សហគមន៍​ជ្រោយ​ចង្វា​ថា ក្រុមហ៊ុន​បន្ត​ឈូស​រំលោភ​យក​ដីធ្លី​ពួក​គាត់​បន្ថែម​ទៀត ខណៈ​ដំណោះ​ស្រាយ​មិន​ទាន់​មាន​នៅ​ឡើយ

ដោយ ហេង រស្មី
2019-12-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹក​ដី​ចាក់​បំពេញ​នៅ​តំបន់​ជ្រោយ​ចង្វា ដែល​សហគមន៍​ដីធ្លី​ថា ភាគី​ក្រុមហ៊ុន OCIC ប្រើ​គ្រឿង​ចក្រ​រំលោភ​បំពាន​យក​ដីធ្លី​ពួក​​គាត់ ដោយ​មិន​គិត​គូរ​ផ្ដល់​សំណង​ឡើយ។
រថយន្ត​ដឹក​ដី​ចាក់​បំពេញ​នៅ​តំបន់​ជ្រោយ​ចង្វា ដែល​សហគមន៍​ដីធ្លី​ថា ភាគី​ក្រុមហ៊ុន OCIC ប្រើ​គ្រឿង​ចក្រ​រំលោភ​បំពាន​យក​ដីធ្លី​ពួក​​គាត់ ដោយ​មិន​គិត​គូរ​ផ្ដល់​សំណង​ឡើយ។
រូប៖ សហគមន៍​ផ្ដល់​ឱ្យ

សហគមន៍​ដីធ្លី​នៅ​តំបន់​ជ្រោយ​ចង្វា​ថា ភាគី​ក្រុមហ៊ុន OCIC ប្រើ​គ្រឿង​ចក្រ​រំលោភ​បំពាន​យក​ដីធ្លី​ពួក​​គាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​គ្មាន​គិត​គូរ​ផ្ដល់​សំណង ឬ​ដោះស្រាយ​បញ្ចប់​បញ្ហា​នៅ​សេស​សល់​បាន​នៅ​ឡើយ។ អ្នក​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​ និង​សិទ្ធិ​មនុស្ស​ យល់​ថា សាលាក្រុង​ភ្នំពេញ ​និង​​ភាគី​ក្រុមហ៊ុន គឺ​ជា​អ្នក​ទទួល​ខុសត្រូវ​រួម​គ្នា ក្នុង​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​រ៉ាំរ៉ៃ​មួយ​នេះ បើ​មិន​ដូច្នោះ​ទេ ជម្លោះ​នេះ​នឹង​បន្ត​អូស​បន្លាយ​ត​ទៅ​ទៀត។

ពលរដ្ឋ​នៅ​តំបន់​ជ្រោយ​ចង្វា​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ OCIC នៅ​ថ្ងៃ​ទី២៤ ខែ​ធ្នូ​ ប្រាប់​​ថា ភាគី​ក្រុមហ៊ុន នៅ​តែ​ចិញ្ចឹម​ចិត្ត​តាម​រំលោភ​យក​ដីធ្លី​ពួកគាត់ ដោយ​ចាក់​គំនរ​ខ្សាច់​ខ្ពស់​ជាង​ដី​ពលរដ្ឋ​១​ម៉ែត្រ បម្រុង​ឈូស​លុប​ដីធ្លី​ពលរដ្ឋ ប៉ុន្តែ​សកម្មភាព​នេះ ត្រូវ​អាក់ខាន​ទៅ​វិញ ដោយ​សារ​ពលរដ្ឋ​ចុះ​ទប់​ស្កាត់​ទាន់​ពេល។ ពលរដ្ឋ​ថា គ្មាន​ឃើញ​អាជ្ញាធរ​ខណ្ឌ និង​ក្រុង​ចុះ​មក​ពិនិត្យ​បញ្ហា​នេះ​ទេ។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ភូមិ​កៀន​ឃ្លាំង​ សង្កាត់​ព្រែកលៀប ដែល​នៅ​មិន​ទាន់​ទទួល​សំណង លោកស្រី ហ៊ុល សាវឿន ឲ្យ​ដឹង​ថា កាល​ពី​មិន​ទាន់​មាន​ក្រុមហ៊ុន​ចូល​មក​អភិវឌ្ឍ​តំបន់​ជ្រោយ​ចង្វា ដីធ្លី​របស់​លោកស្រី មាន​ជាង​២​ពាន់​៣​រយ​ម៉ែត្រ​ការ៉េ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចាប់​តាំង​ពី​ពេល​ក្រុមហ៊ុន OCIC ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ពី​សាលា​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ២០១២ រហូត​មកដល់​ពេល​បច្ចុប្បន្ន​នេះ លោកស្រី​ថា ដីធ្លី​គាត់​នៅ​សល់​តែ ៨រយ​ម៉ែត្រ​ការ៉េ​ទេ ដោយ​សារ​ក្រុមហ៊ុន​បូម​ខ្សាច់ ហើយ​ឈូស​រំលោភ​យក។

លោកស្រី បន្ថែម​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ក្រុម​គ្រួសារ​គាត់​មិន​ហ៊ាន​ដើរ​ចោល​ផ្ទះ​សម្បែង​ទេ ដោយ​ខ្លាច​កម្មករ​ក្រុមហ៊ុន ប្រើ​គ្រឿង​ចក្រ​ឈូស​លុប​ខ្សាច់​រំលោភ​យក​ដី​បន្ថែម​ទៀត។ លោកស្រី បញ្ជាក់​ថា ភាគី​ក្រុមហ៊ុន ​នៅ​តែ​ប្រកាន់​ជំហរ​ដោះ​ស្រាយ​ប្រគល់​ដី​ឲ្យ​ពលរដ្ឋ ១០% បើ​លក់​ឲ្យ​ក្រុមហ៊ុន​ក្នុង​ម៉ែត្រ​ការ៉េ​តម្លៃ ១៥ដុល្លារ ប៉ុន្តែ​ប្រជាពលរដ្ឋ​ជាង ៧០គ្រួសារ មិន​ព្រម​ទទួល​ដំណោះ​ស្រាយ​បែប​នេះ​ទេ។

ពលរដ្ឋ​រូប​នេះ ស្នើ​សុំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ពន្លឿន​ដំណោះស្រាយ​នេះ​ជូន​ពលរដ្ឋ​ ក្រោយ​ពី​ពលរដ្ឋ​អស់​ជំនឿ​លើ​ចំណាត់​ការ​របស់​សាលា​រាជធានី​ភ្នំពេញ ជាច្រើន​ឆ្នាំ​មក​នេះ៖ «សូម​ឲ្យ​សម្ដេច​ជួយ​កូន​ចៅ ឲ្យ​រក​ដំណោះស្រាយ​ តើ​ត្រូវ​បាន​ប៉ុន្មាន​អី​ប៉ុន្មាន។ គ្មាន​ឲ្យ​ដំណោះស្រាយ​ គិត​តែ​ពី​ឈូស​ឆាយ​របស់​គ្នា។ ១០% នៅ​តែ ១០% គឺ​អត់​ឲ្យ​គ្នា​ឡើង​សោះ។ អ្នក​ដែល​ជា​ម្ចាស់​ដី​បាន​តែ ១០% ដដែលៗ។ អ៊ីចឹង! ខ្ញុំ​សូម​ឲ្យ​សម្ដេច​ជួយ​ប្រជាជន​ខាង​ជ្រោយ​ចង្វា​ ដែល​ក្រុមហ៊ុន OCIC រំលោភ​យក​រាល់​ថ្ងៃ ត្រៀម​យក​រាល់​ថ្ងៃ​ ពួក​ខ្ញុំ​មិន​ហ៊ាន​ទៅ​ណា​ទេ នៅ​តែ​យាម​ដី។ ២ពាន់ ៣រយ នៅ​សល់​អត់​ដល់​៨​រយ​ម៉ែត្រ​ការ៉េ​ផង។ ប៉ុន​ហ្នឹង​ហើយ​នៅ​ទន្ទ្រាន​យក​ទៀត»

ដំណោះ​ស្រាយ​ដែល​ពលរដ្ឋ ចង់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុន​រួម​គ្នា​ដោះស្រាយ​នោះ គឺ​ផ្អាក​រាល់​សកម្មភាព​របស់​ក្រុមហ៊ុន OCIC នៅ​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​ កាត់​ឆ្វៀល​ដី​លំនៅឋាន​ទាំង​អស់​ចេញ​ពី​គម្រោង​អភិវឌ្ឍ​ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ (ប្លង់​រឹង) ដោយ​មិន​គិត​ប្រវែង​​គម្លាត ១០០ម៉ែត្រ ឬ​ក្រៅ ១០០​ម៉ែត្រ​ពី​ផ្លូច​ជាតិ​លេខ 6A និង​ពី​ច្រាំង​ទន្លេ​សាប។

ក្រៅ​ពី​នេះ ពលរដ្ឋ​សុខ​ចិត្ត​​ប្រគល់​ដី​៥០% ជូន​សាលា​ក្រុង​ភ្នំពេញ​និង​ក្រុមហ៊ុន​អភិវឌ្ឍ ហើយ​ដី ៥០% ដែល​នៅ​សល់​ ស្នើ​សុំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ម្ចាស់​ដី ឬ​ក្រុមហ៊ុន​អាច​ទិញ​តាម​តម្លៃ​ទីផ្សារ​សម្រាប់​ដី​ទាំង​មូល។

អាស៊ី​សេរី​មិន​អាច​សុំ​បកស្រាយ​រឿង​នេះ ពី​លោក សុខ បញ្ញា ដែល​ជា​តំណាង​ក្រុមហ៊ុន OCIC របស់​លោក ពុង ខៀវ​សែ និង​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី២៤ ធ្នូ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។

មន្ត្រី​​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា​មាន​តែ​ភាគី​ក្រុមហ៊ុន​ និង​សាលា​ក្រុង​ភ្នំពេញ​ទេ ទើប​អាច​ដោះស្រាយ​វិវាទ​ដីធ្លី​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​ជ្រោយ​ចង្វា ប្រសិន​បើ​ភាគី​ទាំង​ពីរ​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ចប់​បញ្ហា៖ «ប្រជាពលរដ្ឋ​ឥឡូវ​ហ្នឹង គាត់​ថា គាត់​ហ៊ាន​លះបង់ ៥០% ហើយ​ឲ្យ​គាត់​តែ ១០%។ អ៊ីចឹង​យើង​សរុប​សេចក្ដី​មក ឃើញ​ថា​ប្រជាពលរដ្ឋ គាត់​ជា​អ្នក​រងគ្រោះ តែង​ចាញ់​រហូត​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​បើ​សិន​ជា​ក្រុមហ៊ុន និង​អាជ្ញាធរ​ យក​ចិត្ត​ទុក​ដាក់។ ដូច​ខ្ញុំ​បាន​លើក​ឡើង​ជាច្រើន​ដង​ហើយ​ មិន​មែន​ផ្ដោត​តែ​លើ​អាជ្ញាធរ​ទេ ជា​ពិសេស​ក្រុមហ៊ុន​ហ្នឹង ត្រូវ​មាន​មាន​តួនាទី ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​គោរព​ ក្នុង​ការ​ដោះស្រាយ​កន្លែង​ហ្នឹង។ បើ​យោង​ទៅ​តាម​គោលការណ៍​អង្គការ​សហប្រជាជាតិ​អំពី​ធុរកិច្ច និង​សិទ្ធិមនុស្ស»

កាល​ពី​ឆ្នាំ​២០១២ ក្រុម​ហ៊ុន​ OCIC​ របស់​លោក​ឧកញ៉ា ពុង ខៀវសែ ទទួល​បាន​សិទ្ធិ​វិនិយោគ ៩៩ឆ្នាំ ​អភិវឌ្ឍ​ក្រុង​រណប​ជ្រោយ​ចង្វា ក្នុង​ទឹក​ប្រាក់​ប្រមាណ ១ពាន់ ៦រយ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក លើ​ទំហំ​ដី ៣៨៧​ហិកតារ។ គម្រោង​អភិវឌ្ឍន៍​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ទីក្រុង​ភ្នំពេញ​ ជាប់​ច្រាំង​ទន្លេ​សាប​​ខាងកើត​ឆៀង​ខាង​ឆ្វេង​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន​ និង​ស្ពាន​មិត្ត​ភាព​កម្ពុជា-ចិន។

អ្នក​ជ្រោយ​ចង្វា អះអាង​ថា ភាគី​​ក្រុមហ៊ុន ​នៅ​តែ​បន្ត​ការ​ឈូស​ឆាយ​ដីធ្លី​ពលរដ្ឋ និង​សាង​សង់ ផ្ទះ​ល្វែង ​ភោជនីយដ្ឋាន ​រហូត​មក​ដល់​ពេល​នេះ ​ដោយ​គ្មាន​ការ​ផ្អាក​មួយ​ថ្ងៃ​ណា​ឡើយ។ ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ជ្រោយ​ចង្វា ទទូច​ស្នើសុំ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ឲ្យ​ពួក​គាត់ ដែល​ភាគ​ច្រើន​ជា​មន្ត្រី​រាជការ​ធ្វើ​ការ​ មាន​នគរបាល ទាហាន និង​គ្រូ​បង្រៀន​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល