អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ពី​បទ​បៀតបៀន​ក្មេង​ស្រី

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ វ័យ ៧៥​ឆ្នាំ​មួយ​រូប​ឈ្មោះ គង់ ម៉ៅ រង​នូវ​បទ​ចោទ​បៀតបៀន​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ ក្នុង​ឃុំ​បានកាម ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។
ដោយ អ៊ុក សាវបូរី
2013-07-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ គង់ ម៉ៅ ដែល​ចែក​ខិត្តប័ណ្ណ​ឃោសនា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ឆ្លៀត​អង្អែល​ស្មា​ក្មេង​ស្រី​អាយុ ១៥​ឆ្នាំ នៅ​ឃុំ​បានកាម ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ក្នុង​ថ្ងៃ​ឃោសនា ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ។

លោក យង់ នីវ មន្ត្រី​ព្រហ្មទណ្ឌ​បន្ត​ថា សមត្ថកិច្ច​មិន​អាច​បន្ត​ឃុំ​ខ្លួន លោក គង់ ម៉ៅ លើស ៤៨​ម៉ោង​ទេ។ ទើប​បញ្ជូន​ទៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី១១ ខែ​កក្កដា ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​បន្ត៖ «តែ​អត់​បាន​ឃើញ​គាត់​មក​ទេ។ អីចឹង​នីតិវិធី​ត្រូវ​បញ្ជូន​គាត់​ទៅ​សាលា​ដំបូង​ពី​ព្រឹក​មិញ។ ហើយ​ខាង​សាលា​ដំបូង​នោះ មិន​ដឹង​ថា​បាន​កោះ​ហៅ​ខាង​នោះ​មក ឬ​យ៉ាង​ម៉េច ខ្ញុំ​អត់​បាន​ដឹង​ដែរ»

ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ លោក ម៉ៅ សុផល ឲ្យ​ដឹង​ថា លោក គង់ ម៉ៅ ត្រូវ​ប៉ូលិស​ចាប់​ឃុំ​កាល​ពី​រសៀល​ថ្ងៃ​ទី៩ ខែ​កក្កដា។ លោក គង់ ម៉ៅ ត្រូវ​ក្រុម​គ្រួសារ​កុមារី​ប្ដឹង​ទៅ​សាលា​ឃុំ​បានកាម ដើម្បី​សម្រប​សម្រួល។ ប៉ុន្តែ​សមត្ថកិច្ច​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ភ្លាមៗ ដោយ​គ្មាន​ការ​ដោះស្រាយ។ លុះ​ដល់​ថ្ងៃ​ទី១០ ខែ​កក្កដា បញ្ជូន​បន្ត​ទៅ​ស្នងការ​ខេត្ត ហើយ​ថ្ងៃ​ទី១១ ខែ​កក្កដា បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត ដើម្បី​ឲ្យ​តុលាការ​ចាត់​ការ​តាម​ច្បាប់។

ពាក់ព័ន្ធ​ការ​បញ្ជូន លោក គង់ ម៉ៅ អាយុ ៧៥​ឆ្នាំ ទៅ​តុលាការ​នេះ ឪពុក​កុមារី​ដែល​ជា​ដើម​ចោទ គឺ​លោក ម៉ី ខន ថ្លែង​ថា គាត់ និង​លោក គង់ ម៉ៅ នៅ​ក្នុង​គណបក្ស​ជាមួយ​គ្នា ហើយ​ក៏​បាន​ដើរ​ឃោសនា​ជាមួយ​គ្នា​នៅ​ថ្ងៃ​ទី៩ ខែ​កក្កដា នោះ។ លោក​មិន​បាន​ប្ដឹង​រឿង​នោះ​ទេ ប៉ុន្តែ​ប៉ូលិស​ឃុំ​មាន​ការ​ចាប់​ខ្លួន​លោក គង់ ម៉ៅ នៅ​រសៀល​ថ្ងៃ​ទី៩ ខែ​កក្កដា។ ប៉ូលិស​បាន​ហៅ​គាត់ និង​លោក គង់ ម៉ៅ ព្រម​ទាំង​សាក្សី​ទៅ​សាកសួរ រួច​ចាប់​លោក គង់ ម៉ៅ បញ្ជូន​ទៅ​អធិការដ្ឋាន​ស្រុក​ព្រៃកប្បាស។

លោក ម៉ី ខន ដើម​ចោទ​បន្ត​ថា គាត់​ចង់​បញ្ចប់​រឿង​នោះ​នៅ​ត្រឹម​ឃុំ ដោយ​គាត់​ទារ​ឲ្យ​លោក គង់ ម៉ៅ បង់​ប្រាក់ ២​លាន​រៀល។ ប៉ុន្តែ​ប៉ូលិស​បាន​បញ្ជូន លោក គង់ ម៉ៅ បន្ត​ទៅ​អធិការដ្ឋាន​ស្រុក ហើយ​ទៅ​ស្នងការដ្ឋាន​ខេត្ត ក្រោយ​មក​ឮ​ថា បញ្ជូន​ទៅ​តុលាការ។ លោក​បន្ត​ថា គាត់​មិន​បាន​ដាក់​ពាក្យ​ប្ដឹង លោក គង់ ម៉ៅ ទៅ​តុលាការ​ទេ៖ «ខ្ញុំ​អត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ទេ ព្រោះ​ថា កាល​ណោះ​ប៉ូលិស​សួរ​ខ្ញុំ​ដែរ ពាក្យ​ហ្នឹង​ឲ្យ​ខ្ញុំ​ធ្វើ​ឡើង ឬ​មួយ​ក៏​និយាយ​គ្នា​ត្រឹម​ឃុំ ដល់​ហើយ​ខ្ញុំ​ថា​អត់​ទេ និយាយ​គ្នា​ត្រឹម​ឃុំ​ទៅ បាន​ខ្ញុំ​ដាក់​តម្លៃ ២​លាន​ហ្នឹង»

ក្រុម​គ្រួសារ លោក គង់ ម៉ៅ គឺ​លោក គង់ ស៊ីម បាន​ថ្លែង​ថា នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែ​កក្កដា ប៉ូលិស​ស្នងការ​ខេត្ត​តាកែវ បាន​កោះ​ហៅ​ដើម​ចោទ និង​ចុង​ចោទ​មក​សម្រប​សម្រួល។ ប៉ូលិស​បាន​ប្រាប់​គាត់​ថា ខាង​ដើម​ចោទ​ទារ ៣​លាន​រៀល​បញ្ចប់​រឿង។ គាត់​បាន​យក​ប្រាក់​មក​ត្រៀម ដើម្បី​សុំ​ដោះ​លែង​លោក គង់ ម៉ៅ។ ប៉ុន្តែ​ខាង​ដើម​ចោទ​មិន​មក​សម្រប​សម្រួល​នៅ​ស្នងការ ទើប​ប៉ូលិស​បញ្ជូន​គាត់​ទៅ​ពន្ធនាគារ​តែ​ម្តង៖ «ថា​ឪពុក​រងគ្រោះ​ទារ ២​លាន ខាង​ដោះស្រាយ​ទារ ១​លាន ទាំងអស់​វា ៣​លាន។ ហើយ​ដល់​ឥឡូវ វា​អត់​ស្រេច​ទៀត វា​អត់​រួច​ទៀត គេ​អត់​យក​ទេ​ណា លុយ​ហ្នឹង​គេ​អត់​យក​ទេ គ្រាន់​តែ​ថា​ទេ ព្រោះ​ដើម​ចោទ​គេ​អត់​មក គេ​អត់​យក​នាំ​ជាប់​ឈ្មោះ​គេ»

លោក ម៉ៅ សុផល បាន​ថ្លែង​ថា ប៉ូលិស​បញ្ជូន​លោក គង់ ម៉ៅ បន្ត​ទៅ​តុលាការ​ជា​ការ​សម្លុត​ស្មារតី​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ដើម​ចោទ និង​ចុង​ចោទ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​គ្នា។ លោក​ថា​ជា​ការ​ឆ្លៀត​ចំណេញ​នយោបាយ ព្រោះ​ដើម​ចោទ​មិន​បាន​ប្ដឹង​ទៅ​តុលាការ​ទេ។

ប្រធាន​គណៈកម្មការ​ខេត្ត​តាកែវ រៀបចំ​ការ​បោះឆ្នោត ប៉ិច (PEC) លោក នួន សារ៉ែម បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ផ្ដើម​ឃោសនា​មក​ដល់​ថ្ងៃ​ទី១២ ខែ​កក្កដា ប៉ិច មាន​តែ​ពាក្យ​បណ្ដឹង ៣​គត់។ ក្នុង​នោះ បណ្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​គណបក្ស​ប្រជាជន​កម្ពុជា យក​សាលា​រៀន​ឃោសនា។ បណ្ដឹង​នោះ​បាន​ដោះស្រាយ​បញ្ចប់​ហើយ។ បណ្ដឹង​ទី២ កំពុង​ផ្សះផ្សា គឺ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឃុំ​ធ្លក ស្រុក​ទ្រាំង ប្ដឹង​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ឃុំ​ធ្លក ស៊ិក (CEC) ពី​ការ​ជេរ​ប្រមាថ។ ភាគី​ដើម​ចោទ​មិន​សុខ​ចិត្ត ប៉ិច​នឹង​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​កក្កដា បន្ត​ទៀត។ បណ្ដឹង​ទី៣ គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រើ​ពាក្យ​ឃោសនា​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ថ្នាក់​ដឹកនាំ​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Just touching the shoulder? Harassing? Kgnom min deng sos tha kekmas Khmer nav lesma.

Jul 12, 2013 12:58 PM

គេហទំព័រ​ទាំងមូល