជន​មិន​ទាន់​មាន​ការ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​យើង​ថា​មាន​ឯករាជ្យ ហើយ​កាត់​ក្ដី​ដោយ​យុត្តិធម៌ អត់​ទាន់​មាន​ការ​ទុក​ចិត្ត​ខ្លាំង​ប៉ុន្មាន​ទេ។ ហេតុ​ដូច្នេះ​ហើយ ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ជាច្រើន​ដែល​គេ​មក​ធ្វើ​វិនិយោគ​នៅ​ស្រុក​ខ្មែរ​ហ្នឹង​ជួន​កាល​គេ​ខ្លាច​ណាស់ គេ​ខ្លាច​ជួន​កាល​ស្រួល​មិន​ស្រួល​ចាប់​គុក​ទទេ​ទៅ បាត់​បង់​លុយ​កាក់ បាត់​បង់​ទ្រព្យ​សម្បត្តិ​ស្អី​ផ្សេងៗ​ទៅ។ ដល់​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ហ្នឹង ជាពិសេស​អ្នក​វិនិយោគទុន​ល្អៗ​ហ្នឹង​គេ​មិន​ចង់​មក​វិនិយោគ​ស្រុក​ខ្មែរ​ទេ។ ហេតុ​ដូច្នេះ​យើង​គិត​ថា បើ​អ៊ីចឹង បើ​សិន​ជា​យើង​រង់ចាំ​ទាល់​តែ​កែ​ប្រព័ន្ធ​តុលាការ​ទាំង​មូល ប្រហែល​ជា​មិន​ដឹង​ឆ្នាំ​ណា​ទេ អាច​ឲ្យ​ថា​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទុក​ចិត្ត​យើង​ត្រូវ​ចំណាយ​ពេលវេលា​យូរ។ ដូច្នេះ ដើម្បី​ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​វិនិយោគទុន​ឲ្យ​ច្បាស់ យើង​គិត​ថា យើង​ចង់​សម្រិតសម្រាំង​តុលាការ​ពាណិជ្ជកម្ម​មួយ បើ​សិន​ជា​តុលាការ​ពាណិជ្ជកម្ម​នោះ​មាន​ការ​ទុក​ចិត្ត​ពី​អ្នក​វិនិយោគទុន នៅ​ពេល​នោះ​ធ្វើ​ឲ្យ ទោះ​បី​ជា​តុលាការ​ផ្នែក​ផ្សេងៗ​ទៀត​មិន​ទាន់​ដំណើរ​ការ​រលូន​ល្អ​ក៏ដោយ ក៏​យ៉ាង​ហោច​ណាស់​ក៏​នឹង​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​មាន​ការ​ទុក​ចិត្ត​លើ​ការ​ធ្វើ​វិនិយោគ​ស្រុក​ខ្មែរ​ដែរ។ សេចក្ដី​ទុក​ចិត្ត​ដោយសារ​តុលាការ​នោះ​មាន​អ្នក​ជំនាញ មាន​ចៅក្រម មាន​អី​យល់​ច្បាស់​អំពី​រឿង​ពាណិជ្ជកម្ម​នោះ? អឺ សំខាន់​បំផុត​គឺ​ឲ្យ​ការ​កាត់​ក្ដី​របស់​តុលាការ​ពាណិជ្ជកម្ម​នោះ​ល្អ យើង​កុំ​អាល​និយាយ​ពី​រឿង​ថា ធ្វើ​ម៉េច​ដើម្បី​ល្អ សំខាន់​យើង​ចង់​ឲ្យ​តុលាការ​ហ្នឹង​កាត់​ក្ដី​ដោយ​យុត្តិធម៌​ទៅ អា​ហ្នឹង​នៅ​ពេល​ហ្នឹង​អ្នក​វិនិយោគទុន​គេ​មាន​ការ​ទុក​ចិត្ត​ហើយ»

ចំពោះ​តុលាការ​ការងារ​វិញ លោក​មេធាវី សុក សំអឿន បាន​សាទរ​ដល់​រដ្ឋាភិបាល​ដែល​គ្រោង​នឹង​បង្កើត​តុលាការ​ជំនាញ​ផ្នែក​នេះ៖ «ជា​ការ​ប្រសើរ​ដែរ​ដែល​យក​ចិត្ត​ទុក​ដាក់​លើ​តុលាការ​ការងារ ដោយសារ​ស្អី ដោយសារ​ស្រុក​យើង​ឥឡូវ​យើង​មាន​បញ្ហា​ការងារ​ច្រើន រឿង​បញ្ហា​ច្បាប់​ការងារ​ច្រើន ដោយសារ​ស្អី ដោយសារ​អ្នក​វិនិយោគទុន​ក៏​មក​ច្រើន ជាពិសេស​អ្នក​រោងចក្រ​ផ្សេងៗ​ដែល​គេ​ធ្វើ​វិនិយោគ​ធំៗ​ហ្នឹង គេ​មក​ច្រើន ដល់​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​មាន​បញ្ហា​រវាង​និយោជិត និង​និយោជក។ ដូច្នេះ​បើ​សិន​ជា​មាន​តុលាការ​ការងារ​មួយ​ល្អ អាច​នឹង​បង្ក្រាប​កុំ​ឲ្យ​មាន​អំពើ​ទំនាស់​គ្នា​ហ្នឹង​បាន។ នេះ​ជា​តុលាការ​ជំនាញ​ដែល​ក្នុង​ច្បាប់​នេះ​បាន​លើក​ឡើង ក៏ប៉ុន្តែ​ខ្ញុំ​គិត​ថា​នៅ​ខ្វះ​តុលាការ​ជំនាញ​ច្រើន​ទៀត»

ចំពោះ​តុលាការ​ជំនាញ​ច្រើន​ទៀត ដែល​មេធាវី​រូប​នេះ​ថា​មាន​សារសំខាន់​សម្រាប់​សង្គម​កម្ពុជា ប៉ុន្តែ​មិន​មាន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ រួម​មាន​តុលាការ​ជំនាញ​ផ្នែក​កុមារ៖ «សេចក្ដី​ព្រាង​ច្បាប់​ចាស់​មុន​នេះ​ខ្ញុំ​ឃើញ​គេ​ដាក់​តុលាការ​យុត្តិធម៌​កុមារ ស្រាប់​ឥឡូវ​វា​បាត់​អា​ហ្នឹង ខ្ញុំ​គិត​ថា ដូច្នេះ​ខ្ញុំ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​តុលាការ​កុមារ ហើយ​និង​តុលាការ​គ្រួសារ។ ជួន​កាល​ពេល​ខ្លះ​យើង​អត់​ចាប់​អារម្មណ៍ ក៏ប៉ុន្តែ​នៅ​លើ​ពិភពលោក តុលាការ​កុមារ គេ...ដូច​ជា​ប្រទេស​ហ្វីលីពីន ជាដើម តុលាការ​កុមារ​ហ្នឹង​មមាញឹក​រឿង​ក្ដី​ច្រើន​ជាង​គេ ជាង​តុលាការ​ផ្សេងៗ ដោយសារ​ស្អី ដោយសារ​ក្មេងៗ​ចាប់​ផ្ដើម​ធំ​ឡើង​អ៊ីចឹង​ទៅ វា​ចាប់​ផ្ដើម​ជ្រួលជ្រើម​វា​អី​អ៊ីចឹង​ទៅ ជួន​កាល​វា​ប្រព្រឹត្ត​បទ​ល្មើស​អី​ផ្សេងៗ​ច្រើន​ជាង​មនុស្ស​ធំ ជាពិសេស​បើ​សិន​យើង​មិន​អាច​ទប់​នឹង​គ្រឿងញៀន​បាន បទ​ល្មើស​ដែល​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ច្រើន​ពាក់ព័ន្ធ​ក្មេងៗ​ច្រើន​ជាង មិន​សូវ​មនុស្ស​ចាស់​ប៉ុន្មាន​ទេ។ ដល់​អ៊ីចឹង​ទៅ ធ្វើ​ឲ្យ​តុលាការ​កុមារ​ហ្នឹង​ក៏​សំខាន់​ដែរ ហេតុ​ដូច្នេះ ខ្ញុំ​គិត​ថា រដ្ឋាភិបាល​គួរ​គិតគូរ​រឿង​តុលាការ​កុមារ និង​តុលាការ​គ្រួសារ​ហ្នឹង​ដែរ»

ទាក់ទង​នឹង​រចនាសម្ព័ន្ធ​ដឹក​នាំ​របស់​តុលាការ​ជំនាញ​ដែល​ច្បាប់​នេះ​គ្រោង​នឹង​បង្កើត​វិញ លោក​មេធាវី សុក សំអឿន អោយ​ដឹង​ថា ប្រធាន​តុលាការ​ជំនាញ​នីមួយៗ​មិន​គួរ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ប្រធាន​សាលា​ដំបូង ដូច​ចែង​ក្នុង​ច្បាប់​នេះ​ឡើយ៖ «ចំណុច​មួយ​ទៀត​ដែល​ខ្ញុំ​បារម្ភ យើង​ឃើញ​មាន​ដាក់​ថា​តុលាការ​រដ្ឋបាល តុលាការ​ព្រហ្មទណ្ឌ ក៏ប៉ុន្តែ​យើង​ឃើញ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ហ្នឹង​ហាក់​ដូច​ប្រធាន​តុលាការ​ទាំងអស់​ហ្នឹង​នៅ​ក្រោម​ប្រធាន​តុលាការ​សាលា​ដំបូង​មួយ​ទៀត។ តុលាការ​ជំនាញ​ទាំងអស់​នោះ​នៅ​ក្រោម​ប្រធាន​តុលាការ​មួយ។ បើ​សិន​ជា​អ៊ីចឹង​ខ្ញុំ​មាន​ការ​បារម្ភ​ខ្លាច ខ្ញុំៗ​ថា​ខ្ញុំ​សុំ​ឲ្យ​ដាច់​ដោយ​ឡែក​តែ​ហ្មង​ទៅ បើ​យក​ល្អ​ឲ្យ​មាន​អគារ​ដាច់​ដោយ​ឡែក មាន​ប្រធាន​តុលាការ​ដាច់​ដោយ​ឡែក ដែល​គ្រប់គ្រង​ដាច់​ដោយ​ឡែក​អ៊ីចឹង​ទៅ វា​ចាំ​បាច់​ឲ្យ​មាន​រចនាសម្ព័ន្ធ​មាន​ថ្នាក់​អី​ច្រើន​ដូច​ជា​បញ្ហា​រដ្ឋបាល នាំ​ឲ្យ​ពិបាក​ស្មុគស្មាញ​រឿង​ការិយាល័យធិបតេយ្យ​ហ្នឹង​ទេ ដូច្នេះ​បើ​សិន​ជា​អាច​មាន​អគារ​ក្រៅ លើក​លែង​តែ​អត់​មាន​អគារ​ផ្សេង ខ្ញុំ​មិន​ជំទាស់​ទេ​បាទ»

រដ្ឋធម្មនុញ្ញ​កម្ពុជា ចែង​យ៉ាង​ច្បាស់​អំពី​ការ​បែង​ចែក​អំណាច​ដាច់​ពី​គ្នា​រវាង​តុលាការ និង​អំណាច​រដ្ឋាភិបាល។ ប៉ុន្តែ​ខ្លឹមសារ​នៅ​ក្នុង​មាត្រា​១១ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀប​ចំ​អង្គការ​តុលាការ​នេះ មាន​ចន្លោះ​ប្រហោង​ដែល​អាច​ជា​ការ​ទុក​ឱកាស​អោយ​រដ្ឋាភិបាល ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​តុលាការ។ មួយ​ផ្នែក​ធំ​នៃ​ខ្លឹមសារ​ក្នុង​មាត្រា​១១ ចែង​អំពី​ក្រសួង​យុត្តិធម៌ មាន​ភារកិច្ច​ត្រួត​ពិនិត្យ​លើ​កិច្ចការ​រដ្ឋបាល​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់។ ភារកិច្ច​នេះ​មិន​មែន​ជា​រឿង​ប្លែក​ទេ ប៉ុន្តែ​អ្វី​ដែល​ប្លែក និង​ជា​បញ្ហា​នោះ គឺ​អ្នក​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​នេះ បាន​បញ្ចូល​ខ្លឹមសារ​មួយ​ឃ្លា​ដែល​មាន​សេចក្តី​ថា៖ «ក្នុង​ករណី​ចាំបាច់ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អាច​ចាត់​អោយ​ធ្វើ​អធិការកិច្ច​លើ​បញ្ហា​ណា​មួយ​ជា​កំណត់ រួច​ធ្វើ​របាយការណ៍​ជូន​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដើម្បី​ពិនិត្យ និង​សម្រេច»

ចំពោះ​ចំណុច​នេះ លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ការ​សរសេរ​ច្បាប់ គេ​ត្រូវ​តែ​សរសេរ​អោយ​បាន​ច្បាស់ ជៀសវាង​ការ​បកស្រាយ​ផ្សេងៗ​គ្នា​បណ្ដាល​អាច​អោយ​ក្រសួង​យុត្តិធម៌ ដែល​ជា​ផ្នែក​មួយ​នៃ​រដ្ឋាភិបាល​ឆក់​ឱកាស​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ៖ «បើ​ទស្សនៈ​ខ្ញុំ​វិញ ទាំង​ក្រឡាបញ្ជី​ទាំង​អី គួរ​តែ​ឲ្យ​មក​ក្រោម​តុលាការ​ដាច់​ហ្មង មិន​បាច់​តាម​ក្រសួង​យុត្តិធម៌ អា​ហ្នឹង​បើ​តាម​ទស្សនៈ​របស់​ខ្ញុំ​វិញ​ណា។ ក៏ប៉ុន្តែ​បើ​សិន​ជា​យើង​អ៊ីចឹង ក៏...អា​នេះ​ស៊ី​សង​លើ​ការ​សម្រេច​របស់​អ្នក​នយោបាយ​ទេ គ្រាន់​តែ​ខ្ញុំ​គិត​ថា​គួរ​តែ​រដ្ឋាភិបាល​ជជែក​គ្នា ជាពិសេស​អស់​លោក​ចៅក្រម​ធំៗ ជាពិសេស​ប្រធាន​តុលាការ​ទាំងអស់​គ្នា​ហ្នឹង​គួរ​តែ​គិត​មើល ថា​តើ​យើង​ដូរ​រចនាសម្ព័ន្ធ​បែប​គ្រប់គ្រង​តុលាការ​យើង​ដែរ​ឬ​អត់ ឬ​ក៏​យើង​ចេះ​តែ​ទុក​អ៊ីចឹងៗ​ទៅ ហើយ​យើង​មិន​ព្រម​ធ្វើ​អភិវឌ្ឍ​ដើម្បី​ឲ្យ​ការងារ ជាពិសេស​ការងារ​គ្រប់គ្រង ព្រោះ​ធម្មតា​បើ​រឿង​ក្បួន​គ្រប់គ្រង បើ​នាយក​នៅ​ក្នុង​ស្ថាប័ន​ហ្នឹង​ធំ​ហើយ ក៏ប៉ុន្តែ​ដល់​ពេល​បុគ្គលិក​ហ្នឹង​ទៅ ទៅ​ធ្វើ​អី​គេ​អត់​កើត ត្រូវ​មាន​មេ​មួយ​ផ្សេង​ទៀត​សម្រាប់​គ្រប់គ្រង។ ដូច្នេះ ការ​គ្រប់គ្រង​ហ្នឹង​ប្រាកដ​ជា​អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ។ ហេតុ​ដូច្នេះ ខ្ញុំ​គិត​ថា គួរ​តែ​ប្រើ​ប្រធាន​តុលាការ តុលាការ​ទាំងអស់​ហ្នឹង ជជែក​ជាមួយ​នឹង​ក្រសួង​ទៅ ហើយ​ក្រសួង​យុត្តិធម៌ ក៏​គួរ​តែ​គិត​ដែរ ព្រោះ​តាម​ពិត​ទៅ ក្រសួង​យុត្តិធម៌ មាន​ការងារ​ច្រើន​ជាង​ហ្នឹង​ទៅ​ទៀត ជាពិសេស​បើ​សិន​ជា​យើង​ប្រគល់​ឲ្យ​ការងារ​ព្រាង​ច្បាប់​ទាំងអស់ ក្រសួង​យុត្តិធម៌ ប្រហែល​ជា​ក្រសួង​យុត្តិធម៌ រក​ពេល​សម្រាក​អត់​មាន​ទេ។ ហេតុ​ដូច្នេះ អា​ការងារ​តុលាការ​ហ្នឹង​គួរ​តែ​ប្រលែង​ឲ្យ​ឧត្ដម​ក្រុម​ចៅក្រម ហើយ​ប្រធាន​តុលាការ​ហ្នឹង​ចេះ​គ្រប់គ្រង​ចេះ​អី​តៗ​គ្នា​មក ខ្ញុំ​ជឿ​ថា​មាន​ប្រសិទ្ធភាព​ជាង​អា​ឲ្យ​ក្រសួង​យុត្តិធម៌​ណា​ផ្សេង​មក​គ្រប់គ្រង​អ៊ីចឹង ធ្វើ​ឲ្យ​ក្រឡាបញ្ជី​ហ្នឹង​ក៏​មិន​សូវ​ជា​ខ្លាច​ចៅក្រម​ហ្នឹង​ប៉ុន្មាន​ដែរ ព្រោះ​ចៅក្រម​គាត់​ក៏​មិន​សូវ​មាន​ឥទ្ធិពល​អត់​ហ៊ាន​ថា​អី​ឲ្យ​ក្រឡាបញ្ជី​ធ្វើ​ម៉េចៗ​ឲ្យ​ត្រូវ​ដែរ អា​ហ្នឹង​បើ​សិន​យើង​រក្សា​ទុក​របៀប​ហ្នឹង។ បើ​រឿង​ពាក់ព័ន្ធ​ទៅ​នឹង​ការ​សង្ស័យ​ថា​ក្រឡាបញ្ជី​ធ្វើ​ខុស​មិន​ខុស អា​ហ្នឹង​យើង ខ្ញុំ​ថា​អូខេ អាច​ធ្វើ​បាន​មិន​ជា​អី ក៏ប៉ុន្តែ​គួរ​តែ​មាន​បែបបទ​អី​ឲ្យ​ស្រួល​ដែរ ហើយ​យ៉ាង​ហោច​ណាស់​ក៏​សរសេរ​ឲ្យ​ជាក់​ច្បាស់​ជាង​នេះ កុំ​ឲ្យ​សរសេរ​ទូលំទូលាយ​បែប​ហ្នឹង​បាទ!»

លោក​មេធាវី សុក សំអឿន គូស​បញ្ជាក់​ថា ច្បាប់​ស្ដីពី​ការ​រៀបចំ​អង្គការ​តុលាការ គឺ​ជា​ច្បាប់​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ទ្រទ្រង់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ត្រូវ​តែ​បើក​ឱកាស​អោយ​មាន​ការ​ចូល​រួម​ផ្តល់​មតិ​យោបល់​អោយ​បាន​ផុលផុស ដើម្បី​ជៀសវាង​ការ​ស្តី​បន្ទោស​នៅ​ពេល​ក្រោយ៖ «កន្លង​មក​ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​ដែល​ព្រាង​ច្បាប់​ហ្នឹង​គាត់​ប្រឹង​ព្យាយាម​ការពារ បើ​ជជែក​គ្នា​វិញ ប្រឹង​ព្យាយាម​ការពារ​អត់​កែ ខ្លាច​គេ​ចង់​កែ។ ហើយ​ខ្ញុំ​គិត​ថា​គួរ​តែ​ផ្លាស់​ប្ដូរ​គំនិត​ហ្នឹង យើង​ប្រមូល​មតិ​គ្នា​មក ហើយ​យើង​រើស​អា​មតិ​ណា​ល្អៗ​មក ដើម្បី​ធ្វើ​ការ​កែលំអ​ច្បាប់​ស្រុក​យើង ពីព្រោះ​យើង​ធ្វើ​ច្បាប់​ប្រវត្តិសាស្ត្រ ហើយ​បើ​សិន​ជា​អស់​លោក​ដែល​ប្រឹង​ការពារ​ច្បាប់​ដែល​លោក​ប្រឹង​សរសេរ ហើយ​ទី​បំផុត​អា​ដែង​អឺ ថ្ងៃ​ក្រោយ​ទៅ​វា​មិន​ល្អ មាន​ន័យ​ថា​កេរ្តិ៍​ឈ្មោះ​របស់​លោក​មិន​ល្អ​រាប់​ទសវត្ស​បាទ!»

ច្បាប់​រៀប​ចំ​អង្គការ​តុលាការ​ដែល​សង្គម​កម្ពុជា រង់ចាំ​អស់​រយៈពេល ២១​ឆ្នាំ​កន្លង​មក​ហើយ​នេះ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ការ​ពិនិត្យ​របស់​រដ្ឋាភិបាល មុន​នឹង​ដាក់​ជូន​ទៅ​រដ្ឋសភា។ ក្រុម​សង្គម​ស៊ីវិល​កំពុង​ទាមទារ​ការ​ចូល​រួម​កែលំអ​ច្បាប់​នេះ​អោយ​មាន​ភាព​សុក្រឹត ពោល​គឺ​ច្បាប់​មួយ​ដែល​អាច​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​ដោយ​គ្មាន​ប្រកាន់​និន្នាការ​នយោបាយ។

ទោះ​ជា​យ៉ាង​ណា លទ្ធផល​ចុង​ក្រោយ ប្រសិន​បើ​ច្បាប់​នេះ​ចេញ​មក​ជា​ច្បាប់​ល្អ វា​នឹង​ក្លាយ​ជា​យន្តការ​ដ៏​ប្រពៃ​មួយ​សម្រាប់​រួម​ចំណែក​ទ្រទ្រង់​យុត្តិធម៌​ក្នុង​សង្គម​កម្ពុជា ប៉ុន្តែ​ប្រសិន​បើ​មិន​ល្អ​វិញ​នោះ វា​នឹង​អាច​ជា​ឧបករណ៍​ប្រើប្រាស់​ដ៏​គ្រោះ​ថ្នាក់​មួយ​របស់​អ្នក​កាន់​អំណាច​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល