អង្គការ​សិទ្ធិមនុស្ស​​អន្តរជាតិ​ទាម​​ទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះ​លែង​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត

ដោយ ហេង រស្មី
2019-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី នៃ​អង្គការ Human Rights Watch។
រូប៖ Screenshot AFP

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​​បក្ស​ប្រឆាំង​ម្នាក់​នៅ​ខេត្ត​កំពត​ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​រឿង​បំពាន​​សាលដីកា​តុលាការ​កំពូល។ ក្រសួង​យុត្តិធម៌​ថា ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​​នេះ ជា​ការ​អនុវត្ត​ច្បាប់។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់​ទុក​​ការ​​ចាប់​ខ្លួន​អតីត​មន្ត្រី​​បក្ស​ប្រឆាំង​ខេត្ត​កំពត លោក នុត ពេជ គឺ​ជា​ករណី​​នយោបាយ មិន​មែន​ជា​រឿង​អនុវត្ត​ច្បាប់​ឡើយ។ អង្គការ​អន្តរ​ជាតិ​មួយ​នេះ​ទាមទារ​ឱ្យ​​របប​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​​លោក នុត ពេជ និង​ដោះលែង​គាត់​ឱ្យ​​មាន​​សេរីភាព​​វិញ​​ដោយ​ឥត​​លក្ខខណ្ឌ។

នាយករង​ទទួល​បន្ទុក​កិច្ច​ការ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​កាល​ពី​ថ្ងៃ​ទី១៩ សីហា​ថា អាជ្ញាធរ​កម្ពុជា​បាន​បង្វិល​សាច់​រឿង ដើម្បី​ចោទ​ប្រកាន់​លោក នុត ពេជ ដែល​​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​ក្នុង​ការ​បញ្ចេញ​​មតិ​ និង​ការ​ជួប​ប្រជុំ។ លោក​ចាត់​ទុក​ថា នេះ​ជា​ទង្វើ​យាយី​គ្មាន​មូលដ្ឋាន​ប្រឆាំង​នឹង​អតីត​សមាជិក​គណបក្ស​ប្រឆាំង។

សមត្ថកិច្ច​ខេត្ត​កំពត​បាន​ចាប់​​ខ្លួន​ លោក នុត ពេជ ដែល​ជា​អនុប្រធាន​​ប្រតិបត្តិ​​​ និង​ជា​សមាជិក​ក្រុម​​ប្រឹក្សា​ជាប់​ឆ្នោត​ស្រុក​ឈូក​ខេត្ត​កំពត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ កាល​​ពី​​ថ្ងៃទី១៧  សីហា កន្លងទៅ។ តុលាការ​បាន​ចោទ​ប្រកាន់​លោក​ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍។

ដើម​ហេតុ​នៃ​ការ​ចោទប្រកាន់ និង​ចាប់​ខ្លួន​នេះ គឺ​ដោយសារ​​លោក នុត ពេជ បាន​ជួប​ជុំ​គ្នា​ហូប​នំ​បញ្ចុក​ជាមួយ​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដទៃ​ទៀត ដែល​របប​លោក ហ៊ុន សែន ចាត់​ទុក​ថា ជា​ទង្វើ​ប្រឆាំង​នឹង​សាលដីកា​តុលាការ​កំពូល។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ចំណាត់​ការ​លើ​សកម្មជន​បក្ស​ប្រឆាំង​នៅ​ខេត្ត​កំពត​នេះ​ គឺ​ជា​ការ​អនុវត្ត​ច្បាប់។ លោក​ប្រតិកម្ម​ថា សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មិន​​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ឡើយ៖ «ករណី​ Human Rights Watch ដែល​ចាត់​ទុក​ថា​ជា​រឿង​នយោបាយ​ វា​ជា​រឿង​ធម្មតា​ទេ។ ឱ្យ​តែ​ការ​អនុវត្ត​ច្បាប់​លើ​សកម្មជន​អតីត​បក្ស​ប្រឆាំង​ សកម្មជន​បក្ស​នយោបាយ គាត់​តែង​តែ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ ក៏​ប៉ុន្តែ​គាត់​អត់​ពិនិត្យ​មើល​លើ​ទិដ្ឋភាព​ច្បាប់ថា តើ​សកម្មភាព​ទាំងអស់​នោះ វា​ល្មើស​ទៅ​នឹង​ច្បាប់​ដែរ​ ឬមួយ​ក៏​​អត់​នោះ​ទេ។ សម្រាប់​សមត្ថកិច្ច​ នេះ​ជា​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់»

តុលាការ​ខេត្ត​កំពត​បាន​ចេញ​ដីកា​ចាប់​ខ្លួន លោក នុត ពេជ តាំងពី​ខែ​ឧសភា​មក​ម៉្លេះ ក៏​ប៉ុន្តែ​លោ​ក​បាន​រត់​គេច​ខ្លួន​មួយ​រយៈពេល។ ក្រោយ​មក​នៅ​ដើម​ខែ​សីហា​នេះ លោក​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​​បាន​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ដូច​ធម្មតា។ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ចាប់​ខ្លួន​លោក​ដល់​ក្នុង​ស្រែ​តែ​ម្ដង និង​បាន​នាំ​លោក​ទៅ​សួរ​ចម្លើយ​ទាំង ដែល​លោក​គ្មាន​ទ្រនាប់​ជើង​ពាក់ និង​មាន​ខោអាវ​ប្រឡាក់​សុទ្ធ​តែ​ភក់។ អ្នក​ការពារ​សិទ្ធិ​មនុស្ស​អះអាង​ថា នេះ​ជា​ទង្វើ​បំពាន​សិទ្ធិ​ជន​ជាប់​ចោទ​ធ្ងន់ធ្ងរ។

អង្គការ​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ទៀត​ថា ចំណាត់​ការ​លើ​លោក នុត ពេជ នេះ​ ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ ដ្បិត​សកម្មភាព​របស់​គាត់​គ្រាន់​តែ​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព ដែល​ធានា​ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ ហើយ​សកម្មភាព​នោះ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ដល់​បុគ្គល​ណា​ឡើយ។

ទោះ​ជា​យ៉ាង​ណា របប​លោក ហ៊ុន សែន នៅ​តែ​ដាក់​ចេញ​នូវ​វិធានការ​ក្តៅ​លើ​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ជានិច្ច។ ​គិត​ត្រឹម​ពេល​នេះ មាន​មន្ត្រី​មូលដ្ឋាន​បក្ស​ប្រឆាំង​ចំនួន ១៥នាក់​ហើយ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ស្រប​ពេល​​សកម្មជន​ជាង ១៤០នាក់​ផ្សេង​ទៀត ត្រូវ​បាន​កោះហៅ​មក​សាកសួរ​ជា​បន្ត​បន្ទាប់​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថា ពួកគេ​បាន​ធ្វើ​សកម្មភាព​​ប្រឆាំង​សាលដីកា​​តុលាការ​កំពូល។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នៃ​អង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កត់​សម្គាល់​ថា ការ​វាយ​បង្ក្រាប​ក្រុម​​គណបក្ស​ប្រឆាំង​ពី​សំណាក់​របប​លោក ហ៊ុន សែន មិន​បាន​បញ្ចប់​ត្រឹម​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ ប៉ុន្តែ​បាន​បន្ត​ក្នុង​​ស្ថានភាព​​កាន់​តែ​យ៉ាប់យ៉ឺន​មក​ដល់​សព្វ​ថ្ងៃ​នេះ។ លោក​បន្ថែម​​ថា ​ ​រដ្ឋាភិបាល​​បរទេស​ទាំង​ឡាយ​ត្រូវ​តែ​ទាម​​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ​ដោះ​លែង​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​សកម្មជន​ទាំងឡាយ​ដែល​ជាប់​ឃុំ​ដោយ​គ្មាន​ទោស​កំហុស​នោះ​វិញ ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល