សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ព្នង នៅ​​ខេត្ត​មណ្ឌល​គិរី ទាមទារ​រក​​ដំណោះស្រាយ ចំពោះ​វិវាទ​ដីធ្លី​​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត

ដោយ ខែ សុណង
2019-12-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូលួង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គិរី ទាមទារ​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី ដែល​ពួក​គាត់​អះអាង​ថា ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត។
ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូលួង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌល​គិរី ទាមទារ​រក​ដំណោះស្រាយ​ក្នុង​វិវាទ​ដីធ្លី ដែល​ពួក​គាត់​អះអាង​ថា ពាក់ព័ន្ធ​ជាមួយ​មន្ត្រី​រដ្ឋបាល​ខេត្ត។
រូប៖ ពលរដ្ឋ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ឬ​ពូនង នៅ​ខេត្ត​មណ្ឌល​គិរី ទាមទារ​ឲ្យ​សាលា​ខេត្ត​ផ្ដល់​ដំណោះស្រាយ​ករណី​វិវាទ​​ដីធ្លី​រ៉ាំរ៉ៃ ជា​មួយ​មន្ត្រី​រដ្ឋបាល​ខេត្ត​ម្នាក់​។ ពួកគេ ​អះអាង​ថា ដីធ្លី​មាន​វិវាទ​ច្រើន​ឆ្នាំ បណ្ដាល​ឲ្យ​រង​គ្រោះ​ដល់​កូន​ចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ។ ប្រធាន​​លេខាធិការដ្ឋាន​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី ដែល​រង​ការ​ចោទ​ប្រកាន់​ បដិសេធ​ថា លោក​មិន​បាន​​ឆបោក​យក​ដី​​ជនជាតិ​ដើម​​ភាគ​តិច​ឡើយ និង​ព្រមាន​ប្ដឹង​ អ្នក​មួល​បង្កាត់​លោក។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ម្នាក់ រស់​នៅ​ភូមិ​ពូលួង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ លោកស្រី ព្រូម ក្រាក់ ឲ្យ​ដឹង​ថា សហគមន៍​កំពុង​រង់​ចាំ​ដំណោះស្រាយ​ពី​សាលា​ខេត្ត​ ព្រោះ​គាត់​បាន​ដាក់​ញត្តិ​ទៅ​ច្រើន​ខែ​ហើយ មិន​ទាន់​ឃើញ​មាន​ការ​កោះហៅ​អ្នក​ភូមិ ទៅ​ផ្ដល់​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ លោកស្រី ព្រូម​ ក្រាក់ អះអាង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​ រង​ផល​ប៉ះពាល់​មាន​ចំនួន​ ១៤៧នាក់ ហើយ​ត្រូវ​​បាន​ចាញ់​បោក​មន្ត្រី​រដ្ឋបាល​សាលា​ខេត្ត​មណ្ឌល​គិរី លោក មាស ប្រុស ដោយ​បង្ខំ​ឲ្យ​លក់​ដី​​សហគមន៍​ក្នុង​តម្លៃ​ខ្ទង់ ​១០០ ទៅ​ ១៥០​ដុល្លារ​អាមេរិក ក្នុង​មួយ​គ្រួសារ៖ «ជន​ជាតិ​ដើម​ភាគ​តិច​​ ពួក​ខ្ញុំ​អត់​សុខ​ចិត្ត​ទេ ឥឡូវ​នាំ​គ្នា​តវ៉ា​ថា សុំ​យក​ដី​ហ្នឹង យក​ឲ្យ​ម្ចាស់​វិញ ជនជាតិ​ដើម​ភាគ​តិច​ហ្នឹង។ ពួក​ខ្ញុំ​ឃ្វាល​គោ​ឃ្វាល​ក្របី ហើយ​នឹង​ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ​អ៊ីចឹង​ណា ហើយ​នឹង​ប៉ះពាល់​ដល់​កន្លែង​សែន​ព្រេន​ពួក​ខ្ញុំ​ទៀត។ យើង​ធ្លាប់​សែន​ព្រេន​តាំង​ពី​ជំនាន់​ដូន​តា​យើង​ហ្នឹង។ ឥឡូវ​គេ​ចូល​ឈូស​ឆាយ គេ​ដាក់​របង​ដាក់​អ្វី ហើយ​ពួក​ខ្ញុំ​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​ខេត្ត ដល់ (តុលាការ) ហើយ​គេ​អត់​ទាន់​ដោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​ផង តាំង​ពី​ខែ៩ មក​ដល់​ឥឡូវ»

សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច​ព្នង ដែល​មាន​ជម្លោះ​ដីធ្លី ស្ថិត​នៅ​ភូមិ​ពូលួង សង្កាត់​រមនា ក្រុង​សែន​មនោរម្យ។ តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​សហគមន៍ បាន​ដាក់​ញត្តិ​ទៅ​សាលា​ខេត្ត​មណ្ឌល​គិរី​ កាល​ពី​ខែ​សីហា ដើម្បី​ទាមទារ​​រក​ដំណោះស្រាយ។ ក្នុង​ញត្តិ​នោះ​ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច បាន​​​និយាយ​ថា ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី លោក មាស ប្រុស បាន​រំលោភ​យក​ដី​​កំពុង​អាស្រ័យ​ផល​របស់​អ្នក​ភូមិ​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន តាម​រយៈ​រូបភាព​បោក​បញ្ឆោត​អ្នក​ភូមិ​ ​ឲ្យ​ផ្ដិត​មេដៃ​​ដាក់​ដី​ទាំង​នោះ​ជា​ដី​សហគមន៍​ទុក​ឃ្វាល​គោ ហើយ​ផ្ដល់​លុយ​ឲ្យ​ក្នុង​មួយ​គ្រួសារ​ខ្ទង់​ ១០០ ទៅ​ ១៥០​ដុល្លារ។ សហគមន៍​បាន​ចោទ​មន្ត្រី​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី​នេះ​ថា បាន​រំលោភ​យក​ដី​សហគមន៍​ចំនួន ៦​កន្លែង (​ភ្នំ​អន្ដឹង ត្រូម​ក្លាន់ ទូជ្រាម ពូពែ កែណ្ដីយ និង​កងពល) ដែល​ជា​ដី​របស់​​ជនជាតិ​ដើម ធ្វើ​ស្រែ​ចម្ការ​វិល​ជុំ ចិញ្ចឹម​គោ ប្រភព​ទឹក និង​​​ជា​ទីសក្ការៈ​សែន​ព្រេន​ដូន​តា​ តាំង​ពី​ព្រេងនាយ​មក។

ក្នុង​ការ​​យក​ដី​អ្នក​ភូមិ ជនជាតិ​ដើម​​ភាគ​តិច​បាន​ចោទ​ថា លោក មាស ប្រុស បាន​គំរាម​កំហែង ចាប់​អ្នក​ភូមិ​ដាក់​ពន្ធនាគារ និង​ជេរ​ប្រទេច​ផ្ដាសា​ រើស​អើង​ពូជសាសន៍​ថា ជា​ព្នង​ ល្ងីល្ងើ ល្ងង់​ ក្រ​គ្មាន​អ្វី​ហូប​ជាដើម។ សហគមន៍​ទាមទារ​ឲ្យ​រដ្ឋបាល​ខេត្ត​ ផ្ដល់​ដំណោះស្រាយ​ឲ្យ​ឆាប់ និង​ទារ​សង​ជំងឺ​ចិត្ត ពី​ការ​គំរាម​កំហែង និង​ឆបោក ដោយ​តម្រូវ​ឲ្យ​លោក មាស ប្រុស កាប់​ក្របី​ ១​ក្បាល ជ្រូក​ ២​ក្បាល ស្រា​ពាង​ឆ្លូង ​១​ពាង ស្រា​ពាង​ធម្មតា ​១​ពាង មាន់​ ៥​ក្បាល និង​លុយ​សំណង​ចំនួន ​ដប់​​ (១០.០០០.០០០)​លាន​រៀល​ ទើប​សុខ​ចិត្ត។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ នៅ​ភូមិ​ពូលួង​ម្នាក់​ទៀត គឺ​ លោក ចែន វណ្ណា និយាយ​ថា ក្រៅ​ពី​សាលា​ខេត្ត​មណ្ឌល​គិរី អ្នក​ភូមិ​បាន​ផ្ញើ​ញត្តិ​​ ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រួច​ហើយ កាល​ពី​ខែ​សីហា​។ ជនជាតិ​ដើម​រូប​នេះ ក៏​កំពុង​ទន្ទឹង​​មើល​​ចំណាត់​ការ​របស់​មន្ត្រី​ថ្នាក់​ជាតិ​ផង​ដែរ៖ «រង់ចាំ​គេ​ថា​ឆ្លើយ​តប​ត្រឡប់​មក​វិញ អត់​ឃើញ។ ចាំ​តិច​ទៀត ខ្ញុំ​ទៅ​ខាង​ខេត្ត ចាំ​ខ្ញុំ​សួរ​គាត់ សួរ​ជាក់​ស្ដែង​មើល។ តែ​មួយ​សន្លឹក​ទៀត ផ្ញើ​ទៅ​ដល់​ភ្នំពេញ ផ្ញើ​តាម​រយៈ​អង្គការ​ដែរ ផ្ញើ​ទៅ​ការិយាល័យ​សម្ដេច គេ​ថា អ៊ីចឹង»

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច អះអាង​ថា ជម្លោះ​ដីធ្លី​នេះ កើត​ឡើង​យូរ​ឆ្នាំ​​មក​ហើយ តាំង​ពី​លោក មាស ប្រុស មិន​ទាន់​ទទួល​បាន​តំណែង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី​ម្ល៉េះ នៅ​តែ​គ្មាន​ដំណោះស្រាយ។ អ្នក​ភូមិ​អះអាង​​បន្ថែម​ថា កាល​ពី​ឆ្នាំ​២០១៤ លោក មាស ប្រុស បាន​បោក​បញ្ឆោត​ចាស់​ទុំ​នៅ​ក្នុង​ភូមិ​ ឲ្យ​ផ្ដិត​មេដៃ​ទទួល​លុយ ខ្ទង់​​ជាង ១០០​ដុល្លារ​ថា បង្កើត​សហគមន៍​ចិញ្ចឹម​គោ តែ​ផ្ទុយ​ទៅ​វិញ អ្នក​ភូមិ​អះអាង​ថា លោក មាស ប្រុស​ បាន​បញ្ឆោត​ចាស់​ទុំ​ទាំង​នោះ ឲ្យ​ផ្ដិត​មេដៃ​លក់​ដី ក្នុង​តម្លៃ​មិន​សម​រម្យ (ថោក) ទៅ​ឲ្យ​ខ្លួន។ ក្រោយ​មក​ នៅ​ឆ្នាំ​២០១៩ ជនជាតិ​ដើម​ភាគ​តិច អះអាង​ថា លោក មាស ប្រុស បាន​ព័ទ្ធ​របង​ដី​មាន​ជម្លោះ​ធ្វើ​ផ្លូវ​ក្រវាត់​ព័ទ្ធ​ភ្នំ និង​ឈូស​ឆាយ​ដី​ចូល​ចម្ការ​របស់​​សហគមន៍។ បន្ទាប់​មក​ លោក មាស ប្រុស បាន​​​បង្វែរ​មក​ប្ដឹង​​អ្នក​ភូមិ​ ទៅ​តុលាការ​វិញ ពី​បទ​កាប់​គាស់ និង​រំលោភ​យក​ដី​របស់​លោក។ អ្នក​ភូមិ​ អះអាង​ថា ​ដី​សហគមន៍​ មាន​ជម្លោះ​ មាន​ទំហំ​​សរុប​ប្រហែល ៥០០​ហិកតារ ហើយ​បច្ចុប្បន្ន​ដី​​ស្រែ​ ដីចម្ការ​វិល​ជុំ និង​ទី​សក្ការ​ ក្នុង​ដី​មាន​ជម្លោះ​ កំពុង​រង​ការ​ឈូស​ឆាយ និង​ពុះ​ប្លង់​ជា​ឡូត៍ៗ សម្រាប់​លក់។

ពាក់ព័ន្ធ​ករណី​នេះ ការ​ចោទ​ប្រកាន់​នេះ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​ខេត្ត​មណ្ឌល​គិរី លោក មាស ប្រុស បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​ហៅ​ការ​ចោទ​ប្រកាន់​ថា គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។ លោក​អះអាង​ថា លោក​បាន​ធ្វើ​លិខិត​បំភ្លឺ​ករណី​នេះ ទៅ​អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ តាំង​ពី​ភូមិ សង្កាត់ ក្រុង​ រហូត​ដល់​ខេត្ត​រួច​ហើយ ក្នុង​ករណី​នេះ ហើយ​លោក ក៏​បាន​បំភ្លឺ​ប្រាប់​ទៅ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក នៅ​ខេត្ត​មណ្ឌល​គិរី​ថែម​ទៀត ជុំ​វិញ​ការ​ចោទ​ប្រកាន់​រូប​លោក​នេះ។ លោក ថែម​ទាំង​អះអាង​ថា ដី​​​ជម្លោះ​​ទាំង​នោះ​ គ្មាន​ពាក់ព័ន្ធ​នឹង​លោក​ទេ ព្រោះ​គ្មាន​ឈ្មោះ​លោក នៅ​លើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​នោះ​ទេ គឺ​លោក​គ្រាន់​តែ​មើល​ថែ​ដី​ឲ្យ​គេ​ប៉ុណ្ណោះ។ ​មន្ត្រី​សាលា​ខេត្ត​រូប​នេះ ព្រមាន​ប្ដឹង​បក​វិញ ប្រសិន​បើ​​ការ​ចោទ​ប្រកាន់​របស់​​សហគមន៍​​ពុំ​​មាន​មូលដ្ឋាន​ត្រឹមត្រូវ​​៖ «ខ្ញុំ​អត់​បាន​យក​ដី​គាត់​ទេ ហើយ​ខ្ញុំ​​មាន​លិខិត​បដិសេធ ខ្ញុំ​ធ្វើ​យូរ​ហើយ លិខិត​បដិសេធ​របស់​ខ្ញុំ​ហ្នឹង ខ្ញុំ​ធ្វើ​តាម​រយៈ​មេភូមិ ចៅ​សង្កាត់ អភិបាល​ក្រុង និង​ឆ្លង​ទៅ​ចៅហ្វាយ​ខេត្ត លិខិត​បដិសេធ​របស់​ខ្ញុំ​ណា​បង។ ខ្ញុំ​បាន​ឲ្យ​ទៅ​ខាង​មេធាវី​របស់​គាត់​ហ្នឹង មេធាវី​ជនជាតិ​នៅ​ពូ​លូង​ហ្នឹង ​ខ្ញុំ​ឲ្យ​មួយ​ច្បាប់ ខាង​អង្គការ​ អាដហុក ខ្ញុំ​ឲ្យ​មួយ​ច្បាប់​​ដែរ បង​មើល​ទៅ ហើយ​បើ​ខ្ញុំ​បាន​ទៅ​រំលោភ​ដី​គាត់​មួយ​ចំណិត​តូច​នោះ បង​ចុះ​មក​ធ្វើ​ទៅ ហើយ​ជនជាតិ​ទាំង​អស់​នោះ ​ប្ដឹង​ខ្ញុំ​ វា​អត់​មាន​មូលដ្ឋាន​អ្វី​ ខ្ញុំ​បាន​ធ្វើ​​លិខិត​បដិសេធ​ហើយ​បង»

អ្នក​សម្រប​សម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​មណ្ឌល​គិរី លោក អ៊ាង ម៉េងលី ឲ្យ​ដឹង​ថា លោក​ពិត​ជា​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​លោក មាស ប្រុស​ មែន។ ទោះ​យ៉ាង​ណា ​លោក​ស្នើសុំ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ចុះ​ទៅ​ស៊ើប​អង្កេត​ឲ្យ​ច្បាស់ និង ​អន្តរាគមន៍​ដោះស្រាយ​ ទើប​អាច​បញ្ចប់​វិវាទ​​នេះ​បាន៖ «ជា​ទូទៅ មាន​វិវាទ​គួរ​តែ​មាន​ការ​ស៊ើប​អង្កេត​ថា តើ​ប្រជាពលរដ្ឋ​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ថា តើ​មាន​ភស្តុតាង មាន​អ្វី​​ផ្សេងៗ ទៀត ដូច​អ្វី​ដែល​គាត់​អះអាង​ដែរ​ឬ​ទេ? អ៊ីចឹង​ទៅ​ណា។ ប្រសិន​បើ​មាន​ការ​រក​ឃើញ​អ្វី ដែល​ប្រជាពលរដ្ឋ​ គាត់​ប្ដឹង​គួរ​តែ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ តែ​បើ​មិន​មាន​ទេ គួរ​តែ​ដោះ​ស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទាំង​សង​ខាង»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អភិបាល​ខេត្ត​មណ្ឌលគិរី លោក ស្វាយ សំអៀង ជុំវិញ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ធ្នូ ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល។ ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះ​នៅ​ខេត្ត​មណ្ឌល​គិរី​នេះ រដ្ឋាភិបាល​ធ្លាប់​បាន​ដក​តំណែង​អនុ​រដ្ឋលេខាធិការ​​ក្រសួង​យុត្តិធម៌​ម្នាក់ លោក សេង សុវណ្ណារ៉ា ហើយ​តុលាការ​ ក៏​បាន​ចេញ​ដីកា​កោះ​ហៅ​មន្ត្រី​សាលា​ខេត្ត​មណ្ឌល​គិរី ​​ពាក់ព័ន្ធ​ច្រើន​នាក់​ទៀត បន្ទាប់​ពី​រង​​​ការ​ចោទ​ថា​ បាន​រំលោភ​​យក​ដី​ព្រៃ​អភិរក្ស​ ក្នុង​ខេត្ត​មណ្ឌលគិរី​ជិត ២ពាន់​ហិកតារ បំប្លែង​ជា​​ទ្រព្យ​សម្បត្តិ​បុគ្គល៕