តុលាការ​ខេត្ត​កោះកុង បដិសេធ​ចាត់​ការ​លើ​​បណ្ដឹង​របស់​​​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ​ប្ដឹង​​ក្រុមហ៊ុន​ចិន យូញៀន

ដោយ សេក បណ្ឌិត
2019-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលាដំបូង​ខេត្ត​កោះកុង
សាលាដំបូង​ខេត្ត​កោះកុង
Photo: RFA

តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង ​បដិសេធ​​ចំណាត់​ការ​​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​ម្នាក់ ប្ដឹង​ក្រុម​ហ៊ុន​ចិន យូញៀន ឌីវីឡុបមែន (Union Development Group) ដែល​ហៅ​កាត់ យូ.ឌី.ជី (UDG) ថា បាន​កាប់​បំផ្លាញ​​ផល​ដំណាំ និង​ដុត​ផ្ទះ​របស់​ពលរដ្ឋ លើ​ដី​មាន​ជម្លោះ​ កាល​ពី​​៩​ឆ្នាំ​មុន។ ព្រះ​រាជ​អាជ្ញា​ខេត្ត​កោះកុង មិន​បញ្ជាក់​ហេតុផល​មិន​ចាត់​ការ​ទេ តែ​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ឡើង​ឧទ្ធរណ៍។

ពលរដ្ឋ ​មាន​ជម្លោះ​ដីធ្លី ជាមួយ​ក្រុម​ហ៊ុន​ចិន យូញៀន ឬ យូ.ឌី.ជី (UDG) ប្រាប់​ថា ក្រុម​គ្រួសារ​មិន​សុខ​ចិត្ត​ នឹង​ការ​សម្រេច​របស់​តុលាការ​នេះ​ទេ ហើយ​កំពុង​រៀបចំ ដាក់​ពាក្យ​ប្ដឹង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍ ក្នុង​ករណី​ដែល​​​ក្រុមហ៊ុន បាន​រុះរើ​ផ្ទះ កាប់​បំផ្លាញ​ផល​ដំណាំ និង​ដុត​ផ្ទះ​ ពលរដ្ឋ​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹមត្រូវ។ ពលរដ្ឋ ​​ជា​ដើម​បណ្តឹង គឺ លោកស្រី ជូ លី វ័យ​៦៦​ឆ្នាំ ​ជា​​ភូមិ​ព្រែកខ្សាច់ ឃុំ​កោះស្ដេច ស្រុក​គិរី​សាគរ​។ លោកស្រី បាន​​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ជាង​១ឆ្នាំ​ហើយ គឺ​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៨ ហើយ​​​ពាក្យ​ប្ដឹង​ទើប​ត្រូវ​បាន​ជូន​ដំណឹង​ត្រលប់​មក​ដល់​ដៃ​ក្រុម​គ្រួសារ នៅ​ដើម​ខែ​ធ្នូ​នេះ ដោយ​តុលាការ​សម្រេច​តម្កល់​មិន​ចាត់​ការ។

កូនស្រី របស់​លោកស្រី ជូ លី គឺ លោកស្រី សាំ ពុយ ថា ក្រុម​គ្រួសារ​​លោកស្រី និង​អ្នក​​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន​ ខក​ចិត្ត​ចំពោះ​តុលាការ​​ខេត្ត​កោះកុង ក្នុង​ការ​មិន​ព្រម​បើក​ការ​ស៊ើប​អង្កេត​ រក​យុត្តិធម៌​ជូន​ពលរដ្ឋ។ លោកស្រី ប្រាប់​អាស៊ី​សេរី​​ពី​ក្នុង​អគារ​សាលា​ដំបូង​ខេត្ត​កោះកុង​ នៅ​ថ្ងៃ​ទី​២៣ ធ្នូ ថា ក្រុម​គ្រួសារ​កំពុង​រៀបចំ​ពាក្យ​ប្ដឹង​ឡើង​បន្ត​ទៅ​សាលា​ឧទ្ធរណ៍ ដោយ​ផ្ញើ​តាម​​តុលាការ​ខេត្ត​កោះកុង។ លោកស្រី ថា ការ​ដាក់​ពាក្យ​ប្ដឹង​ឡើង​ទៅ​ឧទ្ធរណ៍ គឺ​ទាមទារ​​ឲ្យ​ក្រុមហ៊ុន​ចិន យូញៀន សង​សំណង​ថ្លៃ​ការ​ខូច​ខាត​ពី​ការ​កាប់​បំផ្លាញ​ផល​ដំណាំ និង​ការ​រុះ​រើ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ចំនួន​២​ខ្នង លើ​ដី​មាន​ជម្លោះ​ជិត​៥​ហិកតារ កាល​ពី​ថ្ងៃ​ទី ០១ និង​ថ្ងៃ​ទី​០២ ឆ្នាំ​២០១១៖ «អត់​ឲ្យ​យើង​ចូល​ក្នុង​ដី​ហ្នឹង មិន​ឲ្យ​យើង​ចូល មិន​ឲ្យ​យើង​ទៅ​ធ្វើ​អ្វី​ គឺ​អត់​ហ្មង គឺ​គេ​ថា ដី​ហ្នឹង ជា​ដី​របស់​ក្រុមហ៊ុន។ ក្រុម​ហ៊ុន គេ​អាង​ អ៊ីចឹង»

ដើម​បណ្ដឹង​ប្ដឹង​ក្រុមហ៊ុន​ចិន យូញៀន គឺ លោកស្រី ជូ លី បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​០៦ មេសា ឆ្នាំ​២០១៨។ ក្នុង​ពាក្យ​បណ្ដឹង​នោះ បាន​រៀប​រាប់​ថា មេការ​ក្រុមហ៊ុន​ចិន បាន​ដឹកនាំ​កម្មករ ចុះ​ទៅ​កាប់​បំផ្លាញ​ផល​ដំណាំ មាន​ស្វាយ​ចន្ទី ប្រហែល​​ពីរ​​រយ (២០០)​ដើម ដើម​ដូង ចំនួន​ប្រាំ​រយ (៥០០)​ដើម និង​រុះ​រើ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ចំនួន​២​ខ្នង ​លើ​ដី​មាន​ជម្លោះ កាល​ពី​ឆ្នាំ​២០១១។ កាល​នោះ លោកស្រី ជូ លី មិន​អាច​​មាន​លទ្ធភាព​រារាំង​សកម្មភាព​កម្មករ​ក្រុមហ៊ុន​ចិន បាន​ឡើយ ហើយ​បាន​ទូរស័ព្ទ​​ប្ដឹង​ទៅ​អភិបាល​ស្រុក​គិរី​សាគរ លោក ឃឹម ចាន់​ឌី និង​អភិបាល​ខេត្ត​កោះកុង​នៅ​ពេល​នោះ គឺ​ លោក ប៊ុន លើត តែ​មិន​បាន​ទទួល​ការ​ជួយ​ដោះស្រាយ​ឡើយ។

ក្រោយ​មក​ លោកស្រី អះអាង​ថា បាន​ស្នើសុំ​ដំណោះស្រាយ​​នៅ​តាម​ស្ថាប័ន​រដ្ឋ និង​បាន​ដាក់​ពាក្យ​​ប្ដឹង​ទៅ​សាលា​ស្រុក​គិរី​សាគរ នៅ​ឆ្នាំ​២០១៤ តែ​គ្មាន​ដំណោះស្រាយ ទើប​លោកស្រី សម្រេច​ចិត្ត​ប្ដឹង​ទៅ​តុលាការ​នៅ​ឆ្នាំ​២០១៨។ លោកស្រី ជូ លី អះអាង​ថា បាន​រស់​នៅ​លើ​ដី​មាន​ជម្លោះ​នោះ តាំង​ពី​ឆ្នាំ​១៩៨០ មក​ ហើយ​មាន​ប្លង់​កម្មសិទ្ធិ ចេញ​ដោយ​ក្រសួង​ដែនដី ​ត្រឹមត្រូវ។ ប៉ុន្តែ​​ក្រោយ​​ពេល​រដ្ឋាភិបាល​សម្រេច​ប្រគល់​ដី​​ម្ដុំ​នោះ ឲ្យ​ក្រុមហ៊ុន​ចិន​យូញៀន អភិវឌ្ឍន៍​មក ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី លោកស្រី ដោយ​គ្មាន​សង​សំណង​អ្វី​ទាំង​អស់។

ជុំវិញ​ករណី​នេះ ​អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ព្រះ​រាជ​អាជ្ញា​រង​​​អម​សាលា​ដំបូង​ខេត្ត​ ​កោះកុង លោក អ៊ុន សុវណ្ណ​ធានី បាន​​ទេ នៅ​ថ្ងៃ​ទី ២៣ ធ្នូ ដោយសារ​ ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។ ប៉ុន្តែ​លោកស្រី សាំ ពុយ ដែល​បាន​ទៅ​ជួប​មន្ត្រី​តុលាការ​ ដើម្បី​ស្នើសុំ​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍ អះអាង​ថា មន្ត្រី​តុលាការ​បាន​ប្រាប់​លោកស្រី ថា ការ​តម្កល់​មិន​ចាត់​ការ​លើ​បណ្ដឹង​នេះ ដោយសារ​ ដី​​នៅ​តំបន់​នោះ ត្រូវ​បាន​រដ្ឋាភិបាល​​អនុញ្ញាត​ ឲ្យ​ក្រុមហ៊ុន​ចិន ទទួល​សិទ្ធិ​វិនិយោគ​ទៅ​ហើយ។

រដ្ឋាភិបាល ​បាន​ប្រគល់​​ដី​២​កន្លែង​នៅ​ខេត្ត​កោះកុង​ ​​ទំហំ​​៣​ម៉ឺន ​៦​ពាន់​ហិកតារ ឲ្យ​ទៅ​ក្រុមហ៊ុន​ចិន យូញៀន កាល​ពី​ឆ្នាំ​២០០៨ ក្រោម​ហេតុផល​ថា អភិវឌ្ឍន៍​ធ្វើជា​តំបន់​ទេសចរណ៍ និង​ពាណិជ្ជកម្ម ដែល​រួមមាន​ការសាងសង់​ព្រលាន​យន្តហោះ និង​ទីលាន​វាយកូនគោល ​ដែល​មាន​តម្លៃ​សរុប​ចំនួនប្រមាណ៥​ពាន់​​លាន​ដុល្លារ​​អាមេរិក​។

ទីតាំង​ដី​ទាំង​២​កន្លែង​នោះ នៅ​ម្ដុំ​មាត់​សមុទ្រ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ចំនួន​​៥ នៃ​ស្រុក​​​បទុម​សាគរ និង​គិរី​សាគរ។ នៅ​ឆ្នាំ​​២០១១ ​​រដ្ឋាភិបាល បាន​សម្រេច​ជួល​ដី​នៅ​ម្ដុំ​នោះ ឲ្យ​ក្រុមហ៊ុន​ចិន​យូញៀន បន្ថែម​ជាង​​​៩ ពាន់​ហិកតារ​ថែមទៀត​។ ការ​ផ្ដល់​ដី សម្បទាន​​ទាំង​អស់​នេះ ​បាន​ប៉ះពាល់​លើ​ដី​​​ពលរដ្ឋ​​ច្រើន​រយ​​គ្រួសារ ទាំង​អ្នក​មាន​ប្លង់​កម្មសិទ្ធិ និង​អ្នក​ពុំ​ទាន់​បាន​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ ហើយ​​ជាង​១០​ឆ្នាំ​មក​នេះ ពល​រដ្ឋ​ទាំង​នោះ ​មិន​ទាន់​ទទួល​បាន​សំណង ឬ​ដំណោះស្រាយ​ ពី​ផល​ប៉ះពាល់​ដី​​​ នៅ​ឡើយ​ទេ​​។

អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​កោះកុង លោក ហ៊ួរ អ៊ីន យល់​ថា តុលាការ​មិន​គួរ​​​តម្កល់​រឿង​​ឥត​ចាត់ការ​ លើ​ពាក្យ​ប្ដឹង​របស់​ពលរដ្ឋ​​បែប​នេះ​ឡើយ។ លោក​ថា ការ​តម្កល់​រឿង​ឥត​ចាត់​ការ​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ គ្មាន​ភាព​ជឿជាក់​លើ​តុលាការ និង​​បង្ហាញ​ថា ច្បាប់ ​គ្មាន​ផ្ដល់​​ភាព​យុត្តិធម៌​​ឲ្យ​ពលរដ្ឋ​តូច​តាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល