តុលាការ​កោះហៅ​​តំណាង​អ្នក​ភូមិ​២​នាក់​ឲ្យ​ចូល​បំភ្លឺ​រឿង​កាប់​ឈើ

សាលាដំបូង​ខេត្ត​ស្វាយរៀង ចេញ​ដីកា​កោះ​ហៅ​តំណាង​សហគមន៍​ដីធ្លី​ចំនួន ២​នាក់ ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​ចូល​បំភ្លឺ​នៅ​តុលាការ​នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​កុម្ភៈ។
ដោយ ទេព សុរ៉ាវី
2013-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

អ្នក​ភូមិ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​កាប់​បំផ្លាញ​ដើម​ឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ត្រូវ​តំណាង​សហគមន៍​នោះ បដិសេធ និង​ស្នើ​សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់។

អ្នក​ភូមិ​ជាង ២០០​នាក់ មក​ពី​សហគមន៍​ដីធ្លី​ចំនួន ៧ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង គ្រោង​ធ្វើ​ដំណើរ​មក​តុលាការ​ខេត្ត នៅ​ថ្ងៃ​អង្គារ ទី​២៦ ខែ​កុម្ភៈ ដើម្បី​គាំទ្រ​តំណាង​សហគមន៍​ដីធ្លី អណ្ដូង​ត្របែក​ចំនួន ២​នាក់ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​សាកសួរ​ជុំវិញ​បទ​ចោទ​ប្រកាន់​ពី​ការ​កាប់​បំផ្លាញ​ដើម​ឈើ ដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ។

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក សួន សំណាង បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​សហគមន៍​ចំនួន ២​នាក់ កាល​ពី​សប្ដាហ៍​មុន រួម​មាន​លោក សួន សីហា អាយុ ២៨​ឆ្នាំ ជា​ប្រធាន​សហគមន៍​ដីធ្លី​អណ្ដូង ត្របែក និង​ម្នាក់​ទៀត​ជា​សមាជិក​ឈ្មោះ សួន ហុងលី អាយុ ៤១​ឆ្នាំ ជា​សមាជិក​សហគមន៍​នេះ ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​លើក​ដំបូង​នៅ​តុលាការ នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

ប្រធាន​សហគមន៍​ដីធ្លី​អណ្ដូង​ត្របែក លោក សួន សីហា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ថា លោក​និង​សមាជិក​សហគមន៍​ម្នាក់​ទៀត ដែល​ត្រូវ​ជា​បង​ប្រុង​បង្កើត​មិន​បាន​ដឹង​ថា មូលហេតុ​ដែល​មាន​បទ​ចោទ​ប្រឆាំង​ពួក​គាត់​ទាំង ២​នាក់​នោះ​ទេ។ តែ​កន្លង​មក​ពួក​គាត់​បាន​ដើរ​តួនាទី​សំខាន់​ដឹកនាំ​ក្រុម​សហគមន៍ តវ៉ា​ជាមួយ​ក្រុម​ឈ្មួញ​ឯកជន ដែល​មាន​បំណង​ចង់​ទិញ​ឈូស​ឆាយ​ដី​សហគមន៍។

លោក សួន សីហា៖ «គោលជំហរ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​អត់​មាន​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន ព្រោះ​ខ្ញុំ​បាន​បូជា​ជីវិត​សម្រាប់​ប្រទេស​ជាតិ សម្រាប់​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​ដែល​រង​គ្រោះ​បញ្ហា​ផ្សេងៗ ខ្ញុំ​ត្រូវ​តែ​ការពារ​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ»

ប្រភព​ពី​ប្រធាន​សហគមន៍​បាន​ឲ្យ​ដឹង​ថា ដី​សហគមន៍​អណ្ដូង​ត្របែក ចំនួន​ជាង ៣០០​ហិកតារ ត្រូវ​បាន​ក្រុម​ឈ្មួញ​រំលោភ​បំពាន និង​ចង់​ទិញ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។ ដោយ​ឡែក​ដី​ស្រែ​ទំហំ​ជាង ៧១​ហិកតារ​ផ្សេង​ទៀត ដែល​គ្រប់គ្រង​ដោយ​អ្នក​ភូមិ​ចំនួន ៨៦​គ្រួសារ ត្រូវ​បាន​ក្រុម​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​យក​ទីតាំង​ដាំ​កូន​ដើម​អាកាស្យា។ បើ​ទោះ​ជា​ដី​ស្រែ និង​ដី​សហគមន៍​របស់​អ្នក​ភូមិ ត្រូវ​បាន​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន សម្រេច​ឲ្យ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​អ្នក​ភូមិ​ក្នុង​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១១ តាម​សំណើ​សុំ​របស់​អ្នក​ភូមិ​ក៏ដោយ។

ទាក់ទិន​នឹង​បញ្ហា​នេះ អ្នក​សម្របសម្រួល​លេខាធិការដ្ឋាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា (Coalition of Cambodian Farmer Community) លោក ថេង សាវឿន យល់​ឃើញ​ថា ការ​កោះ​ហៅ​របស់​តុលាការ​ខេត្ត​ស្វាយរៀង ជា​យន្តការ​មួយ​ដែល​ដើម​បណ្ដឹង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​បំភិតបំភ័យ​តំណាង​សហគមន៍​ឲ្យ​បាក់​ស្បាត មិន​ឲ្យ​ងើប​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី។

លោក​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ថា ដើម​បណ្ដឹង​ក្នុង​ករណី​នេះ​ជា​នរណា​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​មាន​ដើម​ចម​មួយ​ដែល​គេ​សង្ស័យ​ថា បណ្ដឹង​នេះ​អាច​កើត​ឡើង​ដោយសារ​តែ​អ្នក​ភូមិ​មិន​ព្រម​លក់​ដី​សហគមន៍​ទៅ​ឲ្យ​ក្រុម​ឈ្មួញ។

លោក ថេង សាវឿន៖ «គាត់​មិន​មែន​ចូល​ទៅ​កាប់​ឆ្ការ​ព្រៃ​ឈើ​ដែល​ជា​របស់​រដ្ឋបាល​ព្រៃឈើ​នោះ​ទេ ហើយ​យើង​សង្កេត​ឃើញ​ទៅ​អ្វី​ដែល​សកម្មជន​បាន​ធ្វើ​នេះ គេ​ធ្វើ​ក្នុង​ន័យ​ប្រយោជន៍​រួម»

ប្រសិន​បើ​តុលាការ​រក​ឃើញ​ពិរុទ្ធភាព ថា​តំណាង​អ្នក​សហគមន៍​អណ្ដូង​ត្របែក ពិត​ជា​បាន​ប្រព្រឹត្ត​បទ​ចោទ​កាប់​បំផ្លាញ​ដើម​ឈើ​មែន​នោះ ពួក​គាត់​អាច​ជាប់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ តាម​មាត្រា ៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ។

ប្រធាន​សហគមន៍​ដីធ្លី​អណ្ដូង​ត្របែក លោក សួន សីហា ធ្លាប់​ត្រូវ​បាន​ឃាតក​ព្យាយាម​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៨ នៅ​រាជធានី​ភ្នំពេញ នៅ​គ្រា​ដែល​ប្រធាន​សហគមន៍​រូប​នេះ បាន​យក​លិខិត​ស្នើ​សុំ​ទៅ​រដ្ឋ​សភា រក្សា​ដី​សហគមន៍​អណ្ដូងត្របែក ឲ្យ​ឋិត​ក្រោម​សហគមន៍​គ្រប់គ្រង។ ទន្ទឹម​នឹង​ក្រុម​ឈ្មួញ​ឯកជន​ព្យាយាម​រំអុក​ទិញ​ដី​សហគមន៍​នោះ ប៉ុន្តែ​ត្រូវ​អ្នក​ភូមិ​បដិសេធ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

កូនខែ្មរ

ហ៊ុនអើយតើអ្នកឃើញទេ រាល់ពេលដែលតំណាងប្រជាពលរដ្ឋ
ណាហ៊ានការពារផលប្រយោជន៍ជាតិ តែងតែជនបំផ្លាញ
ជាតិតែងរកកល្បិចគ្រប់មធ្យោបាយកំចាត់ចោល នេះឬជា
នយោបាយឈ្នះៗរបស់អ្នកនោះ

Feb 25, 2013 03:39 AM

គេហទំព័រ​ទាំងមូល