ភរិយា​លោក ចៅ វាសនា ត្អូញត្អែរ​លំបាក​ទៅ​សួរសុខទុក្ខ​ស្វាមី​បន្ទាប់​ពី​តុលាការ​បញ្ជូន​ទៅ​ឃុំ​នៅ​ព្រៃស

ដោយ មាន ឫទ្ធិ
2018-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
បេក្ខជន​ចៅ​សង្កាត់​ប៉ោយប៉ែត លោក ចៅ វាសនា សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ជប៉ុន ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

ភរិយា​ចៅសង្កាត់​ប៉ោយប៉ែត​សង្គ្រោះជាតិ​ដែល​របប​លោក ហ៊ុន សែន រំលាយ​ចោល គឺ​លោក ចៅ វាសនា មិន​បាន​ទៅ​សួរ​សុខទុក្ខ​ស្វាមី​ជិត​២​ខែ ដោយសារ​ខាង​ពន្ធនាការ​ខេត្ត​បន្ទាយ​មានជ័យ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​គុក​ព្រៃស រាជធានី​ភ្នំពេញ។ មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​បន្ទាយមានជ័យ លើកឡើង​ថា តុលាការ​គួរតែ​បិទ​បញ្ចប់​សំណុំ​រឿង​នេះ​តាំងពី​យូរ​មក​ហើយ ព្រោះ​លោក ចៅ វាសនា គ្មាន​កំហុស​ដូច​ការ​ចោទ​ទេ។

ភរិយា​មន្ត្រី​គណបក្សប្រឆាំង​ក្រុង​ប៉ោយប៉ែត លើកឡើង​ថា លោក ចៅ វាសនា កំពុងតែ​នៅ​កណ្ដោចកណ្ដែង គ្មាន​សាច់ញាតិ​ណា​ទៅ​សុខទុក្ខ​នោះ​ទេ ហើយ​កំពុង​ខ្វាយខ្វល់​អំពី​សុខទុក្ខ​របស់​ស្វាមី មិន​ដឹង​ទៅ​យ៉ាង​ជា​យ៉ាង​ណា​ទេ ព្រោះ​ចាប់​តាំង​ពី​លោក ចៅ វាសនា បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​មក មិនដែល​បាន​ទៅ​សួរសុខទុក្ខ​ស្វាមី​នោះ​ឡើយ។

អ្នកស្រី វង្ស គឹមហុង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ធ្នូ ថា មូលហេតុ​ដែល​អ្នកស្រី​មិនបាន​ទៅ​សួរសុខទុក្ខ ដោយសារ​ខ្វះខាត​ថវិកា ហើយ​ជាប់រវល់​ធ្វើការ​ដើម្បី​រក​ប្រាក់​យក​ទៅ​ជួយ​ផ្គត់ផ្គង់​ស្វាមី ព្រោះ​លោក​ចៅ វាសនា ជាប់​ពន្ធនាការ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ចំណាយ​ពេល​ស្នាក់នៅ​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​ខាត​ការងារ​មិន​អាច​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​បានទេ។ អ្នកស្រី វង្ស គឹម ហុង បន្ថែម​ទៀត​ថា សព្វថ្ងៃ​លោក ចៅ វាសនា បាន​ទូរស័ព្ទ​មក​រក​អ្នកស្រី​ប្រមាណ ៥​ថ្ងៃ​ម្ដង​ដែរ នៅ​ពេល​ដែល​លោក​ត្រូវការ​ថវិកា​ប៉ុណ្ណោះ៖ «ព្រោះ​នីតិវិធី​នៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ចប់​ហើយ បើ​យើង​ទទួល​យក​ជាប់គុក ៥​ឆ្នាំទៅ យើង​ត្រូវ​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ តែ​យើង​អត់​ទទួល យើង​ត្រូវ​ទៅ​ជាប់​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ ហើយ​យើង​អត់​ត្រូវ​បាន​បន្ទាយមានជ័យ​ទេ។ គាត់​ជាប់​នៅ​ទីនោះ​មិន​មាន​ពេទ្យ​ពិនិត្យ​សុខភាព​គាត់​ទេ ហើយ​គាត់​ចេះតែ​ទ្រាំ​ទៅ​ព្រោះ​មិន​ដឹង​ធ្វើ​មិច បើ​គ្មាន​សេរីភាព ហើយ​ឈឺ​លំបាក​ក៏​នៅតែ​ឈឺ​នឹង​ទៅ»

អ្នកស្រី​បន្ត​ទៀត​ថា លោក ចៅ វាសនា ត្រូវ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស តាំងពី​ថ្ងៃ​ទី​១៤ ខែ​តុលា មក​មិនទាន់​បញ្ជូន​ត្រឡប់មកវិញ​នៅឡើយ​ទេ ដោយ​មន្ត្រី​ពន្ធនាគារ​ប្រាប់​អ្នកស្រី​ថា ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​នីតិវិធី​នៅ​សាលាឧទ្ធរណ៍។

ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០១៨ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លោក ចៅ វាសនា និង​កម្មករ​អូស​រទេះ​ចំនួន​៧​នាក់​ផ្សេងទៀត​ដាក់​ពន្ធនាគារ​ម្នាក់ ៥​ឆ្នាំ។ ភ្លាមៗ​ក្រោយពី​ប្រកាស​សាលក្រម​មេធាវី​ការពារ​ក្ដី​លើ​សំណុំ​រឿង​នេះ​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​តុលាការ​ទម្លាក់​ការចោទប្រកាន់​នេះ និង​ស្នើសុំ​ឲ្យ​លោក ចៅ វាសនា បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​រហូតដល់​ថ្ងៃ​ទី​១១​ធ្នូ សាលាឧទ្ធរណ៍​មិនទាន់​ជម្រះក្ដី​រឿង​នេះ​ឲ្យ​បាន​ចប់​សព្វគ្រប់​នៅឡើយ។ លោក ចៅ វាសនា ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ដើមកំណើត​ខ្មែរ​ក្រោម។ ចៅសង្កាត់​រូប​នេះ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​នេះ កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ២០១៧ គឺ​នៅ​មុន​ពេល​បោះឆ្នោត​ឃុំ​សង្កាត់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា ដែល​បាន​តាមដាន​សំណុំ​រឿង​នេះ​តាំង​ពី​ដើម​មក​លើកឡើង​ថា ការ​ឃុំខ្លួន​លោក ចៅ វាសនា គឺជា​រឿង​អយុត្តិធម៌​បំផុត ព្រោះ​លោក​បំពេញការងារ​ក្នុងនាម​អាជ្ញាធរ​ដែនដី ក្នុង​តំណែង​ចៅ​សង្កាត់​រង​ទី​២ គណបក្សប្រឆាំង​កាលពី​សម័យ​នោះ មិនមែន​ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​ដូច​ការចោទប្រកាន់​របស់​តុលាការ​នោះ ព្រោះ​លោក​មាន​សិទ្ធិ​ទៅ​ពិនិត្យ​មើល​ការ​តវ៉ា​របស់​ក្រុម​កម្មករ​បាន​ដោយ​មិន​មាន​កំហុស​នោះ​ឡើយ៖ «ហើយ​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​អី​ក្ដី គាត់​តាមមើល​រឿង​នេះ គាត់​គិត​ថា​មិន​គួរ​ណា​តុលាការ​ចាប់​គាត់​ដាក់​ពន្ធនាគារ​ទេ។ ចំណែក​ការផ្លាស់ប្ដូរ​ពន្ធនាការ​វិញ តាមរយៈ​ការ​ប្ដឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​នៅ​ភ្នំពេញ​គួរតែ​ឆាប់​បញ្ជូន​គាត់​ត្រឡប់មកវិញ បើ​សិន​ឆ្លើយ​ក្នុង​សវនាការ​រួច​អស់ហើយ ព្រោះ​ទុក​គាត់​នៅ​គុក ព្រៃស​លំបាក​បំផុត​គឺ ប្រពន្ធ​លោក ចៅ វាសនា ត្រូវ​ចំណាយ​លុយកាក់​ច្រើន ដើម្បី​យក​ទៅ​ឲ្យ​ប្ដី​ប្រើប្រាស់​នៅ​ក្នុង​ពន្ធនាគារ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ បន្ថែម​ទៀត​ថា ការ​ឃុំខ្លួន​លោក ចៅ វាសនា មាន​រយៈពេល​យូរ មិន​ផ្ដល់​ផល​ចំណេញ​ដល់​របប​លោក ហ៊ុន សែន ទេ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​រំលាយ​បាត់​ទៅ​ហើយ ម្យ៉ាងទៀត​តុលាការ​ក៏បាន​ដោះលែង​សកម្មជន​គណបក្សប្រឆាំង​ដែល​តុលាការ​ផ្ដន្ទាទោស​បទឧក្រិដ្ឋ​ធំៗ​អស់ហើយ ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​ការចោទប្រកាន់​ហើយ​ដោះលែង​លោក ចៅ វាសនា ឲ្យ​មាន​សេរីភាព​ឡើងវិញ​ឲ្យ​បាន​ឆាប់​ដែរ ដើម្បី​លោក​បាន​ទៅ​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​ដូចដើម​វិញ។

អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព ជុំវិញ​បញ្ហា​នេះ​បានទេ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​ប្រាប់​ថា វិទ្យុ​អាស៊ីសេរី​ក៏បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​ទៅវិញ។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ម្នាក់​លោក ជិន ម៉ាលី មិន​លើក​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល