អ្នក​ភូមិ​២​នាក់​ត្រូវ​ឃុំ​ខ្លួន​ពី​បទ​កាប់​រាន​យក​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​បូក​គោ

សាលាដំបូង​ខេត្ត​កំពត សម្រេច​ឃុំ​ខ្លួន​មនុស្ស ២នាក់ ចោទ​ពី​បទ​ការ​រុករាន​យក​ដី​នៅ​តំបន់​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ ពលរដ្ឋ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​បាន​ស្នើ​ឲ្យ​តុលាការ​ដោះលែង​អ្នក​ភូមិ​ទាំង​ពីរ​នាក់​វិញ។
ដោយ យាង សុជាមេត្តា
2013-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព


ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ប៉ិល ថា បាន​ឲ្យ​ដឹង​ថា ស្វាមី​របស់​អ្នកស្រី ឈ្មោះ ស្វាយ ជន់ អាយុ ៦៨​ឆ្នាំ និង​អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ចាន់ ធី អាយុ ៧២​ឆ្នាំ ត្រូវ​បាន​មន្ត្រី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០១៣ ប្រគល់​ទៅ​ឲ្យ​សាលាដំបូង​ខេត្ត​កំពត ហើយ​សាលា​ដំបូង​ខេត្ត​កំពត ក៏​បាន​ឃុំ​ខ្លួន​ពួកគាត់​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៣។

អ្នកស្រី​ ប៉ិល ថា និយាយ​ថា នៅ​ថ្ងៃ​ចាប់​ខ្លួន​នោះ អ្នកស្រី​បាន​ឲ្យ​ប្តី​ទៅ​យក​កន្ទេល​បែន​ស្រូវ​ដែល​អ្នកស្រី​ទុក​នៅ​ចម្ការ។ នៅ​ពេល​យក​កន្ទេល​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់តែ​បាន​ជួប​មន្ត្រី​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ ហើយ​ពួកគេ​ក៏​បាន​ឲ្យ​ប្ដី​អ្នកស្រី និង​អ្នក​ភូមិ​ពីរ​នាក់​ផ្សេង​ទៀត​ដែល​មក​ជាមួយ​ឈប់ ហើយ​ប្រាប់​ថា ឲ្យ​ទៅ​កត់​ឈ្មោះ​ដើម្បី​ឲ្យ​គេ​ចុះ​មក​វាស់​ដី​ជូន។

អ្នកស្រី​បន្ត​ថា ក្នុង​ពេល​ចាប់​ខ្លួន​នោះ មាន​អ្នក​ភូមិ​ម្នាក់​បាន​គេច​ខ្លួន​រួច ដោយ​គាត់​បាន​ហក់​ចុះ​ពី​លើ​ឡាន៖ «ប្តី​ខ្ញុំ​គាត់​អត់​ដឹង គេ​ហៅ​ទៅ ក៏​គាត់​ទៅ គេ​ថា នៅ​ចម្ការ​ហ្នឹង​ធ្វើ​អត់​កើត​ទេ ទាល់តែ​ទៅ​កន្លែង​ប៉ុស្តិ៍។ ដល់​ទៅ​កន្លែង​ប៉ុស្តិ៍ ទៅ​មកៗ ស្រាប់​ហៅ​គាត់​ថា ទៅ​សាលា​ឃុំ គាត់​ក៏​ឡើង​មក​សាលា​ឃុំ ក៏​គាត់​ឡើង​ឡាន​មក ដល់​ហើយ​គេ​ក៏​អត់​មាន​ចូល​សាលា​ឃុំ​ដែរ គេ​ក៏​ដឹក​គាត់​មក​កន្លែង​ខេត្ត​ហ្នឹង។ ចម្ការ​នោះ​ខ្ញុំ​ធ្វើ​តាំង​ពី​ឆ្នាំ​១៩៩០ នោះ ប៉ុន្តែ​មួយ​រយៈ​ហ្នឹង​មក​គេ​អត់​ឲ្យ​ខ្ញុំ​កាប់ ដោយសារ​សហគមន៍​គេ​បង្កើត​ឧទ្យានជាតិ គេ​អត់​ឲ្យ​ខ្ញុំ​ធ្វើ ក្រោយ​មក​ខ្ញុំ​ឮ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់​ថា ចែក​ដី ខ្ញុំ​ក៏​ទៅ​កាប់​ចម្ការ​ហ្នឹង ខ្ញុំ​ទៅ​ដាំ​ស្រូវ ខ្ញុំ​ទៅ​ច្រូត​ស្រូវ ឥឡូវ​ស្រូវ​នៅ​ក្នុង​ចម្ការ​ហ្នឹង​ក៏​មាន​ដែរ នៅ​ខ្ចី​អត់​ទាន់​ទុំ​អស់​ផង»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​នាយក​ឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ លោក យ៉ង ភិរម្យ ដើម្បី​ពន្យល់​ពី​ហេតុផល​នៃ​ការ​ចាប់​ខ្លួន​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា។

ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​កំពត លោក ជុំ សាបាន បាន​និយាយ​ថា ពលរដ្ឋ​ទាំង​ពីរ​នាក់​ដែល​ចាប់​ខ្លួន នឹង​ត្រូវ​ចោទ​ពី​បទ​ទន្ទ្រាន​ដី​ព្រៃ​ឧទ្យាន​ជាតិ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ លោក​មិន​អត្ថាធិប្បាយ​ឲ្យ​បាន​ក្បោះក្បាយ​ឡើយ​ចំពោះ​ករណី​នេះ ប៉ុន្តែ​គ្រាន់​តែ​លើក​ឡើង​ថា ពលរដ្ឋ​ទាំង​នោះ​ទើប​ចូល​កាប់​រាន​យក​ដី​នៅ​ពេល​ថ្មីៗ​នេះ​ទេ៖ «គេ​ចេះ​តែ​ថា​ទៅ ដី​ព្រៃ​កាប់​ទន្ទ្រាន គេ​អនុវត្ត​គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​បែង​ចែក​ហើយ អា​នេះ ពួក​នេះ​ទើប​តែ​ទៅ​កាប់​ទន្ទ្រាន​ថ្មី​ទៀត»

ដោយ​មិន​សុខ​ចិត្ត​ចំពោះ​ការ​ឃុំ​ខ្លួន​អ្នក​ភូមិ​ទាំង​ពីរ ប្រជាពលរដ្ឋ​ប្រមាណ ៦០​នាក់ បាន​ទៅ​ប្រមូល​ផ្តុំ​​គ្នា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៦ តុលា ដើម្បី​ទាមទារ​ឲ្យ​សាលាដំបូង​ដោះលែង​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នោះ។ ប៉ុន្តែ​ការ​ទាមទារ​របស់​ពួក​គេ​មិន​ទទួល​បាន​ជោគ ជ័យ​ឡើយ។

មេធាវី​មក​ពី​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពត អ្នកស្រី ទ្រី ឈូន ដែល​ត្រូវ​ប្រគល់​តួនាទី​ឲ្យ​ការពារ​ក្តី​ចំពោះ​អ្នក​ភូមិ​ទាំង​ពីរ​នាក់​នេះ បាន​និយាយ​ថា អ្នកស្រី​បាន​ជួប​ពួកគាត់ ហើយ​ក៏​បាន​ពន្យល់​ពួកគាត់​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឃុំ​ខ្លួន​នេះ។

អ្នកស្រី​ថា អ្នកស្រី​នឹង​រៀបចំ​បំពេញ​បែបបទ​ដាក់​ពាក្យ​ការពារ​ទៅ​តុលាការ​នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ តុលា៖ «សំខាន់​ការងារ​ខ្ញុំ ខ្ញុំ​ធ្វើ​តាម​បច្ចេកទេស បន្ទាប់​ពី​ខ្ញុំ​ដាក់​ពាក្យ​ការពារ​ហើយ ខ្ញុំ​នឹង​ពន្លឿន​ការ​សួរ​ចម្លើយ​កូន​ក្តី​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ធានា​កូន​ក្ដី​ខ្ញុំ​នៅ​ក្រៅ​ឃុំ»

គេ​នៅ​មិន​ទាន់​អាច​និយាយ​បាន​ថា តើ​ចំណាត់ការ​របស់​សាលាដំបូង​ខេត្ត​កំពត នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​ទាក់​ទិន​នឹង​ករណី​នេះ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ពួកគេ​នឹង​នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាដំបូង​ខេត្ត​កំពត ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ដោះលែង​អ្នក​ភូមិ​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

Later on, Sok Kong will install 105mm and fire on the Kampot Authority who dare not obeying yuon order from Yuon Association-Khmer should be waking up and Chaarp yuons-

Oct 28, 2013 09:32 AM

អ្នក​អាន​អនាមិក

ខ្មែរជំនាន់នេះមិនចេះជួយគ្នាទេជួយសាសន៍គេជាជាងជាតិ
ខ្លួន!តើពេលណាទើបខ្មែរភ្ញាក់កំណើត?ឬចាំផុតពូជសិន?
តើអ្នកអួតអំបូរនេះគ្រាន់បើ?ពូជអ្នកចេះគេសម្លាប់អស់ហើយ
នៅសល់អ្នកក្រសុំទាន!មិនគ្រាន់តែក្រថែមទាំងបំណុលវាន់
កឧិវាសនាខ្មែរអើយ!ប្រគល់ប្រទេសឲ្យបេរទេសទៅ!បើងប់
នឹងអំណាចយ៉ាងនេះ!ល្បីទាំងស្តេចទាំងមន្ត្រី!!មិនចេះ
ខ្មាស់គេឬ?!!

Oct 28, 2013 05:13 AM

អ្នក​អាន​អនាមិក

ការចាប់ប្រជាពលរដ្ឋយកទៅឃុំនោះវាមិនដែលថាអត់មានហេតុផលនោះទេ!ក៏ប៉ុន្តែចំពោះការសង់វិហាររបស់ជនជាតិយួនហេតុអ្វីក៏មិនចាប់ចំពោះប្រជាពលរដ្ឋធ្វើចំម្ការនៅលើដីកំណើតចោទថាចង់ទន្ទានកាន់កាប់ខុសច្បាប់ទៅវិញ!!ចុះឲ្យជាតិសាសន៍ផ្សេងមកកសាងវិហារវិញនោះមានន័យ យ៉ាងណាទៅវីញ?

Oct 28, 2013 12:40 AM

គេហទំព័រ​ទាំងមូល