អ្នក​បុរី​កីឡា ១៤​គ្រួសារ​បន្ត​រស់នៅ​ក្នុង​អគារ​ចាស់​ទោះ​​ដល់ពេល​អាជ្ញាធរ​វាយ​កម្ទេច​ចោល

ដោយ វ៉ែន សុមេធ
2019-08-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
ក្រុម​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​បុរីកីឡា ដែល​មាន​ជម្លោះ​ដីធ្លី តវ៉ា​នៅ​មុខ​ផ្ទះ​វីឡា​របស់​អ្នកស្រី ស៊ុយ សុផាន ម្ចាស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo provided

នៅ​សល់​តែ ១​ថ្ងៃ​ទៀត​ទេ ដល់​ឱសានវាទ​របស់​សាលា​រាជធានី​ភ្នំពេញ នឹង​ប្រើ​វិធានការ​រដ្ឋបាល វាយកម្ទេច​ចោល​អគារ​ចាស់​របស់​បុរី​កីឡា​។ អ្នក​បុរី​កីឡា ១៤​គ្រួសារ​ដែល​រស់នៅ​ត្រាំត្រែង​ក្នុង​អគារ​ចាស់​នោះ ប្ដេជ្ញា​ថា ពួកគាត់​នឹង​មិន​ចាកចេញ​ទៅ​ណា​ឡើយ បើ​អាជ្ញាធរ​មិន​ផ្ដល់​ដំណោះស្រាយ ជា​ផ្ទះ​នៅ​អគារ​បុរី​កីឡា​ថ្មី ឬ​កញ្ចប់​ថវិកា​ណាមួយ ដែល​អាច​ទិញ​ផ្ទះ​នៅ​ក្នុង​ទីក្រុង​បាន។

សមត្ថកិច្ច​ស្លៀកពាក់​ស៊ីវិល​ជាច្រើន​នាក់​ទៅ​ឃ្លាំមើល សកម្មភាព​ជួបជុំគ្នា​របស់​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​មកពី​សហគមន៍​មួយ​ចំនួន នៅ​អគារ​បុរី​កីឡា​ចាស់ នៅ​ថ្ងៃ​ទី​២៩ សីហា ក្រោយពី​សាលា​រាជធានី​ភ្នំពេញ ចេញ​ឱសានវាទ តម្រូវ​អ្នក​បុរី​កីឡា ១៤​គ្រួសារ ឱ្យ​ទទួលយក​ផ្ទះ​មួយ​ខ្នង​នៅ​ភូមិ​អណ្ដូង ជា​ថ្នូរ​នឹង​ការ​ចេញពី​អគារ​ចាស់ ត្រឹម​ដំណាច់​ខែ​សីហា​នេះ។

តំណាង​អ្នក​បុរី​កីឡា លោកស្រី ស ស៊ន ឱ្យ​ដឹង​ថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ដែល​នៅ​ប្រចាំ​ក្បែរ​អគារ​ចាស់​ប្រាប់​​ថា នៅ​ថ្ងៃ​ទី​៣០ សីហា​ស្អែក​នេះ អាជ្ញាធរ​នឹង​ប្រើប្រាស់​គ្រឿងចក្រ​វាយកម្ទេច​ចោល​អគារ​នោះ​ហើយ​។ លោកស្រី លើកឡើងថា ពួកគាត់​ដែល​ភាគច្រើន​ជា​ស្ត្រី​វ័យ​ចំណាស់ និង​កុមារ មិន​ភ័យ​តក់ស្លុត​អ្វី​ឡើយ បើ​ទោះ​បី​ជា​ត្រូវ​រង​ការ​បណ្ដេញ​ចេញ​ជា​ថ្មី​ទៀត​ក៏ដោយ៖ «ពួក​មីង​ថា​ប្រឈម​មុខ​នឹង​អាជ្ញាធរ។ ឱ្យ​ពួក​មីង​ដាក់​សំណើៗ មិនទាន់​ធ្លាក់​មក​ផង ហើយ​គាត់​មក​វាយ​ដូច​ប៉េអិម​ប្រាប់​មីង​ព្រឹក​មិញ​ថា ថ្ងៃ​ទី​៣០ គឺ​គេ​វាយ​ហើយ​។ ប៉ុន្តែ​មីង​អត់​ខ្វល់​ទេ វាយ​អី​វាយ​ទៅ​។ ប៉ុន្តែ​សំណើ​ឱ្យ​មីង​ដាក់ មិច​មិន​ដោះស្រាយ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣០​។ ដាក់​ទៅ​កប់​ចោល​អ៊ីចឹង​។ បើ​ប្រាកដ​ថា​វាយ​ថ្ងៃ​ទី​៣០ ត្រូវ​សំណើ​ហ្នឹង ធ្លាក់​ឱ្យ​ពួក​មីង​ថ្ងៃ​ទី​២៧ ២៨ ហៅ​ពួក​មីង​ទៅ​ដោះ​។ ត្រូវ​ឱ្យ​អ្វី គឺ​ត្រូវ​ដោះស្រាយ​គ្នា​នៅ​សាលាក្រុង​។ មីង​អត់​ខ្វល់​រឿង​វាយ​ទេ មីង​ខ្វល់​រឿង​មិន​ហៅ​មក​វាយ​។ វា​អត់​ត្រូវ​ដូច​ថ្ងៃ​ទី​៣ មករា អ៊ីចឹង​។ មិនបាន​ជូនដំណឹង​មក​ឈូស​ផ្ទះ ហើយ​ដល់​បាត់​អីវ៉ាន់​ទៅ ថា​មិន​ទទួលខុសត្រូវ​។ អ៊ីចឹង​! អាជ្ញាធរ​និង​ពួក​មីង ឥឡូវ​ដូច​ពិបាក​ទុកចិត្ត​ណាស់»

កាល​ពី​ថ្ងៃ​ទី​៥ សីហា អ្នក​បុរី​កីឡា​បាន​ទៅ​ដាក់​សំណើសុំ​គោលនយោបាយ​ពីសា​លា​រាជធានី​ភ្នំពេញ ផ្ដល់​ជា​ផ្ទះ​នៅ​ក្នុង​អគារ​បុរី​កីឡា​ថ្មី ឬ​ជា​កញ្ចប់​ថវិកា​ប្រមាណ ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​គ្រួសារ ដើម្បី​ឱ្យ​គាត់​អាច​ទិញ​ផ្ទះ​រស់នៅ​ទីក្រុង​បាន​។ គិត​មកដល់ពេលនេះ អ្នក​បុរី​កីឡា ១៤​គ្រួសារ នៅ​មិនទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​អាជ្ញាធរ​ក្រុងភ្នំពេញ​នោះ​ទេ ខណៈ​នៅសល់ ១​ថ្ងៃ​ទៀត ដល់ពេល​ដែល​អាជ្ញាធរ​តម្រូវ​ឱ្យ​អ្នក​បុរី​កីឡា​ចាក​ចេញពី​អគារ​ចាស់​នោះ។

កាល​ពី​ថ្ងៃ​ទី​១៥ សីហា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ចេញ​លិខិត​ជូនដំណឹង​មួយ អំពី​ការកំណត់​រយៈពេល​ចុងក្រោយ​នៃ​ការ​ទទួល​ដោះស្រាយ​គោលនយោបាយ ជូន​ពលរដ្ឋ​នៅ​សេសសល់​ក្នុង​តំបន់​បុរី​កីឡា​។ គិត​ចាប់ពី​ផ្សាយដំណឹង​នេះ​រហូតដល់​ដាច់​ខែ​សីហា​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ ស្នើ​អ្នក​បុរី​កីឡា ១៤​គ្រួសារ ដែល​មិនទាន់​ទទួលយក​គោលនយោបាយ សូម​ទៅ​ជួប​រដ្ឋបាល​ខណ្ឌ​៧​មករា ដើម្បី​ទទួលយក​គោលនយោបាយ​របស់​ខ្លួន​។ អាជ្ញាធរ​បញ្ជាក់​ថា ផុត​រយៈពេល​កំណត់​នេះ អាជ្ញាធរ​ក្រុងភ្នំពេញ នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​ផ្លូវច្បាប់ ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​ការខូចខាត​សម្ភារៈ​នានា និង​ការ​បាត់បង់​ផលប្រយោជន៍​របស់​ពល​រដ្ឋ​ឡើយ។

រាល់​ការពិភាក្សា​រក​ដំណោះស្រាយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល អ្នក​បុរី​កីឡា​ថា សាលា​រាជធានី​ភ្នំពេញ នៅតែ​ផ្ដល់​ដំណោះស្រាយ​ជា​ផ្ទះ​នៅ​ភូមិ​អណ្ដូង​ឱ្យ​ពួកគាត់​ដដែល ប៉ុន្តែ​ពួកគាត់​មិន​ទទួល​យក។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក មាន ចាន់យ៉ាដា បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​លោក​ចុច​ផ្ដាច់​វិញ​។ ប៉ុន្តែ​លោក ធ្លាប់​បាន​ប្រាប់​អាស៊ីសេរី កាលពី​កន្លង​មក​ថា ការ​ផ្ដល់​ផ្ទះ​នៅ​ភូមិ​អណ្ដូង ជា​គោលការណ៍​មនុស្សធម៌ ដើម្បី​ជួយ​ពលរដ្ឋ​ឱ្យ​មាន​លំនៅឋាន​ត្រឹមត្រូវ​។ អភិបាល​រង​ក្រុង​រូប​នេះ បញ្ជាក់​ថា ខាង​រដ្ឋបាល​មិន​មាន​គោលនយោបាយ ឬ​លទ្ធភាព​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​នៅ​បុរី​កីឡា ជា​ទឹកប្រាក់​រាប់​ម៉ឺន​ដុល្លារ​ដូចដែល​ពលរដ្ឋ​ស្នើសុំ​នោះ​ទេ។

អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ដែល​តាម​ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​បុរី​កីឡា​នេះ ឱ្យ​ដឹង​ថា ខាង​សង្គម​ស៊ីវិល​បាន​ស្នើ​សុំ​ដល់​សាលា​រាជធានី​ភ្នំពេញ ពិនិត្យ​និង​ផ្ដល់​ដោះស្រាយ​ដល់​អ្នក​បុរី​កីឡា​ដែល​ទទួល​យក​បាន ដោយ​សន្តិវិធី ជៀស​ការ​ប្រើ​ហិង្សា​បណ្ដេញ​ពលរដ្ឋ​ដូច​ពេល​កន្លង​មក៖ «អង្គការ​សង្គម​ស៊ីវិល​យើង គឺ​យើង​តែ​ឃ្លាំ​មើល​ថា តើ​ការអនុវត្ត​របស់​អាជ្ញាធរ​ហ្នឹង​មាន​លក្ខណៈ​សមស្រប​ទៅ​ច្បាប់​ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ ស្ដី​អំពី​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅឋាន ដែល​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​កន្លង​មក។ អ៊ីចឹង​! យើង​មានតែ​សំណូមពរ ហើយ​នឹង​អំពាវនាវ​ដល់​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ពិនិត្យមើល​សារ​ឡើងវិញ ហើយ​ទម្លាក់​ចោល​នូវ​ការអនុវត្ត​វិធានការ​រដ្ឋបាល ហើយ​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​វិញ​។ នេះ​ជា​ការ​ប្រសើរ​ជាង»

តំបន់​បុរី​កីឡា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​កន្លែង​ដ៏​ចម្រូងចម្រាស​មួយ ក្រោយពី​មានការ​ប្រើ​អំពើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច​ខណ្ឌ ៧​មករា ទៅលើ​អ្នក​បុរី​កីឡា ក្នុង​ជម្លោះដីធ្លី អស់​រយៈពេល​ជាង ៧​ឆ្នាំ​កន្លង​មក​ហើយ​។ អ្នក​បុរី​កីឡា​មួយ​ចំនួន ត្រូវ​សមត្ថកិច្ច​វាយ​ធ្វើបាប ហើយ​ផ្ទះសម្បែង​របស់​ពួកគាត់ ត្រូវ​ក្រុមហ៊ុន​របស់​អ្នកស្រី ស៊ុយ សុផាន ប្រើប្រាស់​គ្រឿងចក្រ​ឈូស​ឆាយ​កម្ទេច ដោយ​បង្ខំ​ឱ្យ​ទទួលយក​សំណង​ទៅ​រស់នៅ​ជាយក្រុង​ភ្នំពេញ ដើម្បី​យក​ដី​នៅ​ចំ​កណ្ដាល​ក្រុងភ្នំពេញ ធ្វើការ​អភិវឌ្ឍ ។ អ្នក​បុរី​កីឡា​អះអាង​ថា ការ​អភិវឌ្ឍ​នេះ បង្ក​ឱ្យ​គ្រួសារ​ភាគច្រើន ត្រូវ​ធ្លាក់ខ្លួន​ក្រលំបាក បាត់បង់​មុខរបរ​ចិញ្ចឹមជីវិត និង​ក្មេងៗ​បាត់បង់​ការសិក្សា។

កាលពី​ឆ្នាំ​២០០៣ ដី​បុរី​កីឡា ដែល​មាន​ទំហំ​ជាង ១៤​ហិកតារ (១៤,១២​ហិកតារ​) ស្ថិតនៅ​សង្កាត់​វាលវង់ ខណ្ឌ ៧ មករា ត្រូវ​បាន​រដ្ឋាភិបាល​ធ្វើ​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច ដើម្បី​សាងសង់​អគារ​ពាណិជ្ជកម្ម និង​សង់​អគារ​ចំនួន ១០​អគារ លើ​ផ្ទៃដី​ទំហំ ២​ហិកតារ ដើម្បី​សង់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​បុរី​កីឡា ជិត ២​ពាន់ គ្រួសារ (.៧៧៦)​។ ការ​សង់​អគារ​ចំនួន ១០​អគារ​នេះ គឺ​ដើម្បី​ដូរ​យក​ដី​ជាង ១២​ហិកតារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​បុរី​កីឡា​របស់​ក្រុមហ៊ុន ផានអ៊ីម៉ិច។

ប៉ុន្តែ ផ្ទៃដី​នៅ​បុរីកីឡា ដែល​បណ្ដេញ​ពលរដ្ឋ​ចេញ​ដោយ​បង្ខំ​កាលពី​ឆ្នាំ​២០១២ ត្រូវ​ជំនួស​មក​វិញ ជា​អគារ​ពាណិជ្ជកម្ម​អន្តរជាតិ កម្ពស់​៣៣​ជាន់ ឈ្មោះថា CEO KT Pacific តាមរយៈ​ការ​អភិវឌ្ឍ​រួមគ្នា​រវាង​ក្រុមហ៊ុន​ចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និង​ក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)

ទោះបីជា​យ៉ាងណា អ្នក​បុរីកីឡា ១៤​គ្រួសារ ប្ដេជ្ញា​ថា នឹង​បន្ត​រស់នៅ​ក្នុង​អគារ​ចាស់​នេះ​ដដែល បើ​ទោះ​ជា​អាជ្ញាធរ​បង្ខំ​ឱ្យ​ពួកគេ​ចាកចេញ​ជាច្រើន​ដង ដើម្បី​យក​ដី​ប្រគល់​ឱ្យ​ក្រុមហ៊ុន​ចិន​ក៏ដោយ។

កាល​ពី​ពេល​ថ្មី​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​របាយការណ៍​មួយ​ដោយ​បាន​រក​ឃើញ​ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៨ ដល់ ខែ​មីនា ឆ្នាំ​២០១៩ មាន​មនុស្ស​ចំនួន ១៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន ១៥​នាក់​ត្រូវ​បាន​កោះហៅ ២១​នាក់​ត្រូវ​ឃុំខ្លួន ៤៥​នាក់​ត្រូវ​បាន​សាកសួរ និង ៥​នាក់ ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​ទំនាស់​ដីធ្លី​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល