អង្គការ​ជាតិ​និង​អន្តរជាតិ​ទាមទារ​ឱ្យ​តុលាការ​លើកលែង​បទ​ចោទ​ប្រឆាំង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ ជុន ច័ន្ទបុត្រ
2019-07-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ទាមទារ​ឱ្យ​តុលាការ​ក្រុងភ្នំពេញ​ទម្លាក់​ចោល​ចោទប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប​។ ការ​ទាមទារ​នេះ ស្រប​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើកសវនាការ​សំណុំរឿង​អ្នក​ទាំងពីរ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៦ កក្កដា។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​ចោទប្រកាន់​ដោយ​អយុត្តិធម៌ ក្នុង​សំណុំរឿង​ដែល​មាន​ចរិត​នយោបាយ។

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​២៤ កក្កដា​ថា បទ​ចោទ​បែប​ប្រឌិត​ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប ធ្វើ​ឡើង​ក្នុង​គោលដៅ​វាយប្រហារ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា។ លោក​បន្ត​ថា ទាំង​លោក ឈិន និង​លោក សុធារិន្ទ មិន​គួរ​ប្រឈម​នឹង​បទ​ចោទ​ក្លែងក្លាយ​រឿង​ធ្វើ​ចារកម្ម​នេះ​ឡើយ ហើយ​រាល់​ការ​រឹតត្បិត​ទាំងឡាយ​តាម​ផ្លូវ​ច្បាប់​លើ​ពួកគេ ត្រូវតែ​ត្រូវ​ទម្លាក់​ចោល​ទាំងអស់​។

មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​រូប​នេះ​ថ្លែង​ទៀត​ថា កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ឯក​បក្ស​ទៅ​ហើយ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​ចាត់​ទុក​អ្នកកាសែត​ជា​ចំណាប់ខ្មាំង ដើម្បី​ដាក់ទណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។ លោក​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បរទេស និង​ម្ចាស់​ជំនួយ ចាត់​ទុក​សេរីភាព​សារព័ត៌មាន​របស់​កម្ពុជា​ថា បាន​ស្លាប់​ដូចគ្នា​នឹង​លទ្ធិប្រជាធិបតេយ្យ​ដែរ ហើយ​ជំរុញ​របប​ក្រុងភ្នំពេញ ឱ្យ​ទម្លាក់​ចោល​ការចោទប្រកាន់​មិន​សម​ទំនង​នេះ​លើ​អ្នក​ទាំងពីរ។

ចំណែក អង្គការ​គណៈកម្មាធិការ​ការពារ​អ្នកកាសែត ហៅ​កាត់​ថា ស៊ីភីជេ (CPJ) វិញ ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដែល​មាន​ខ្លឹមសារ​ប្រហាក់ប្រហែល​គ្នា​នេះ​ដែរ គឺ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​បញ្ឈប់​ការប្រើប្រាស់​បទ​ចោទ​ប្រឆាំង​នឹង​រដ្ឋ​ដើម្បី​យាយី​អ្នកកាសែត​តទៅទៀត។

តំណាង​ជាន់ខ្ពស់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​នៃ​អង្គការ CPJ លោក សន គ្រីស្ពីន (Shawn Crispin) ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​គួរតែ​ទម្លាក់​ចោល​បទចោទប្រកាន់​ដ៏​ឆ្គាំឆ្គង​លើ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ​ជាបន្ទាន់​។ លោក​ថា ដរាបណា​កម្ពុជា​នៅតែ​ចាត់​ទុក​អ្នកកាសែត​ជា​ឧក្រិដ្ឋជន​នោះ កម្ពុជា​នឹង​នៅតែ​ជាប់​ឈ្មោះថា ជា​ប្រទេស​ដែល​បរាជ័យ​ក្នុង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​ទាំងនេះ គឺជា​សិទ្ធិ​យល់ឃើញ​របស់​ពួកគេ ប៉ុន្តែ​លោក​ថា នឹង​មិន​មាន​ឥទ្ធិពល​ដល់​ការសម្រេច​របស់​តុលាការ​កម្ពុជា​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា បើ​អង្គការ​ទាំងនោះ​ពិតជា​ចង់​ជួយ​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នេះ​មែន ពួកគេ​គួរតែ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្នក​ទាំងពីរ​វិញ​ល្អ​ជាង។ «»

អតីត​បុគ្គលិក​អាស៊ីសេរី លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​តុលាការ​របប​ក្រុង​ភ្នំពេញ​ចាប់ខ្លួន និង​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ដោយ​ទីមួយ​បទ​"​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​” និង​ទី​ពីរ​បទ​“​ផលិត​វីដេអូ​អាសអាភាស​” ។ អ្នក​ទាំងពីរ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ជាង ៩​ខែ មុននឹង​ត្រូវ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ដោយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។

ទោះបីជា​សាលាឧទ្ធរណ៍​អះអាង​ថា ពួក​លោក​លែង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ក៏ដោយ ក៏​អ្នក​ទាំងពីរ​មិន​ទាន់​មាន​សេរីភាព​ដើរហើរ និង​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​បាន​ដោយ​ពេញលេញ​នោះ​ដែរ ពីព្រោះ​តុលាការ​ក្រុងភ្នំពេញ​មិនបាន​ផ្ដល់​លិខិតឆ្លងដែន និង​វត្ថុ​ចាប់​យក​ដទៃ​ទៀត ឱ្យ​អ្នក​ទាំងពីរ​វិញ​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា អះអាង​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប​មិនបាន​ប្រព្រឹត្ត​កំហុស​ដូច​ការចោទប្រកាន់​នោះ​ឡើយ ដូច្នេះ​លោក​សង្ឃឹមថា តុលាការ​នឹង​លើកលែង​បទ​ប្រកាន់​ទាំងឡាយ​ប្រឆាំង​នឹង​អ្នក​ទាំងពីរ។ «»

សវនាការ​ជំនុំជម្រះ​រឿង​ក្តី​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ហើយ​តុលាការ​គ្រោង​ជម្រះ​រឿង​ក្តី​ទាំងពីរ​របស់​អតីត​បុគ្គលិក​អាស៊ីសេរី​នៅ​ថ្ងៃ​តែមួយ​តែម្ដង​។ សង្គម​ស៊ីវិល និង​អតីត​បុគ្គលិក​អាស៊ីសេរី​បារម្ភ​ថា សវនាការ​តែ​មួយព្រឹក​នេះ​នឹង​មិន​អាច​សួរ​ដេញ​ដោយ​បាន​គ្រប់​ជ្រុងជ្រោយ​ឡើយ ហើយ​អាច​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​រក​យុត្តិធម៌​ពិតប្រាកដ។

អង្គការសហប្រជាជាតិ​បាន​រក​ឃើញ​ថា អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ដកហូត​សិទ្ធិ​សេរីភាព​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ដោយ​បំពាន តាមរយៈ​ការ​ឃុំខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ អង្គការសហប្រជាជាតិ​បាន​ស្នើ​ឱ្យ​របប​ក្រុងភ្នំពេញ​ទម្លាក់​ចោល​បទចោទប្រកាន់​នេះ និង​ផ្ដល់​សិទ្ធិ​ឱ្យ​អ្នក​ទាំងពីរ​បាន​ទាមទារ​សំណង​វិញ។ អង្គការសហប្រជាជាតិ​ក៏បាន​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ​កែប្រែ​ក្រមព្រហ្មទណ្ឌ មាត្រា​៤៤៥ ដែល​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នោះ​ផង​ដែរ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល