សហ​ចៅក្រម​សាលា​ក្តី​ខ្មែរក្រហម​ខ្វែង​យោបល់​គ្នា​រឿង​កាត់ទោស​អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត

ដោយ មួង ណារ៉េត
2018-11-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​សង្ស័យ​ជា​អតីត​មេ​បញ្ជាការ​កង​នាវាចរណ៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក មាស មុត ដែល​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥។
ជន​សង្ស័យ​ជា​អតីត​មេ​បញ្ជាការ​កង​នាវាចរណ៍​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លោក មាស មុត ដែល​ត្រូវ​សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​កំបាំង​មុខ កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៥។
Photo courtesy of ECCC

សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ខ្វែង​យោបល់​គ្នា រឿង​កាត់ទោស ឬ​មិន​កាត់ទោស អតីត​កម្មាភិបាល​ខ្មែរក្រហម​លោក មាស មុត។ ការ​ខ្វែង​យោបល់​គ្នា​នេះ តម្រូវ​ឲ្យ​ខាង​ចៅក្រម​ខាង​ភាគី​ជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ ចំណែក​ឯ​ចៅក្រម​ខាង​ភាគី​អន្តរជាតិ ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដាច់ដោយឡែក ដោយមាន​សម្អាង​ហេតុ​រៀងៗ​ខ្លួន។

តើ​មូល​ហេតុអ្វី ដែល​នាំ​ឲ្យ​ចៅក្រម​ជាតិ និង​អន្តរជាតិ ខ្វែង​យោបល់គ្នា​បែបនេះ?

មូលហេតុ​នៃ​ការ​ខ្វែង​យោបល់​គ្នា រឿង​ត្រូវ ឬ​មិនត្រូវ​បញ្ជូន​លោក មាស មុត ទៅ​កាត់ទោស​នេះ ខាង​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្អាង​ថា​លោក មាស មុត មិន​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​ខ្មែរក្រហម​នេះ​ទេ។ មានន័យថា​លោក មាស មុត មិនមែន​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​បំផុត ចំពោះ​បទឧក្រិដ្ឋ​ដែល​កើតឡើង​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​នោះ​ឡើយ។

ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ យល់​ផ្សេង​ពី​នេះ ដោយ​លើក​ហេតុផល​ថា​លោក មាស មុត ពិតជា​ស្ថិត​ក្នុង​យុត្តាធិការ​បុគ្គល​របស់​សាលា​ក្តី​នេះ ដោយសារ​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ថា លោក មាស មុត ស្ថិត​ក្នុង​ចំណោម​ជន​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត ក្នុង​របប​ខ្មែរក្រហម។ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ បន្ត​ថា ភស្តុតាង​ទាំងនេះ គ្រប់គ្រាន់​ដើម្បី​ចោទប្រកាន់​លើ​លោក មាស មុត និង បញ្ជូន​ទៅ​កាត់ទោស ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​មនុស្សឃាត​គិតទុក​ជាមុន យោង​តាម​ច្បាប់​កម្ពុជា។

ដីកា​ដំណោះស្រាយ ដែល​ដាច់​ដាច់ដោយឡែក​ពី​គ្នា​នេះ គឺជា​សេចក្តី​សម្រេច​ចុងក្រោយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត នៅ​ពេល​បញ្ចប់​ដំណើរការ​ស៊ើបសួរ ដែល​អាច​ជា​ដីកា​លើកលែង​ការ​ចោទប្រកាន់ ឬ ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ សម្រេច​យក​ដីកា​លើកលែង​ការចោទប្រកាន់ ចំពោះ​លោក មាស មុត។ ប៉ុន្តែ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ សម្រេច​យក​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ។

ការ​ខ្វែង​យោបល់គ្នា​នេះ នឹង​ត្រូវ​សម្រេច​ដោយ​អង្គបុរេ​ជំនុំជម្រះ ដែល​ជា​ស្ថាប័ន​សាលាឧទ្ធរណ៍​មួយ ដើម្បី​ដោះស្រាយ​លើ​បណ្ដឹង​នេះ​។ ក្រោយ​សម្រេច​សេចក្តី​លើ​ការ​ខ្វែង​យោបល់គ្នា​រួច អង្គ​បុរេជំនុំជម្រះ នឹង​ចេញ​ដីកា​ដំណោះស្រាយ​មួយ​ដែរ ថា​តើ​បញ្ជូន ឬ​មិន​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំជម្រះ​បន្ត​ទៀត។

ការ​ខ្វែង​យោបល់គ្នា​លើ​ករណី​ជន​ត្រូវ​ចោទ មាស មុត នេះ គឺ​មាន​តាំងពី​នៅមុខ​សហ​ព្រះរាជអាជ្ញា​មក​ម្ល៉េះ​។ កាល​ពី​ថ្ងៃទី៣០ ខែ វិច្ឆិកា​ឆ្នាំ​២០១៧ សហ​ព្រះរាជអាជ្ញា​ជាតិ និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ក៏​យល់​ផ្ទុយគ្នា​ន​ក្នុង​រឿង​នេះ​ដែរ។ កាលណោះ សហ​ព្រះរាជអាជ្ញា​ជាតិ​ប្រកាន់​ជំហរ ថា​លោក មាស មុត មិន​ត្រូវ​យក​កាត់​សេចក្តី​នោះ​ឡើយ ព្រោះ​គាត់​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម។ សហ​ព្រះរាជា​អាជ្ញា​ជាតិ បញ្ជាក់​បន្ថែម​ថា ការ​បញ្ជូន​លោក មាស មុត ទៅ​ជំនុំជម្រះ នឹង​គ្មាន​ប្រយោជន៍​ផ្នែក​យុត្តិធម៌​នោះ​​ឡើយ។ ផ្ទុយទៅវិញ បើ​កាត់ទោស​គាត់ នឹង​នាំ​ឲ្យ​មាន​ភាព​រំជើបរំជួល ផ្នែក​នយោបាយ​ក្នុង​ប្រទេស និង​អាច​បណ្ដាល​ឲ្យ​មាន​ចលាចល សង្គម​ធ្ងន់ធ្ងរ ជាយថាហេតុ។

ប៉ុន្តែ ខាង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​វិញ យល់​ផ្ទុយ​ពី​សហ​ព្រះរាជអាជ្ញា​ជាតិ​ទាំងស្រុង ដោយ​អះអាង ថា​មាន​ភស្តុតាង​គ្រប់គ្រាន់ ដែល​បញ្ជាក់​បាន ថា​លោក មាស មុត គឺជា​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម និង​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត ចំពោះ​បទឧក្រិដ្ឋ ដែល​បាន​ប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម ព្រោះ​គាត់​មានអំណាច​ពេញដៃ ក្នុង​ឋានៈ​ជា​មេបញ្ជាការ​យោធា​ជាន់ខ្ពស់​មួយ​រូប។ សហ​ព្រះរាជា​អាជ្ញា​អន្តរជាតិ អះអាង​បន្ថែម ថា​ការបញ្ជូន​លោក មាស មុត ទៅ​កាត់ទោស នឹង​មិន​ប៉ះពាល់​ដល់ ការផ្សះផ្សា​ជាតិ ស្ថិរភាព សន្តិភាព និង​សន្តិសុខ​សង្គម​នោះ​ទេ។ ផ្ទុយទៅវិញ ការ​ជំនុំជម្រះ​លោក មាស មុត នឹង​ធ្វើ​ឲ្យ​សាធារណជន កើន​សេចក្ដី​ជឿ​ទុកចិត្ត លើ​ប្រព័ន្ធ​យុត្តិធម៌ និង​ជា​សារ​មួយ​បញ្ជាក់​ថា មេដឹកនាំ​ដែល​កាន់អំណាច មិន​អាច​គេចវេះ ជា​រៀង​រហូត ពី​ការទទួលខុសត្រូវ​ចំពោះ​បទឧក្រិដ្ឋ​ទាំងឡាយ ដែល​ខ្លួន​បាន​ប្រព្រឹត្ត ពេល​ខ្លួន​នៅ​មាន អំណាច​នោះ​ឡើយ។

ការសម្រេច​របស់​ភាគី​ជាតិ ក្នុង​ការ​មិន​បញ្ជូន​សំណុំរឿង​លោក មាស មុត ទៅ​ជំនុំជម្រះ ដោយ​សម្អាង​ថា​លោក មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់ ឬ​ជា​ជន​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​សម័យ​ខ្មែរក្រហម គឺ​ស្របគ្នា​ទៅ​នឹង​ជំហរ​របស់​របស់​លោក ហ៊ុន សែន ដែល​មិន​ចង់​ឲ្យ​មានការ​កាត់ក្ដី​បន្ថែម​លើស​ពី​សំណុំរឿង​០០១ និង០០២។

ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក ស ខេង ទើបតែ​ប្រកាស​ជំហរ​របប​នេះ​ជាថ្មី​ម្តង​ទៀត កាលពី​ថ្ងៃទី១៧ ខែ វិច្ឆិកា​កន្លងទៅ នេះ ថា​រឿង​កាត់​​ក្តី​នៅ​សាលា​ក្តី​ខ្មែរក្រហម ត្រូវ​បញ្ចប់​ត្រឹម​រឿង​ក្តី​លោក នួន ជា និង ខៀវ សំផន។ ថ្លែង​ក្នុង​ពិធី​ប្រកាស​តែងតាំង អភិបាលខេត្ត​ឧត្តរមានជ័យ កាលពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​នោះ លោក ស ខេង «សម្រាប់​មុខសញ្ញា​ដែល​នាំមក​កាត់ទោស​អត់​មាន​ទៀត​ទេ ពីព្រោះ​ថា​ការកំណត់​ជា​គោលនយោបាយ និង​គោលការណ៍​របស់​របប​នេះ គឺថា​អ្នកដឹកនាំ​ជាន់ខ្ពស់ និង​អ្នកទទួលខុសត្រូវ​ខ្ពស់​បំផុត​មុខសញ្ញា​ពីរ​ហ្នឹង ឥឡូវនេះ​បាន​ដំណើរការ​សព្វគ្រប់ ហើយ​មិន​មានអី​ទៀត​ទេ»

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​លោក នីកូឡាស់ គូមយាន (Nicholas koumjian) ចាត់​ទុក​ការ​ថ្លែង​របស់​លោក ស ខេង ថា​ជា​រឿង​មិន​សមរម្យ​ទាល់តែសោះ ព្រោះ​ការ​ថ្លែង​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង ទៅដល់​ដំណើរការ​ក្តី​នៅ​សាលា​ក្តី​នេះ ព្រោះ​តាមច្បាប់​របស់​សាលា​ក្តី គឺ​មានតែ​ចៅក្រម​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច ថា​ជន​ណាខ្លះ ដែល​ត្រូវ​យក​មក​ផ្ដន្ទាទោស ឬ មិន​ផ្ដន្ទាទោស​នោះ។

មន្ត្រី​នាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម​លោក នេត្រ ភក្ត្រា មិន​បកស្រាយ​អ្វី​ទៅ​សារ​របស់​លោក ស ខេង ទេ ប៉ុន្តែ អះអាង​ថា តុលាការ​នេះ​នឹង​នៅតែ​បន្ត​ដំណើរការ​ក្តី​ត​ទៅទៀត រហូត​ចប់​ចុង​ចប់​ដើម៖ «តុលាការ​ខ្មែរក្រហម យើង​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅលើ​ការ​កត់សម្គាល់​របស់​សម្ដេច​ក្រឡាហោម​នោះ​ទេ គ្រាន់តែ​បញ្ជាក់​ថា តុលាការ​នៅ​បន្ត​ដំណើរការ​ទៅទៀត ទៅលើ​សំណុំរឿង​ដែល​នៅ​សេសសល់»

ទោះជា​យ៉ាង​នេះ​ក្តី សាលា​ក្តី​ខ្មែរក្រហម រង​ការ​រិះគន់​ថា ប្រឡាក់ប្រឡូស​ទៅ​ដោយ​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ពី​របប​លោក ហ៊ុន សែន និង​ការប្រព្រឹត្តិ​អំពើពុករលួយ ដោយ​មន្ត្រី​រដ្ឋបាល​ខាង​ភាគី​ជាតិ ក្នុង​ការ​កាត់​ប្រាក់ខែ​បុគ្គលិក ជា​ថ្នូរ​នឹង​ការ​បាន​បន្ត​ការងារ​នៅ​ទី​នោះ​ជាដើម។ ប្រការ​ទាំងនេះ ធ្វើ​ឲ្យ​កេរដំណែល​សាលា​ក្តី​នេះ ប្រឡាក់​នូវ​ស្នាម​អវិជ្ជមាន​ជាច្រើន។

អតីត​ប្រធាន​ក្រុម​ស៊ើបអង្កេត នៃ​ការិយាល័យ​សហ​ព្រះរាជអាជ្ញា របស់​សាលា​ក្តី​ខ្មែរក្រហម និង​ជា​អ្នកនិពន្ធ​សៀវភៅ​អំពី​រឿងរ៉ាវ​ខ្មែរក្រហម​លោក បណ្ឌិត ក្រែក អិចជេសិន (Craig Etcheson) អះអាង​ថា សាលា​ក្តី​ខ្មែរក្រហម រង​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ ពី​របប​លោក ហ៊ុន សែន និង​កើតមាន​អំពើពុករលួយ​ជាច្រើន ដែល​ជា​កេរដំណែល​អាក្រក់​សម្រាប់​សាលា​ក្តី​នេះ។

លោក នេត្រ ភក្ត្រា មិន​បដិសេធ​អំពី​ចំណុច​អវិជ្ជមាន ដែល​កើត​មាននៅ​សាលា​ក្តី​ខ្មែរក្រហម​នេះ​ទេ ប៉ុន្តែ លោក​អះអាង​ថា រឿងអាស្រូវ​ទាំងអស់​នេះ ត្រូវ​បាន​ដោះស្រាយ​រួចទៅ​ហើយ និង​នៅ​ពេល​នេះ​សាលា​ក្តី ក៏​មាន​បន្សល់ទុក​នៅ​កេរដំណែល​ល្អ​ច្រើន​ដែរ៖ «អ្វី​ដែល​សំខាន់ គឺ​យើង​ផ្តោត​លើ​កេរដំណែល​ល្អៗ​របស់​តុលាការ ក្នុង​ការ​ពង្រឹង​នូវ​សមត្ថភាព​របស់​មន្ត្រី​នៅ​តុលាការ​។ ផ្តល់​នូវ​បទពិសោធន៍​ដល់​មន្ត្រី​តុលាការ​ថ្នាក់​ជាតិ។ មួយវិញទៀត គឺ​ការចូលរួម​ក្នុង​ការ​ស្វែងរក​ការពិត និង យុត្តិធម៌ និង​ការចងចាំ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​របប​នេះ​សាជាថ្មី»

សម្រាប់​អ្នកឃ្លាំមើល​ដំណើរការ​ជំនុំ​ជម្រះ​ក្តី នៃ​សាលា​ក្តី​ខ្មែរក្រហម​នេះ ការ​ខ្វែង​យោបល់គ្នា​នេះ គ្មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ។ អតីតមន្ត្រី​កម្មវិធី នៃ​អង្គការ​ផ្ដួចផ្ដើម​យុត្តិធម៌​នៅ​កម្ពុជា ដែល​ឃ្លាំមើល​ការ​កាត់ក្តី​នេះ តាំងពី​ឆ្នាំ​២០០៤ លោក ឡុង បញ្ញាវុធ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា នេះ​ជាសញ្ញាណ​បង្ហាញ ឲ្យ​ឃើញ​អំពី​ភាព​បរាជ័យ​នៃ​សាលា​ក្តី​ខ្មែរក្រហម ដោយសារតែ​ការ​ខ្វះ​ឆន្ទៈ​នយោបាយ​ពី​ភាគី​ជាតិ ក្នុង​ការ​សហការ​ស៊ើបអង្កេត លើ​សំណុំរឿង ០០៣ និង០០៤។

ទោះជា​យ៉ាង​នេះ​ក្តី លោក ឡុង បញ្ញាវុធ ស្តី​បន្ទោស​ខ្លាំង​ទៅ​ខាង​អង្គការសហប្រជាជាតិ​ទៅវិញ​ទេ ដែល​លោក​អះអាង​ថា ខកខាន មិនបាន​និយាយ​ការពិត ពាក់ព័ន្ធ​នឹង​ភាព​ខ្វះ​ឆន្ទៈ​នយោបាយ​ពី​ខាង​ភាគី​ជាតិ ក្នុង​ការ​ស៊ើបអង្កេត​សំណុំរឿង​បន្ថែម​ទាំងពីរ​នេះ។

រហូតមកដល់​ពេលនេះ សាលាក្ដី​ខ្មែរក្រហម​បើក​ដំណើរការ​កាត់ក្ដី​អស់​រយៈពេល​ជាង ១១​ឆ្នាំ​ហើយ និង​ចំណាយ​ថវិកា​អស់​ជាង ៣០០​លាន​ដុល្លារ​អាមេរិក។ ជា​លទ្ធផល សាលាក្ដី​នេះ​បាន​កាត់ទោស​ឲ្យ​អតីត មេ​គុក​ទួល​ស្លែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ក្នុង​សំណុំរឿង ០០១ ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។ អតីត​មេដឹកនាំ ជាន់ខ្ពស់ ខ្មែរក្រហម​ពីរ​រូប គឺ​លោក ខៀវ សំផន និង នួន ជា ក្នុង​សំណុំរឿង ០០២/០២ នេះ ក៏​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល