ក្រុម​អ្នក​អភិរក្ស​សត្វ​ផ្សោត​ប្រទះ​ឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី នៅ​អន្លង់​ផ្សោត​កាំ​ពី ខេត្ត​ក្រចេះ

ដោយ សន ចាន់រដ្ឋា
2019-12-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កូន​ផ្សោត​ដែល​ទើប​កើត មាន​អាយុ​ប្រហែល​មួយថ្ងៃ ត្រូវ​បាន​គេ​រកឃើញ​នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ២០១៩។
កូន​ផ្សោត​ដែល​ទើប​កើត មាន​អាយុ​ប្រហែល​មួយថ្ងៃ ត្រូវ​បាន​គេ​រកឃើញ​នៅ​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ២០១៩។
Photo courtesy of WWF-Cambodia

ក្រុម​អ្នកស្រាវជ្រាវ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF-Cambodia និង​រដ្ឋបាល​ជលផល បាន​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល នៅ​អន្លង់​ផ្សោត​កាំពី ខេត្ត​ក្រចេះ​។ ការ​រក​ឃើញ​ថ្មី​នេះ គឺ​នៅ​ពេល​ដែល​ក្រុម​អ្នកស្រាវជ្រាវ កំពុង​ចុះ​ពិនិត្យ​សកម្មភាព​នេសាទ​ខុសច្បាប់ ក្នុង​តំបន់​ការពារ​សត្វ​ផ្សោត។

អង្គការ WWF-Cambodia បាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១១ ខែ​ធ្នូ ឱ្យ​ដឹង​ថា កូន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នេះ មាន​អាយុ​ប្រហែល​មួយថ្ងៃ។ ក្រុម​អ្នកស្រាវជ្រាវ បញ្ជាក់​បន្ថែម​ថា បន្ទាប់ពី​បាន​អង្កេត​អំពី សកម្មភាព​ក្រុម​ហ្វូង​ផ្សោត​ធំៗ ដែល​មាន​កូន​តូច​នៅ​ជាមួយ​រួចមក ក្រុម​អ្នកស្រាវជ្រាវ​សន្និដ្ឋាន​ថា កូន​ផ្សោត​ដែល​ទើប​កើត​ថ្មី​នេះ គឺ​ស្ថិត​នៅ​ក្នុង ក្រុម​ហ្វូង​ផ្សោត​ធំ ដែល​មាន​ចំនួន​ប្រមាណ​ជា ប្រាំពីរ​ក្បាល​។

អង្គការ WWF-Cambodia ឱ្យ​ដឹង​ថា​នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រទះឃើញ​កូន​ផ្សោត​កើត​ថ្មី​ចំនួន ១៣​ក្បាល ក្នុង​នោះ ប្រាំមួយ​ក្បាល​គឺ​កូន​ផ្សោត​កើត​ថ្មី នៅ​ខេត្ត​ស្ទឹងត្រែង និង​ប្រាំពីរ​ក្បាល​ផ្សេងទៀត គឺជា​កូន​ផ្សោត​កើត​ថ្មី នៅ​ខេត្ត​ក្រចេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ WWF Cambodia ផ្សាយ​កាលពី​ខែ តុលា កន្លង​ទៅ បង្ហាញ​ថា ចំនួន​សត្វ​ផ្សោត​ទន្លេ​មេគង្គ បច្ចុប្បន្ន​មាន​ប្រមាណ ៩២​ក្បាល​ប៉ុណ្ណោះ ដែល​ចំនួន​នេះ ក្រុម​អ្នក​អភិរក្ស​យល់ថា នៅ​តែ​មាន​ចំនួន​តិចតួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​កាលពី​ជាង​មួយ​រយ​ឆ្នាំមុន ដែល​ផ្សោត​ទន្លេ​មេគង្គ និង​ទឹកសាប ធ្លាប់​មាន​រហូតដល់​ទៅ​ជាង បី​ពាន់​ក្បាល​ឯណោះ។

បន្ថែម​ពីលើ​នេះ អង្គការ WWF Cambodia នៅតែ​បារម្ភ​ចំពោះ សត្វ​ផ្សោត​ទន្លេ​មេគង្គ ដែល​នៅតែ​រង​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​អាយុជីវិត ដោយសារតែ​ការ​នេសាទ​ខុសច្បាប់​ដូចជា​ការ​ដាក់មង​ក្នុង​តំបន់​ការពារ និង​ការ​សង់​ទំនប់​វារីអគ្គិសនី​កាត់​ទន្លេ​មេគង្គ។ កត្តា​គំរាមកំហែង​ទាំងនេះ អាច​នឹង​ប៉ះពាល់​ដល់​ការរស់រាន​របស់​សត្វ​ផ្សោត និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន នៅ​តំបន់​នោះ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល