ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី សម្រេចឃុំខ្លួនជនជាប់ចោទជនជាតិហុល្លង់ ឈ្មោះ ស្តេសហ្វាន ស្ទូអិក (Stefan Struik) អាយុ ៥៣ឆ្នាំ ជានាយកប្រតិបត្តិក្រុមហ៊ុនចម្ការកាកាវ និងចម្ការអំពៅនៅខេត្តកំពង់ចាម មានសញ្ជាតិខ្មែរនៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន នៅថ្ងៃទី៩ ខែធ្នូ។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី លោក ឡុង ហុងម៉េង ឲ្យដឹងថា ការសម្រេចឃុំខ្លូននេះធ្វើឡើងតាមដីការបង្គាប់របស់ចៅក្រមស៊ើបសួរ គឺលោក យ៉ា ណារិន បន្ទាប់ពីមន្ត្រីអយ្យការសម្រេចចោទប្រកាន់ជនជាប់សង្ស័យពីបទមិនប្តឹងបរិហារការធ្វើបាបអនីតិជនតាមមាត្រា ៥៣០ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនជនជាប់ចោទទៅចៅក្រមស៊ើបសួរកាលពីថ្ងៃទី៨ ខែធ្នូ។
លោកបន្តថា មន្ត្រីអយ្យការរកឃើញថា ជនជាប់ចោទបានរំដោះជនជាតិវៀតណាម ម្នាក់ដែលបានធ្វើទារុណកម្មលើកុមារឲ្យភៀសខ្លួនទៅប្រទេសវៀតណាម៖ «គាត់ដឹងរឿងគេធ្វើបាប ហើយគាត់ជម្លៀសអានោះទៅវៀតណាម មានន័យថា គាត់មិនប្តឹង។ គាត់ដឹងរឿងគេធ្វើទារុណកម្មក្មេងហើយគាត់មិនប្តឹងទៅសមត្ថកិច្ច»។
បុរសជនជាតិវៀតណាម ម្នាក់ ឈ្មោះ ង្វៀន ថាញ់ ឬ ង្វៀន យ៉ុង (Nguyen Dung) ដែលគេសង្ស័យថា ធ្វើទារុណកម្មកុមារអាយុ ២ឆ្នាំ ដោយប្រើឧបករណ៍ឆក់ ហើយអាចនឹងមានអំពើរំលោភផង ដែលបានប្រព្រឹត្តនៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីបែកធ្លាយវីដេអូឃ្លិប ទាក់ទិនការធ្វើទារុណកម្មនេះហើយរត់គេចទៅប្រទេសវៀតណាម ក៏ប៉ុន្តែសមត្ថកិច្ចប្រទេសវៀតណាម បានចាប់ខ្លួនជនជាប់សង្ស័យនោះហើយ៕