ស្ត្រី​អូស្ត្រាលី​ម្នាក់​និង​ជនជាតិ​ខ្មែរ​ពីរ​នាក់​ជាប់​ចោទ​ពី​បទ​រក​ស៊ី​ព​ពោះ​ជំនួស

ដោយ មួង ណារ៉េត
2016-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
RFA/Brach Chev

តុលាការ​បាន​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​អូស្ត្រាលី ម្នាក់ និង​ជនជាតិ​ខ្មែរ​ពីរ​នាក់ ពី​បទ​ប្រកប​អាជីវកម្ម​ព​ពោះ​ជំនួស។ ការ​មាន​ផ្ទៃពោះ​ជំនួស​នេះ ជា​អំពើ​ខុស​ច្បាប់ ដែល​កម្ពុជា ហាមឃាត់​កាល​ពី​ខែ​តុលា ដោយសារ​តែ​កម្ពុជា បាន​ក្លាយ​ទីកន្លែង​ពេញ​និយម​សម្រាប់​មនុស្ស​ដែល​ចង់​បាន​កូន​រក​ស្ត្រី​ឲ្យ​ព​ពោះ​ជំនួស។

លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន អេ.ភី (AP) ដកស្រង់​សម្ដី​ថា អ្នកស្រី ថែមមី ដេវីស ឆាលស៍ (Tammy Davis-Charles) អាយុ ៤៩​ឆ្នាំ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដោយ​កំបាំង​មុខ ដោយសារ​តែ​អ្នកស្រី​មាន​ជំងឺ​មិន​អាច​មក​តុលាការ​បាន។ ចំណែក​ជនជាតិ​ខ្មែរ​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក៏​ត្រូវ​បាន​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ចោទ​ប្រកាន់​ផង​ដែរ ពី​បទ​ក្លែង​លិខិត​ស្នាម និង​ជួញដូរ​មនុស្ស។ សមត្ថកិច្ច​បាន​ឃាត់​ជន​សង្ស័យ​ទាំង​បី​នាក់ កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ វិច្ឆិកា សប្ដាហ៍​មុន។

ស្ត្រី​ជនជាតិ​អូស្ត្រាលី រូប​នោះ ធ្លាប់​បើក​របរ​នេះ​នៅ​ប្រទេស​ថៃ ហើយ​ទើប​តែ​បើក​អាជីវកម្ម​របៀប​នេះ​នៅ​កម្ពុជា។ ជន​សង្ស័យ​បាន​យក​ប្រាក់​ប្រហែល ៥​ម៉ឺន​ដុល្លារ​ពី​អ្នក​ចង់​បាន​កូន ប៉ុន្តែ​ឲ្យ​អ្នក​ព​ពោះ​ចំនួន​ប្រហែល ១​ម៉ឺន​ដុល្លារ ទៅ ១​ម៉ឺន ២​ពាន់​ដុល្លារ។

លោក កែវ ធា ឲ្យ​ដឹង​ទៀត​ថា ជន​រងគ្រោះ​ជា​អ្នក​មក​ពី​ជនបទ ត្រូវ​បាន​ចាញ់​បោក​ជន​ល្មើស​ឲ្យ​ព​ពោះ។ សមត្ថកិច្ច​រក​ឃើញ​ថា ស្ត្រី​ស៊ី​ឈ្នួល​ព​ពោះ​បាន​សម្រាល​កូន​បាន ៦​នាក់ ហើយ​ស្ត្រី ២០​នាក់​ផ្សេង​ទៀត​កំពុង​មាន​ទម្ងន់។

ក្រសួង​សុខាភិបាល បាន​ដាក់​ចេញ​បម្រាម​មួយ​នៅ​ក្នុង​ខែ​តុលា ដោយ​ហាមឃាត់​ការ​មិន​ឲ្យ​ប្រកប​របរ​ព​ពោះ​ជំនួស​នេះ ប៉ុន្តែ​នៅ​មិន​ទាន់​បាន​កំណត់​ទោស​ឧក្រិដ្ឋ​ដើម្បី​ផ្ដន្ទាទោស​ជន​ល្មើស​នៅ​ឡើយ​ទេ។

ប្រទេស​កម្ពុជា ក្លាយ​ជា​កន្លែង​សម្រាប់​របរ​ព​ពោះ​ជំនួស​នេះ បន្ទាប់​ពី​ប្រទេស​ឥណ្ឌា និង​ថៃ បិទ​របរ​នេះ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល