សាលាដំបូង​ខេត្ត​កំពត​កោះ​ហៅ​សមាជិក​ការពារ​ព្រៃ​សហគមន៍​ភ្នំ​ត្នោត​២​នាក់

ដោយ អាស៊ីសេរី
2017-11-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​គ្រឿងចក្រ​ធ្វើ​ផ្លូវ​កាត់​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧។
សកម្មភាព​គ្រឿងចក្រ​ធ្វើ​ផ្លូវ​កាត់​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា បាន​ចេញ​ដីកា ២​ផ្សេង​គ្នា​​កោះ​ហៅ​សមាជិក​សហគមន៍​ការពារ​ព្រៃ​នៅ​សហគមន៍​ភ្នំ​ត្នោត ២​នាក់ ដើម្បី​ចូល​បំភ្លឺ​តាម​បណ្ដឹង​របស់​ឈ្មោះ គាវ ហាក់ឡុង ដែល​អ្នក​ភូមិ​សង្ស័យ​ថា ជា​ឈ្មួញ​លួច​កាប់​ព្រៃឈើ​សហគមន៍។

​អ្នក​ភូមិ​ដែល​រង​ការ​ចោទ​ប្រកាន់​ទាំង ២​នាក់​នោះ ម្នាក់​ឈ្មោះ ង៉ែត សុំ និង​ឈ្មោះ យន្ដ យ័ន្ដ។ អ្នក​ទាំង​ពីរ​អះអាង​ថា ពួកគេ​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​នោះ​ទេ។

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពត ឈ្មោះ ខៃ សម្ផស្ស បាន​ចេញ​ដីកា​កោះហៅ​អ្នក​ទាំង​ពីរ​ក្នុង​នាម​ជា​ជន​សង្ស័យ​ដែល​បាន​រារាំង និង​ញុះញង់​បំផុស​បំផុល​មិន​ឲ្យ​ធ្វើ​ផ្លូវ។

​ពលរដ្ឋ​សមាជិក​សហគមន៍​ការពារ​ព្រៃ​នៅ​សហគមន៍​ភ្នំ​ត្នោត លោក ង៉ែត សុំ ដែល​រង​ការ​ចោទ​ថា បាន​រារាំង និង​ញុះញង់​បំផុស​បំផុល​មិន​ឲ្យ​ធ្វើ​ផ្លូវ ចាត់​ទុក​ដីកា​របស់​តំណាង​អយ្យកា​រលើ​រូប​លោក​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ក្នុង​សហគមន៍​ដែល​បាន​រារាំង​មិន​ឲ្យ​ឈ្មួញ​ធ្វើ​ផ្លូវ​កាត់​ក្នុង​ដី​ព្រៃ​សហគមន៍ ដោយ​បារម្ភ​ពី​ការ​បាត់​បង់​ដី និង​ព្រៃ​ឈើ៖ «»។

​​ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ភ្នំ​ត្នោត​អះអាង​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៤ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ខែ​តុលា ពួកគេ​រក​ឃើញ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ក្នុង​បរិវេណ​ដែល​ត្រូវ​អភិរក្ស។ ខាង​ភាគី​គ្រឿងចក្រ​ធ្លាប់​អះអាង​ប្រាប់​ពលរដ្ឋ​ក្នុង​សហគមន៍​ថា ការ​ឈូស​ឆាយ​ដី​ដើម្បី​ធ្វើ​ផ្លូវ​ចូល​ក្នុង​សហគមន៍ ប៉ុន្តែ​អ្នក​ភូមិ​នៅ​មិន​ទាន់​ជឿ​នោះ​ទេ ដោយ​បារម្ភ​ក្រោយ​ពី​ធ្វើ​ផ្លូវ​រួច ឈ្មួញ​នឹង​ប្រើប្រាស់​ផ្លូវ​នេះ​ដើម្បី​ដឹក​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍។

​សមាជិក​ការពារ​ព្រៃ​សហគមន៍​ភ្នំ​ត្នោត​អះអាង​ថា សហគមន៍​នេះ​រដ្ឋ​បាន​ចេញ​អនុក្រឹត្យ​ប្រគល់​ឲ្យ​ពួកគេ​ការពារ​ត្រឹមត្រូវ។ ប្រសិនបើ​រដ្ឋ​មាន​បំណង​យក​វិញ ក្រុម​ពលរដ្ឋ​ក្នុង​សហគមន៍​នឹង​មិន​ជំទាស់​ទេ ប៉ុន្តែ​បើ​ដី និង​ព្រៃ​ក្នុង​សហគមន៍​ត្រូវ​បាន​ឈ្មួញ​ទន្ទ្រាន ពួកគេ​មិន​សុខចិត្ត​ជា​ដាច់​ខាត។ ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ភ្នំ​ត្នោត បាន​ចោទ​ឈ្មួញ​ឈ្មោះ គាវ ហាក់ឡុង ថា តែង​មាន​ចេតនា​រំលោភ​យក​ដី និង​ព្រៃ​សហគមន៍។

​ពលរដ្ឋ​រង​ពាក្យ​បណ្ដឹង​ពី​ឈ្មោះ គាវ ហាក់ឡុង ម្នាក់​ទៀត គឺ​លោក យន្ដ យ័ន បារម្ភ​ពី​ពាក្យ​បណ្ដឹង​ប្រឆាំង​រូប​លោក ខណៈ​ដែល​ផ្លូវ​ដែល​ឈ្មួញ​សុខ​ចិត្ត​ចំណាយ​លុយ​ធ្វើ​ក្រោម​ហេតុផល​បម្រើ​ផល​ប្រយោជន៍​សហគមន៍​នោះ គឺ​ធ្វើ​ជិត​រួច​រាល់​ហើយ។ លោក យន្ដ យ័ន អះអាង​ថា ប្រសិនបើ​ផ្លូវ​ដែល​ឈ្មួញ​មាន​បំណង​ធ្វើ​ឲ្យ​សហគមន៍​មែន គួរ​ធ្វើ​តាម​ព្រំ​សហគមន៍ ដោយ​មិន​គួរ​ធ្វើ​កាត់​ក្នុង​ព្រៃ​សហគមន៍​នោះ​ទេ៖ «»។

​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត មាន​ទំហំ ៤៥៨​ហិកតារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត។ ព្រៃ​នេះ​ជា​ប្រភេទ​ព្រៃស្រោង ដែល​ពលរដ្ឋ​បី​ភូមិ គឺ​ភូមិ​ទួល ភូមិ​ត្រពាំងគុយ និង​ភូមិ​ត្រពាំងគគីរ នៃ​ឃុំ​ល្បើក ស្រុក​ឈូក អាស្រ័យ​ផល​ដោយ​ការ​រក​ដំឡូង ជីក​ត្រពាំង និង​ឃ្វាលគោ។ ពលរដ្ឋ​អះអាង​ថា ប្រសិនបើ​ព្រៃឈើ​ក្នុង​សហគមន៍​ត្រូវ​បាន​បាត់បង់ ពួកគាត់​មិន​អាច​អាស្រ័យ​ផល​បាន​ទេ និង​ឈាន​ទៅ​ដល់​ការ​បាត់បង់​ព្រៃ​ដូនតា​ក្នុង​សហគមន៍។

​កាល​ពី​ថ្ងៃ​ទី​៤ ខែ​តុលា វេលា​ម៉ោង​១០​ព្រឹក ក្រុមប្រឹក្សា​ឃុំ​ល្បើក លោក ទេព វ៉ាន បាន​ទទួល​បញ្ជា​ពី​អភិបាល​ស្រុក​ឈូក លោក ខៀវ រិទ្ធិភ័ណ្ឌ ចុះ​ឃាត់​គ្រឿងចក្រ​ដើម្បី​ឲ្យ​ផ្អាក​សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ តែ​មិន​បាន​សម្រេច​ទេ​ដោយសារ​កម្មករ​បើក​គ្រឿងចក្រ​ស្នើ​សុំ​រង់ចាំ​ការ​អនុញ្ញាត​ពី​អ្នក​បើក​លុយ​ឲ្យ​គឺ​លោក គាវ ហាក់ឡុង ជាមុន​សិន។

​ឈ្មួញ​ដែល​ពលរដ្ឋ​សង្ស័យ​ថា ឈូស​ឆាយ​ដី​ដើម្បី​ដឹក​ឈើ​ចេញ​ពី​សហគមន៍​ឈ្មោះ គាវ ហាក់ឡុង។ក្រោយ​មាន​ភាព​ចម្រូងចម្រាស​ចំពោះ​ការ​ធ្វើ​ផ្លូវ​កាត់​ព្រៃ​សហគមន៍​នេះ លោក គាវ ហាក់ឡុង បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខែត្រ​កំពត ដើម្បី​កោះ​ហៅ​សមាជិក​សហគមន៍​ការពារ​ព្រៃ​នៅ​សហគមន៍​ភ្នំ​ត្នោត ២​នាក់ ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ក្រោម​បទ​រារាំង និង​ញុះញង់​មិន​ឲ្យ​ធ្វើ​ផ្លូវ។ ពលរដ្ឋ​អះអាង​ថា គ្មាន​នរណា​មិន​ចង់​បាន​ផ្លូវ​ធ្វើ​ដំណើរ​ទេ ប៉ុន្តែ​ប្រសិនបើ​ផ្លូវ​នេះ​បម្រើ​ផលប្រយោជន៍​ឲ្យ​ឈ្មួញ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ពួកគេ​នឹង​មិន​ទទួល​យក​ផ្លូវ​នោះ​ជា​ដាច់​ខាត។

​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក គាវ ហាក់ឡុង ដើម​បណ្ដឹង​ប្ដឹង​អ្នក​ភូមិ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា។ ប៉ុន្តែ​កន្លង​មក​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​បាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​នោះ​ទេ។ លោក​ធ្លាប់​អះអាង​ថា បាន​ទិញ​ដី​នៅ​តំបន់​នោះ​ចំនួន ២៣៩​ហិកតារ ពី​ប្រជាពលរដ្ឋ ៦០​គ្រួសារ​នៅ​ឆ្នាំ​២០០៨ ដោយ​មាន​សំអាង​ផ្លូវ​ច្បាប់​ច្បាស់​លាស់។

​កន្លង​មក​អ្នក​ភូមិ​ក្នុង​សហគមន៍​ចំនួន ៨​នាក់ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ម្នាក់ បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង​លោក គាវ ហាក់ឡុង ពី​បទ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​​ត្នោត នៅ​ស្រុក​ឈូក ខេត្ត​កំពត ដោយ​ខុស​ច្បាប់។ លោក គាវ ហាក់ឡុង ធ្លាប់​បញ្ជាក់​ឲ្យ​អាស៊ីសេរី ដឹង​ថា លោក​នឹង​មិន​លើកលែង​ដល់​អ្នក​ដែល​ប្ដឹង​លោក​នោះ​ទេ គឺ​នឹង​ប្ដឹង​បក​វិញ​តាម​ផ្លូវ​តុលាការ។

​មន្ត្រី​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍  ហៅ​ដីកា​របស់​អយ្យការ​អម​សាលាដំបូង​ខែត្រ​កំពត ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​អ្នក​ការពារ​ព្រៃឈើ។ លោក ប៉ែន ប៉ុណ្ណារ៍ អះអាង​ថា លោក​នឹង​ចេញ​មុខ​ដាក់​ពាក្យ​ប្ដឹង​បរិហារ​ទៅ​សាលាដំបូង​ខេត្ត​កំពត ករណី​ឈ្មោះ គាវ ហាក់ឡុង ធ្វើ​ផ្លូវ​កាត់​ព្រៃ​រំលោភ​លើ​ដី និង​ព្រៃ​សហគមន៍​ភ្នំ​ត្នោត នៅ​ស្រុក​ឈូក ខេត្ត​កំពត នេះ៖ «»។

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាត្រា ៣៩ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ប្ដឹង​បរិហារ​ប្ដឹង​តវ៉ា ឬ​ប្ដឹង​ទារ​សំណង​ជួសជុល​ការ​ខូចខាត​ដែល​បណ្ដាល​មក​ពី​អំពើ​ខុស​ច្បាប់​របស់​អង្គការ​រដ្ឋ របស់​អង្គការ​សង្គម និង​របស់​បុគ្គលិក​នៃ​អង្គការ​ទាំង​នោះ។ ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា និង​សំណង​ជួសជុល​ការ​ខូចខាត​ជា​សមត្ថកិច្ច​របស់​តុលាការ។

​តាម​រយៈ​មាត្រា​នេះ លោក ប៉ែន ប៉ុណ្ណារ៍ អះអាង​ថា លោក​បាន​ចេញ​មុខ​ដាក់​ពាក្យ​ប្ដឹង​បរិហារ​ចំពោះ​ការ​រំលោភ​ដី និង​ព្រៃ​របស់​រដ្ឋ​ចំនួន ១១ ពាក្យ​បណ្ដឹង​មក​ហើយ​ទូទាំង​ប្រទេស។ លោក ប៉ែន ប៉ុណ្ណារ៍ ព្រមាន​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ផ្សេង​ទៀត​ដើម្បី​ប្ដឹង​ករណី​រំលោភ​យក​ដី​សហគមន៍​របស់​ឈ្មួញ និង​អ្នក​មាន​អំណាច​នៅ​តំបន់​ជម្លោះ​ដីធ្លី ខេត្ត​កំពត មួយ​ទៀត គឺ​នៅ​ចំណុច​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល