តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​ករណី​មន្ត្រី​សិទ្ធិមនុស្ស​​និង​មន្ត្រី​គ.ជ.ប​​នៅ​ចុង​ខែ​វិច្ឆិកា

ដោយ រ៉ាន់ សំណាង
2016-11-23
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។  RFA/Brach Chev
(ពី​ឆ្វេង) អគ្គលេខាធិការ​រង​គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត លោក នី សុខា អ្នកស្រី លឹម មុន្នី និង​លោក ណៃ វ៉ង់ដា ពេល​បញ្ជូន​មក​​សាលាឧទ្ធរណ៍ នៅ​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Brach Chev
RFA/Brach Chev

តុលាការ​កំពូល​បើ​សវនាការ​ជា​សាធារណៈ​លើ​បណ្ដឹង​សាទុក្ខ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន របស់​ក្រុម​មេធាវី​ការពារ​មន្ត្រី​អាដហុក (ADHOC) និង​មន្ត្រី គ.ជ.ប នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា។ ទាំង​ក្រុម​មេធាវី ទាំង​ជន​ជាប់​ចោទ ស្នើ​សុំ​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ អនុញ្ញាត​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​មាន​ឱកាស​ព្យាបាល​ជំងឺ និង​ជួប​ក្រុម​គ្រួសារ​ឡើង​វិញ។ សាលដីកា​លើ​សំណុំ​រឿង​នេះ តុលាការ​នឹង​ប្រកាស​នៅ​ចុង​ខែ​វិច្ឆិកា។

សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ ខុស​ប្លែក​ពី​សវនាការ​នៅ​សាលាឧទ្ធរណ៍ និង​សាលាដំបូង​នៅ​ពេល​កន្លង​ទៅ​ត្រង់​ថា ចៅក្រម​តុលាការ​កំពូល សម្រេច​ដាក់​សវនាការ​មួយ​នេះ​ជា​សាធារណៈ​វិញ និង​ផ្ដល់​ពេល​វេលា​សមរម្យ​អោយ​ជនជាប់ចោទ​លើក​ពី​ហេតុផល និង​ក្រុម​មេធាវី​លើក​ពី​ផ្លូវ​ច្បាប់​ដើម្បី​ការពារ​កូនក្ដី​របស់​ពួកគេ។ សាច់ញាតិ​ជនជាប់ចោទ​ទាំង​អស់ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​ក្នុង​សវនាការ​សាទរ​ការ​សម្រេច​នេះ។

​ថ្លែង​ចំពោះ​មុខ​ចៅក្រម ៥​រូប ក្នុង​បន្ទប់​សវនាការ​នៃ​តុលាការ​កំពូល អ្នក​ទាំង ៥​រូប មាន​លោក នី ចរិយា លោក នី សុខា លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុន្នី លើក​ឡើង​ពី​មូល​ហេតុ​ដែល​តុលាការ​ជាន់​ទាប​នៅ​តែ​បន្ត​ឃុំ​ខ្លួន​ពួកគេ។

លោក នី សុខា និយាយ​ថា មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ​ស្ដីពី​ការ​បន្ដ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​នោះ មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ។ លោក​យល់​ថា ការ​ឃុំ​ខ្លួន​ពួកគាត់​ជាង​កន្លះ​ឆ្នាំ​មក​នេះ ក្រោម​ហេតុផល​ថា រង់ចាំ​សាកសួរ​សាក្សី​វិល​មក​ពី​ក្រៅ​ប្រទេស​វិញ មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួលយក​បាន​ទេ។ សាក្សី​នៅ​ក្រៅ​ប្រទេស​នេះ ទំនង​ជា​សំដៅ​ដល់​ប្រធាន​សមាគម​អាដហុក លោក ធន សារាយ។ ប៉ុន្តែ​សាក្សី​សំខាន់​ក្នុង​រឿង​នេះ គឺ​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​មាន​រឿង​អាស្រូវ​ស្នេហា​ជាមួយ​លោក កឹម សុខា ខណៈ​មជ្ឈដ្ឋាន​ទូទៅ​យល់​ថា ជា​រឿង​នយោបាយ។

​ក្រៅ​ពី​នេះ អ្នក​ទាំង ៥​រូប ក៏​ថ្លែង​ស្រដៀង​គ្នា​ប្រាប់​តុលាការ ​ពី​ស្ថានភាព​រស់​នៅ​ក្នុង​ពន្ធនាគារ និង​បញ្ហា​ប្រឈម មាន​បញ្ហា​សុខភាព ការ​ចំណាយ​ចាយ​វាយ​ផ្សេងៗ ដែល​ជា​បន្ទុក​ដ៏​ពិបាក​ដល់​ភរិយា និង​កូនៗ​របស់​គាត់។

អ្នក​ជាប់​ចោទ​ទាំង ៥​រូប ស្នើ​ដាក់​លិខិត​ឆ្លង​ដែន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដាក់​ជូន​តុលាការ​ដើម្បី​ជៀសវាង​ការ​សុំ​នៅ​ក្រៅ​ឃុំ​នេះ ថា​ជា​ការ​គេចខ្លួន​ទៅ​ក្រៅ​ប្រទេស ឬ​ចូល​តាម​ការ​កោះ​ហៅ​របស់​តុលាការ។

​នៅ​ពេល​បញ្ចប់​ការ​ជំនុំ​ជម្រះ មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក មាន លោក យី សុខសាន្ត លោក នី សុខា  លោក លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី លើក​ឡើង​ស្រដៀង​គ្នា​ថា នេះ​ជា​រឿង​អយុត្តិធម៌​ដែល​តុលាការ​ចាប់​ខ្លួន​មន្ត្រី​សិទ្ធិមនុស្ស​ដាក់គុក«យើង​មាន​ជំនឿ​បើ​តុលាការ​ឈរ​នៅ​លើ​ជំហរ​ឯករាជ្យ និង​យុត្តិធម៌ យើង​នឹង​បាន​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី​៣០ នៃ​ការ​សម្រេច​ចិត្ត​របស់​តុលាការ»

​ចំណែក​អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា បដិសេធ​អត្ថាធិប្បាយ​រឿង​នេះ«បង​រំពឹង​យ៉ាង​ម៉េច​ដែរ​នៅ​ថ្ងៃ​ទី​៣០? ចាំ​ជួប​ជាមួយ​មេធាវី​ណា​ប្អូន​ណា៎»

ការ​ឈាន​មក​ដល់​ដាក់​បណ្ដឹង​សារទុក្ខ​ដល់​តុលាការ​កំពូល នៅ​ពេល​នេះ បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ សម្រេច​បន្ត​ឃុំ​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប ៦​ខែ​បន្ថែម​ទៀត កាល​ពី​ចុង​ខែ​តុលា ក្រោម​ហេតុផល​ថា សាកសួរ​សាក្សី​បន្ថែម​ទៀត​មិន​ទាន់​ចប់ និង​ការ​ប្រមូល​ភស្តុតាង​នៅ​មាន​ភាព​ស្មុគស្មាញ។

សេចក្ដី​សំអាង​ហេតុ​របស់​តុលាការ​ជាន់​ទាប​មួយ​នេះ លោក​មេធាវី សំ សុគង់ ថា មិន​សម​ហេតុផល​នោះ​ទេ ហើយ​ការ​អនុវត្ត​នោះ ក៏​ប្រាសចាក​ពី​ច្បាប់​ដែល​មាន​ចែង​ដែរ«អ្វី​ដែល​យើង​ឃើញ​ការ​សួរ​ដេញដោល​ជជែក​ក៏ដូចជា​ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន នៅ​ពេល​សវនាការ​នេះ ក្រុម​មេធាវី​យល់​ឃើញ​ថា ការ​ឃុំ​ខ្លួន​របស់​ជន​ជាប់​ចោទ​ទាំង ៥​នាក់ ពុំ​មាន​ភាព​ចាំបាច់​នោះ​ទេ។ ក្រុម​មេធាវី​យល់​ឃើញ​ថា តុលាការ​កំពូល នឹង​ផ្ដល់​នូវ​ភាព​ត្រឹមត្រូវ​មួយ ភាព​យុត្តិធម៌ និង​សម្រេច​ឲ្យ​កូន​ក្ដី​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន»

​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ ទាំង​ក្រុម​មេធាវី​ទាំង​ជន​ជាប់​ចោទ​រំពឹង​ថា តុលាការ​ជាន់​ខ្ពស់​មួយ​នេះ អនុញ្ញាត​ឲ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ ដើម្បី​មាន​ឱកាស​ព្យាបាល​ជំងឺ​ជួប​ក្រុម​គ្រួសារ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម​ទៅ​តាម​ជំនាញ​របស់​ពួកគេ​ធ្លាប់​ធ្វើ​កន្លង​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល