ចៅក្រម​អៀរឡង់​ត្រូវ​បាន​តែងតាំង​ជំនួស​ចៅក្រម​ប៉ូឡូញ ស្រប​ពេល​សាលា​ក្តី​ខ្មែរក្រហម​ជិត​បិទទ្វារ

ដោយ មួង ណារ៉េត
2019-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម បើក​សវនាការ​បន្ត​សួរ​ដេញដោល​សាក្សី​មួយ​រូប​ទាក់ទង​នឹង​រឿងរ៉ាវ​សម្លាប់​មនុស្ស​នៅ​មន្ទីរ​សន្តិសុខ​អូរកន្សែង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៦។
Photo Courtesy of ECCC

អង្គការ​សហប្រជាជាតិ និង​ព្រះមហាក្សត្រ បាន​តែងតាំង សហ​ចៅក្រម​អន្តរជាតិ ជនជាតិ​អៀរឡង់ (Irish) នៅ​សាលា​ក្ដី​ខ្មែរក្រហម កាលពី​ថ្ងៃ​ទី២ ខែ​សីហា ដើម្បី​ជំនួស​សហចៅក្រម​អន្តរជាតិ ជនជាតិ​ប៉ូឡូញ (Polish) ដែល​លាឈប់។ លោកស្រី​ចៅក្រម ម៉ូរីន ហាឌីងក្លាក (Maureen HARDING CLARK) ត្រូវ​បាន​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់​ប្រោស​ព្រះរាជទាន តែងតាំង ជា​ចៅក្រម​ពេញ​សិទ្ធិ នៅ​អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល នៃ​សាលា​ក្តី​ខ្មែរក្រហម ជំនួស​លោកស្រី​ចៅក្រម អានីស្កា ក្លូណូវិច្ឆកា មីឡាត (Agnieszka KLONOWIECKA-MILART ) ដែល​លា​ឈប់​ពីមុខ​តំណែង កាលពី​ចុង​ឆ្នាំ​២០១៨។

អង្គ​ជំនុំ​ជម្រះ​តុលាការ​កំពូល ដែល​ជម្រះ​ក្ដី​លើ​បណ្ដឹង​សារទុក្ខ មាន​ចៅក្រម​ពេញ​សិទ្ធិ​ប្រាំ​ពីរ​រូប គឺ​ចៅក្រម​ជាតិ​បួន​រូប និង​ចៅក្រម​អន្តរជាតិ​បី​រូប។

អង្គ​ជំនុំជម្រះ​សាលាដំបូង​ឯណោះ ក៏​ទទួល​ការ​តែង​សហ​ចៅក្រម​អន្តរជាតិ​ថ្មី​នេះ​ដែរ។ ចៅក្រម​ជនជាតិ​អាមេរិក លោក ម៉ាទីន ហ្គ្រែក ខារ៉ុបឃីន (Martin Greg KAROPKIN) ត្រូវ​បាន​តែងតាំង​ថ្មី នៅ​សាលា​ក្ដី​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​ទី២៥ កក្កដា ដើម្បី​ជំនួស​សហ​ចៅក្រម​អន្តរជាតិ ជនជាតិ​បារាំង លោក ហ្សង់ម៉ាក ឡាវែញ (Jean-Marc LAVERGNE) ដែល​លាឈប់​ពីមុខ​តំណែង កាល​ពី​ដើម​ឆ្នាំនេះ។

លោក ហ៊ុន សែន បាន​ដាក់​កំហិត​ឱ្យ​សាលា​ក្តី​ខ្មែរក្រហម បញ្ចប់​ការ​ជំនុំ​ជម្រះ​ក្ដី​ត្រឹម​សំណុំរឿង ០០២។ ជំហរ​បែបនេះ រង​ការ​រិះគន់​ថា របប​សព្វថ្ងៃ ជ្រៀតជ្រែក​ក្នុង​កិច្ចការ​តុលាការ។

ស្រប​ពេល​ដែល​មានការ​តែងតាំង​ចៅក្រម​ថ្មី នៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង និង​តុលាការ​កំពូល ចៅក្រម​អន្តរជាតិ​នៅ​ការិយាល័យ​ស៊ើបអង្កេត បាន​លាឈប់​ជា​បន្តបន្ទាប់។ សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ ដែល​ជា​ជនជាតិ​អង់គ្លេស​លោក ម៉ៃឃើល បូឡែនឌ័រ (Michael Bohlander) កាលពី​ចុង​ខែ​មិថុនា បាន​ប្រកាស​លាឈប់​ពីមុខ​តំណែង។ លោក​ថា ការ​បំពេញ​ការងារ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​មកនេះ ស្ថិត​ក្នុង​ស្ថានភាព​លំបាក​លំបិន។

លោក​គឺជា​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ទី៥ ហើយ​ដែល​បាន​លាឈប់​ពី​សាលា​ក្តី។ ចៅក្រម​អន្តរជាតិ​មុនៗ បាន​លាឈប់ ក្រោយ​មាន​ភាព​ចម្រូងចម្រាស និង​ខ្វែង​យោបល់​គ្នា​យ៉ាង​ខ្លាំង ជាមួយ​សហចៅក្រម​ជាតិ រឿង​ស៊ើបអង្កេត​អតីត​កម្មាភិបាល​ជាន់ខ្ពស់​ខ្មែរក្រហម​បន្ថែម​ទៀត ឱ្យ​លើស​ពី​សំណុំរឿង ០០១ និង ០០២ ដែល​អ្នកឃ្លាំមើល​ដំណើរការ​ក្តី​នៅ​សាលា​ក្តី​ខ្មែរក្រហម ថា​ដោយសារតែ​ការ​ជ្រែ​ត​ជ្រែក​ផ្នែក​នយោបាយ ពី​ខាង​របប​លោក ហ៊ុន សែន។ ចៅក្រម​អន្តរជាតិ ពិបាក​បំពេញការងារ​ឱ្យ​បាន​ពេញលេញ ព្រោះតែ​ខ្វះ​ភាព​សហការ​ពី​ភាគី​ជាតិ ក្នុង​ការ​ស៊ើបអង្កេត​ទាំងនេះ។

សំណុំរឿង ០០៣ ដែល​មាន​ជន​ត្រូវ​ចោទ​លោក មាស មុត និង សំណុំរឿង ០០៤ ដែល​មាន​ជន​ត្រូវ​ចោទ​លោក អោ អាន និង លោក យឹម ទិត្យ ក៏​រង​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ដោយសារតែ​ចៅក្រម​ជាតិ និង អន្តរជាតិ​ខ្វែង​យោបល់​គ្នា តាំង​ពី​ដើម​រៀងមក។

សព្វថ្ងៃ​សាលា​ក្តី​ខ្មែរក្រហម បាន​កាត់បន្ថយ​បុគ្គលិក​ជាច្រើន នៅ​គ្រប់​ផ្នែក​ដើម្បី​ត្រៀម​បិទទ្វារ។ មន្ត្រី​នាំពាក្យ​សាលា​ក្តី​ខ្មែរក្រហម លោក នេត្រ ភក្ត្រា បញ្ជាក់​ថា រឿង​ក្តី​ដែល​នៅ​សេសសល់​ទាំងនេះ ត្រូវការ​ពេល​យ៉ាងហោចណាស់ រហូតដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២០ ទើប​ដឹង​លទ្ធផល។ ទោះជា​យ៉ាង​នេះ​ក្តី លោក​អះអាង​ថា សាលា​ក្តី​នៅតែ​មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​បន្ត​ដំណើរ​ការ​កាត់​ក្តី​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល