តុលាការ​ឃុំ​ខ្លួន​មនុស្ស​បី​នាក់​ក្នុង​សំណុំ​រឿង​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ព​ពោះ​ជំនួស

ដោយ សុ ជីវី
2016-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
សាលា​ដំបូង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦
RFA/Brach Chev

សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​មនុស្ស​បី​នាក់ ក្នុង​សំណុំ​រឿង​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ព​ពោះ​ជំនួស។ មន្ត្រី​ជំនាញ​ឲ្យ​ដឹង​ថា ក្នុង​សំណុំ​រឿង​នេះ​មាន​ស្ត្រី​ចំនួន ១៨​នាក់​ហើយ​ដែល​កំពុង​មាន​ផ្ទៃពោះ ដោយ​ត្រូវ​គេ​ជួល​ឲ្យ​ព​ពោះ​ឲ្យ​ជន​បរទេស​ភាគច្រើន​ជា​ជនជាតិ​អូស្ត្រាលី។

មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ បញ្ជាក់​ថា អ្នក​ទាំង​៣ ត្រូវ​នាំ​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ចប់​ការ​សាកសួរ និង​ចេញ​ដីកា​ឃុំ​ខ្លួន​ពួក​គេ។

អ្នក​ទាំង​បី​នោះ​រួម​មាន​ឈ្មោះ ថែមមី ដេវីស ឆាលស៍ (Tammy Davis-Charles) ភេទ​ស្រី អាយុ ៤៩​ឆ្នាំ ជនជាតិ​អូស្ត្រាលី និង​ជនជាតិ​ខ្មែរ ២​រូប​មាន​ឈ្មោះ ពេញ រិទ្ធី ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ និង​ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទ​ស្រី អាយុ ៣០​ឆ្នាំ មុខ​របរ​ឆ្មប។ ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ដោយ​ត្រូវ​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​ល្មើស​នឹង​ក្រម​ព្រហ្មទណ្ឌ​ក្នុង​នាម​ជា​អន្តរការី ក្នុង​ការ​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ព​ពោះ​ជំនួស។

នាយក​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស លោក កែវ ធា មាន​ប្រសាសន៍​ថា តាម​ច្បាប់​កម្ពុជា អ្នក​ដែល​ស្វែងរក​ការ​ព​ពោះ​ជំនួស និង​ស្ត្រី​ដែល​យល់ព្រម​ព​ពោះ​ជំនួស មិន​មាន​ទោស​ទណ្ឌ​អ្វី​ឡើយ គឺ​មាន​ទោស​តែ​អ្នក​ដែល​ជា​អន្តរការី៖ «បើ​ខុស​គឺ​ខុស​អ្នក​នៅ​កណ្ដាល គឺ​​អន្តរការី​ដែល​គាត់​បើក​ក្រុមហ៊ុន​រក​ស៊ី​អោយ​មាន​អតិថិជន​មក​រក​គាត់ ហើយ​គាត់​រក​អូស​ទាញ​មនុស្ស​មក ដើម្បី​ពពោះ​អី​ហ្នឹង​គឺ​មាន​ទោស»

ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ ចេញ​ដីកា​ឃុំ​ខ្លួន​អ្នក​ទាំង​បី​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ពី​បទ​ធ្វើ​អន្តរ​ការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ព​ពោះ​តាម​មាត្រា​៣៣២ និង​បទ​សុំ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​តាម​មាត្រា​៦៦២ នៃ​ក្រម​ព្រហ្មទណ្ឌ។

មាត្រា​៣៣២ ចែង​ថា អំពើ​ប្រព្រឹត្ត​នៅ​ក្នុង​គោល​បំណង​ចង់​បាន​កម្រៃ​ធ្វើ​ជា​អន្តរការី​រវាង​បុគ្គល​ម្នាក់ ឬ​ប្ដី​ប្រពន្ធ​ដែល​ចង់​សុំ​កូន​យក​មក​ចិញ្ចឹម និង​ស្ត្រី​ម្នាក់​យល់ព្រម​ព​ពោះ​ដើម្បី​នឹង​ប្រគល់​កូន​នោះ​ទៅ​ឲ្យ​អ្នក​សុំ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ៦​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ដល់ ១​លាន​រៀល។

អ្នកស្រី ថែមមី ដេវីស ឆាលស៍ ជា​ស្ថាបនិក​ក្រុមហ៊ុន​ឈ្មោះ ហ្វើធីលីធី សូលូសិន ភីជីឌី (Fertility Solution PDG)។ ក្រុមហ៊ុន​នេះ​បាន​ចូល​មក​កម្ពុជា ជាង​មួយ​ឆ្នាំ ក្រោយ​មាន​ការ​ហាមឃាត់​ការ​ជួល​ព​ពោះ​ជំនួស​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នេប៉ាល់ និង​ថៃ។ អាជ្ញាធរ​កម្ពុជា បាន​ចាប់​ផ្ដើម​ស៊ើប​អង្កេត​រយៈពេល​ជាច្រើន​ខែ​មក​ហើយ មុន​នឹង​សម្រេច​ចាប់​ខ្លួន​អ្នក​ទាំង​៣។ របាយការណ៍​ពី​អាជ្ញាធរ​បញ្ជាក់​ថា មិន​តិច​ជាង ៥០​ករណី​ទេ​ដែល​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​សេវា។ ក្រុមហ៊ុន​នេះ​បាន​យក​សេវា​ពី​ក្រុម​គ្រួសារ​ដែល​ចង់​បាន​កូន​ចំនួន ៥​ម៉ឺន​ដុល្លារ ហើយ​គេ​ផ្ដល់​ទៅ​ឲ្យ​ស្ត្រី​ខ្មែរ​ចាប់​ពី​រាប់​ពាន់​ដុល្លារ​ដល់​ជាង​មួយ​ម៉ឺន​ដុល្លារ។ ពួក​គេ​បើក​ប្រាក់​ខែ​ដល់​ស្ត្រី​ដែល​ស្ម័គ្រ​ចិត្ត​ជា​រៀង​រាល់​ខែ។

លោក កែវ ធា បញ្ជាក់​ថា មាន​ស្ត្រី​ខ្មែរ​ចំនួន ១៨​នាក់​កំពុង​មាន​ផ្ទៃពោះ​នៅ​ក្នុង​គម្រោង​ជួល​ឲ្យ​ព​ពោះ​របស់​ក្រុមហ៊ុន​នេះ៖ «ដែល​តាម​ចម្លើយ​របស់​គាត់​ហ្នឹង គឺ​ទាក់ទង​សំណុំ​រឿង​គាត់​នៅ​សល់​ស្រ្តី​ចំនួន ១៨​នាក់​ទៀត​ដែល​មាន​កូន​តែ​​មិន​ទាន់​កើត។ (សំណួរ៖ តើ​អាច​រក​គាត់​បាន​ទេ ឬ​ក៏​គាត់​រត់​គេច?) គាត់​អត់​មាន​ទោស​អី​ទេ ពេល​នេះ​យើង​កំពុង​​រៀបចំ​ដើម្បី​ជួយ​ដល់​គាត់»

លោក កែវ ធា ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​អង្គការ​សង្គម​ស៊ីវិល រួម​នឹង​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​ជំនួយ​នានា​ដែល​អាច​ផ្ដល់​ឲ្យ​ក្រុម​ស្ត្រី​ដែល​កំពុង​ព​ពោះ។

ទាក់ទិន​ការ​ព​ពោះ​ជំនួស​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ធ្លាប់​លើក​ឡើង​ជាមួយ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ថា អាច​នឹង​ពិចារណា​ចំពោះ​ច្បាប់​ទាក់ទង​នឹង​ការ​ព​ពោះ​ជំនួស និង​ដើម្បី​ទប់ស្កាត់​អំពើ​ជួញ​ដូរ​មនុស្ស។

សារព័ត៌មាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី​ជនជាតិ​អូស្ត្រាលី ដែល​អាជ្ញាធរ​ចាប់​ខ្លួន។ ស្រប​គ្នា​នេះ ក៏​មាន​អ្នក​អំពាវនាវ​សុំ​ឲ្យ​វិស័យ​ព​ពោះ​ជំនួស​នេះ​ក្លាយ​ជា​ស្រប​ច្បាប់។ បើ​ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ធ្លាប់​ត្រូវ​សារព័ត៌មាន​ស្រង់​ប្រសាសន៍​មក​ផ្សព្វផ្សាយ​ថា ក្រសួង​ហាមប្រាម​ចំពោះ​ការ​ព​ពោះ​ជំនួស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល