សកម្មជន​បរិស្ថាន​លោក អាឡិច ស្នើ​សុំ​របប​ក្រុង​ភ្នំពេញ​បើក​ផ្លូវ​ឲ្យ​លោក​វិល​ចូល​កម្ពុជា​វិញ នៅ​ពេល​តុលាការ​ខេត្ត​កោះកុង​បើក​សវនាការ​ជំនុំជម្រះ​ករណី​រូប​លោក

2018-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ហៅ​កាត់​លោក អាឡិច ក្នុង​វីដេអូ​ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ដែល​អង្គការ​លោក​ទើប​នឹង​រក​ឃើញ​ ​ពាក់ព័ន្ធ​នឹង​ការនាំចូល​មាស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ ១ ម៉ឺន ៥ ពាន់​លាន​ដុល្លារ​អាមេរិក ពី​សិង្ហបុរី​ ​ក្នុង​ចន្លោះ​ពី​ឆ្នាំ២០១២ ​ដល់​ឆ្នាំ២០១៨។
Photo Screenshot

សកម្មជន​បរិស្ថាន​ លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) ដែល​ត្រូវ​បាន​របប​ក្រុង​ភ្នំពេញ​បញ្ជូន​ចេញ​ពី​កម្ពុជា កាល​ពី​ឆ្នាំ​២០១៥ ស្នើ​សុំ​របប​លោក ហ៊ុន សែន បើក​ផ្លូវ​ឲ្យ​រូប​លោក​អាច​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ។ ការ​ស្នើ​សុំ​នេះ គឺ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បញ្ជា​ឲ្យ​តុលាការ​ខេត្ត​កោះកុង ​ពិនិត្យមើល​ភាព​អសកម្ម​ក្នុង​សំណុំរឿង​របស់​សកម្មជន​បរិស្ថាន​រូប​នេះ​ឡើង​វិញ បន្ទាប់​ពី​បាន​ជាប់​គាំង ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥​មក។

ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ និង​លោក អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) ប្រាប់​អាស៊ី​សេរី​ថា លោក​នៅ​តែ​រក្សា​ជំហរ​ចង់​វិល​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​ចូល​ត​តាំង​ក្ដី​ដោយ​ផ្ទាល់ ក្នុង​សវនាការ​នៅ​តុលាការ​ខេត្ត​កោះកុង នៅ​ពេល​មានការ​បើក​ជំនុំជម្រះ​ក្ដី។ សកម្មជន​បរិស្ថាន​រូប​នេះ យល់ថា ប្រសិនបើ​តុលាការ​ខេត្ត​កោះកុង ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​លោក ​ដោយ​កំបាំង​មុខ​ នោះ​ជា​ការ​កាត់​ក្ដី​មួយ​ ដែល​មិន​អាច​ទទួល​យក​បាន និង​គ្មាន​ភាព​យុត្តិធម៌​ចំពោះ​រូប​លោក។ លោក​បញ្ជាក់​ថា​ បើ​គ្មាន​វត្ត​មាន​រូប​លោក​ទេ នោះ​វត្តមាន​មេធាវី​ការពារ​ក្ដី​ក៏​មិន​មាន​ដែរ៖ «ខ្ញុំ​មាន​គោល​ជំហរ​ច្បាស់​ថា ខ្ញុំ​ត្រូវ​តែ​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​វិញ ដើម្បី​តតាំង​ជាមួយ​នឹង​តុលាការ ហើយ​ដើម្បី​បន្ត​ការងារ​ជា​អ្នក​ការពារ​បរិស្ថាន ជា​អ្នក​ការពារ​សិទ្ធិមនុស្ស។ ទោះ​បី​ជា តុលាការ​ខេត្ត​កោះកុង​ អាច​ផ្ដន្ទាទោស និង​អាច​បញ្ជូន​ខ្ញុំ​ទៅ​ពន្ធនាគារ​ក៏​ដោយ។ ហ្នឹង​អ្វី​ដែល​ជា​គោលជំហរ​របស់​ខ្ញុំ»

លោក អាឡិច ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​ជន​ជាប់​ចោទ​រួម​គំនិត ជាមួយ​សកម្មជន​បរិស្ថាន ៣​នាក់​ផ្សេង​ទៀត ក្នុង​អំពើ​គំរាមកំហែង​ថា​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ។ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និង​លោក ស៊ីម សំណាង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់​ឃុំ​ខ្លួន និង​ក្រោយ​មក​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ ពី​បទ “គំរាមកំហែង​ថា នឹង​ធ្វើ​ឱ្យ​ខូច​ខាត​ដែល​ភ្ជាប់​នឹង​បញ្ជា​អ្វីមួយ” នៅ​ពេល​ពួក​គេ និង​អ្នក​ភូមិ​ជា​ច្រើន​ទៀត ចុះ​ទប់ស្កាត់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ឯកជន នៅ​ខេត្ត​កោះកុង។

ដំបូង​ឡើយ លោក អាឡិច និង​យុវជន​ទាំង ៣នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំរឿង​តែ​មួយ ប៉ុន្តែ​ក្រោយ​មក​តុលាការ​បាន​បំបែកសំណុំរឿង​នេះ​ជា​ពីរ ដោយ​សំណុំរឿង​ទី​ពីរ​មាន​តែ​លោក អាឡិច ម្នាក់​ប៉ុណ្ណោះ។ មេធាវី​ការពារ​ក្តី​របស់​លោក អាឡិច អះអាង​ថា សំណុំ​រឿង​នេះ បាន​បិទ​ការ​ស៊ើបសួរ និង​បាន​ដល់​ដៃ​ចៅក្រម​ជំនុំជម្រះ អស់​រយៈ​ពេល​ប្រមាណ ៣ឆ្នាំ​ទៅ​ហើយ ក៏​ប៉ុន្តែ​មិន​ទាន់​ឃើញ​ចៅក្រម​កំណត់​ពេល​ជំនុំជម្រះ​នៅ​ឡើយ។

ទក់​ទង​នឹង​ការ​ពន្លឿន​នីតិវិធី​ក្នុង​សំណុំរឿង​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ដោយ​មាន​បញ្ជា​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ អ្នក​នាំ​ពាក្យ​តុលាការ​ខេត្ត​កោះកុង លោក អ៊ុន សុវណ្ណធានី បាន​ឆ្លើយ​នឹង​សំនួរ​របស់​អាស៊ីសេរី​ដោយ​ខ្លី​ថា កំពុង​ជាប់​រវល់។ ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​ពុំ​ទាន់​អាច​បញ្ជាក់​បាន​យ៉ាង​ណា​ទេ​ជុំ​វិញ​ចំណាត់​ការ​លើ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​រូប​នេះ ដោយ​សុំ​ពិនិត្យ​មើល​ព័ត៌មាន​នេះ​ជា​មុន​សិន។

ដើម្បី​អាច​ទៅ​ឈរ​តតាំង​ក្ដី​នៅ​ចំពោះ​មុខ​ចៅក្រម សាលា​ដំបូង​ខេត្ត​កោះកុង​បាន លោក អាឡិច ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​នេះ ត្រូវ​មាន​ភ្លើង​ខៀវ​ពី​របប​ក្រុង​ភ្នំពេញ​ជា​មុន​សិន។ ជាង ៣ឆ្នាំ​មក​នេះ លោក អាឡិច បាន​ព្យាយាម​រក​គ្រប់​មធ្យោបាយ ដើម្បី​អាច​ចូល​ប្រទេស​កម្ពុជា ជា​ទី​ស្រឡាញ់​របស់​គាត់ ប៉ុន្តែ​មិន​បាន​ជោគជ័យ​ទេ។ លោក​ស្នើសុំ​អាជ្ញាធរ​ក្រុង​ភ្នំពេញ ឲ្យ​ដក​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ខ្មៅ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​អាច​វិល​ចូល​កម្ពុជា​ ហើយ​បន្ត​ធ្វើ​ការ​ផ្នែក​ការពារ​បរិស្ថាន​ដូច​ដើម​ឡើង​វិញ៖ «ករណី​របស់​ខ្ញុំ បម្រាម​នៅ​ដដែល​ហ្នឹង។ អ៊ីចឹង​ដរាប​ណា​នៅ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ គេ​មិន​អាច​ផ្ដល់​វីសា ហើយ​ខ្ញុំ​ក៏​មិន​អាច​ចូល​ស្រុក​ខ្មែរ​បាន​ទេ ព្រោះ​អ្នក​ដែល​យាម​ព្រំដែន អ្នក​នៅ​ក្នុង​ព្រះលាន​យន្តហោះ គេ​ធ្វើ​តាម​បទ​បញ្ជា ធ្វើ​តាម​កុំព្យូទ័រ​គេ​តើ គេ​មិន​ធ្វើ​តាម​អំពើ​ចិត្ត​គេ​ណា។ ឈ្មោះ​ខ្ញុំ ហើយ​មុខ​ខ្ញុំ​គេ​ស្គាល់ អ៊ីចឹង​ឲ្យ​តែ​យក​ប៉ាសស្ព័រ​ស្គែន​ក្នុង​កុំព្យូទ័រ​របស់​គេ​វា​លោក សញ្ញា​ក្រហម​ហ្នឹង អត់​ឲ្យ​ចូល​ផង»

សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា​ អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរ​ដក​បម្រាប​ចេញ​ពី​សកម្មជន​បរិស្ថាន​រូប​នេះ ហើយ​បើក​សវនាការ​កាត់​ក្ដី ​ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌៖ «ខាង​រដ្ឋាភិបាល​គួរ​តែ ជា​ជំហាន​ដំបូង​នោះ គឺ​បើក​សិទ្ធិ​ឱ្យ​លោក អាឡិច បាន​ត្រលប់​ចូល​ប្រទេស​កម្ពុជា​វិញ ហើយ​បន្ទាប់​នោះ ធ្វើ​ការ​បន្ត​ជំរុញ​បន្ត​នីតិវិធី ឲ្យ​ខាង​តុលាការ​បើក​សវនាការ​សួរ​ដេញ​ដោល។ ប្រសិន​បើ​រឿង​ទាំង​អស់​នេះ លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ ហើយ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​បន្ទុក​ទេ នោះ​គួរ​តែ​ធ្វើ​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ ដើម្បី​ឲ្យ​លោក​បាន​បន្ត​កិច្ច​ការងារ​របស់​លោក ដើម្បី​ជួយ​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា»

ជុំ​វិញ​ការ​ស្នើ​សុំ​វិល​ចូល​កម្ពុជា​វិញ​ ពី​សកម្មជន​បរិស្ថាន អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​នៅ​ឡើយ​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ តែ​មិន​មាន​អ្នក​ទទួល។

កាល​ពី​ខែ​មេសា​ឆ្នាំ​២០១៦ ​រដ្ឋលេខាធិការ ​ក្រសួង​ការ​បរទេស​នៃ​របប​ក្រុងភ្នំពេញ​ លោក ឡុង វីសាលោ បាន​ចេញ​លិខិត​មួយ​ផ្ញើ​ទៅ​អគ្គនាយកដ្ឋាន​ជន​អន្តោប្រវេសន៍ ដោយ​បញ្ជា​ឲ្យ​គ្រប់​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​តាម​ព្រំដែន​ទាំង​អស់ ហាម​ឃាត់ ជនជាតិ​អេស្ប៉ាញ ឈ្មោះ​ អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) កុំ​ឲ្យ​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​ឲ្យ​សោះ។

ការ​ដាក់​បម្រាម​នៅ​ពេល​នោះ គឺ​បន្ទាប់​ពី​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ទទួល​បាន​ទិដ្ឋាការ​ចូល​កម្ពុជា​ បន្ទាប់ពី​លោក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​​ពី​គេហទំព័រ​ក្រសួង​ការ​បរទេស​កម្ពុជា តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ហៅ​កាត់​ថា ​អ៊ី-វីសា (E-VISA)​។ ប៉ុន្តែ​ទិដ្ឋាការ​នោះ ត្រូវ​បាន​ក្រសួង​ការ​បរទេស​កម្ពុជា​លុប​ចោល​វិញ ដោយ​ឡើង​លើក​ហេតុផល​ថា​ មាន​កំហុស​បច្ចេកទេស។

ឈ្មោះ អាឡិច ហាន់ដ្រូ ហ្កន់ហ្សាឡេស ដេ​វិតសុន (Alejandro Gonzalez Davidson) ជន​ជាតិ​អេស្ប៉ាញ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ក្នុង​ចំណោម​ជន​បរទេស ​ហាម​មិន​ឲ្យ​ចូល​កម្ពុជា​ បន្ទាប់​ពី​លោក​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​ កាល​ពីឆ្នាំ​២០១៥ ទាក់​ទង​នឹង​កិច្ច​ខិត​ខំ​ប្រឺង​ប្រែង​របស់​លោក មិន​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ក្នុង​ខេត្ត​កោះកុង។

អង្គការ​មាតា​ធម្មជាតិ (Mother Nature) របស់​សកម្មជន​បរិស្ថាន​ជនជាតិ​អេស្ប៉ាញ​រូប​នេះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​លុបឈ្មោះ​ចេញពី​បញ្ជី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​រួច​ស្រេច​ទៅ​ហើយ កាល​ពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លង​ទៅ ពោល​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សកម្មជន​ពីរ​នាក់​របស់​អង្គការ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កោះកុង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ដោយ​សារ​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​រឿង​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​លោក លី យ៉ុងផាត់ ដែល​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល