ពលរដ្ឋ​នៅ​មណ្ឌលគិរី និង​ក្រចេះ​បារម្ភ​ថា ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ប៉ះពាល់​ទឹកអូរ និង​ជីវិត​មនុស្ស​សត្វ

ដោយ ហេង រស្មី
2019-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្លាក​សញ្ញា​នៅ​ជាប់​របង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ដែល​ជា​ទីតាំង​សិប្បកម្ម​លាង​សំអាត​រ៉ែ​មាស។ រូប​ថត​នៅថ្ងៃទី៨ កញ្ញា ២០១៨។
ស្លាក​សញ្ញា​នៅ​ជាប់​របង​ក្រុមហ៊ុន​ចិន រ៉ុង ឆេង ដែល​ជា​ទីតាំង​សិប្បកម្ម​លាង​សំអាត​រ៉ែ​មាស។ រូប​ថត​នៅថ្ងៃទី៨ កញ្ញា ២០១៨។
RFA

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ក្រចេះ ភ័យ​ព្រួយ​ពី​សុវត្ថិភាព​រស់នៅ ក្រោយពី​ក្រុមហ៊ុន​ចិន​ឈ្មោះ រ៉ុង ឆេង (Rong Cheng industrial investment Cambodia Co.,Ltd) និង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ទៀត ដែល​ពួកគេ​មិន​ស្គាល់​ឈ្មោះ កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​បង្ហូរ​កាកសំណល់​ចូល​ក្នុង​ទឹកអូរ​ធម្មជាតិ ប៉ះពាល់​ត្រី សត្វព្រៃ និង​សត្វ​ពាហនៈ​របស់​អ្នកស្រុក​ជាដើម។

ពលរដ្ឋ​រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ឱ្យ​ដឹង​នៅ​ថ្ងៃទី១៨ ខែ​ធ្នូ ថា ក្រុមហ៊ុន​ចិន​រ៉ុង ឆេង និង​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ទៀត នៅតែ​បន្ត​ធ្វើ​អាជីវកម្ម​រ៉ែ​មាស ដោយ​មាន​សន្តិសុខ​យាម​យ៉ាង​តឹងរ៉ឹង​។ ពលរដ្ឋ​អះអាង​ថា វត្តមាន​ក្រុមហ៊ុន​ទាំងនេះ បង្ក​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស និង​សត្វព្រៃ ព្រោះ​ទឹកអូរ​ធម្មជាតិ ដែល​ពួកគាត់​ប្រើប្រាស់ មាន​សារធាតុពុល។

ពលរដ្ឋ​រស់នៅ​ភូមិ​ពូទង់ ឃុំ​ចុងផ្លាស់ លោក សាំង សារី សង្កេត​ឃើញ​ថា ត្រី​ក្នុង​ទឹកអូរទេរ និង​អូរ​ធម្មជាតិ​មួយ​ចំនួន​ទៀត បាន​ពុល​ងាប់​ជា​បន្តបន្ទាប់ ដោយសារ​ក្រុមហ៊ុន​បង្ហូរ​កាកសំណល់​គីមី​ចូល​នៅ​រដូវវស្សា ហើយ​កន្លងទៅ គោ​/​ក្របី​របស់​អ្នកស្រុក​ងាប់​អស់​រាប់​រយ​ក្បាល​។ លោក​ថា កន្លងទៅ​អាជ្ញាធរ​ធ្លាប់​ចុះ​ផ្អាក អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​នោះ​ដែរ ក៏ប៉ុន្តែ​មិនបាន​បិទ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចិន​ទាំង​នោះ​ទេ គឺ​អាជ្ញាធរ​ត្រឹមតែ​ហាមឃាត់ ក្រុម​ពលរដ្ឋ និង​សហគមន៍​មិន​ឱ្យ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ​។ លោក​បន្ថែម​ថា នៅ​តំបន់​នោះ មាន​ទីតាំង​ចម្រាញ់​រ៉ែ​មាស ៦ កន្លែង​ដោយមាន​កម្មករ​ភាគច្រើន​ជា​ជនជាតិ​ចិន​៖ «ត្រី​ពុល​ទឹក​ល្ងីល្ងើ ហែល​ទឹក​ស្រាប់តែ​កូន​គាត់​ចុះ​ទឹក​ទៅ​ចាប់​ត្រី​ហ្នឹង ហើយ​ទៅ​ចាប់​ត្រី​ហ្នឹង​ទៅ​វា​ហើម​ខ្លួន ហើម​មុខ មាត់​អស់​។ ធ្លាប់​ងាប់​តើ គោក្របី វា​ប៉ះពាល់ វា​ពុល​ហើមពោះ​ងាប់​បណ្ដោយ អត់​មាន​ថា នៅ​យូរ​ទេ​ឱ្យ​តែ​ហើមពោះ​។ ដាក់​ថ្នាំ​មិន​ត្រូវ​ទេ កន្លងទៅ​ងាប់​រាប់​រយ​ក្បាល មួយថ្ងៃ​ហ្នឹង​មាន ៤​ទៅ ១០​ក្បាល អារ​ក​រួច​ធ្វើ មិន​ដឹង​យក​សាច់​ទៅ​ណា​ទេ លក់​ក៏​លក់​មិន​ដាច់ ហាល​ចោល​ស្អុយ​ព្រាត»

បុរស​ដដែល​បារម្ភ​ថា ក្រុម​ជនជាតិ​ដើម​ភាគតិច​នៅតែ រងទុក្ខ​វេទនា ជា​រៀងរាល់​ឆ្នាំ ដោយសារ​ផល​ប៉ះពាល់​អវិជ្ជមាន ពី​ក្រុមហ៊ុន​រ៉ែ​មាស​ទាំងនោះ​មាន​ជាអាទិ៍ ពួកគេ​មិន​អាច​ទទួល​ទាន ទឹកអូរ​ធម្មជាតិ​បាន និង​បាត់បង់​ត្រី​សាច់​ជាដើម​។ លោក​ថា ជីវិត​រស់នៅ​របស់​អ្នកភូមិ​នៅ​តំបន់​នោះ ឋិត​ក្នុង​សភាព​ភ័យខ្លាច និង​មិន​ហ៊ាន​ងើប​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​នោះ​ទេ ដោយ​ខ្លាចក្រែង​អាជ្ញាធរ​ធ្វើទុក្ខបុកម្នេញ​៖ «ព្រួយបារម្ភ​ខ្លាំង​មិន​ថា តែ​ខ្ញុំ​ទេ​នៅ​កន្លែង​ឃុំ​ចុង​ផ្លាស់​ហ្នឹង​ពិបាកចិត្ត​ហើយ ព្រោះ​វា​ប៉ះពាល់​ដល់​គោ​/​ក្របី ដល់​មនុស្ស មិន​ត្រឹមតែ​គោ​/​ក្របី​ទេ ប៉ះពាល់​ដល់​មនុស្ស​ទៀត ទាំង​សត្វព្រៃ​អស់​អា​លីង​ហើយ អត់​មាន​ទេ»

ពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ភូមិ​ពូហ៊ួង ឃុំ​ចុង​ផ្លាស់ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ជាច្រើន​ខែ​មក​ហើយ អាជ្ញាធរ​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ និង​សហគមន៍​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ឡើយ ក៏ប៉ុន្តែ​បែរជា បណ្ដោយ​ឱ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស យ៉ាង​គគ្រឹក​គ្រេង​ទៅវិញ​។ លោក​ថា ក្រុមហ៊ុន​ចិន កំពុង​ឈូស​ឆាយ​ផ្លូវ ខ្វាត់ខ្វែង​ចូល​ទីតាំង អាជីវកម្ម​រ៉ែ​មាស ធ្វើ​ឱ្យ​ប៉ះពាល់​ដើម​ច្បោះ​ជ័រទឹក របស់​អ្នកស្រុក​រាប់​រយ​ដើម​៖ «ក្រុមហ៊ុន​ចិន ធ្វើ​របង​ព័ទ្ធជុំវិញ​នៅ​កន្លែង​គេ​ធ្វើ​ហ្នឹង​។ បិទ​តែ​ខ្មែរ​យើង ចិន​នៅ​ធ្វើ​ដដែល ។ ព្រួយបារម្ភ​ច្រើន បើ​ក្រុមហ៊ុន​ចេះតែ​ចូល​អ៊ីចឹង បន្តិច​​ទៀត ខាង​មុខៗ​អស់​ដី ឥឡូវ​ចាប់​ផ្តើម​ជ្រៀតជ្រែក​រណ្ដៅ​ជ័រទឹក បាញ់ថ្នាំ ពួក​ក្រុម​ហ៊ុន​ហ្នឹង»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង តំណាង​ក្រុមហ៊ុន រ៉ុង ឆេង លោក យៀប លូ ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃទី១៨ ខែ​ធ្នូ។

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក ម៉ឹង សុចាន់ថា និង​អ្នក​នាំ​ក្រសួង​រ៉ែ លោក យស់ មុនីរ៉ាត់ ក៏​មិន​លើក​ទូរ​សព្ទ​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​មេឃុំ​ចុង​ផ្លាស់ លោក លាដ លឹមគុណ បដិសេធ​មិន​អធិប្បាយ​បញ្ហា​នេះ​ទេ ដោយ​លោក​ថា កំពុង​ជាប់រវល់​៖ ៖ «ខ្ញុំ​ធ្វើដំណើរ​តាម​ផ្លូវ​បង»

សហគមន៍​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន រ៉ុង ឆេង ទទួល​សិទ្ធិ​ស្រាវជ្រាវ រ៉ែ​មាស ពី​រដ្ឋាភិបាល លើ​ផ្ទៃដី​ជិត ៣​ពាន់​ហិកតារ (,៨០០) ឋិត​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។ សហគមន៍​ចោទ​ថា ក្រុមហ៊ុន​នេះ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង ការ​ស្លាប់​ពលរដ្ឋ​ជាច្រើន​នាក់ និង​រាប់​រយ​នាក់​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​កាល​ពី​ពេល​កន្លង​ទៅ ដោយសារ​ការ​បង្ហូរ​កាក​សំណល់​គីមី ឬ​ជាតិ​ហ្សានីត ចូល​ក្នុង​ទឹកអូរ​ធម្មជាតិ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ថ្លែង​ថា អាជ្ញាធរ​ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​ស៊ើបអង្កេត​ករ​ណី​នេះ និង​មិនបាន​អនុវត្ត​ច្បាប់ លើ​ក្រុមហ៊ុន​ចិន ដែល​អនុវត្ត​ផ្ទុយ ពី​កិច្ចសន្យា​វិនិយោគ​នោះ​ទេ​។ លោក​បារម្ភ​ថា ពលរដ្ឋ​នៅតែ​រងគ្រោះ​ដដែលៗ ហើយ​អាជ្ញាធរ​នៅតែ​រក​លេស​ឆ្លើយ​ដោះ​សារ​គេច​ពី​ការទទួលខុសត្រូវ​៖ «បើ​ក្រុមហ៊ុន​នៅតែ​ធ្វើ​បន្ត​ទៀត នឹង​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ការ​រស់នៅ ជីវភាព​ប្រចាំថ្ងៃ​របស់​គាត់​។ ពលរដ្ឋ​ស្លូតត្រង់ នៅតែ​ជួប​បញ្ហា​ទុក​លំបាក​រាល់ថ្ងៃ​។ អ៊ីចឹង​មានន័យថា ករណី​នេះ​វា​អាច​ឈាន​ទៅ​រក​ការរំលោភ​សិទ្ធិមនុស្ស»

កាល​ពី​ដើម​ឧសភា ឆ្នាំ ២០១៨ ពលរដ្ឋ​រស់នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​មណ្ឌលគិរី ១៩​នាក់ បាន​ស្លាប់ និង​ជាង ៤០០​នាក់​ធ្លាក់ខ្លួន​ឈឺ ដោយសារ​ពុល​ទឹកអូរ និង​ទឹក​ព្រែក​ទេរ ដែល​ក្រុមហ៊ុន​រ៉ែ​មាស​ខុសច្បាប់​ទាំងនោះ បង្ហូរ​កាកសំណល់​គីមី​ចូល​ក្នុង​ទឹក​។ លើស​ពី​នេះ កាល​ពី​អំឡុង ខែ​កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ពលរដ្ឋ​រស់នៅ​ក្បែរ​តំបន់​អាជីវកម្ម​រ៉ែ​មាស​ក្នុង​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ជាប់​ភូមិសាស្ត្រ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី ២​នាក់​បាន​ស្លាប់ និង ៤៨​នាក់​ទៀត បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ ក្រសួងសុខាភិបាល​បាន​ចេញមុខ​ប្រកាស​ថា បាតុភាព​នេះ​កើតឡើង​ដោយសារ​ការ​ពុល​ស្រា​ស ទំនងជា​ខ្លាចក្រែង​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល