ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី​ប្ដឹង​សុំ​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ

ដោយ រដ្ឋា វិសាល
2016-11-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សហគមន៍​ក្នុង​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo ADHOC
សហគមន៍​ក្នុង​ឃុំ​ចំនួន​ពីរ​នៅ​ខេត្ត​មណ្ឌលគិរី ជួប​ជុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

សហគមន៍​ព្នង រស់នៅ​ឃុំ​ចំនួន​៧ ក្នុង​ខេត្ត​មណ្ឌលគិរី ដាក់​ពាក្យ​ប្ដឹង​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត ថា​គំរាម​កំហែង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ពាក់ព័ន្ធ​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក។ ចំណែក​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​បដិសេធ​ថា ការ​ចោទ​ប្រកាន់​នេះ​គ្មាន​មូលដ្ឋាន​ពិត​ឡើយ។

ជនជាតិ​ដើម​ភាគតិច​ជាង ៥០០​នាក់ បាន​ផ្ដិត​មេដៃ​លើ​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី ក្រោម​ហេតុផល​ថា មន្ត្រី​រូប​នេះ​មាន​ចេតនា​រំខាន​ការ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក និង​គំរាម​ប្រមាថ​ជនជាតិ​ដើម​ភាគតិច។

ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចំនួន​បី​ឋិត​ក្នុង​ស្រុក​ពេជ្រាដា ស្រុក​កោះញែក និង​ស្រុក​កែវសីមា អះអាង​ថា អាជ្ញាធរ​ឃុំ​បាន​រំខាន​អ្នក​ភូមិ​ដែល​ជួប​ជុំ​គ្នា​សែនព្រេន​បែប​ប្រពៃណី កាល​ពី​ថ្ងៃ​ទី​៩ សីហា ដើម្បី​អបអរ​ខួប​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។ ចំណែក​នៅ​ឃុំ​ដាក់ដាំ សហគមន៍​មិន​បាន​ប្រារព្ធ​ទិវា​នេះ​ទេ ដោយសារ​តែ​មន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ លើក​ពេល​ប្រារព្ធ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៦ វិញ ផ្ទុយ​ទៅ​នឹង​គម្រោង​ដែល​បាន​ឯកភាព​គ្នា។ តំណាង​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ ចាត់​ទុក​ថា​ការ​រើសអើង និង​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។

តំណាង​អ្នក​ប្ដឹង​តវ៉ា​ទាំង ៥០០​នាក់ គឺ​លោក ក្រើង តុលា បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា ពាក្យ​ប្ដឹង​បាន​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​រួច​ហើយ​ក្នុង​កម្មវត្ថុ​សុំ​ឲ្យ​ប្ដូរ​តួនាទី​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ដែល​គំរាម​កំហែង​រំខាន​ការ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច ជា​ប្រការ​រំលោភ​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច។ លើស​ពី​នេះ​ទៀត ពាក្យ​ប្ដឹង​នេះ​នឹង​ត្រូវ​ដាក់​ជូន​ស្ថាប័ន​ថ្នាក់​ជាតិ​បន្ត​ទៀត ដើម្បី​ដោះស្រាយ​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ។ លោក​បន្ត​ទៀត​ថា តំណាង​សហគមន៍ និង​ចាស់​ទុំ​តាម​បណ្ដា​ភូមិ​មួយ​ចំនួន ត្រូវ​បាន​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ប្រើ​ពាក្យ​ប្រមាថ និង​គំរាម​កំហែង ខណៈ​ពួក​គេ​ដាក់​លិខិត​ជូន​ដំណឹង​ពី​គម្រោង​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច​កាល​ពី​ខែ​សីហា៖ «ប្រជាពលរដ្ឋ​គាត់​គិត​ថា​ក្នុង​នាម​គាត់​ជា​ប្រធាន​ជនជាតិ​ដើម​ភាគតិច ដែល​មាន​នាយកដ្ឋាន​មួយ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ដែល​មាន​ទាំង​សារ​របស់​សម្ដេច ហ៊ុន សែន សារ​របស់​ឯកឧត្តម យឹម ជុង ទាំង​ច្បាប់​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ស្រាប់ គាត់​មិន​មើល​ផង

មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​មណ្ឌលគិរី សហការ​រៀបចំ​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគតិច​ពិភពលោក​នៅ​ឃុំ​ដាក់ដាំ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​សីហា ក៏ប៉ុន្តែ​មិន​មាន​ជនជាតិ​ដើម​ភាគតិច​ណា​ម្នាក់​ចូលរួម​ឡើយ។

ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្ត​មណ្ឌលគិរី លោក យន់ សារោម បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហគមន៍​គ្មាន​មូលដ្ឋាន​ពិត​នោះ​ទេ ពីព្រោះ​លោក​មិន​បាន​គំរាម ឬ​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​ណា​មួយ​ចំពោះ​សហគមន៍ ក្រៅ​ពី​ពន្យល់​ទិដ្ឋភាព​ច្បាប់​ដល់​សហគមន៍ ខ្លាច​ក្រែង​អ្នក​ភូមិ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​គោលការណ៍​ណែនាំ​ស្ដីពី​ការ​ប្រើប្រាស់​សិទ្ធិ។ លោក​ថា​នឹង​ស្រាវជ្រាវ​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​ប្ដឹង ដើម្បី​បញ្ជាក់​ថា តើ​ការ​ប្ដឹង​នេះ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​សហគមន៍ ដើម្បី​ទម្លាក់​កំហុស​លើ​រូប​លោក ឬ​យ៉ាង​ណា៖ «ឲ្យ​គេ​យក​ទៅ​ចុះ! ខ្ញុំ​ឆ្លើយ​មុខ​ក្រសួង។ ខ្ញុំ​ត្រូវ​តែ​ការពារ​ឲ្យ​តែ​គាត់ និយាយ​អ៊ីចឹង​បុគ្គល​ហ្នឹង​អ្នក​ប្ដឹង ហ្នឹង​ហើយ​មេ​ដឹកនាំ​ប្ដឹង​ហ្នឹង ខ្ញុំ​ស្រាវជ្រាវ​ហើយ​ពាក់ព័ន្ធ​បរិហារ​កេរ្តិ៍​ខុស​ផ្លូវ​ច្បាប់។ ខ្ញុំ​ប្ដឹង​ទៅ​តុលាការ»

កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ពិធី​សែនព្រេន​បែប​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច ត្រូវ​ប្រារព្ធ​នៅ​ឃុំ​ចំនួន​៦ ក្នុង​ស្រុក​កោះញែក ស្រុក​កែវសីមា ស្រុក​ពេជ្រាដា និង​ក្រុង​សែនមនោរម្យ។ គ្រា​នោះ​ដែរ អ្នក​ភូមិ​បង្ហាញ​ការ​ភ័យ​ខ្លាច ខណៈ​អាជ្ញាធរ​គំរាម​ចាប់​ដាក់​ខ្នោះ ប្រសិន​អ្នក​ភូមិ​ចូលរួម​អបអរ​ទិវា​ជនជាតិ​ដើម​ភាគតិច ដោយ​មិន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​តាម​លំដាប់​ថ្នាក់។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ និង​ជា​នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌលគិរី លោក សុខ សេរ៉ា សុំ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ប៉ុន្តែ​កន្លង​ទៅ លោក​បាន​ទទួល​ស្គាល់​ថា ការ​រៀបចំ​ការ​សែនព្រេន​បែប​ប្រពៃណី​ក្នុង​ពិធី​ណា​មួយ​របស់​ជនជាតិ​ដើម​ភាគតិច មិន​ចាំបាច់​តម្រូវ​ឲ្យ​សុំ​ច្បាប់​នោះ​ទេ។ លោក​ថា អាជ្ញាធរ​ខេត្ត​នឹង​ពិភាក្សា​ឡើង​វិញ​ពី​បញ្ហា​នេះ ដើម្បី​កំណត់​ការ​ណែនាំ​ទៅ​មន្ត្រី​មូលដ្ឋាន និង​សហគមន៍​ទាក់ទិន​បាតុភាព​ដែល​កើត​ឡើង។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​សហគមន៍​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​អាជ្ញាធរ ក្នុង​បទ​ចោទ​ថា រំលោភ​សិទ្ធិ​ប្រារព្ធ​ខួប​ជនជាតិ​ដើម​ភាគតិច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​អន្តរជាតិ។ លោក​ថា សហគមន៍​មាន​សិទ្ធិ​ប្ដឹង​តវ៉ា ប្រសិន​បើ​ពួក​គេ​យល់​ថា សេរីភាព​ក្នុង​ការ​ប្រារព្ធ​ខួប​របស់​ខ្លួន ត្រូវ​បាន​រំខាន ឬ​គំរាម​កំហែង​ណា​មួយ​ពី​មន្ត្រី​អាជ្ញាធរ៖ «ពលរដ្ឋ​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ស្នើ ឬ​ដាក់​ពាក្យ​ប្ដឹង​តវ៉ា​ទៅ​សមត្ថកិច្ច​នានា​តាម​អ្វី​ដែល​ពលរដ្ឋ​មើល​ឃើញ​ថា ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​គាត់។ ខ្ញុំ​នឹង​បន្ត​តាមដាន​ទៅ​មុខ​ទៀត​ថា តើ​រាល់​ចំណាត់​ការ​របស់​ស្ថាប័ន​ដែល​គាត់​ដាក់​ជូន​ហ្នឹង»

នៅ​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា តំណាង​សហគមន៍​បី​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ ដើម្បី​យក​ពាក្យ​ប្ដឹង​របស់​សហគមន៍ ដាក់​ជូន​ក្រសួង​អភិវឌ្ឍន៍​ជនបទ ទីស្ដីការ​គណៈរដ្ឋមន្ត្រី ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី រដ្ឋសភា ព្រឹទ្ធសភា និង​ក្រសួង​មហាផ្ទៃ ទាក់ទិន​ការ​ប្ដឹង​សុំ​ប្ដូរ​តួនាទី​មន្ត្រី​រាជ​រដ្ឋាភិបាល​ថ្នាក់​មូលដ្ឋាន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល