សព​លោក នួន ជា ត្រូវ​​ក្រុម​​គ្រួសារ​យក​​ទៅ​​ធ្វើ​​បុណ្យ​​តាម​​ប្រពៃណី​​នៅ​​ខេត្ត​​ប៉ៃលិន

ដោយ សេក បណ្ឌិត
2019-08-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​បុណ្យ​សព​លោក នួន ជា នា​ស្រុក​កំណើត ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៩។
ពិធី​បុណ្យ​សព​លោក នួន ជា នា​ស្រុក​កំណើត ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី៥ ខែ​សីហា ឆ្នាំ​២០១៩។
Photo Provided

សព​លោក នួន ជា បង​ធំ​ទី​២ ​ក្នុង​សម័យ​ខ្មែរ​ក្រហម ត្រូវ​ក្រុម​គ្រួសារ​របស់​លោក តម្កល់​នៅ​វត្ត​ព្រំ​មរកត ស្ថិត​នៅ​ភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា នៅ​ថ្ងៃ​ទី៥ ខែ​សីហា​នេះ។

នៅ​ក្នុង​ពិធី​បុណ្យ​សព​លោក នួន ជា ក្រៅ​ពី​​សាច់​ញាតិ​នៃ​សព ដែល​ជា​អ្នក​រៀបចំ​ធ្វើ​ពិធី​នោះ ក៏​មាន​ប្រជា​ពលរដ្ឋ​អ្នក​ជិត​ខាង​ក្នុង​តំបន់​ជាមួយ​គ្នា​នេះ ចូលរួម និង​ជួយ​រៀបចំ​ទុក​ដាក់​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា។

សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន (កោះ​សន្តិភាព និង​ហ្វ្រែសញូ) បាន​បង្ហោះ​វិដេអូ​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​នៃ​ពិធីបុណ្យ​ដែល​ធ្វើ​នៅ​ក្នុង​បរិវេណ​វត្ត​ព្រំ​មរកត​នោះ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក ថ្ងៃ​ទី៥ ខែ​សីហា។

ព្រះ​តេជគុណ វ៉ែន ចាន់​សុ​ម៉ៃ ព្រះ​ចៅអធិការ​វត្ត​ព្រំ​គិរី​មរកត ឲ្យ​សារ​ព័ត៌មាន​ក្នុង​ស្រុក​ដឹង​ថា មូលហេតុ​ដែល​ក្រុម​គ្រួសារ​លោក នួន ជា សម្រេច​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​នេះ​ គឺ​ធ្វើ​តាម​បណ្ដាំ​របស់​លោក នួន ជា ដែល​ផ្តាំ​ឱ្យ​យក​សព​របស់​គាត់​​មក​បូជា​នៅ​​វត្ត​នេះ​ ព្រោះ​នៅ​វត្តមាន​លោក​បាន​ធ្វើ​បុណ្យ​ទាន​តាំង​ពី​ដើម​មក ។

សាលា​ក្តី​ខ្មែរ​ក្រហម បាន​សម្រេច​ប្រគល់​សព​លោក នួន ជា ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ក្រោយ​ពេល​បាន​ធ្វើ​នីតិវិធី​ចប់​សព្វ​គ្រប់ ហើយ​សព​លោក នួន ជា ត្រូវ​បាន​គេ​ដឹក​ចេញពី​មន្ទីរ​ពេទ្យ រុស្សី ឬ ហៅថា មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូវៀត នៅ​ម៉ោង​ជិត ៥ (:៤៧នាទី) ព្រឹក​ព្រលឹម​ថ្ងៃ​ទី៥ ខែ​សីហា។

ក្នុង​បទ​សម្ភាស​ជា​មួយ​អាស៊ី​សេរី​កាល​ពី​យប់​ទី៤ ខែ​សីហា អ្នកនាំពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម លោក នេត ភក្ត្រា ឲ្យ​ដឹង​ថា មុន​​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​នោះ គឺ​សហ​ព្រះរាជ​អាជ្ញា នៃ​សាលាក្ដី​ខ្មែរ​ក្រហម ត្រូវ​ធ្វើ​កោសល្យវិច័យ​ជា​មុន​សិន។

ទាក់ទងព័ត៌មាន​លំអិត​នៃ​ដំណើរ​ការ​ពិធី​បុណ្យ​សព​នេះ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​លោក នួន ជា ដែល​រួម​មាន ​ភរិយា កូនប្រុស-ស្រី លោក នួន ជា ព្រម​ទាំង​លោក​មេធាវី លីវ សុ​វណ្ណា ជា​សហ​មេធាវី​ជាតិ​ការពារ​ក្តី​ឲ្យ​លោក នួន ជា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ចំណែក​កូន​ប្រុស​លោក អៀង សារី លោក អៀង វុធ អតីត​អភិបាល​ខេត្ត​រង​ប៉ៃលិន ដែល​សព្វ​ថ្ងៃ​លោក​ជា​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា បើ​លោក​មាន​ពេល​ លោក​នឹង​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យ​សព​នេះ ប៉ុន្តែ​ពេល​នេះ​លោក​កំពុង​រវល់​បំពេញ​ការងារ៖ «ជា​ធម្មតា​បុណ្យ​សព​មិន​បាន​គេ​អញ្ជើញ​ទេ​តាម​ទំនៀមទម្លាប់​ខ្មែរ​យើង យើង​ជួយ​គ្នា​ជា​រឿង​ធម្មតា​ទេ មាន​ពេល ឬ​គ្មាន​ពេល​ចាំ​មើល​ការងារ​ចប់​សិន»

តាម​ចម្លើយ​សារភាព​នៅ​ក្នុង​សវនាការ​តុលាការ​នៃ​សាលា​ក្តី​ខ្មែរ​ក្រហម ក្នុង​សំណុំ​រឿង ០០២ កាល​ពី ខែ​ធ្នូ ឆ្នាំ២០១១ លោក នួន ជា បាន​រៀបរាប់​ថា លោក​មាន​បង​ប្អូន​ប្រាំ​បួន​នាក់ លោកជាកូនទី០៣ ក្នុង​គ្រួសារ​កសិករ ម្ដាយ​ជា​ខ្មែរ​សុទ្ធ ចំណែក​ឪពុក​ជា​ខ្មែរ​ជាប់​សែស្រឡាយ​ចិន៖ «ឪពុក​ម្ដាយ​ខ្ញុំ​គាត់​ក្រ​លំបាក​ដែរ គាត់​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ ឪពុក​ខ្ញុំ​គាត់​រកស៊ី​ខាត ម្ដាយ​ខ្ញុំ​រក​ទទួល​ទាន​កាត់​ដេរ​ខោ​អាវ ធ្វើ​នំ​លក់ ហើយ​ខ្ញុំ​ពេល​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃ​អាទិត្យ​អី ក៏​លក់​នំ​អ៊ីចឹង​ដែរ»

លោក នួន ជា ប្រធាន​រដ្ឋសភា​ប្រជាជន​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ និង​ជា​បង​ធំ​ទី២ បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ទី៤ ខែ​សីហា ក្នុង​វ័យ ៩៣ឆ្នាំ នៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី ក្រោយ​ឈឺ​រ៉ាំរ៉ៃ​ជា​ច្រើន​ឆ្នាំ។

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (...) ឬ​សាលាក្ដី​​ខ្មែរ​ក្រហម រក​ឃើញ​​ពិរុទ្ធភាព​របស់​ជន​ជាប់​ចោទ នួន ជា ក្នុង​សំណុំ​រឿង ០០២ ដែល​ចែក​ចេញ​ជា​ពីរ​វគ្គ ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍ និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ (Geneva) ដែល​បាន​ប្រព្រឹត្តិ​នៅ​លើ​ទឹក​ដី​កម្ពុជា ​ចន្លោះ​ពី​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃ​ទី៦ ខែ​មករា ឆ្នាំ១៩៧៩ ហើយ​វគ្គ​ទី១ បាន​បញ្ចប់​ជា​ស្ថាពរ​ទៅ​ហើយ ដែល​លោក​ត្រូវ​បាន​ផ្ដន្ទាទោស​ជាប់​គុក​អស់​មួយ​ជីវិត ប៉ុន្តែ​លោក​ទទួល​មរណភាព​នៅ​មុន​ពេល​ការ​កាត់​សេចក្ដី​វគ្គ​ទី២ មិន​ទាន់​បាន​បញ្ចប់​សព្វ​គ្រប់។

លោក នួន ជា តែង​ឆ្លើយ​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​ចោទ​ថា ឧក្រិដ្ឋកម្ម​​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​មិន​មែន​ជា​ជម្លោះ​រវៀង​ខ្មែរ និង​ខ្មែរ​ទេ ប៉ុន្តែ​ជា​ការ​​បង្គាប់​បញ្ជា និង​ដឹក​នាំ​ពី​វៀតណាម​ទាំង​អស់។ ប៉ុន្តែ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ លើក​ឡើង​ថា លោក នួន ជា តែងតែ​លាក់​បាំង​ការ​ពិត​ដោយ​លោក​ព្យាយាម​និយាយ​តែ​អ្វី​ដែល​គេ​បញ្ជា​ឲ្យ​ធ្វើ ប៉ុន្តែ​មិន​បាន​និយាយ​អ្វី​ដែល​បាន​លោក​ប្រព្រឹត្ត​ក្នុង​ការ​កាប់​សម្លាប់​ជីវិត​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​លោក​គ្រប់គ្រង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

Even though he goes to hell for his 100 lives, it still not enough what he has done to Khmer people.

Aug 05, 2019 06:41 PM

គេហទំព័រ​ទាំងមូល