CCHR ចេញ​ផ្សាយ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ពី​ការ​សង្កេតការណ៍​សវនាការ

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) បាន​ចេញ​ផ្សាយ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​មួយ ស្ដីពី​ការ​សង្កេតការណ៍​សវនាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​សាធារណជន​អាច​ស្វែង​យល់ ឬ​រក​ព័ត៌មាន​ទាក់ទង​នឹង​ការ​អនុវត្ត​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ នៅ​តាម​តុលាការ​កម្ពុជា។
ដោយ ឡេង ម៉ាលី
2013-09-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​គម្រោង​សង្កេតការណ៍​សវនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៦ កញ្ញា ថា នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​នេះ មាន​ដាក់​របាយការណ៍ និង​ការ​វិភាគ​ផ្នែក​ច្បាប់​ស្ដីពី​ការ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា៖ «ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ហ្នឹង គឺ​យើង​បញ្ចូល​ទិន្នន័យ​តាម​តារាង​សង្កេតការណ៍​របស់​យើង​ទាំងអស់ ទាក់ទង​ទៅ​នឹង​សិទ្ធិ​សំខាន់ៗ​នៃ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​យុត្តិធម៌ គឺ​យើង​ដាក់​ទៅ​មាន​បទ​ចោទ​ពី​បទ​អី​គេ ហើយ​ជន​ជាប់​ចោទ​មាន​ប៉ុន្មាន​នាក់ មាន​មេធាវី​ការពារ​ដែរ​ឬ​អត់ មាន​បិទ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ពី​ការ​ជំនុំ​ជម្រះ​ដែរ​ឬ​អត់ ហើយ​និង​មាន​សិទ្ធិ​សំខាន់ៗ​មួយ​ចំនួន​ទៀត ដែល​យើង​មាន​នៅ​ក្នុង​បញ្ជី​របស់​យើង គឺ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ហ្នឹង​ទាំងអស់ ពីព្រោះ​យើង​ឃើញ​ហើយ​ថា នៅ​ប្រទេស​កម្ពុជា យើង វា​ពិបាក​រក​ទិន្នន័យ​ពាក់ព័ន្ធ​ជាមួយ​តុលាការ​ណាស់ សូម្បី​តែ​សេចក្ដី​សម្រេច ឬ​ក៏​អ្វី​ដែល​អនុវត្ត​នៅ​ក្នុង​តុលាការ​ហ្នឹង គឺ​គេ​មិន​បង្ហាញ​ជា​សាធារណៈ​ទេ។ វា​ហាក់​ដូច​ជា​មាន​ការ​រឹតត្បិត​ក្នុង​ការ​បង្ហាញ​ឯកសារ​ជា​សាធារណៈ ហើយ​បើសិន​ជា​ប្រជាពលរដ្ឋ​គាត់​មិន​បាន​ចូល​រួម​ក្នុង​សវនាការ​ព្រហ្មទណ្ឌ គាត់​ចង់​ដឹង​ថា តើ​នៅ​ក្នុង​តុលាការ​ហ្នឹង គេ​អនុវត្ត​យ៉ាង​ម៉េច មាន​គោរព​សិទ្ធិ​ណា​ខ្លះ ហើយ​សិទ្ធិ​ណា​ខ្លះ​ត្រូវ​បាន​បំពាន​ហ្នឹង គឺ​គាត់​អាច​ចូល​ទៅ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ហ្នឹង គាត់​អាច​មើល​ឃើញ​ថា តើ​មាន​បញ្ហា​អី​ខ្លះ​នៅ​ក្នុង​តុលាការ​ហ្នឹង»

លោក ឌុច ពិសិដ្ឋ បញ្ជាក់​ថា ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ ជា​ការ​បង្ហាញ​ពី​លទ្ធផល​ទិន្នន័យ​ពី​ការ​សង្កេតការណ៍​ទាំងអស់ ដែល​មជ្ឈមណ្ឌល​ប្រមូល​បាន​ពី​សាលា​ដំបូង​រាជធានី-ខេត្ត ចំនួន​៤ គឺ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​រតនគីរី ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០០៩ រហូត​មក​ដល់​ខែ​កញ្ញា ឆ្នាំ​២០១៣។ ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បង្ហាញ​ទិន្នន័យ​បាន​មក​ពី​សវនាការ​សរុប​ចំនួន ២.៥៥៨​សវនាការ។

លោក​បន្ត​ថា នៅ​ក្នុង​ប្រព័ន្ធ​ទិន្នន័យ​នេះ មាន​ដាក់​ទាំង​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន ដែល​បាន​អនុវត្ត ការ​កែប្រែ​ផ្សេងៗ ហើយ​ក៏​ជា​វិធីសាស្ត្រ​បង្ហាញ​ពី​តម្លាភាព​ដល់​ស្ថាប័ន​តុលាការ​ផង និង​សាធារណជន​ផង។

ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ គឺ​មាន​ប្រយោជន៍​ដល់​ស្ថាប័ន​តុលាការ ពីព្រោះ​ត្រង់​ចំណុច​ណា​មិន​ល្អ មជ្ឈមណ្ឌល​តែង​ភ្ជាប់​ដោយ​អនុសាសន៍ សម្រាប់​ការ​កែប្រែ​ឱ្យ​បាន​ល្អ និង​ដើម្បី​ឱ្យ​មាន​ទំនុក​ចិត្ត​ពី​សាធារណជន។ ក្រៅ​ពី​តុលាការ លោក ឌុច ពិសិដ្ឋ ថ្លែង​ថា អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត ក៏​អាច​ផ្អែក​លើ​ទិន្នន័យ​រក​ឃើញ​នេះ សម្រាប់​ការ​តស៊ូ​មតិ ឬ​កែ​ទម្រង់​ប្រព័ន្ធ​ច្បាប់ និង​វិស័យ​តុលាការ​ដែរ។

ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​នេះ អាច​ស្វែង​រក​បាន​នៅ​លើ​គេហទំព័រ​សិទ្ធិ​តាម​រយៈ http//tmp.sithi.org

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល