HRW និង​ក្រុម​អ្នកសារព័ត៌មាន​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ចោល​សំណុំរឿង​អតីត​បុគ្គលិក​អាស៊ីសេរី

ដោយ ហេង រស្មី
2019-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៥។
Photo: RFA

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​សំណុំរឿង​របស់​អតីត​បុគ្គលិក​អាស៊ីសេរី និង​បញ្ឈប់​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​ពួកគេ។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ស្រប​ពេល​សាលាឧទ្ធរណ៍​គ្រោង​លើក​យក​បណ្ដឹង​ទាស់​របស់​អតីត​បុគ្គលិក​អាស៊ីសេរី ដែល​ទាមទារ​អោយ​បញ្ឈប់​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ទៅ​ជំនុំជម្រះ​នៅ​ថ្ងៃ​ទី​សុក្រ ទី​២១ មិថុនា ។

នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែង​ថា អតីត​បុគ្គលិក​អាស៊ីសេរី​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ជនរងគ្រោះ​នៃ​ការវាយប្រហារ​ដោយ​ឥត​ស្រាកស្រាន្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើ​អង្គភាព​ព័ត៌មាន ដែល​ហ៊ាន​ផ្សព្វផ្សាយ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល។ លោក​បន្ត​ថា តុលាការ​គ្មាន​មូលដ្ឋាន​អ្វី​សម្រាប់​ការចោទប្រកាន់​បែប​ឆ្កួត​លីលា ឬក៏​ការ​ដាក់​អ្នក​ទាំងពីរ​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​នោះ​ឡើយ​។ លោក​បន្ថែម​ថា តុលាការ​កម្ពុជា​ត្រូវតែ​បញ្ឈប់​ការ​ត្រួតពិនិត្យ និង​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងឡាយ​លើ​អ្នក​ទាំងពីរ។

លោក ប្រ៊ែដ អាដាមស៍ ថ្លែង​បែបនេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ នៅ​ថ្ងៃ​ទី​២០ មិថុនា មួយថ្ងៃ​មុន​ពេល​សាលាឧទ្ធរណ៍​បើកសវនាការ​ករណី​សុំ​លើកលែង​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​លើ​អតីត​បុគ្គលិក​អាស៊ីសេរី។

អតីត​បុគ្គលិក​អាស៊ីសេរី​ពីរ​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុងភ្នំពេញ​ចាប់ខ្លួន កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការ​បង្កើត​ស្ទូឌីយូ​ថត​ចម្រៀង​ដោយ​គ្មាន​ការអនុញ្ញាត។ ក៏ប៉ុន្តែ​ក្រោយមក អាជ្ញាធរ​បែរជា​ចោទ​អ្នក​ទាំង​២ ពី​បទ "​ផ្តល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​នាំ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​” ដែល​ជា​បទឧក្រិដ្ឋ​ចារកម្ម​ទៅវិញ​។ បទ​ចោទ​នេះ​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​១៥ ឆ្នាំ ប្រសិនបើ​តុលាការ​សម្រេច​ឱ្យ​ពួក​លោក​មានទោស​មែន​នោះ។

អ្នក​ទាំងពីរ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ កាលពី​ចុងខែ​សីហា ឆ្នាំ​២០១៨ កន្លងទៅ ក្រោយ​ជាប់ពន្ធនាគារ​អស់​រយៈពេល​ជាង​៩ ខែ​។ ក៏ប៉ុន្តែ​សេរីភាព​ដែល​ទទួល​បាន​នេះ មាន​លក្ខណៈ​រឹតត្បិត​នៅឡើយ ព្រោះ​តុលាការ​បាន​ដាក់​អ្នក​ទាំងពីរ​ក្រោម​ការ​ត្រួតពិនិត្យ និង​មិន​អនុញ្ញាត​ឱ្យ​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ឡើយ ហើយ​សម្ភារៈ​ដែល​ត្រូវ​បាន​រឹបអូស​ជា​វត្ថុតាង​នោះ ក៏​តុលាការ​មិនទាន់​ប្រគល់​ឱ្យ​អ្នក​ទាំងពីរ​វិញ​ដែរ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា រាល់​សេចក្តី​ថ្លែងការណ៍​ទាំងឡាយ​របស់​អង្គការ​ជាតិ និង​អន្តរជាតិ ធ្វើឡើង​ដោយ​មិន​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ ដូច្នេះ​នឹង​គ្មាន​ឥទ្ធិពល​លើ​តុលាការ​កម្ពុជា​ឡើយ​។ លោក​អះអាង​ថា មធ្យោបាយ​តាម​ផ្លូវ​ច្បាប់​តែមួយគត់​ដែល​អាច​ជួយ​ដល់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​រូប​នោះ គឺ​ការចូលរួម​គ្រប់​នីតិវិធី​របស់​តុលាការ និង​បង្ហាញ​ភស្តុតាង​ដោះ​បន្ទុក​ឱ្យ​បាន​គ្រប់គ្រាន់៖ «ផ្អែកលើ​ទិដ្ឋភាព​ច្បាប់​កម្ពុជា គឺ​មានតែ​តុលាការ​ទេ​ដែល​ជា​អ្នកមាន​សិទ្ធិ​សម្រេច​ថា តើ​អ្នកនោះ​មាន​ពិរុទ្ធ ឬក៏​គ្មាន គួរតែ​ទម្លាក់​បទ​ចោទ ឬក៏​មិន​ទម្លាក់ ដោយ​ផ្អែកលើ​មូលដ្ឋាន​អង្គហេតុ អង្គច្បាប់ ភស្តុតាង សាក្សី សក្ខីកម្ម​ផ្សេងៗ»

ទោះជា​យ៉ាងណា ក្រុម​អ្នក​ជំនាញ និង​អ្នកច្បាប់​របស់​អង្គការសហប្រជាជាតិ បាន​ពិនិត្យ​ឃើញ​ថា អតីត​បុគ្គលិក​អាស៊ីសេរី​ទាំងពីរ​នេះ ត្រូវ​បាន​ដកហូត​សិទ្ធិ​សេរីភាព​ដោយ​បំពាន តាមរយៈ​ការ​ឃុំខ្លួន និង​ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ។ អង្គការសហប្រជាជាតិ​សម្អាង​លើ​ហេតុផល​៣ យ៉ាង គឺ​ទីមួយ​គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​ដែល​អាច​យក​មក​ប្រើ​ប្រាស់​បាន​ដើម្បី​ធ្វើ​យុត្តិកម្ម​ពី​ការ​ដកហូត​សេរីភាព​របស់​ពួកគេ​ឡើយ​។ ទី​ពីរ​ការ​ឃុំខ្លួន​អ្នក​ទាំងពីរ ផ្តើម​ចេញ​ពី​ការអនុវត្ត​ដោយ​សន្តិវិធី​នូវ​សិទ្ធិ​សេរីភាព​ផ្នែក​គំនិត និង​ការ​បញ្ចេញ​មតិ ហើយ​ទី​បី គឺ​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រំលោភបំពាន​សិទ្ធិ​ទទួល​បាន​សវនាការ​ប្រកប​ដោយ​យុត្តិធម៌​។ អង្គការសហប្រជាជាតិ​បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងពីរ ដោយ​ឥត​លក្ខខណ្ឌ និង​បើក​សិទ្ធិ​ឱ្យ​ពួកគេ​ទាមទារ​សំណង និង​ការ​ជួសជុល​សំណង​ក្នុង​សំណុំ​រឿង​នេះ​វិញ។

ក្រៅពី​ការ​ទាមទារ​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ក្រុម​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញការងារ​នៅ​កម្ពុជា ក៏បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូន​ប្រធាន​សាលាឧទ្ធរណ៍ លោក យូ ប៊ុនឡេង ទាក់ទង​នឹង​សំណុំរឿង​នេះ​ដែរ​។

ក្រុម​អ្នកសារព័ត៌មាន​បាន​អំពាវនាវ​ដល់​សាលាឧទ្ធរណ៍​ដែល​គ្រោង​បើកសវនាការ​នៅ​ថ្ងៃ​ទី​២១ មិថុនា ឱ្យ​បញ្ចប់​ការ​ដាក់​អតីត​បុគ្គលិក​អាស៊ីសេរី​ទាំង​ពីរ​រូប​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​តាមដាន​របស់​តុលាការ និង​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ទម្លាក់​ចោល​ទាំងស្រុង​នូវ​បទចោទប្រកាន់​លើ​អ្នក​ទាំងពីរ​។ ក្រុម​អ្នកសារព័ត៌មាន​មើល​ឃើញ​ថា ការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ធ្វើ​ឱ្យ​អ្នក​ទាំងពីរ​ពិបាក​រស់នៅ និង​មិន​អាច​បំពេញការងារ​ជា​អ្នកសារព័ត៌មាន​តទៅ​ទៀត​បាន​។ ម្យ៉ាងវិញទៀត ពួកគេ​មិន​អាច​ផ្លាស់ប្ដូរ​ទីលំនៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ឡើយ ហើយក៏​មិន​អាច​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​បាន​ដែរ ជាពិសេស​គឺ​ពួកគេ​ត្រូវ​ទៅ​បង្ហាញខ្លួន​ជា​រៀងរាល់​ខែ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​។ ក្រុម​អ្នកសារព័ត៌មាន​បន្ថែម​ថា ការចោទប្រកាន់​លើ​អ្នក​ទាំងពីរ កំពុង​បង្ក​ភាព​ភ័យខ្លាច​ដល់​អ្នកសារព័ត៌មាន​ដែល​កំពុង​បំពេញ​វិជ្ជាជីវៈ និង​ធ្វើ​ឱ្យ​សេរីភាព​សារព័ត៌មាននៅ​កម្ពុជា​ធ្លាក់​ចុះ​ផង​ដែរ​។

អ្នក​ជំនាញ​ខាង​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែដ អាដាម សង្កត់ធ្ងន់​ថា សហភាព​អឺរ៉ុប​ត្រូវតែ​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​សវនាការ​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ នៅ​ក្នុង​ការសម្រេចចិត្ត​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​។ លោក​បន្ថែម​ថា សហភាព​អឺរ៉ុប​ត្រូវតែ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​សំណុំរឿង​អតីត​បុគ្គលិក​អាស៊ីសេរី​នេះ និង​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ស្ថាប័ន ព័ត៌មាន និង​អ្នកកាសែត​បន្ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល