សហគមន៍​ថា ព្រៃ​ព្រះ​រកា​គឺ​ជា​ទីផ្សារ​កាប់​ឈើ ​របស់​អ្នក​រកស៊ី​ឈើ​ខុសច្បាប់

ដោយ ហេង រស្មី
2019-12-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
សកម្មភាព​ក្រុម​យុវជន​ស្រឡាញ់​ព្រៃឈើ ធ្វើ​យុទ្ធនាការ​ជិះ​កង់ ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះវិហារ​ហើយ ដើម្បី​ផ្សព្វផ្សាយ​ពី​សារសំខាន់​របស់​ព្រៃ​ព្រះ​រកា​ដែល​កំពុង​រង​ការ​គំរាមកំហែង។
photo courtesy of Ma Chettra's Facebook

សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​ខេត្ត​ព្រះវិហារ និង​ក្រុម​យុវជន បង្ហាញ​ក្តី​កង្វល់​ជា​ថ្មី​ទៀត ពី​ជោគ​វាសនា​ព្រៃ​ព្រះរកា ដែល​ជា​ប្រភព​សេដ្ឋកិច្ច​របស់​ជនជាតិ​ដើម​ភាគតិច។ ពួក​​គាត់​បារម្ភ​ថា ព្រៃ​នេះ​នឹង​ប្រឈម​វិនាស​ហិនហោច​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​ក្រសួង​បរិស្ថាន​នៅ​តែ​ឆក​ល្វែង ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ឱ្យ​តឹងរ៉ឹង។ ពួក​គាត់​អះអាង​ថា ក្រុម​ជន​ល្មើស​ជា​ច្រើន​ក្រុម មាន​ម៉ាស៊ីន​អារ​ឈើ​ទំនើប កែច្នៃ​ឈើ​ក្នុង​ព្រៃ​ធ្វើ​ជា​គ្រឿង​ផ្ទះ និង​អារ​ច្រៀក​ជា​បន្ទះ​ក្ដារ រួច​ដឹក​ចេញ​ក្រៅ​នៅ​ពេល​យប់។

សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា នៅ​ឃុំ​ពោធិ៍ ស្រុក​ត្បែង​មានជ័យ ឱ្យ​ដឹង​ថា ព្រៃ​ព្រះ​រកា​បច្ចុប្បន្ន គឺជា​ទីផ្សារ​របស់​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​ ជា​យូរ​ណាស់​មក​ហើយ បើ​ទោះ​បី​ជា​ក្រសួងបរិស្ថាន​បាន​​បញ្ជូន​​ឆ្មាំ​អភិរក្ស ឈរ​ជើង​ការពារ​ព្រៃ​នៅ​តំបន់​នោះ​ក្តី។ ពួក​គាត់​មាន​សង្ឃឹម​តិច​ណាស់​ថា ក្រសួង​បរិស្ថាន​នឹង​សង្គ្រោះ​ព្រៃ​អភិរក្ស​មួយ​នេះ​បាន ​ព្រោះ​សកម្មភាព​ដឹកជញ្ជូន​ឈើ និង​ការ​លួច​កាប់​ឈើ​ធំៗ ជា​ពិសេស ដើម​ច្បោះ​ជ័រ​របស់​អ្នក​ស្រុក នៅ​តែ​កើត​មាន​ឥត​ឈប់ឈរ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា លោក ចាន់ សីលា ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​ថា គ្រួសារ​លោក​មាន​ដើម​ច្បោះ​ជ័រ​ជាង ៣២៣​ដើម កំពុង​ប្រឈម​ការ​លួច​កាប់​បំផ្លាញ​ ពី​សំណាក់​ក្រុម​ជន​ល្មើស​មួយ​ចំនួន ហើយ​មក​ទល់​ពេល​នេះ​គ្រួសារ​របស់​លោក​បាន​ដាក់​វេន​គ្នា​ចុះ​ល្បាត​ជា​ប្រចាំ​ថ្ងៃ។ លោក​ថា ក្នុង​មួយ​ខែ​គ្រួសារ​លោក អាច​ដង​ជ័រ​ទឹក​បាន​ជាង ១០កាន ហើយ​ក្នុង​មួយ​កាន អាច​លក់​បាន ចាប់ពី ៨ម៉ឺនរៀល ដល់ ជិត ២០ម៉ឺនរៀល។ លោក​បន្ថែម​ថា រយៈ​ពេល​ជាង ១ឆ្នាំ​មក​នេះ ក្រុម​ជន​ល្មើស​បាន​លួច​កាប់​ដើម​ច្បោះ​ជ័រ​របស់​លោក អស់​ជាង ៥០ដើមហើយ៖ «ពួក​គាត់​ច្នៃ​ឈើ​នៅ​ក្នុង​ព្រៃ​អស់​ហើយ​អ៊ីចឹង ហើយ​ពួក​វា​ចូល​ដឹក​ដាក់​ម៉ាស៊ីន​ក្នុង​ហ្នឹង​ចូល​ធ្វើ​ការ​នៅ​ពេល​យប់ ចាប់​ពី​នៅ​ម៉ោង ១២យប់ ដល់ម៉ោង ៣ទៅ ៤យប់។ រាល់​ថ្ងៃ​នេះ​ការ​ការពារ ទាំង​សហគមន៍ អាជ្ញាធរ​​ក្នុង​ភូមិ និង​ឃុំ ទាំង​បី​ស្រុក​ហ្នឹង គឺ​ខ្វះ​សមត្ថភាព​ការពារ​ដោយសារ​តែ​យើង អត់​ឈ្នះ​អ្នក​កាប់ ពីព្រោះ​អ្នក​កាប់​វា​មាន​បច្ចេកទេស​ខ្ពស់​ជាង​យើង»

បុរស​ដដែល​បន្ថែម​ថា ក្រុម​ជន​ល្មើស នៅ​តែ​លួច​ចូល​ដឹក​ឈើ និង​កាប់​រំលំ​ឈើ​ធំៗ ក្នុង​ព្រៃ​ព្រះ​រកា​ជា​បន្ត​បន្ទាប់ ហើយ​ពួក​គេ​មាន​ម៉ាស៊ីន​អារ​ឈើ​ទំនើប ចូល​ទៅ​ច្រៀក​ឈើ​ ជា​បន្ទះ​ក្ដារ និង​ឈើ​ជ្រុង​ក្នុង​ព្រៃ​រួច​ជា​ស្រេច  ដើម្បី​ងាយ​ស្រួល​ដឹក​ចេញ​ក្រៅ​នៅ​ពេលយប់។ លោក​ថា ឈើ​មូល​ធំៗ បន្សល់​ទុក​ចុង​ក្រោយ​នៅ​ចំណុច អូរ​រមាល់ អូរ​វាល​ខ្លុង តំបន់​ចំបក់​ក្អែក អូរ​តា​ឯក អូរ​ខ្សាច់ និង​ថ្ម​ជញ្ជាំង ក្នុង​ព្រៃ​ព្រះ​រកា កំពុង​ប្រឈម​ការ​បាត់បង់​ជា​បន្ត​បន្ទាប់៖ «នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​មុន​ទៀត មុន​ការ​ប្រកាស​បង្ក្រាប​របស់​រដ្ឋាភិបាល របស់​ក្រសួង របស់​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។ ព្រោះ​ឥឡូវ​វា​ចង់​មក​លួច​កាប់​ជុំវិញ​ព្រំប្រទល់​ខ្ញុំ មិនថា ផ្ដៀក មិនថា គគីរ ផ្ចឹក សុក្រំ គឺ​គេ​កាប់​ទាំង​អស់»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​នាយក​ដែន​ជម្រក​សត្វ​ព្រៃ​ព្រះ​រកា លោក យ៉ាន់ ប៊ុនសឿន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​របស់​លោក មិន​អាច​ទាក់ទង​បាន នៅ​ថ្ងៃ​ទី១៥ ធ្នូ។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា ក៏​មិន​លើក​ទូរស័ព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

តែ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​រួប​នេះ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ក្រសួង​នឹង​អនុវត្ត​ច្បាប់ ដោយ​មិន​រើសមុខ​ចំពោះ​ជន​ទាំងឡាយ​ណា ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​តំបន់​ព្រៃ​ការពារ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ លោក​បន្ថែម​ថា ក្រសួង​គ្រោង​បោះ​បង្គោល​កំណត់​ព្រំប្រទល់ ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដើម្បី​បង្ហាញ​ពី​ភាព​ច្បាស់លាស់ ក្នុង​ការ​កិច្ច​គាំពារ​អភិរក្ស​នេះ។

ក្រុមយុវជន​ដែល​តែង​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា លោក ម៉ា ចិត្រា យល់ថា ប្រសិនបើ​ក្រសួង​មាន​សុឆន្ទៈ​អនុវត្ត​ច្បាប់​ព្រៃឈើ គឺ​ក្រុម​ជន​ល្មើស​មិន​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​សមត្ថកិច្ច​បាន​នោះ​ទេ។ ក៏​ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ​កើតមាន​ដោយ​សារ​មាន​ការ​បើក​ដៃ ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច។ លោក​ថា ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន តែង​តែ​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន នៅ​ពេល​ដែល​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន«មាន​តែ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹម​ត្រូវ​ទេ ដែល​គាត់​អាច​ការពារ​ព្រៃ​ព្រះ​រកា​ហ្នឹង​បាន។ យើង​មើល​ទៅ​សមត្ថភាព​ពួក​គាត់ គឺ​គាត់​មាន ប៉ុន្តែ​ឆន្ទៈ​ពួក​គាត់​មិន​ទាន់​មាន​គ្រប់​គ្រាន់​តែ បើ​សិន​ជា​គាត់​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ មនុស្ស​តែ ៥នាក់ ទៅ ១០នាក់ក៏អាចធ្វើបានដែរ។ ក្នុង​នាម​គាត់​ជា​មន្ត្រី​រាជការ ហើយ​គាត់​យក​ច្បាប់​មក​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មើល​ឃើញ​ថា បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​បរិស្ថាន ដែល​មាន​សមត្ថកិច្ច​ថែ​រក្សា​ព្រៃ​អភិរក្ស​មួយ​នេះ។ លោក​សង្កេត​ឃើញ​ថា អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ខេត្ត មិន​បាន​យក​ចិត្ត​ទុក​ដាក់ ជួយ​ការពារ​ព្រៃ​ព្រះ​រកា​ឱ្យ​បាន​ពេញលេញ​នោះ​ទេ ហើយ​បទ​ល្មើស​តែងតែ​កើតមាន ដោយសារ​មាន​ការ​ឃុបឃិត​គ្នា៖ «បទ​ល្មើស គឺ​កើត​ឡើង​ដោយ​ស៊ី​សំណូក​សូកប៉ាន់​គ្នា។ បទ​ល្មើស​ណា​គាត់​ធ្វើ​បាន គឺ​គាត់​ឱ្យ​លុយ​កាន់​ទៅ​មន្ត្រី ទៅ​អាជ្ញាធរ​អ៊ីចឹង​ទៅ។ អ៊ីចឹង​ទៅ​ធ្វើ​ឱ្យ​បទ​ល្មើស​វា​កើត​មាន ហើយ​សម្រាប់​ករណី​ទី២ ជន​ល្មើស​ទៅ​លួងលោម ទៅ​គំរាម​កំហែង​ម្ចាស់​ច្បោះ ដើម្បី​ឱ្យ​ពួក​គាត់​ភ័យ​ខ្លាច ដើម្បី​លក់​ដើម​ច្បោះ​ឱ្យ​ពួក​ជន​ល្មើស ដើម្បី​បាន​កាប់ និង​អារ​ធ្វើ​ចរាចរ​ដឹក​លក់​នៅ​ខាង​ក្រៅ »

ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ត្រូវ​ក្រសួងបរិស្ថាន​ដាក់​បញ្ជូន​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ភូមិសាស្ត្រ​ប្រជុំ​បី​ស្រុក គឺ​ស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប របស់​ខែត្រ​ព្រះវិហារ ក៏​​ប៉ុន្តែ​ព្រៃ​នេះ​បាន​ទទួលរង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រយៈពេល​​ច្រើន​ឆ្នាំ​មក​ហើយ។ សព្វថ្ងៃ ព្រៃ​អភិរក្ស​មួយ​នេះ​ មាន​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ចំនួន ១៤នាក់ ដែល​ជា​ចំនួន​ដ៏​តិច​តួច​ បើ​ប្រៀប​ធៀប​នឹង​ទំហំ​​ព្រៃ​ដែល​ត្រូវ​ការពារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល