គ្រួសារ​កុមារី​ដែល​ចោទ​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ​ចាប់​រំលោភ​រង់ចាំ​យុត្តិធម៌

ដោយ ដែន អយុធ្យា
2016-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឪពុក​កុមារី​រងគ្រោះ​ដែល​ត្រូវ​ជន​ល្មើស​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
ឪពុក​កុមារី​រងគ្រោះ​ដែល​ត្រូវ​ជន​ល្មើស​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea
RFA/Den Ayuthyea

អាណាព្យាបាល​កុមារី​រងគ្រោះ​ករណី​រំលោភ​ផ្លូវ​ភេទ ដែល​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១០ នៅ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា កូន​ស្រី​អាយុ ១១​ឆ្នាំ​របស់​គាត់ កំពុង​រង់ចាំ​យុត្តិធម៌ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទេ។

ជន​ល្មើស​រំលោភ​ផ្លូវ​ភេទ​លើ​អនីតិជន​នេះ​មាន​ឈ្មោះ​ថា កង សុផាត មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់ បណ្ដាល​ឲ្យ​ឪពុក​កុមារី​រងគ្រោះ និង​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​អាជ្ញាធរ ឬ​ស្ថាប័ន​តុលាការ ថា​ទុក​អូស​បន្លាយ​មិន​ចាត់​ការ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ​ឡើយ។

ឪពុក​កុមារី​រងគ្រោះ​មាន​របរ​ជា​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុង​សង្កាត់​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ដាក់​លិខិត និង​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា ថា រូប​គាត់ និង​កូន​ស្រី បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់ ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​អស់​ពេល ៦​ឆ្នាំ​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។

មាន​សម្បុរ​ខ្មៅ និង​រូប​កាយ​ស្គមស្គាំង បុរស​វ័យ​ជាង ៥០​ឆ្នាំ​រូប​នេះ​រៀបរាប់​ថា កូន​ស្រី​របស់​លោក​ដែល​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ ជន​សង្ស័យ​នៅ​មាន​សេរីភាព​ដើរ​ហើរ និង​ប្រកប​ការងារ​ដូច​មនុស្ស​ធម្មតា។ ឪពុក​កុមារី​រងគ្រោះ បាន​ស្នើ​ដល់​ស្ថាប័ន​តុលាការ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​រក​យុត្តិធម៌​ជូន​កូន​ស្រី​របស់​លោក​ផង៖ «ខ្ញុំ​សូម​ឲ្យ​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សព្វផ្សាយ​ឲ្យ​ខ្ញុំ​ផង ព្រោះ​ដីកា​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​ឲ្យ​ចាប់​ខ្លួន​ជន​ល្មើស​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ ដាក់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ និង​សង​ជំងឺ​ចិត្ត​មក​ដើម​បណ្ដឹង ឬ​ជន​រងគ្រោះ​ចំនួន ៤០​លាន​រៀល​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ មក​ម្ល៉េះ។ ប៉ុន្តែ​គិត​មក​ដល់​ពាក់​កណ្ដាល​ខែ​មីនា ទៅ​ហើយ ជន​ល្មើស​នៅ​បម្រើ​ការងារ​ជា​ប៉ូលិស​ធម្មតា និង​គ្មាន​កំហុស​ដូច្នេះ​ដែរ។ សូម​ជួយ​ផ្សព្វផ្សាយ​ដើម្បី​បាន​ឮ​ដល់​សម្ដេច ហ៊ុន សែន ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូន​ស្រី​ខ្ញុំ​ផង»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី លោក ម៉ុង មុន្នីចរិយា ប្រធាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​បំភ្លឺ​ពី​សំណុំ​រឿង​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១០ នេះ​បាន​ទេ​នៅ​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា។

ឯកសារ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា សមាសភាព​ចៅក្រម​ជំនុំ​ជម្រះ​ក្តី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​មាន លោក ម៉ុង មុន្នីចរិយា ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ លោក គឹម អេង ជា​ចៅក្រម លោក ប្លុង វិសាល ជា​ចៅក្រម​ប្រឹក្សា លោក រស់ សារាំ ជា​ព្រះរាជអាជ្ញា​រង​តំណាង​អយ្យការ ហើយ​ក្រឡាបញ្ជី​សវនាការ​មាន លោក ទៀង សំណាង ជា​ក្រឡាបញ្ជី។ ក្រោយ​ឆ្លង​កាត់​សវនាការ​ជំនុំ​ជម្រះ​ក្តី​ជា​បន្តបន្ទាប់​ទៅ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​សេពសន្ថវៈ​អនីតិជន ប្រព្រឹត្ត​នៅ​សង្កាត់​៣ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០ តុលាការ​ក៏​បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​នេះ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥ ដោយ​កាត់​ឲ្យ​ជន​ត្រូវ​ចោទ​ឈ្មោះ កង សុផាត មាន​តួនាទី​ជា​មន្ត្រី​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ មាន​ទោស​ជាប់​គុក ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​ទៅ​ឲ្យ​កុមារី​រងគ្រោះ ប៉ុន្តែ​ជន​ល្មើស​ឈ្មោះ កង សុផាត តុលាការ​មិន​បាន​ឃុំ​ខ្លួន​ទេ។

ប្រការ​នេះ បាន​ជំរុញ​ឲ្យ​ជន​រងគ្រោះ​ប្ដឹង​ឧទ្ធរណ៍ ហើយ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​ព្រហ្មទណ្ឌ ចុះ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៣ របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ទុក​ជា​បាន​ការ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត ជា​ជន​ជាប់​ចោទ ដែល​ជា​មន្ត្រី​នគរបាល យក​មក​ឃុំ​ខ្លួន​ភ្លាម តាម​មាត្រា​៤០៧ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ។ សាល​ដីកា​នេះ ជំនុំ​ជម្រះ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ចំពោះ​មុខ​ជន​រងគ្រោះ និង​ចំពោះ​មុខ​មេធាវី​ការពារ​សិទ្ធិ​ជន​ជាប់​ចោទ។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន-ឃុំ​ខ្លួន​របស់​សភា​ព្រហ្មទណ្ឌ​សាលា​ឧទ្ធរណ៍ ចុះ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​ចុះ​ហត្ថលេខា និង​បោះ​ត្រា លោក សំរឹទ្ធិ សុផល ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ បាន​បង្គាប់​មក​ភ្នាក់ងារ​មាន​សមត្ថកិច្ច ឲ្យ​ស្វែងរក​ចាប់​ខ្លួន​ជន​ជាប់​ចោទ​ឈ្មោះ កង សុផាត ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ សញ្ជាតិ​ខ្មែរ មុខ​របរ​មន្ត្រី​នគរបាល មាន​ទីលំនៅ​សព្វថ្ងៃ​នៅ​ក្រុម​៦ ភូមិ​៣ ក្រុង​ព្រះសីហនុ ហើយ​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់​ទោស​ប្រព្រឹត្ត​នៅ​សង្កាត់​៣ ក្រុង​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០១០។

ទោះ​បី​ជា​យ៉ាង​ណា ឪពុក​កុមារី​រងគ្រោះ​បញ្ជាក់​ថា គិត​មក​ដល់​ពាក់​កណ្ដាល​ខែ​មីនា លោក​ឃើញ​ជន​ល្មើស​ឈ្មោះ កង សុផាត បន្ត​នៅ​មាន​សេរីភាព និង​បម្រើ​ការងារ​ជា​មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ជា​ធម្មតា។ លោក​ទាមទារ​ឲ្យ​មន្ត្រី​តុលាការ និង​លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ អនុវត្ត​តាម​ដីកា​របស់​សាលា​ឧទ្ធរណ៍ ចាប់​ឃុំ​ខ្លួន​បុគ្គល​ឈ្មោះ កង សុផាត ឲ្យ​មក​ទទួល​ទោស​នៅ​ចំពោះ​មុខ​ច្បាប់​ឲ្យ​បាន​ឆាប់៖ «ខ្ញុំ​លើក​ម្រាម​ដៃ​ទាំង​ដប់ សូម​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ​គតិ​ព្រឹត្តិ​បណ្ឌិត ប៊ុន រ៉ានី សូម​ជួយ​រក​យុត្តិធម៌​ដល់​កូន​ស្រី​ខ្ញុំ​ផង ព្រោះ​ជន​ល្មើស​នៅ​មាន​សេរីភាព និង​បម្រើ​ការងារ​ដូច​មនុស្ស​គ្មាន​ទោស។ ដីកា​ចាប់​ខ្លួន​នេះ សាលា​ឧទ្ធរណ៍​ប្រកាស​ឲ្យ​ចាប់​ខ្លួន​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ រហូត​មក​ដល់​ដាច់​ខែ​មីនា ទៀត​ទៅ​ហើយ អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​រវល់​អើពើ​ទេ។ រីឯ​ចាប់​តាំង​ពី​ថ្ងៃ​ប្រព្រឹត្ត​បទល្មើស​មាន​រយៈពេល ៦​ឆ្នាំ​កន្លង​មក​ហើយ នៅ​តែ​ជន​ល្មើស​មាន​សេរីភាព​ដដែល»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​លើក​ជា​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​នេះ ហេតុ​អ្វី​តុលាការ​អនុញ្ញាត​ឲ្យ​ជន​ល្មើស​មាន​សេរីភាព?

បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ មាន​មន្ទិល​ថា ជន​ប្រព្រឹត្តិ​ល្មើស​ឈ្មោះ កង សុផាត ដែល​មាន​តួនាទី​ជា​ប៉ូលិស ទំនង​ជា​អាច​មាន​ភាព​មិន​ប្រក្រតី ឬ​សំណូក​ពុក​រលួយ​អ្វី​មួយ​ក៏​ថា​បាន។ តែ​ទោះ​បី​ជា​យ៉ាង​ណា លោក ប៊ួន ណារិទ្ធិ សាទរ​ដីកា​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ដែល​ជួយ​ស្វែងរក​យុត្តិធម៌​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​កុមារី​ទើប​មាន​អាយុ ១១​ឆ្នាំ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កុមារី​រងគ្រោះ​ពេល​នេះ៖ «ខ្ញុំ​គិត​ថា តុលាការ ជាពិសេស​សាលា​ឧទ្ធរណ៍ បាន​ផ្តល់​យុត្តិធម៌​ដល់​ឪពុក និង​កុមារី​រងគ្រោះ​ទើប​មាន​អាយុ ១១​ឆ្នាំ តាម​រយៈ​ការ​ចេញ​ដីកា​សម្រេច​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ចាប់​រំលោភ​មួយ​នេះ ចុះ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦ ដោយ​សាលា​ឧទ្ធរណ៍ បាន​គាំទ្រ​ដល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​បាន​ផ្ដន្ទាទោស​ដល់​ជន​សង្ស័យ​ជា​មន្ត្រី​ប៉ូលិស បាន​រំលោភ​ទៅ​លើ​កូន​របស់​ជន​រងគ្រោះ ដែល​ទើប​មាន​អាយុ ១១​ឆ្នាំ»

ចំណែក​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ីអ៊ិនរ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​ចាត់​ទុក​ដំណើរ​ការ​ក្តី​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ ថា​មាន​ភាព​អយុត្តិធម៌​ចំពោះ​កុមារី​រងគ្រោះ ព្រោះ​បទល្មើស​កើត​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១០ និង​មក​ដល់​ពាក់​កណ្ដាល​ខែ​មីនា ឆ្នាំ​២០១៦ ទៅ​ហើយ នៅ​ឡើយ​កុមារី​រងគ្រោះ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​ទៀត៖ «ដូច្នេះ​ជន​ល្មើស​ត្រូវ​តែ​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់ ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ ដូច្នេះ អយ្យការ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ សូម​ឲ្យ​អនុវត្ត​ដីកា​ចាប់​ខ្លួន-ឃុំ​ខ្លួន​របស់​សាលា​ឧទ្ធរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផ្លូវ​ច្បាប់។ ជៀសវាង​កុំ​ឲ្យ​ច្បាប់​ធូរ​រលុង​ពេក ដើម្បី​ឲ្យ​ច្បាប់​មាន​ការ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​ជន​ក្រីក្រ ដែល​កំពុង​រងគ្រោះ​នេះ​ផង និង​ផ្តល់​យុត្តិធម៌​ដល់​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​ផង»

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា លោក​មិន​ទាន់​ទទួល​បាន​ដីកា​សាលា​ឧទ្ធរណ៍​ឲ្យ​ចាប់​ខ្លួន-ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​របស់​លោក​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា នឹង​អនុវត្ត​ទៅ​តាម​ដីកា​សម្រេច​របស់​សាលា​ឧទ្ធរណ៍ បន្ទាប់​ពី​ទទួល​បាន​ដីកា​នេះ៖ «នៅ​ពេល​អាជ្ញាធរ​ទទួល​បាន​ដីកា​សម្រេច​របស់​តុលាការ​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ​ដល់​ដៃ សមត្ថកិច្ច​នឹង​ចុះ​អនុវត្ត​ចាប់​ខ្លួន​ជន​ល្មើស ឬ​ជន​ជាប់​ចោទ​ឲ្យ​ស្រប​តាម​ដីកា​តុលាការ»

ឪពុក​កុមារី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​លោក​ធ្លាប់​វេច​បង្វេច​ឡើង​ទៅ​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ មាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ក្រសួង​យុត្តិធម៌ ជាដើម ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កូន​ស្រី​មាន​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​ជន​ល្មើស​ឈ្មោះ កង សុផាត ចាប់​រំលោភ។ មក​ដល់​ពេល​នេះ ជន​ល្មើស​អាច​មាន​លទ្ធភាព​រស់នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង និង​មាន​សេរីភាព​ធ្វើ​ការងារ​ដូច​មនុស្ស​ធម្មតា។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នក​យក​ព័ត៌មាន​វិទ្យុ និង​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ពុធ ទី​១៦ ខែ​មីនា ឪពុក​កុមារី​រងគ្រោះ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ឲ្យ​ជួយ​ពិនិត្យ​តាម​ដាន​លើ​សំណុំ​រឿង​ព្រហ្មទណ្ឌ​មួយ​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​កូន​ស្រី​អាយុ ១១​ឆ្នាំ​របស់​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល