សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​នឹង​ត្រូវ​បញ្ជូន​ទៅ​រដ្ឋសភា​នៅ​ដើម​ឆ្នាំ​២០១៧

ដោយ ខែ សុណង
2016-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា អិន.ជី.អូ ហ្វរ៉ុម (NGO Forum) លោក តឹក វណ្ណារ៉ា ចូលរួម​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Kher Sonorng
នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា អិន.ជី.អូ ហ្វរ៉ុម (NGO Forum) លោក តឹក វណ្ណារ៉ា ចូលរួម​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Kher Sonorng
RFA/Kher Sonorng

ក្រុម​ការងារ​បច្ចេកទេស អ្នក​ធ្វើ​ការ​ពាក់ព័ន្ធ​ធនធាន​ធម្មជាតិ មន្ត្រី​ក្រសួង​បរិស្ថាន សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍ បាន​ជួបជុំ​គ្នា​ពិភាក្សា​លើ​ខ្លឹមសារ​នៃ​សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា។ ជំនួប​នេះ ធ្វើ​ឡើង​ដើម្បី​កែលំអ​សេចក្ដី​ព្រាង​ក្រម​នេះ មុន​ក្រុម​ការងារ​ដាក់​បញ្ជូន​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន។

មន្ត្រី​សង្គម​ស៊ីវិល និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច រំពឹង​ថា សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន នឹង​បញ្ជូន​ទៅ​ដល់​ដៃ​សភា​ជាតិ ដើម្បី​អនុម័ត​នៅ​ដើម​ឆ្នាំ​២០១៧។

នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា ហៅ​កាត់​ថា អិន.ជី.អូ ហ្វរ៉ុម (NGO Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា អនុសាសន៍​របស់​ប្រជា​សហគមន៍​ប្រមាណ ៥០% ត្រូវ​បាន​ទទួល​យក និង​ដាក់​បញ្ចូល​ក្នុង​សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ និង​បរិស្ថាន ក្នុង​ដំណាក់​កាល​នីមួយៗ។

លោក តឹក វណ្ណារ៉ា បន្ត​ថា តាម​គម្រោង នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ ក្រុម​ការងារ​បច្ចេកទេស​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ចុង​ក្រោយ​ជា​ផ្លូវ​ការ​ទៅ​ដល់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​ត្រួត​ពិនិត្យ មុន​នឹង​ឈាន​ដល់​បញ្ជូន​សេចក្ដី​ព្រាង​នេះ​ទៅ​ក្រុម​អ្នក​ច្បាប់​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ការពារ ហើយ​លោក​សង្ឃឹម​ថា នៅ​ឆ្នាំ​២០១៧ សេចក្ដី​ព្រាង​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​រដ្ឋសភា៖ «សេចក្ដី​ព្រាង​ក្រម​នេះ​មាន​សារប្រយោជន៍​ណាស់​ក្នុង​ការ​ធានា​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​និរន្តរភាព ពីព្រោះ​យើង​បាន​យក​សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​នៃ​ការ​វាយ​តម្លៃ​នៃ​បរិស្ថាន​ទាំង​ស្រុង មក​ដាក់​ក្នុង​ក្រម​នេះ។ ក្រម​នេះ ក៏​ធានា​ឲ្យ​មាន​តុល្យភាព​ក្នុង​ការ​អភិវឌ្ឍ និង​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា»

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើ​សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ បរិស្ថាន រៀបចំ​ដោយ​អង្គការ អិន.ជី.អូ ហ្វរ៉ុម (NGO Forum) នៅ​ថ្ងៃ​ទី​២៣ វិច្ឆិកា។

ជនជាតិ​ដើម​ភាគតិច​ព្នង រស់នៅ​ភូមិ​ក្បាលរមាស ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង លោកស្រី កិង បាង បាន​ថ្លែង​ថា នៅ​ពេល​មាន​ក្រម​នេះ សហគមន៍ ជាពិសេស​ពួក​គាត់​ដែល​ទទួល​ផល​ពី​ធនធាន​ធម្មជាតិ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន។ ផល​ប្រយោជន៍​នោះ​នៅ​ត្រង់​ថា នឹង​អាច​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ដែល​កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ៖ «រាល់​ថ្ងៃ​ប្រឈម​មែន​ទែន! ពួក​ខ្ញុំ​ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​មួយ​អាទិត្យ​ទៅ​ទប់ស្កាត់​ម្ដង ហៅ​រដ្ឋបាល​ព្រៃ​ឈើ គាត់​មក​ជួយ​ប្រជាពលរដ្ឋ គាត់​អត់​មក​ជួយ​ទេ គាត់​ថា​រវល់ៗ។ ពួក​ខ្ញុំ​ស្ដាប់​វិទ្យុ សម្ដេច ហ៊ុន សែន គាត់​ថា ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ-ស្រុក​ជួយ​ការពារ​ធនធាន​ធម្មជាតិ​នៅ​តាម​ភូមិ-ស្រុក​ដែល​មាន​សេសសល់។ ប្រជាជន​គាត់​ជួយ​ការពារ ហេតុ​អី​បាន​ជា​រដ្ឋបាល​ព្រៃ​ឈើ​បែរ​ជា​ព្រងើយ​កន្តើយ»

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ អគ្គនាយក​រង​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន ក្រសួង​បរិស្ថាន លោក ស៊ុម សុខម្ភូ ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​នេះ មាន​ប្រសាសន៍​ថា ក្រសួង​មាន​គោល​បំណង​ជាក់លាក់​ចង់​ឲ្យ​ការងារ​នេះ​ចេញ​ឲ្យ​បាន​ឆាប់៖ «យើង​ព្យាយាម​បង្រួញ​នីតិវិធី​តាម​រយៈ​ការ​បង្កើត​ក្រុម​ការងារ​ពិសេស​ហ្នឹង ហើយ​យើង​បាន​អញ្ជើញ​អ្នក​ពាក់ព័ន្ធ​ច្រើន​នៅ​តាម​អន្តរ​ក្រសួង​អី​ផ្សេងៗ ឲ្យ​ចូល​មក​តែ​ម្ដង ហើយ​ក្រុម​អ្នក​ច្បាប់ និង​មន្ត្រី​ជំនាញ​ផ្សេង​ទៀត ក៏​បាន​ចូលរួម​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ក្នុង​ការងារ​នេះ។ ខ្ញុំ​គិត​ថា​មិន​យូរ​ទេ»

សេចក្ដី​ព្រាង​ក្រម​ធនធាន​ធម្មជាតិ បរិស្ថាន ត្រូវ​បាន​ក្រសួង​បរិស្ថាន អិន.ជី.អូ ហ្វរ៉ុម (NGO Forum) និង​ក្រុម​មេធាវី​វិស្ណុ បាន​ផ្ដួចផ្ដើម​គំនិត​ក្នុង​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ ក្នុង​គោល​បំណង​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​ច្បាប់​តែ​មួយ សម្រាប់​ដោះស្រាយ​បញ្ហា​ទាក់ទង​បរិស្ថាន និង​កិច្ច​ការពារ​បរិស្ថាន រួម​ទាំង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ប្រកប​ដោយ​និរន្តរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល