អាជ្ញាធរ​ខណ្ឌ​ចម្ការ​មន នៅ​តែ​ប្រើ​ហិង្សា​ដាក់​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ខេត្ត​កោះកុង​ឈរ​តវ៉ា​មុខ​ក្រសួង​ដែនដី

ដោយ អាស៊ីសេរី
2019-08-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ប្រមាណ ១០០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង មក​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី នៅ​មុខ​ក្រសួង​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
ពលរដ្ឋ​ប្រមាណ ១០០នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង មក​ឈរ​តវ៉ា​រក​ដំណោះ​ស្រាយ​បញ្ហា​ដីធ្លី នៅ​មុខ​ក្រសួង​ដែន​ដី នៅ​ព្រឹក​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ២០១៩។
រូប៖ សហគមន៍

ក្រុម​សន្តិសុខ​ខណ្ឌ​ចម្ការ​មន​ជាច្រើន​នាក់ បន្ត​ប្រើ​ហិង្សា​ រុញ​ច្រាន​និង​វាយ​ដំ​អ្នក​កោះកុង​ប្រមាណ ​១​រយ​នាក់ ដែល​ឈរ​តវ៉ា​រក​ដំណោះស្រាយ​រឿង​ដីធ្លី​នៅ​មុខ​ក្រសួង​ដែនដី ថ្ងៃ​ទី​២២ ខែ​សីហា។

​ហេតុ​ការណ៍នេះ បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​នាក់ ​ភាគ​ច្រើន​ជា​ស្ត្រី​រង​របួស។ ក្នុង​នោះ​មាន​ស្រ្តី​ម្នាក់​ត្រូវ​បាន​សន្តិសុខវាយត្រូវ​ត្រង់​ភ្នែក​ ហើយ​មាន​ស្ត្រី​ម្នាក់ទៀត​ដួល​សន្លប់។ ក្រៅ​ពី​នេះ ​ក្រុម​សន្តិសុខ​ក៏​កញ្ឆក់​យក​ទូរស័ព្ទ​ដៃ​២​គ្រឿង​ពី​ពលរដ្ឋ ​បោក​ចោល​ទៅ​នឹង​ដី ខណៈ​ដែល​ពួក​គាត់​ឈរ​ថត​សកម្មភាព​ប្រតាយ​ប្រតប់​គ្នា។

តំណាង​ពលរដ្ឋ​ លោក ឆាន់ ឈឿន ថ្លែង​ថា​ ពួក​គាត់​ជា​ពលរដ្ឋ​ក្រីក្រ​បាត់​បង់​ដីស្រែ​ចម្ការ​ជាង១០​ឆ្នាំ​ដោយ​ឧកញ៉ា​រំលោភ​យក​ហើយ ថែមទាំង​រង​ការ​វាយ​ធ្វើ​បាប​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ថែម​ទៀត នៅ​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​ម្ដង​ៗ។

តំណាង​ពលរដ្ឋ​រូប​នេះ ចាត់​ទុក​ការ​ប្រើ​ហិង្សា​ដាក់​ពួកគាត់​នេះ ថា​ជា​ទង្វើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​មិន​ព្រម​អើពើ​ដោះស្រាយ​ពី​ខាង​ក្រសួង​ គឺ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពលរដ្ឋ​ជិត​២០០​គ្រួសារ​ នៅ​ស្រុក​ស្រែ​អំបិល ខេត្ត​កោះកុង។

ការ​ព្រងើយ​កន្តើយ​មិន​គិតគូរ​ផ្ដល់​ដំណោះស្រាយ​ឲ្យ​អ្នក​ស្រុក​ស្រែអំបិល ជិត​២០០​គ្រួសារ នេះ ​ក្រោយ​ពី​​ក្រសួង​ដែនដី បដិសេធ​សំណើ​ពលរដ្ឋ​ ដោយ​លើក​ឡើង​ថា ពលរដ្ឋ​១៩៧គ្រួសារ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិវាទ​ដី​សម្បទាន​ដាំ​ដំណាំ​អំពៅ​ផលិត​ស្ករ​ស​នាំចេញ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កោះកុង​ទេ។ រីឯ​អាជ្ញាធរ​ខេត្ត​កោះកុង​ បញ្ជាក់​ថា ទី​តាំង​ដែល​ពលរដ្ឋ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ជាង​៤​រយ​ហិកតារ​ គឺ​ស្ថិត​លើ​ដី​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​រួច​ហើយ​ របស់​ក្រុមហ៊ុន ហេង ហ៊ុយ។

ក្រុម​អង្គ​សង្គម​ស៊ីវិល​ដែល​តាម​វិវាទ​នេះ ស្នើ​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​ដែនដី លោក​ ជា សុផារ៉ា ចាត់​ការងារ​ចុះ​ស្រាវជ្រាវ​ករណី​ឲ្យ​បាន​ច្បាស់​លាស់​សិន​ មុន​ចេញ​សេចក្ដី​សម្រេច ថា​មិន​ដោះស្រាយ​ឲ្យ​ពលរដ្ឋ។

គិត​មក​ដល់​ពេល​នេះ អ្នក​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ចេញ​តវ៉ា​រក​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី​អស់​ជាង​២​ខែ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​ដំណោះស្រាយ​នៅឡើយ ក្រៅ​តែ​ពី​ការ​សន្យា​ហើយ​នឹង​ការ​ប្រើ​ហិង្សា​ដាក់​ពួកគាត់។ ពួកគាត់​ នៅ​តែរក្សា​ជំហរ​តវ៉ានៅមុខ​ក្រសួង​ទៀត បើ​ទោះបី​ជា​ត្រូវ​រង​ការ​ធ្វើ​បាប​ពីខាង​អាជ្ញាធរ​ក៏​ដោយ៕

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល