"ឧកញ៉ា​និង​អ្នក​មាន​ឥទ្ធិពល​បន្ត​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខេត្ត​ស្ទឹងត្រែង"

ដោយ វ៉ែន សុមេធ
2017-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
Photo provided

បទល្មើស​ព្រៃឈើ​ទ្រង់ទ្រាយធំ និង​តូចៗ​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​ពលរដ្ឋ​ចំណាក​ស្រុក បាន​មក​ធ្វើ​កម្មករ​អារ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ឲ្យ​អ្នក​មាន​ឥទ្ធិពល និង​ឧកញ៉ា​មួយ​ចំនួន​នៅ​ក្បែរ​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ នៅ​ខេត្ត​ស្ទឹងត្រែង។ អាជីវកម្ម​ឈើ​ជា​ក្រុមៗ​នេះ បាន​ធ្វើ​ឲ្យ​ឈើ​មូល​មាន​តម្លៃ​ត្រូវ​គេ​អារ​រំលំ រួច​ដឹក​តាម​រថយន្ត​ប៉ាកុង​ចូល​ទៅ​ផ្ទៃ​អាង​នៃ​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ។

រថយន្ត​ប៉ាកុង និង​គោយន្ត​រាប់​សិប​គ្រឿង​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ​មូល មុខ​កាត់​ធំៗ ចាប់​ពី ៣​តឹក​ឡើង​ទៅ ចូល​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ក្នុង​មួយ​ថ្ងៃៗ។

សហគមន៍​រស់​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង សម្ដែង​ក្តី​បារម្ភ​ខ្លាំង​ពី​អនាគត​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ថា​នឹង​វិនាស​ហិនហោច​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​មូល និង​ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​កើត​មាន​គគ្រឹកគគ្រេង។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន និង​ពលរដ្ឋ​អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​ធ្វើ​មិនដឹងមិនឮ បើទោះបីជា​សហគមន៍​រាយការណ៍​ព័ត៌មាន​នេះ​ច្រើន​សា​ក្តី។

​ពលរដ្ឋ​រស់​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា ក្នុង​មួយថ្ងៃៗ កម្មករ​ច្រើន​ក្រុម​អម​ដោយ​រថយន្ត​ដឹកឈើ​ច្រើន​គ្រឿង និង​គោយន្ត​ដឹកឈើ​មូល បាន​ចូល​ព្រៃ​អារ​ឈើ​នៅ​តំបន់​ក្បែរ​ភូមិសាស្ត្រ​អ្នក​ភូមិ​រស់​នៅ​ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​បង្ហាញ​ជំហរ​ច្បាស់លាស់​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ ក៏ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​ណា​ចេញ​មុខ​ទប់ស្កាត់​ត្រូវ​បាន​អាជ្ញាធរ​គំរាមកំហែង។

លោក​ថា ឈើមូល​រាប់​សិន​ម៉ែត្រគូប​ដែល​គេ​អារ​ច្រៀក​រៀងរាល់ថ្ងៃ និង​ដឹក​ជញ្ជូន​ចូល​តំបន់​បាត​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ​ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ រួច​ដឹក​ចេញ​ទៅ​ក្រៅ ឬ​ទៅ​ប្រទេស​វៀតណាម នៅ​តែ​បន្ត​កើត​មាន៖ «ខ្ញុំ​ព្រួយបារម្ភ​មែន​ទែន​ថា ព្រៃឈើ​នៅ​តំបន់​នោះ​រលាយ​អស់​ហើយ ប្រជាជន​រអ៊ូរ។ ចង់​ស្នើ​សុំ​សមត្ថកិច្ច ឬ​រដ្ឋាភិបាល​មក​ជួយ​បង្ក្រាប​បទល្មើស​ឲ្យ​អស់​ពី​ភូមិសាស្ត្រ​នេះ​ផង»

​មេឃុំ​ស្តៅ ស្រុក​សេសាន មក​ពី​បក្ស​ប្រជាជន​កម្ពុជា ដែល​ជាប់​ឆ្នោត​ជា​មេ​ឃុំ ៣០​ឆ្នាំ​មក​ហើយ លោក នួយ ប៊ុនធួយ ឲ្យ​ដឹង​ថា អាជ្ញាធរ​ឃុំ​តែងតែ​ធ្វើ​ការ​បង្ក្រាប ណែនាំ​ជនល្មើស និង​អប់រំ​ពលរដ្ឋ​ឲ្យ​ដឹង​ពី​ច្បាប់​ព្រៃឈើ​នៅ​វេទិកា​សាធារណៈ​ជា​រឿយៗ ក្នុង​បំណង​រួមគ្នា​លុប​បំបាត់​បទល្មើស​ព្រៃឈើ។ លោក​ថា បទល្មើស​ព្រៃ​ឈើ​ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ហើយ​អាជ្ញាធរ​តែងតែ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ក៏​ប៉ុន្តែ​មាន​បុគ្គល​មួយ​ចំនួន​តែងតែ​លូច​ចូល​ព្រៃ​កាប់​ឈើ​លក់ ដែល​អាជ្ញាធរ​ជំនាញ​លំបាក​ទប់​ស្កាត់៖ «មាន​បទល្មើស​កើត​ឡើង វា​អាស្រ័យ​លើ​ប្រជាពលរដ្ឋ​យើង​ដែរ ពលរដ្ឋ​ខ្លះ វា​អាច​លួច​ធ្វើ​សកម្មភាព​ផ្សេងៗ អា​ហ្នឹង​យើង​មិន​ទៅ​ណែនាំ​អី​ទេ អ្នក​ខូចខិល​វា​ធ្វើ​អ៊ីចឹង»

​នៅ​តាម​បណ្ដា​ស្រុក​ផ្សេង​ទៀត​នៅ​ខែត្រ​ស្ទឹងត្រែង រួម​មាន​ស្រុក​ថាឡាបរិវ៉ាត់ ស្រុក​សៀមបូក ស្រុក​សៀមប៉ាង និង​ក្រុង​ស្ទឹងត្រែង ជំនួញ​ឈើ​តាម​គោយន្ត និង​តាម​ម៉ូតូ​កើត​មាន​ជា​រៀងរាល​ថ្ងៃ ដែល​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​មួយ​ថ្ងៃ​គោយន្ត​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​ចាប់​ពី ៥​ម៉ែត្រគូប និង​លើស​ពី​នេះ។ រី​ឯ​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ ចាប់​ពី​កន្លះ​ម៉ែត្រគូប ឬ​លើស​ពី​នេះ យ៉ាង​ហោច​ណាស់​ជាង ១០​គ្រឿង​ឡើង​ទៅ​ក្នុង​មួយ​យប់ៗ។

​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ កត់សម្គាល់​ថា ការ​អនុវត្ត​ច្បាប់​ព្រៃឈើ​របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ធូរ​លុង​នៅ​ឡើយ ដែល​បណ្តោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​កើត​មាន​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ។ លើស​ពី​នេះ ការ​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​ព្រៃឈើ​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ គឺ​ជា​កត្តា​ដែល​នាំ​ឲ្យ​ព្រៃឈើ​កាន់​តែ​វិនាស​ហិនហោច។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ត្រូវ​រួមគ្នា​ដាក់​បណ្តឹង​បរិហារ​រឿង​នេះ​ទៅ​តុលាការ ដើម​អាច​លុបបំបាត់​បទល្មើស​ព្រៃឈើ​បាន​ខ្លះ៖ «រួម​គ្នា​ដាក់​បណ្ដឹង​អ្នក​ទទួល​ខុស​ត្រូវ ទាំង​ថ្នាក់​ខែត្រ និង​ថ្នាក់​ជាតិ បើ​ទោះ​មិន​មាន​ការ​ទុក​ចិត្ត តែ​យើង​ធ្វើ​ម៉េច​ឲ្យ​បាន​ច្រើន។ ... ច្បាប់​មាន​ប្រសិទ្ធភាព​នៅ​ពេល​ដែល​អ្នក​ប្រព្រឹត្ត​ល្មើស​ទទួល​ការ​ផ្ដន្ទាទោស»

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ពលរដ្ឋ និង​មន្ត្រី​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ រួម​គ្នា​ដាក់​បណ្ដឹង​បរិហារ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​គណៈកម្មការ​សហគមន៍​ជាង ១០​នាក់ ពាក់ព័ន្ធ​អនុគ្រោះ ឬ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ សហគមន៍​ឃុំ​ស្តៅ ស្រុក​សេសាន ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត ៣​គ្រឿង ដឹក​ឈើ​ឆ្លងកាត់​ភូមិ​ពួកគាត់​នៅ​បំណង​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​បែរ​រំដោះ​រថយន្ត​ទាំង​នោះ​ឲ្យ​ឈ្មួញ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

the more the tree're cut and illegal bringing to the other countries like Vet nam , the Heng Samrin Hun Sen will sonner
collapse and also their regime.

Dec 09, 2017 02:45 PM

គេហទំព័រ​ទាំងមូល