សង្គម​ស៊ីវិល​ទទូច​ឱ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​​ពលរដ្ឋ​ម្នាក់​ស្លាប់​​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន

ដោយ សេក បណ្ឌិត
2020-01-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
(ឆ្វេង) លោក ទុយ ស្រស់ ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ២០១៩ ហើយ​ស្លាប់​នៅ​ទី១ ខែ​មករា ឆ្នាំ២០២០ និង​ខាង​ស្ដាំ គឺ​ប្រពន្ធ​លោក ទុយ ស្រស់ លើក​ដៃ​សំពះ​អំពាវនាវ​រក​យុត្តិធម៌​ពី​អាជ្ញាធរ។
(ឆ្វេង) លោក ទុយ ស្រស់ ដែល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​ឃុំ​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ២០១៩ ហើយ​ស្លាប់​នៅ​ទី១ ខែ​មករា ឆ្នាំ២០២០ និង​ខាង​ស្ដាំ គឺ​ប្រពន្ធ​លោក ទុយ ស្រស់ លើក​ដៃ​សំពះ​អំពាវនាវ​រក​យុត្តិធម៌​ពី​អាជ្ញាធរ។
រូប៖ ហ្វេសប៊ុក​យុវជន​អង្គការ​មាតា​ធម្មជាតិ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទទូច​ឱ្យ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ក្នុង​ករណី​តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ម្នាក់​ នៅ​ស្រុក​អូរជ្រៅ​ បាន​ស្លាប់​ក្នុង​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន​​ កាល​ពី​ថ្ងៃ​ទី​១​ មករា​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ការ​ស្លាប់​នេះ​​​មាន​ភាព​មិន​ប្រក្រតី ដោយ​​ជនរងគ្រោះ​មាន​ស្លាកស្នាម​នៅ​លើ​ដង​ខ្លួន។

តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​នៅ​ភូមិ​ជ្រៃ​ ឃុំ​សង្ហា ស្រុក​អូរជ្រៅ​ លោក​ ទុយ​ ស្រស់​ បាន​ស្លាប់ ក្រោយ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ចាប់​​​ខ្លួន និង​បញ្ជូន​ទៅ​ដាក់​ឃុំ​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ២០១៩។ កាល​ណោះ​សមត្ថកិច្ច​ចាប់​​មនុស្ស ២នាក់​យក​ទៅ​ឃុំ ដោយសារ​តែ​ពួក​គេ​លើក​គ្នា​តវ៉ា​នៅ​តំបន់​ដី​ទំនាស់​នៅ​ស្រុក​ស្វាយ​ចេក។ នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ ប្រជា​ពលរដ្ឋ​ប្រមាណ ១០០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលាខេត្ត​បន្ទាយមានជ័យ ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​តំណាង​របស់​ពួក​គាត់ និង​ទាមទារ​ឱ្យ​ដក​តំណែង​លោក អ៊ុំ រាត្រី ចេញ​ពី​អភិបាល​ខេត្ត។ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​តំណាង​អ្នក​តវ៉ា ៣នាក់​បន្ថែម​ទៀត យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អាដហុក ​(Adhoc) លោក សឹង សែន​ករុណា​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥​ មករា​ថា ការ​ស្លាប់​នេះ​មាន​មន្ទិល​សង្ស័យ ​ដែល​តុលាការ​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​។​ លោក​បន្ថែម​ថា ​ជនរងគ្រោះ​មាន​ស្លាកស្នាម​​ជា​ច្រើន​កន្លែង​នៅ​លើ​ដង​ខ្លួន ​ដែល​អាច​​កើត​​ឡើង​​ដោយ​ការ​បង្ក​ហិង្សា​ក្នុង​ពេល​ជន​រងគ្រោះ​ជាប់​ឃុំឃាំង៖ «បើក​ការ​ស៊ើបអង្កេត​មើល​តើ​ការ​ស្លាប់​ដូច​ការ​លើក​ឡើង​របស់​សមត្ថកិច្ច​ឬ​ក៏​មិន​មែន​ ព្រោះ​យើង​ឃើញ​ថា ហាក់​ដូច​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​សំណង​រដ្ឋប្បវេណី​វា​ហាក់​ដូចជា​ចម្លែក​ដែរ​ ប្រសិន​ជា​ជន​នោះ​គាត់​រង​គ្រោះ​ដោយ​ជំងឺ​ខ្លួន​គាត់ ឬ​គាំង​បេះ​ដូង​ខ្លួន​ហេតុ​អី​ត្រូវ​បាន​ការ​ទទួល​ខុស​ត្រូវ​ពី​អាជ្ញាធរ​ក្នុង​ការ​ជួយ​សង​ការ​ព្យាបាល​និង​ការ​ព្យាបាល​ជំងឺ​ចិត្ត​ទៅ​ដល់​ក្រុម​គ្រួសារ​ហ្នឹង»

បង​ប្រុស​បង្កើត​របស់​ជន​រងគ្រោះ​ លោក ទុយ អាត់ ប្រាប់​អាស៊ី​សេរី​ថា ​ការ​​ស្លាប់​នេះ​អាច​​បណ្ដាល​​មក​ពី​ការ​ធ្វើ​ទារុណកម្ម​ទៅ​លើ​ជន​រង​គ្រោះ ​នៅ​ពេល​សមត្ថកិច្ច​ឃុំ​ខ្លួន ពីព្រោះ​​លោក​ថា​ មាន​ស្នាម​ដាច់​សាច់​លើ​ដើម​ទ្រូង ស្នាម​ជាំ​ខ្មៅ​នៅ​លើ​ផ្ទៃ​មុខ​ និង​ភ្នែក​ ហើយ​មាន​ដាច់​រលាត់​នៅ​លើ​កដៃ​ទាំង​សង្ខាង​​ជា​ដើម។ លោក​បន្ត​ថា លោក ទុយ ស្រស់ ស្លាប់​នៅ​ទី១ មករា គឺ​ក្រោយ​ពេល​ជាប់​ឃុំ​បាន​ប្រហែល ៦ថ្ងៃ។ លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី៣ មករា​កន្លង​ទៅ​ អាជ្ញាធរ​ស្រុក​អូរជ្រៅ និង​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ផ្ដល់​ប្រាក់​​ទៅ​ឱ្យ​​ប្រពន្ធ​ជន​រង​គ្រោះ​ចំនួន ១០​លាន​រៀល ដើម្បី​ប្រើប្រាស់​និង​ធានា​ជួយ​ឱ្យ​កូន​របស់​អ្នក​ស្លាប់​បាន​រៀន​សូត្រ៖ «គេ​ប្រាប់​ខ្ញុំ​ថា​ គេ​មិន​ឱ្យ​មាន​បញ្ហា​អី​ទៀត​ទេ គេ​ធានា​គ្រប់គ្រង​គ្រួសារ​នៃ​សព​ហ្នឹង​ហើយ។ ដល់​ពេល​អីចឹង​ខ្ញុំ​ក៏​មិន​ដឹង​និយាយ​ថា​ម៉េច​ដែរ ក៏​សុខ​ចិត្ត​ឱ្យ​ប្អូន​ស្លាប់​ឥតអំពើ​ទៅ​ ព្រោះ​បើ​ខ្ញុំ​និយាយ​ទៅ​ក៏​មិន​កើត​ដែរ។ ក្នុង​ចិត្ត​ខ្ញុំ​វា​ឈឺ​ចាប់​ហើយ​ តែ​ខ្ញុំ​អត់​ដឹង​ធ្វើ​យ៉ាង​ណា​ទៅ​កើត​បើ​ខ្ញុំ​ក្រ​បែប​នេះ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា​ ថ្លែង​ថា​ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​បាន​​បញ្ជូន​ជន​រងគ្រោះ​ទៅ​​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ នៅ​ថ្ងៃ​ទី​៣១​ ធ្នូ​ គឺ​ក្រោយ​ពី​ចាប់​ឃុំ​ខ្លួន​ប្រមាណ ៥ថ្ងៃ។ លោក​បន្ត​ថា ការ​​​ឃុំ​ខ្លួន​នៅ​ទី​ទីបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​ថ្ងៃ​ ដោយសារ​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាន​ផ្ញើ​សមត្ថកិច្ច ដើម្បី​សាកសួរ​បន្ត មុន​នឹង​បញ្ជូន​ទៅ​ពន្ធនាគារ។ លោក​បន្ថែម​ថា​ ក្រោយ​ពី​ជន​រង​គ្រោះ​​ស្លាប់​បាន ២ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី៣ មករា ទើប​​សមត្ថកិច្ច​ដោះ​លែង​តំណាង​អ្នក​តវ៉ា​​ទាំង​អស់​​ឱ្យ​មាន​សេរីភាព​វិញ។

អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មេ​បញ្ជា​ការ​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​លោក បោន ប៊ិន ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី៥ ធ្នូ ដោយ​លោក​ទទួល​ទូរស័ព្ទ​ហើយ​ចុង​ផ្ដាច់​ទៅ​វិញ។

ចំណែក​ឯ​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ក៏​មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​បញ្ហា​នេះ​បាន​ដែរ នៅ​ថ្ងៃ​ទី​៥​ ធ្នូ ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

លោក សឹង សែន​ករុណា​ ថ្លែង​ថា​ សំណុំ​រឿង​នេះ​មិន​អាច​បញ្ចប់​ត្រឹម​ការ​ផ្ដល់​ប្រាក់​ ១០​លាន​រៀល​ទៅ​ឱ្យ​សាច់ញាតិ​ជន​រងគ្រោះ​បាន​ឡើយ​ គឺ​តុលាការ​ត្រូវ​ស្រាវជ្រាវ​ឱ្យ​បាន​ជាក់លាក់​ និង​​ត្រូវ​ចាប់​ជន​ល្មើស​ផ្ដន្ទាទោស​តាម​ច្បាប់​ ប្រសិន​បើ​រក​ពួកគេ​បាន​ប្រព្រឹត្ត​ខុស​ច្បាប់។ លោក​ថា​ ការ​ធ្វើ​បែប​បែប​នេះ​ ដើម្បី​រក​យុត្តិធម៌​ដល់​អ្នក​ស្លាប់​ផង​ និង​ដើម្បី​កុំ​ឱ្យ​ជន​ល្មើស​សម្លាប់​មនុស្ស​តាម​អំពើ​ចិត្ត​បន្ត​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល