មន្ត្រី​របប​ភ្នំពេញ​នាំ​គ្នា​ហូប​ជ្រូក​ខ្វៃ​ឱ្យ​ពលរដ្ឋ​មើល​ដើម្បី​បំផុស​ឱ្យ​ទទួល​ទាន​សាច់​ជ្រូក​ឡើងវិញ

ដោយ អាស៊ីសេរី
2019-08-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាច់ជ្រូក ដែល​គេ​ដាក់​លក់​ក្នុង​ផ្សារ​មួយ​ នៅ​រាជធានីភ្នំពេញ។
សាច់ជ្រូក ដែល​គេ​ដាក់​លក់​ក្នុង​ផ្សារ​មួយ​ នៅ​រាជធានីភ្នំពេញ។
RFA

មន្ត្រី​របប​ក្រុងភ្នំពេញ នាំគ្នា​ហូប​ជ្រូក​ខ្វៃ តាម​ទី​សាធារណៈ ឱ្យ​ពលរដ្ឋ​មើល ដើម្បី​បំផុស​ឱ្យ​មានការ​ជឿជាក់ និង​ទទួលទាន​សាច់​ជ្រូក​ឡើងវិញ។ អាជីវករ និង​អ្នក​ជំនាញ​ផ្នែក​កសិកម្ម ថា ការ​ធ្វើ​បែប​នេះ មិន​បាន​ទទួល​ផល ឬ​ឱ្យ​ពលរដ្ឋ​មិន​ជឿជាក់​ទេ​។ ពួកគេ​ផ្ដល់​យោបល់​ឱ្យ​របប​ក្រុងភ្នំពេញ ធានា​ការ​ទប់ស្កាត់​នាំចូល​ជ្រូក​ឈឺ ពី​ប្រទេស​វៀតណាម​ចូល​ឱ្យ​បាន​១០០​ភាគរយ ទើប​ពលរដ្ឋ​ងាក​មក​ទទួលទាន​សាច់​ជ្រូក​ឡើងវិញ។

អាជីវករ​នៅ​ផ្សារ​ដើមគ អ្នកស្រី ម៉ៅ លក្ខិណា ប្រាប់​ថា ប្រធាន​ផ្សារ​ដើមគ បាន​យក​ជ្រូក​ខ្វៃ មក​កាប់​ចែក​អ្នកលក់​ក្នុង​ផ្សារ​ហូប ដើម្បី​បង្ហាញ​ថា ការ​សាច់​ជ្រូក មិន​ប៉ះពាល់​ដល់​សុខភាព។ ប៉ុន្តែ​អ្នកស្រី ថា អាជីវករ​ខ្លះ​ហូប អាជីវករ​ខ្លះ​មិន​ហូប​ទេ​។ ឯ​អ្នកលក់​សាច់​ជ្រូក​ក៏​កាន់តែ​ស្បើយ​ទៅ អ្នកខ្លះ​បន្ថយ​សាច់​ជ្រូក ហើយ​យក​សាច់​គោ សាច់​មាន់ សាច់​ទា និង​ត្រី មក​លក់​ជំនួស​។ អ្នកខ្លះ​បិទ​តូប​លក់​សាច់​ជ្រូក​ចោល​ក៏​មាន​។ អ្នកស្រី ម៉ៅ លក្ខិណា ប្រាប់​ថា អ្នកទិញ​នៅតែ​មិន​ជឿជាក់ ហើយ​ពួកគេ​ប្រាប់​ថា សុខចិត្ត​ប្ដូរ​មក​ហូប​ត្រី ឬ​មាន់ មួយរយៈ​សិន ចាំ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​នាំចូល​ជ្រូក​បាន​១០០​ភាគរយ ទើប​ប្ដូរ​មក​ទទួលទាន​សាច់​ជ្រូក​វិញ។ «»

ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​រីក​រាលដាល​ខ្លាំង តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា នៅ​កំឡុង​ខែ​កក្កដា​។ រយៈពេល​១​ខែ​មកនេះ ទាំង​អ្នកលក់ និង​អ្នក​ចិញ្ចឹម​ជ្រូក​រអ៊ូ​ថា លក់​ជ្រូក​មិន​ដាច់ ដោយសារ​ពលរដ្ឋ​ឈប់​ទទួលទាន​សាច់​ជ្រូក ហើយ​ងាក​មក​រក​ម្ហូប​ផ្សេង​ជំនួស។

ជា​ញឹកញយ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន និង​ក្រសួង​កសិកម្ម បាន​អំពាវនាវ និង​ចេញ​សេចក្ដីប្រកាស ធានា​ថា ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក មិន​ឆ្លង​មក​មនុស្ស​ទេ តែ​ពលរដ្ឋ​មិន​ជឿ។ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣០ កក្កដា បាន​អំពាវនាវ​ជាថ្មី ឱ្យ​ពលរដ្ឋ​ហូប​សាច់​ជ្រូក​ឡើងវិញ ហើយ​លោក​ក៏​អះអាង​ថា លោក​ខ្លួនឯង ក៏​ហូប​សាច់​ជ្រូក រាល់ថ្ងៃ​ដែរ គឺ​មិន​ខ្លាច​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​ទេ ដោយសារ ជំងឺ​នោះ មិន​ឆ្លង​ដល់​មនុស្ស និង​សាច់​ជ្រូក ដែល​មាន​ជំងឺ​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​យក​មក​លក់​ឡើយ។

ទន្ទឹម​នឹង​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន មន្ត្រី​របប​ក្រុងភ្នំពេញ នៅ​តាម​ខេត្ត​មួយ​ចំនួន​ក៏បាន​នាំគ្នា​រៀបចំ​ជ្រូក​ខ្វៃ ហូប​នៅ​តាម​ទី​សាធារណៈ ដើម្បី​បង្ហាញ​ប្រាប់​ពលរដ្ឋ​ដែរ ដូចជា នៅ​ខេត្ត​ព្រៃវែង អភិបាលខេត្ត ដឹកនាំ​មន្ត្រី​ហូប​ជ្រូក​ខ្វៃ​ក្នុង​ទីធ្លា​សាលាខេត្ត​រួច​ថត​បង្ហោះ​តាម​ហ្វេសប៊ុក (Facebook) នៅ​ខេត្ត​សៀមរាប ក្រុម​មន្ត្រី​នាំគ្នា​បរិភោគ​ជ្រូក​ខ្វៃ​នៅមុខ​ផ្សារ​លើ និង​អភិបាល​ខេត្ត​តាកែវ បាន​ដឹកនាំ​មន្ត្រី​ហូប​ជ្រូក​ខ្វៃ​មុខ​ផ្សារ​តាកែវ នៅ​ព្រឹក​ថ្ងៃ​ទី២ សីហា ជាដើម។

អភិបាលខេត្ត​ព្រៃវែង លោក ជា សុមេធី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី២ សីហា ថា បន្ទាប់​ពី​លោក​បាន​ដឹកនាំ​មន្ត្រី​បរិភោគ​ជ្រូក​ខ្វៃ​មក ឥឡូវនេះ ពលរដ្ឋ​ច្រើន​ណាស់ កំពុង​បរិភោគ​សាច់​ជ្រូក​ឡើង​វិញ។ផ្ទុយ​ពី​ការ​អះអាង​របស់​អភិបាល​ខេត្ត​ព្រៃវែង អ្នកលក់​មី​ឆា នៅ​ម្ដុំ​ផ្សារ​អ្នក​លឿង ស្រុក​ពាមរក៏​ម្នាក់ ឱ្យ​ដឹង​ថា ពលរដ្ឋ​នៅតែ​មិន​និយម​ហូប​សាច់​ជ្រូក​ដដែល​។ អ្នកស្រី ថា សាច់​ជ្រូក​នៅ​ផ្សារ​អ្នក​លឿង​បាន​ចាប់ផ្ដើម​ចុះថោក​តាំងពី​ខែ​កក្កដា​មក មួយ​គីឡូ តម្លៃ​៥​ពាន់​រៀល សឹងតែ​គ្មាន​អ្នកទិញ​ហូប​។ អ្នកស្រី ថា អ្នកលក់​សាច់​ជ្រូក នៅ​ផ្សារ​អ្នក​លឿង ក៏​មិន​ខុស​ពី​ផ្សារ​ផ្សេងទៀត​ដែរ គឺ​ត្រូវ​បន្ថយ​យក​សាច់​ជ្រូក​មក​លក់ ហើយ​យក​សាច់​គោ សាច់​មាន់ យក​មក​លក់​ជំនួស​វិញ​។ ចំណែក​ម៉ូយ​អ្នកលក់​បាយ​ស្រូប​សាច់​ជ្រូក ឬ​មី​ឆា បាយ​ឆា បាន​នាំគ្នា​ប្ដូរ​ពី​សាច់​ជ្រូក មក​សាច់​គោ​វិញ តាម​តម្រូវ​ចិត្ត​អ្នក​កុម្ម៉ង់។ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​កសិកម្ម​កម្ពុជា លោក ហេង ជឿន យល់​ថា ការ​បរិភោគ​សាច់​ជ្រូក​ឱ្យ​ពលរដ្ឋ​មើល មិន​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​ជឿជាក់​បានទេ។ លោក​បន្ទោស​ថា ដើម​ចម​មក​ពី​ការ​ទប់ស្កាត់​នាំចូល​ជ្រូក​ឈឺ គ្មាន​ប្រសិទ្ធភាព ទើប​បង្ក​ឱ្យ​អស់​ជំនឿ​ក្នុង​ការ​បរិភោគ​សាច់​ជ្រូក​បែបនេះ។

លោក ហេង ជឿន ផ្ដល់​យោបល់​ថា វិធី​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​បរិភោគ​សាច់​ជ្រូក​ឡើងវិញ គឺ​រដ្ឋាភិបាល​ត្រូវ​ធានា​ថា លែង​មានការ​នាំចូល​ជ្រូក​ឈឺ​ពី​ប្រទេស​វៀតណាម ចូល​មក​កម្ពុជា​ទៀត​។ បើ​ធ្វើ​បែប​នេះ​បាន ពលរដ្ឋ នឹង​ងាក​មក​បរិភោគ​សាច់​ជ្រូក​ឡើងវិញ ដោយ​ខ្លួនឯង។

មក​ដល់​ពេល​នេះ ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក បាន​កើត​ឡើង​នៅ​តំបន់​ខ្លះ នៃ​ខេត្ត​ចំនួន​៥​ហើយ គឺ​ខេត្ត​រតនគិរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និង​ខេត្ត​កណ្ដាល។ ខេត្ត​ទាំងនោះ សុទ្ធសឹងតែ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម​។ ចំណែក​ជ្រូក​ជាង ២​ពាន់​ក្បាល ត្រូវ​បាន​អាជ្ញាធរ​យក​ទៅ​កប់​ចោល និង​ងាប់​ដោយសារ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល