មន្ត្រី​កង​អង្គរក្ស​នាយក​រដ្ឋមន្ត្រី​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​កាប់​រាន​ព្រៃ​ឈើ​នៅ​រតនគិរី

ដោយ រដ្ឋា វិសាល
2014-04-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

តុលាការ​ខេត្ត​រតនគិរី បាន​ចាប់​ខ្លួន​ជន​ពាក់ព័ន្ធ​កាប់​រាន​ព្រៃ​ឈើ​ក្នុង​តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ​៧​ជាន់ ឬ​ទឹក​ជ្រោះ​អូរសៀនឡែ មួយ​រូប។ ការ​ចាប់​ខ្លួន​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ឃុំ​ខ្លួន​ក្នុង​ករណី​ដូច​គ្នា ទៅ​លើ​ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក គឺ​លោក ម៉ឹង មុន្ឋិន កាល​ពី​សប្ដាហ៍​មុន។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ជន​សង្ស័យ​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​ពី​ករណី​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ តាំង​ពី​ខែ​តុលា ឆ្នាំ​២០១៣។ ជន​ជាប់​ចោទ​មាន​ឈ្មោះ ហិន ស៊ីថា ជា​មន្ត្រី​ក្នុង​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន រស់​នៅ​ឃុំ​កាឡែង ស្រុក​លំផាត់ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មីនា។

ព្រះរាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្រ ឲ្យ​ដឹង​ពី​ការ​ចាប់​ខ្លួន​នេះ​ថា ជន​ជាប់​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ពី​បទ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ ហើយ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត​ក្នុង​រឿង​ក្តី​នេះ។ លោក​បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​ពី​រឿង​ក្តី​នេះ​ទេ៖ «ឆ្លើយ​ថា​បាន​កាប់​ព្រៃ​ហ្នឹង​មែន ដោយ​មាន​ឯកសារ​ភស្តុតាង​បញ្ជាក់​បាន​ច្បាស់​លាស់ អ៊ីចឹង​ចៅក្រម​ស៊ើបសួរ​គាត់​សម្រេច​ឃុំ​ខ្លួន​អ៊ីចឹង​ទៅ»

របាយការណ៍​អង្កេត​របស់​មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ព្រៃ​ឈើ​ប្រមាណ ៥​ហិកតារ នៅ​តំបន់​ទឹក​ជ្រោះ​អូរសៀនឡែ ក្នុង​ស្រុក​លំផាត់ ត្រូវ​បាន​គេ​កាប់​រាន ដើម្បី​យក​ដី​ជា​កម្មសិទ្ធិ។ អ្នក​កាប់​រាន​ព្រៃ​ឈើ​នេះ ពាក់ព័ន្ធ​មន្ត្រី​មូលដ្ឋាន​សហគមន៍​អភិរក្ស​តំបន់​ទេសចរណ៍ និង​មន្ត្រី​អាជ្ញាធរ​នៅ​តំបន់​នោះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក លោក ឆាយ ធី កត់​សម្គាល់​ថា នេះ​គឺ​ជា​យុទ្ធនាការ​ក្តៅ​មួយ​ដែល​មន្ត្រី​ស្ថាប័ន​តុលាការ​អនុវត្ត​វិធាន​ការ​ច្បាប់ ចំពោះ​អ្នក​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ ដែល​កន្លង​ទៅ​នេះ​មាន​បទ​ល្មើស​ព្រៃ​ឈើ​ធំៗ​ជាច្រើន មិន​ត្រូវ​បាន​ស្ថាប័ន​នេះ​អនុវត្ត​វិធាន​ការ​ច្បាប់​នៅ​ឡើយ។ លោក​បន្ត​ថា នេះ​ជា​ករណី​គំរូ និង​ព្រមាន​ដល់​ជន​ពាក់ព័ន្ធ​បទ​ល្មើស​ព្រៃ​ឈើ​ដទៃ​ទៀត ឲ្យ​ចៀសវាង​អំពើ​ខុស​ច្បាប់​នេះ៖ «នេះ​ជា​ចំណាត់​ការ​ល្អ​មួយ​ក្នុង​ការ​កែ​ទម្រង់​កាត់​បន្ថយ​ការ​កាប់​រាន​ព្រៃ​ឈើ​នៅ​តំបន់​ខេត្ត​រតនគិរី។អ៊ីចឹង បើ​សិន​វិធាន​ការ​ចាត់​ការ​យ៉ាង​ក្តៅ​គគុក​លើក​នេះ​ហើយ បើ​ស្ថាប័ន​ជំនាញ​ព្រៃ​ឈើ និង​តុលាការ​ធ្វើ​ជា​បន្ត យើង​អាច​ទប់ស្កាត់​បញ្ហា​កាប់​រាន​ព្រៃ​ឈើ និង​ការ​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព»

មន្ត្រី​អាដហុក ដដែល​ឲ្យ​ដឹង​ថា ការ​ទន្ទ្រាន​កាន់​កាប់​តំបន់​ទេសចរណ៍​នេះ គឺ​ធ្វើ​ឡើង​ជា​ប្រព័ន្ធ។ ដី​ត្រូវ​គេ​បែង​ចែក​រួម​មាន សម្រាប់​រដ្ឋបាល​ស្រុក ១​ហិកតារ សម្រាប់​សង់​វិទ្យាល័យ ១​ហិកតារ ចែក​មន្ទីរ​ភូមិបាល ១​ហិកតារ ចែក​រដ្ឋបាល​ឃុំ ១​ហិកតារ ចែក​គណៈកម្មការ​ការពារ​រមណីយដ្ឋាន ១​ហិកតារ ចែក​សហគមន៍​ភូមិ ១​ហិកតារ និង​លក់​ទៅ​ឈ្មោះ ហិន ស៊ីថា ជា​មន្ត្រី​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ឈ្មោះ ណាត់ ប៊ុនណា មេ​ប៉ុស្តិ៍​អូរសៀនឡែ ៣​ហិកតារ។

តំបន់​រមណីយដ្ឋាន​ទឹក​ជ្រោះ ៧​ជាន់ ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​សុទ្ធសាធ។ កាល​ពី​មុន​ឆ្នាំ​២០១០ ព្រៃ​ឈើ​នៅ​តំបន់​នេះ​រង​ការ​កាប់​រាន​យក​ដី​អស់​ជាច្រើន​រយ​ហិកតារ។ រហូត​បច្ចុប្បន្ន មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​អភិរក្ស​តំបន់​នេះ​លើ​ផ្ទៃ​ដី​ប្រមាណ ៤០០​ហិកតារ និង​បាន​ប្រគល់​តំបន់​នោះ​ជូន​សហគមន៍​ទេសចរណ៍​ជនជាតិ​ដើម​នៅ​តំបន់​នោះ​អភិរក្ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Dr.Key Lem

ពី Psar Oreussey

It is Hun Nal strategy to catch his bodyguard group that corrupt to cut forest to take a lesson for anybody that is ridiculous .It is not real just movie.I don't believe it.How about you believe or not?Hun Nal oey no one believe you just only Chheang Vun and Cheam Yeap believe you not me man.

Apr 02, 2014 12:30 AM

គេហទំព័រ​ទាំងមូល