ពលរដ្ឋ​រាប់​រយ​គ្រួសារ​​​ស្នើ​​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ឱ្យ​ស៊ើប​អង្កេត​​ការ​​លក់​​ដី​​បឹង​​ថ្កាស់​​ទំហំ​ ៤០ហិកតារ​ ជា​​សម្បត្តិ​​បុគ្គល

ដោយ ថន ថារ៉ូ
2019-08-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​បឹង​ថ្កាស់ ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​គេ​ចែក​គ្នា​ពុះ​លក់ ឋិត​ក្នុង​ភូមិ​តាំង​គោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម។
ទិដ្ឋភាព​បឹង​ថ្កាស់ ដែល​អ្នក​ភូមិ​អះអាង​ថា ត្រូវ​គេ​ចែក​គ្នា​ពុះ​លក់ ឋិត​ក្នុង​ភូមិ​តាំង​គោក ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្ត​កំពង់ចាម។
ថត៖ ពលរដ្ឋ នៅ​ថ្ងៃ​ទី១០ ខែ​សីហា ឆ្នាំ២០១៩

ពលរដ្ឋ​រាប់​រយ​គ្រួសារ​រស់នៅ​ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​ស៊ើបអង្កេត​ ការ​ឃុបឃិត​លក់​ដី​បឹង​ថ្កាស់​ទំហំ​ ៤០ហិកតារ​ បំប្លែង​ជា​សម្បត្តិ​បុគ្គល​ដោយ​ខុសច្បាប់។ អ្នកភូមិ​អះអាង​ថា​ អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ និង​ក្រុម​ឈ្មួញ​ បាន​យក​ពលរដ្ឋ​ជា​ខែល​ បោះ​បង្គោល​ហ៊ុមព័ទ្ធ​យក​ដី​បឹង​នេះ​រួច​លក់​ឲ្យ​ខ្លួន​។

ពលរដ្ឋ​ជាច្រើន​គ្រួ​សា​រស់នៅ​ភូមិ​ តាំង​គោក​ ភូមិ​ប្រាសាទ​ភូមិ​ត្បូង​ភ្នំ​ នៃ​ឃុំ​តាំងក្រាំង​ ស្រុក​បាធាយ​កំពុង​ភ័យ​ ខ្លាចក្រែង​បាត់បង់​ដី​បឹង​ធម្មជាតិ​មួយ​កន្លែង​ទំហំ​ ៤០ហិកតារ​ទាំងស្រុង​ ​ដែល​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ ដល់​ទី​កន្លែង​នេសាទ​ត្រី​ និង​ ប្រភព​ទឹក​សម្រាប់​ស្រោចស្រព​ស្រូវប្រាំង​ និង​វស្សា​របស់​អ្នកស្រុក។

កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ២០១៩ ពលរដ្ឋ​ជាង​ ២០០គ្រួសារ (២៣២) បាន​ផ្ដិត​មេដៃ​ ស្នើ​ឲ្យ​អាជ្ញាធរ​ស្រុក និង​អភិបាលខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា អន្តរាគមន៍​ទប់ស្កាត់​ ការ​ឈូស​ឆាយ​ ហ៊ុមព័ទ្ធ​យក​ដី​បឹង​ថ្កាស់​នេះ។ ពួកគេ​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ អភិរក្ស​បឹង​ធម្មជាតិ​មួយ​នេះ​ ជា​សម្បត្តិ​សាធារណៈ​ ក៏ប៉ុន្តែ​មកទល់​ពេលនេះ​ គ្មាន​ដំណោះស្រាយ។

តំណាង​ពលរដ្ឋ​ រស់នៅ​ភូមិ​តាំង​គោក ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ ឲ្យដឹង​នៅ​ថ្ងៃ​ទី១៥​ សីហា​ថា អ្នកភូមិ​ជាង ២០គ្រួសារ​មាន​ក្បាលដី​ជាប់​បឹង​ថ្កាស់​ បាន​បោះ​បង្គោល​រំលោភ​ដី​បឹង​នេះ​ រួច​លក់​ឲ្យ​ឈ្មួញ​អស់​មួយ​ផ្នែក​ធំ​ និង​មាន​កន្លែង​ខ្លះ​ត្រូវ​បាន​ទិញ/លក់ដូរ​ដោយ​សេរី។ លើស​ពី​នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ហត្ថលេខា​ធ្វើពាក្យ​ស្នើសុំ​កាន់​កាប់​ដីធ្លី​ឲ្យ​ឈ្មួញ​ទៀង​ផង។ លោក​ថា សកម្មភាព​បោះ​បង្គោល​រំលោភ​ដី​បឹង ដោយ​សារ​មាន​ការ​ញុះញង់​ពី​ឈ្មូញ​ពី​ខាង​ក្រៅ ដែល​ពួក​គេ​មិន​ស្គាល់​អត្តសញ្ញាណ។ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស៊ើបអង្កេត​ករណី​នេះ​ជា​បន្ទាន់​ ដើម្បី​សង្គ្រោះ​បឹង​ធម្មជាតិ​មួយ​នេះ​ដែល​កំពុង​រង​ការរំលោភ​បំពាន​ធ្ងន់ធ្ងរ៖ «គេ​ចាប់​យក​ចង់​អស់ហើយ បឹង ៤០ហិកតារ សុទ្ធ​តែ​ភ្លឺ​គេ​ភ្ជួរ​ធ្វើ​ភ្លឺ ដូច​កម្មសិទ្ធិ។ ២០គ្រួសារ​ជាង​ទេ ដែល​ហាន​ទៅ​ចាប់​ហ្នឹង​ម្នាក់​កន្លះ​ហិកតារ ម្នាក់ ២ហិកតារ ម្នាក់ ៣០ អា ៤០ អា តិចៗ អ៊ីចឹង។ យើង​ដាក់​ដំណោះ​ស្រាយ​ទៅ​ឃុំ គេ​ធ្វើ​មិន​ដឹង​មិន​ឮ ទៅ​ស្រុក ស្រុក​គេ​ធ្វើ​មិន​ដឹង​មិន​ឮ។ យើង​អស់​ដំណោះ​ស្រាយ ពលរដ្ឋ​លោក​បាក់​ទឹក​ចិត្ត»

ពលរដ្ឋ​ម្នាក់ទៀត​ រស់នៅ​ភូមិ​ ត្បូង​ភ្នំ​ ថ្លែង​សុំ​លាក់​ឈ្មោះ​ ឲ្យដឹង​ថា​ បឹង​ថ្កាស់​បាន​ផ្ដល់​ប្រយោជន៍​សំបូរ​បែប​ ដល់​ពលរដ្ឋ​មូលដ្ឋាន រួម​មាន នេសាទ​ត្រី​ ផ្គត់ផ្គង់​ទឹក​សត្វ​ពាហនៈ​ និង​ជា​ប្រភព​ទឹក​សំខាន់​ សម្រាប់​អ្នកភូមិ​ធ្វើស្រែ​ប្រដេញ​ទឹក។ លោក​បារម្ភ​ថា​ ប្រសិនបើ​បឹង​ធម្មជាតិ​មួយ​នេះ​ គ្រប់គ្រង​ដោយ​បុគ្គល​ឯកជន​នឹង​បង្ក​ប៉ះពាល់​ធំធេង​ ដល់​មុខ​របប​ ចិញ្ចឹមជីវិត​ពលរដ្ឋ​ និង​សេដ្ឋកិច្ច​ប្រជាជន​ ខណៈ​ដែល​បឹង​មួយ​នេះ​មាន​ផ្នែក​ខ្លះ​រីង​រាក់​ ដោយសារ​ពុំ​មានការ​យកចិត្ត​ទុកដាក់​ ជីក​ស្ដារ​ និង​ថែទាំ​ពីសំណាក់​អាជ្ញាធរ​ជំនាញ៖ «មេឃុំ​នឹង សុរិយោដី ចុះ​វាស់​បឹង​ហ្នឹង​តែ​ម្ដង វាស់​ជាមួយ​ពួក​ខ្ញុំ​នឹង​សុរិយោដី។ ប្រជាជន​គ្នា​ចង់​ទុក​ថា ជា​សម្បត្តិ​រដ្ឋ​ចង់​រក​ចិញ្ចឹម​ជីវភាព អ៊ីចឹង ដល់​ពេល​គាត់​អ្នក​មាន​អំណាច​ធ្វើ​អ៊ីចឹង ហួសពេក។ ខ្ញុំ​ចង់​អំពាវនាវ​ឲ្យ​សម្ដេច ហ៊ុន សែន ឲ្យ​គាត់​ដឹង​ផង សម្បត្តិ​របស់​រដ្ឋ លក់​ខ្ទេចខ្ទី​អស់​ហើយ។ ទុក​គ្រាន់​ចិញ្ចឹម​ជីវភាព អ្នកក្រ រក​ត្រី លៀស ធ្វើ​អ៊ីចឹង​ដូច​អយុត្តិធម៌ »

បឹង​ថ្កាស់​មានផ្ទៃ​ដី​ប្រមាណ​ ៤០ហិកតារ​ ឋិត​ក្នុង​ភូមិ​តាំង​គោក​ ឃុំ​តាំងក្រាំង​ ស្រុក​បាធាយ​ខេត្ត​កំពង់ចាម​។ បឹង​នេះ​អតីត​ជា​ឡូត៍​នេសាទ​លេខ​ ១៦​ ក៏ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ របប​ក្រុងភ្នំពេញ​ បាន​ប្រកាស​រំសាយ​ឡូត៍​នេសាទ​នេះ​ និង​ផ្ដល់​លទ្ធភាព​ឲ្យ​ពលរដ្ឋ​ក្នុង​តំបន់​ នេសាទ​ត្រី​លក្ខណៈ​គ្រួសារ និង​ទាញ​ទឹក​ធ្វើ​កសិកម្ម​ជាដើម។

អាស៊ី​សេរី​បាន​ទាក់ទង​អភិបាលខេត្ត​កំពង់ចាម​ លោក​ អ៊ុន​ ចាន់​ដា​ និង​អ្នកនាំពាក្យ​ក្រសួង​ដែនដី​ លោក​ សេង​ ឡូត​ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី​១៥​ សីហា។

ចំណែក​មេឃុំ​តាំងក្រាំង​ លោក​ កុយ​ ណន​ ទទួលស្គាល់​ថា​ មានការ​បោះ​បង្គោល​រំលោភ​យក​ដី​បឹង​នេះ​ពិតមែន​ ហើយ​អាជ្ញាធរ​ឃុំ​ បាន​រាយការណ៍​ទៅ​មន្ទីរ​ធនធាន​ទឹក​ឲ្យ​ចុះ​ពិនិត្យ​រឿង​នេះ​ដែរ។ លោក​ថា កន្លងទៅ​មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹក​បាន​យក​គ្រឿងចក្រ​ កាយ​ក្រ​វ៉ាត់​បឹង​ ដើម្បី​ការពារ​មិន​ឲ្យ​មានការ​រំលោភ​ដី​បឹង​នេះ​ជា​បន្ត​ទៀត​។ លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​ពុំ​មានការ​រំលោភ​ដី​បឹង​នេះ​ទៀត​ទេ​៖ «គេ​យក​ដែរ​តែ​គេ​យក ដី​ដែល​គេ​អាស្រ័យ​ផល​រៀង​រាល់​ឆ្នាំ ដល់​ក្រសួង​ធនធាន​ទឹក​គេ​រក​ដំណោះ​ស្រាយ ស្រុក និង​ខេត្ត​ផង រហូត​ដល់​ធ្លាក់​គ្រឿងចក្រ​មក គេ​ឈូស​ឆាយ​ហ៊ុម​ព័ទ្ធ ដើម្បី​រក្សា​ទុក​ឲ្យ​ពលរដ្ឋ​អាស្រ័យ​ផល។ ក្រសួង​ធនធាន​ទឹក​ហ៊ុមព័ទ្ធ ហាម​ឃាត់​ហើយ អត់​យក​បឹង​ទាំង​មូល​បាន​ទេ យក​តែ​ខាងៗ ជាយៗ ទេ»

មន្ត្រី​ស៊ើបអង្កេត​សមាគម អាដហុក ខេត្ត​កំពង់ចាម​ លោក​ ឡេង​ សេង​ហាន​ ពន្យល់​ថា​ បឹង​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ ពុំ​មាន​បុគ្គល​ណា​មាន​សិទ្ធិ​ទិញ​លក់ដូរ​បាន​នោះ​ទេ​។ លោក​ថា​ ប្រសិនបើ​មានការ​ទិញ​លក់ដូរ​ ដី​បឹង​ និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ គឺជា​ទង្វើ​ខុសច្បាប់​ ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ និង​ដកហូត​ដី​ទាំងនោះ​មក​ជា​សម្បត្តិ​សាធារណៈ​វិញ៖ «ហ្នឹង​ប្រសិន​ជា​គេ​រក​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន អ្នក​ពាក់ព័ន្ធ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដែល​ឃុបឃិត​គ្នា​ចេញ​ប្លង់

ពាក់ព័ន្ធ​យក​ដី​បឹង និង​ដី​អូរ ជា​ទ្រព្យ​សាធារណៈ​អ្នក​ទាំង​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​តាម​ច្បាប់»

ច្បាប់​ភូមិបាល​ឆ្នាំ​ ២០០១​ មាត្រា​ ២៥៩​ និង​មាត្រា​ ២៦១​ ចែងថា​ ការ​ប៉ះពាល់​កម្មសិទ្ធិ​ នៃ​ទ្រព្យសម្បត្តិ​សាធារណៈ​ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥លាន​រៀល (.០០០.០០០) ដល់​ ៥០លាន​រៀល (៥០.០០០.០០០) និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ​ ។

មន្ត្រី​ ឬ​អាជ្ញាធរ​ ប្រើអំណាច​រំលោភ​ទ្រព្យ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ ១០លាន​រៀល (១០.០០០.០០០) ដល់ ២៥លាន​រៀល​ និង​ ត្រូវ​ទទួលទោស​រដ្ឋបាល​ថែមទៀត។ លើស​ពី​នេះ​ ការ​ក្លែងបន្លំ​ ការ​កសាង​ប័ណ្ណ​ដោយ​បំពាន​ ការ​កៀបសង្កត់​ ដើម្បី​បណ្ដេញ​ចេញ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦(ប្រាំមួយ) ខែ​ដល់ ២(ពីរ) ឆ្នាំ។ រីឯ​ អ្នកបញ្ជា​ ត្រូវ​ផ្ដន្ទាទោស​ដូច​គ្នា​នឹង​អ្នក​ប្រព្រឹត្ត​ផ្ទាល់​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល