ពលរដ្ឋ​មកពី​ខេត្ត​ចំនួន​៦ ស្នើសុំ​ក្រសួង​ដែនដី និង​ក្រសួង​កសិកម្ម​ពន្លឿន​ដំណោះស្រាយ​បញ្ហា​ដីធ្លី

ដោយ ថន ថារ៉ូ
2020-01-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​​ក្រោយ​កិច្ចប្រជុំ​ នាទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

ប្រជាពលរដ្ឋ​ប្រមាណ​៦៥០​នាក់ តំណាង​ឱ្យ​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាង ៨​ពាន់​គ្រួសារ ក្នុង​ខេត្ត​ចំនួន​៦ នៅ​ថ្ងៃ​ទី​៣១ ធ្នូ​នេះ បាន​ប្រមូល​ផ្តុំ​គ្នា ដាក់​ញត្តិ ស្នើសុំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ចុះ​ស៊ើបអង្កេត​ដល់​កន្លែង​មាន​ជម្លោះ និង​ពន្លឿន​ដំណោះស្រាយ​ជូន​ពួកគាត់ ។ សង្គម​ស៊ីវិល យល់ថា ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​នៅ​ទូទាំង​ប្រទេស រដ្ឋាភិបាល​គួរតែ​ហ៊ាន​អារកាត់​សាច់​ស្អុយ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​ខ្លួន ដោយ​អនុវត្ត​ច្បាប់​ឱ្យ​ម៉ឺងម៉ាត់ ចំពោះ​មន្ត្រី​ខិលខូច អ្នក​មាន​អំណាច ឧកញ៉ា ឬ​ក្រុមហ៊ុន​ណា​ក៏​ដោយ ដែល​ឃុបឃិត​គ្នា រំលោភ​យក​ដីធ្លី​ពី​ពលរដ្ឋ។

ប្រជាកសិករ ២៧​សហគមន៍ មកពី​ខេត្ត​ព្រះសីហនុ កំពង់ស្ពឺ ព្រៃវែង ត្បូងឃ្មុំ ស្វាយរៀង និង​ខេត្ត​កណ្ដាល បាន​នាំគ្នា​មក​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ដែនដី ក្រសួង​កសិកម្ម និង​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ឱ្យ​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ពួកគាត់ ដែល​ត្រូវ​បាន​អ្នក​មាន​អំណាច ឧកញ៉ា និង​ក្រុមហ៊ុន រំលោភ​យក ដោយ​អយុត្តិធម៌ និង​មិន​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ។

អគ្គលេខាធិការ​រង នៃ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុ​ជា លោក ម៉ឺន រតនា លើកឡើង​ថា ការ​ដែល​​ប្រជាពលរដ្ឋ​សម្រេច​នាំគ្នា ឡើង​មក​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ជាថ្មី​នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​នេះ គឺ​ដោយសារតែ​ពួកគាត់​រង់ចាំ​ដំណោះស្រាយ​ជាង​១០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ថ្នាក់​ខេត្ត នៅតែ​មិន​អាច​ដោះស្រាយ​បាន ទោះបី​ជា​មាន​លិខិត​អន្តរាគមន៍​ជាច្រើនលើក​ច្រើន​សា​ពី​ស្ថាប័ន​ជាតិ​កំពូលៗ​ដូចជា រដ្ឋសភា ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ក្រសួង​ដែនដី ក៏ដោយ។

លោក ម៉ឺន រតនា ឱ្យ​ដឹង​ថា ដីធ្លី​របស់​ពលរដ្ឋ​ទាំង​៦​ខេត្ត​នេះ ភាគច្រើន​ត្រូវ​ក្រុមហ៊ុន​ឯកជន អ្នក​មាន​អំណាច និង​ឈ្មួញ ដែល​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​រំលោភ​យក សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ ក្នុង​ទម្រង់​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ដី​សម្បទាន​សង្គមកិច្ច និង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋ ដូចជា​ប្រព័ន្ធ​ធារាសាស្ត្រ និង​អាង​ស្ដុក​ទឹក​ជាដើម។

លោក ម៉ឺន រតនា បន្ត​ថា ជម្លោះដីធ្លី ដ៏​រ៉ាំរ៉ៃ​ទាំងនេះ បង្ក​ជា​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​ជីវភាព​រស់​របស់​ប្រជាកសិករ​ក្នុង​ការ​ប្រើប្រាស់​ដីធ្លី​ប្រកប​របរ​ចិញ្ចឹមជីវិត​។ លោក​យល់ថា រដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ​ថ្នាក់​ជាតិ​មួយ​ចុះ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ឱ្យ​ឆាប់​តែ​អាច​ធ្វើ​ទៅ​បាន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​ស្នើសុំ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ដោះស្រាយ​ឱ្យ​ពលរដ្ឋ ដូចដែល​អាជ្ញាធរ​គិត​ដូរ​ដោះស្រាយ​ដល់​ជនជាតិ​វៀតណាម​រស់នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​ទទួល​​បាន​ដី​សម្បទាន​៤០​ហិកតារ ពី​រដ្ឋ​យ៉ាង​ដូច្នោះ​ដែរ៖ «សូម​ឱ្យ​អាជ្ញាធរ​ចុះ​មក​ដោះស្រាយ​បញ្ហា​ដីធ្លី​តាម​ខេត្ត ជួយ​ពន្លឿន​ដូច​អ្វី​ដែល​រដ្ឋាភិបាល ឬក៏​ខាង​ក្រសួង​បាន​ដោះស្រាយ​ឱ្យ​ជនជាតិ​វៀតណាម​ផ្ដល់​ដី​ឱ្យ​៤០​ហិកតារ ឱ្យ​គេ​មក​រស់នៅ​លើគោក​។ ប្រជាពលរដ្ឋ​ខ្មែរ ដែល​រង​ផល​ប៉ះពាល់ ក៏​ចង់​ឃើញ​បែប​ហ្នឹង​ដែរ​។ គាត់​ចង់​ឃើញ​ថា ខ្លួនឯង​ជា​ម្ចាស់​ដី​ហើយ ពេល​តវ៉ា ត្រូវ​បាន​គេ​ចាប់​​ដាក់​ពន្ធនាគារ​ទៀត​។ ចំណែក​ឯ​ជនជាតិ​វៀតណាម គាត​មិនមែន​ជា​ម្ចាស់​ដី គាត់​រស់​នៅ​លើ​ទឹកដី​ខុសច្បាប់​ហើយ ត្រូវ​បាន​យកចិត្តទុកដាក់ ហើយ ឱ្យ​ដី​ទៅ​ជនជាតិ​វៀតណាម​រស់នៅ​ទៀត​។ អ៊ីចឹង​! គាត់​ចង់​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដូច​អ្វី​ដែល​ដោះស្រាយ​ឱ្យ​ជនជាតិ​វៀតណាម​ដែរ»

ក្រៅ​ពី​នេះ លោក ម៉ឺន រតនា ឱ្យ​ដឹង​ទៀត​ថា ក្នុង​វិវាទ​ដីធ្លី​ក្នុង​តាម​បណ្ដា​ខេត្ត​ទាំងនេះ មាន​ពលរដ្ឋ​ជាច្រើន​នាក់​រង​បណ្ដឹង​ទៅ​តុលាការ និង​ពលរដ្ឋ​ខ្លះ​ទៀត​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​អយុត្តិធម៌ រឿង​ចេញមុខ​ការពារ​ដីធ្លី និង​ព្រៃ​សហគមន៍​របស់​ពួកគេ​។ លោក​ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ពិនិត្យមើល​ឡើងវិញ​រាល់​សំណុំរឿង​ដែល​សមត្ថកិច្ច​ចាប់​ពលរដ្ឋ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ ដោយសារ​វិវាទ​ដីធ្លី៖ «ខ្ញុំ​ក៏​ចង់​អំពាវនាវ​ដល់​ក្រសួងយុត្តិធម៌​ដែរ ដល់​ឯកឧត្ដម​ដែល​កាន់​នៅ​ក្រសួងយុត្តិធម៌ សុំ​ពិនិត្យមើល​ប្រព័ន្ធ​តុលាការ ព្រោះ​យើង​ឃើញ​ថា ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ត្រូវ​បាន​គេ​យក​ដី​ឈូស​ឆាយ ឈូស​ឆាយ​ដី​ហើយ ចាប់​ពួកគាត់​មក​ដាក់​ពន្ធនាគារ​ទៀត​។ អ្នកខ្លះ​ចាប់​ទាំងអស់​មាន​ដីកា​ទៀត ចាប់​ហើយ​បញ្ជូន​មកដល់​ពន្ធនាគារ​ហើយ បាន​មាន​ដីកា​មក​តាម​ក្រោយ​។ អ៊ីចឹង​! រឿង​នេះ ជា​រឿង​ដែល​មាន​ភាព​មិន​ប្រក្រតី ហើយ​បន្ត​គំរាមកំហែង​ប្រជាពលរដ្ឋ​ដែល​តវ៉ា​រឿង​ដីធ្លី»

ការ​ដើរ​ដាក់​ញត្តិ​របស់​ក្រុម​ពលរដ្ឋ​នៅ​តាម​បណ្ដា​ក្រសួង​នានា​នេះ ពុំ​មាន​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​ខណ្ឌ ដូច​ពេល​មុន​ឡើយ ប៉ុន្តែ​អាជ្ញាធរ​បាន​ហាម​ពលរដ្ឋ​មិន​ឱ្យ​ដើរ​ក្បួន ដោយ​តម្រូវ​ឱ្យ​ពួកគាត់​ធ្វើដំណើរ​តាម​រថយន្ត ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

ពលរដ្ឋ​ឱ្យ​ដឹង​ថា មន្ត្រី​តំណាង​ក្រសួង​ដែនដី និង និង​ក្រសួងកសិកម្ម​បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ពលរដ្ឋ ដោយ​សន្យា​យ៉ាង​ខ្លី​ថា នឹង​យក​សំណើ​នោះ​ដាក់​ជូន​រដ្ឋមន្ត្រី​ពិនិត្យ​និង​សម្រេច​។ ក្រោយ​ដាក់​ញត្តិ​រួច ប្រជាពលរដ្ឋ​ពលរដ្ឋ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ។

អាស៊ីសេរី មិន​អាច​សុំ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី លោក សេង ឡូត និង​អ្នកនាំពាក្យ​នៃ​ក្រសួងកសិកម្ម លោក ចាន់ ហេង បានទេ ដោយសារ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា បញ្ហា​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ត​អូស​បន្លាយ​ដល់​បច្ចុប្បន្ន​នេះ ភាគច្រើន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​ផ្ដល់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​ឧកញ៉ា​មួយ​ចំនួន។

លោក អំ សំអាត យល់​ថា វិវាទ​ដីធ្លី​នេះ នឹង​ដោះស្រាយ​បញ្ចប់​ទៅ​បាន លុះត្រាតែ រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ និង​យន្តការ​ច្បាស់លាស់៖ «ការ​ដោះស្រាយ​ទាល់តែ​មាន​ឆន្ទៈ​ពិតប្រាកដ​។ មិន​មែន​​ការ​ដោះស្រាយ​ហ្នឹង ស្ថិត​នៅ​លើ​លិខិតស្នាម ដែល​ថា​ចេញទៅ ឱ្យ​តែ​ថា​បាន​ចេញ​។​អ៊ីចឹង​! កាលណា​ថ្នាក់​ជាតិ ឬក៏​រដ្ឋាភិបាល​ដែល​ចេញទៅ​ហើយ ត្រូវតែ​តាមដាន​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន ហ្នឹង បាន​ដោះស្រាយ​ហើយ ឬក៏​អត់​ទេ​។ ឬមួយ​ក៏​បង្កើត​គណៈកម្មការ​ដោះស្រាយ ដូច​នៅ​កោះកុង អី​ពីមុន យើង​ឃើញ​ថា បង្កើត​គណៈកម្មការ​ដើម្បី​ដោះស្រាយ វា​មាន​លទ្ធផល​ដែរ​។ អ៊ីចឹង​! សំខាន់​បំផុត ទៅ​លើ​ឆន្ទៈ ហើយ​ដោះស្រាយ​ឱ្យ​ប្រាកដប្រជា អ៊ីចឹង​បាន​អាច​ដោះស្រាយ​ទៅ​បាន»

នេះ​ជា​លើក​ទី​៨​ហើយ ដែល​ពលរដ្ឋ​ទាំង​៦​ខេត្ត ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ស្វែងរក​ដំណោះស្រាយ​ពី​ស្ថាប័ន​ជាតិ ក្រោយពី​រង់ចាំ​ចំណាត់ការ​ជាក់ស្ដែង​ពី​អាជ្ញាធរ​អស់​ពេល​ជាច្រើន​ឆ្នាំ​។ កាលពី​ខែ​កក្កដា កន្លង​ទៅ ពួកគាត់​បាន​នាំគ្នា​ឡើង​មក​រក​ដំណោះស្រាយ​ពី​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​បណ្ដា​ក្រសួង​ពាក់ព័ន្ធ​ដែរ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​។

ដំណោះស្រាយ​ដែល​ពលរដ្ឋ​ចង់បាន​ គឺ​ការ​គិត​គូរ​ផ្ដល់​សំណង​ឱ្យ​ពួកគាត់​ជា​ទឹកប្រាក់​ទៅតាម​តម្លៃ​ទីផ្សារ ចំពោះ​ដីធ្លី​ដែល​ក្រុមហ៊ុន ឬ​រដ្ឋ ត្រូវ​ការ​យក​ទៅ​អភិវឌ្ឍ​។ ក្រុម​ប្រជាពលរដ្ឋ​ទាំង ៥​ខេត្ត បញ្ជាក់​ថា ពួកគាត់​នឹង​បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត រហូត​ទាល់តែ​ទទួល​បាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល