ប្រធាន​CIERA​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្រូវ​តុលាការ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ

ដោយ ហ៊ុំ ចំរើន
2016-12-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ម៉ង់ ពុទ្ធី ឬ​ហៅ ឌិន ពុទ្ធី ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
RFA

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) ចូល​បំភ្លឺ​តាម​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៥ ធ្នូ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ទៅ​សាកសួរ​ក្នុង​សំណុំ​រឿង​កម្មករ​អូស​រទេះ​ធ្វើ​បាតុកម្ម​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។

តុលាការ​ខេត្ត​បន្ទាយមានជ័យ ចេញ​ដីកា​សម្រេច​មិន​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) ប៉ុន្តែ​បាន​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIERA) លោក ឌិន ពុទ្ធី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ធ្នូ ថា ដីកា​សម្រេច​របស់​តុលាការ គឺ​ជា​រឿង​អយុត្តិធម៌។ លោក​ថា​មិន​អាច​ទទួល​យក​ការ​សម្រេច​នេះ​បាន​ឡើយ។ លោក​អះអាង​ថា លោក​ពុំ​មាន​ពាក់ព័ន្ធ​អំពី​ការ​ធ្វើ​បាតុកម្ម​តវ៉ា​របស់​ក្រុម​កម្មករ​អូស​រទេះ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត នោះ​ទេ។ លោក​ស្នើ​ឲ្យ​តុលាការ ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក«ប៉ុន្តែ​គ្រាន់​តែ​ថា​ចាំ​មើល​បន្ត​ទៅ​ទៀត តើ​តុលាការ​នឹង​យ៉ាង​ណា​ទៀត ព្រោះ​យើង​មិន​ទាន់​ដឹង​ថា​តុលាការ​មាន​នីតិវិធី​ជំនុំ​ជម្រះ​យ៉ាង​ម៉េច​ទៀត​ទេ? ប៉ុន្តែ​ការ​ដាក់​ក្រោម​ការ​ត្រួត​ពិនិត្យ​នេះ វា​ហាក់​ធ្ងន់ធ្ងរ​ណាស់»

ដីកា​សម្រេច​ដែល​ចុះ​ហត្ថលេខា​ដោយ​ចៅក្រម​ស៊ើបសួរ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ លោក ឯក ប៉ូលីហ្វីល ចុះ​ថ្ងៃ​ទី​៥ ធ្នូ សម្រេច​មិន​ឃុំ​ខ្លួន​លោក ឌិន ពុទ្ធី ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និង​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ សម​គំនិត​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នៅ​មុខ​ទីស្នាក់ការ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥។ ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​លោក ឌិន ពុទ្ធី ត្រូវ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី​១ រៀង​រាល់​ខែ មិន​ត្រូវ​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ និង​ត្រូវ​ឆ្លើយតប​ការ​កោះ​ហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើបសួរ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ដីកា​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​ជា​ការ​ដាក់​បន្ទុក​ធ្ងន់ធ្ងរ​លើ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល។ លោក​បន្ថែម​ថា ដីកា​នេះ​បាន​ប៉ះពាល់​ដល់​ការ​បំពេញ​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ធ្វើ​ឲ្យ​ពិបាក​ចុះ​ឃ្លាំ​មើល​ក្រែង​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​ពលរដ្ឋ​តវ៉ា​បញ្ចេញ​មតិ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ផ្សេងៗ​របស់​ពួក​គាត់​នៅ​ថ្ងៃ​ក្រោយ​ទៀត«អ៊ីចឹង​យើង​ថា​មន្ត្រី​មាន​ប៉ូលិស កង​រាជ​អាវុធហត្ថ និង​អភិបាល​ក្រុង​ប៉ោយប៉ែត តុលាការ​គួរ​តែ​ចោទ​ប្រកាន់​ពួក​គាត់​ដែរ ព្រោះ​ពួក​គាត់​ខ្លះ​បាន​វាយ​ដំ​ទៅ​លើ​កម្មករ​ថែម​ទៀត​ផង ហើយ​បែរ​ជា​អត់​មាន​អ្នក​ដាក់​ទោស​ទៅ​វិញ។ នេះ​ជា​រឿង​មួយ​ហាក់​ដូចជា​អយុត្តិធម៌​ទៅ​លើ​មន្ត្រី​សង្គម​ស៊ីវិល»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រុម​កម្មករ​អូស​រទេះ​ប្រមាណ ១៥០​នាក់ ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មន្ត្រី​គយ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​តម្លៃ​ខ្ពស់​ចំពោះ​លើ​ការ​ដឹក​ទំនិញ​ចេញ​ចូល​តាម​រទេះ​របស់​ពួក​គាត់​បន្ត​ទៀត។ ការ​តវ៉ា​នេះ បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​កម្មករ​អូស​រទេះ និង​កម្លាំង​សមត្ថកិច្ច បណ្ដាល​ឲ្យ​ខូច​រថយន្ត​របស់​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ចំនួន ៧​គ្រឿង ព្រម​ទាំង​កញ្ចក់ របង ទ្វារ​បង្អួច​ស្នាក់ការ​គយ ខូចខាត​មួយ​ចំនួន​ទៀត។

ការ​តវ៉ា​បង្ក​ហិង្សា​ដាក់​គ្នា​នេះ ដោយសារ​ក្រុម​កម្មករ​ឃើញ​សមត្ថកិច្ច​ចាប់​តំណាង​អ្នក​តវ៉ា​ម្នាក់​វាយ​ធ្វើ​ទារុណកម្ម ហើយ​ពួក​គាត់​ខឹង ក៏​ផ្ទុះ​ហិង្សា​ដាក់​គ្នា​តែ​ម្ដង។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​ពុំ​ទាន់​ដោះស្រាយ​បញ្ហា​នេះ​បាន​ចប់​សព្វគ្រប់​នៅ​ឡើយ។ ចំណែក​អ្នក​ជាប់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ កន្លង​ទៅ មាន​ក្រុម​កម្មករ​អូស​រទេះ​ចំនួន ១៥​នាក់ លោក ឌិន ពុទ្ធី និង​លោក ចៅ វាសនា ចៅ​សង្កាត់​រង​ទី​២ សង្កាត់​ប៉ោយប៉ែត មក​ពី​គណបក្ស សម រង្ស៊ី។ ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយប៉ែត ពុំ​មាន​នៅ​ក្នុង​បណ្ដឹង​នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល