ក្រសួង​ដែនដី​មិន​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​ស្ករ​អំពៅ​នៅ​ខេត្ត​កោះកុង​ទេ ហើយ​ឲ្យ​ពលរដ្ឋ​ប្ដឹង​ទៅ​តុលាការ

ដោយ មួង ណារ៉េត
2019-12-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​គ្រួសារ នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ស្រុក​ស្រែ​អំបិល ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០១៩។
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជា​ច្រើន​គ្រួសារ នាំ​គ្នា​មក​រក​អន្តរាគមន៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឱ្យ​ជួយ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ នៅ​ស្រុក​ស្រែ​អំបិល ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក ទTV CNRP

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី​ យ៉ុងផាត់ នៅ​ស្រុក​​​ស្រែ​អំបិល ខេត្ត​កោះកុង​ អះអាង​ថា មន្ត្រី​ក្រសួង​ដែន​ដី​ បាន​កោះហៅ​ពួក​គាត់​ឲ្យ​ទៅ​ទទួល​យក​ពាក្យ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ត្រឡប់​មក​វិញ ដោយសារ​ក្រសួង​នឹង​មិន​ដោះស្រាយ​ជូន​ទេ ហើយ​បង្វែរ​ឲ្យ​ទៅ​សុំ​អន្តរាគមន៍​ពី​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​របស់​លោក ហ៊ុន សែន ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​​វិញ។

លោកស្រី ហួន ង៉ែ ប្រាប់​អាស៊ី​សេរី ក្រោយ​​​ចេញ​ពី​ជំនួប​ជាមួយ​មន្ត្រី​ក្រសួង​ដែនដី នៅ​ថ្ងៃ​ទី​២៦ ធ្នូ​ថា អ្នក​ភូមិ​ខក​ចិត្ត​ នឹង​ទង្វើ​របស់​មន្ត្រី​ក្រសួង​ដែនដី ក្នុង​ការ​ជំរុញ​ពលរដ្ឋ​ ឱ្យ​ដក​ពាក្យ​ស្នើសុំ​យក​ទៅ​វិញ។ លោកស្រី​ថា តំណាង​ ៦​នាក់ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ចូល​ជួប​មន្ត្រី​ក្រសួង​ដែនដី មិន​ព្រម​ចុះ​ហត្ថលេខា​ ដក​ពាក្យ​ស្នើសុំ​​តាម​បង្គាប់​របស់​ក្រសួង​ឡើយ ហើយ​ពួក​គេ​ទាំង ៦នាក់ បាន​​​ចេញ​មក​ប្រាប់​អ្នក​​មាន​ជម្លោះ​ដីធ្លី​ជាង ៦០នាក់ នៅ​ខាង​ក្រៅ​ក្រសួង​វិញ តាម​ដំណើរ​រឿង។

លោកស្រី​មាន​ប្រសាសន៍​ថា អ្នក​មាន​ជម្លោះ​ដីធ្លី បាន​ចាក​ចេញ​ពី​​ភ្នំពេញ ទៅ​ខេត្ត​កោះកុង​វិញ​ហើយ នៅ​ថ្ងៃ​ដដែល ប៉ុន្តែ​អ្នក​ភូមិ​នឹង​លើក​គ្នា​ចំនួន ​២០០​នាក់ មក​ដាក់​ញត្តិ​ម្ដង​ទៀត​ នៅ​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០២០ ដើម្បី​សុំ​​ឲ្យ​ក្រសួង​ដែន​ដី និង​ស្ថានទូត​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​ ទៅ​​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា និង​គណបក្ស​កាន់​អំណាច ឲ្យ​សង​សំណង​អ្នក​ភូមិ​តាម​ការ​សន្យា​ ជាមួយ​ក្រុមហ៊ុន​មេធាវី​នៅ​ទីក្រុង​ឡុងដ៍ (London) ប្រទេស​អង់គ្លេស​ (England)

អ្នក​មាន​ជម្លោះ​ដីធ្លី​អះអាង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​បាន​សន្យា​សង​លុយ ពលរដ្ឋ​ចំនួន ​២០០​គ្រួសារ រស់​នៅ​ភូមិ​ឈូក ភូមិ​ជី​ខ និង​ភូមិ​ត្រពាំង​កណ្ដោល ឃុំ​ជីខ​លើ ស្រុក​ស្រែ​អំបិល ចំនួន ​២លាន (2.000.000) ដុល្លារ​អាមេរិក ចំពោះ​ការ​ខូច​ខាត និង​ការ​មិន​ទទួល​បាន​ផល​លើ​ដី​មាន​ជម្លោះ រយៈ​ពេល ១៤ឆ្នាំ​មក​នេះ។ អាស៊ី​សេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គ័រ (Koh Kong Sugar) របស់​ឧកញ៉ា លី យ៉ុងផាត នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៦ ធ្នូ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល