មេឃុំ​​នៅ​ស្ទឹងត្រែង​ចោទ​ពលរដ្ឋ​ដែល​ឈឺឆ្អាល​ការពារ​ព្រៃឈើ​ថា​ជា​ក្រុម​បដិវត្ត​ន៍​ពណ៌

ដោយ ហេង សកល
2017-12-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឈើ​លេខ​មួយ​ប្រភេទ​សុក្រំ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ឈ្មួញ និង​រក្សា​ទុក​នៅ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
ឈើ​លេខ​មួយ​ប្រភេទ​សុក្រំ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង ចាប់​ពី​ឈ្មួញ និង​រក្សា​ទុក​នៅ​វត្ត​ពោធិ៍ការាម ហៅ​វត្ត​ក្បាលរមាស ភូមិ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥។
រូបភាព​សហគមន៍

មេឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង មកពី​បក្ស​កាន់អំណាច ចោទ​សហគមន៍ ៤០​នាក់ ដែល​ប្រមូល​ផ្គុំ​គ្នា ឃាត់​រថយន្ត​ដឹក​ឈើ​របស់​ឈ្មួញ​ថា  ជា​ក្រុម​បដិវត្ត​ន៍ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ការ​ចោទ​ប្រកាន់​នេះ​ធ្វើឡើង ក្រោយ​ពី​សហគមន៍ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត​ដឹក​ឈើ​ខុសច្បាប់ ៣​គ្រឿង និង​បញ្ជូន​ទៅ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​កាលពី​ចុងខែ​វិច្ឆិកា ក៏ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​វិញ។

មេឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង លោក សួយ ប៊ុនធួយ មកពី​បក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​តំណែង ប្រមាណ ៣០​ឆ្នាំ​មក​ហើយ​នោះ បាន​ប្រតិកម្ម​ចំពោះ​ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​ពលរដ្ឋ​ប្រមាណ ៤០​នាក់ ទៅ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដោយ​មិន​ផ្ដល់​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ។ លោក​ចាត់​ទុក​ការ​ប្រមូល​ផ្ដុំ​គ្នា​បែបនេះ​ថា គឺជា​ក្រុម​បដិវត្ត​ន៍​ពណ៌​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយមាន​អ្នក​នៅ​ពី​ក្រោយ​ខ្នង​អាច​ជា​អតីត​ក្រុម​បក្ស​ប្រឆាំង។ លោក​ថា ពលរដ្ឋ​គ្មាន​សិទ្ធិ​ទៅ​ឃាត់​បទល្មើស​ព្រៃឈើ និង​ជំរិត​ទារ​ប្រាក់​គេ​នោះ​ទេ ហើយ​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ គឺជា​កាតព្វកិច្ច​របស់​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ៖ «ចាប់​យក​ឡាន ២ ទៅ ៣​គ្រឿង​ទារ​យក​ប្រាក់។ នេះ​ជា​បញ្ហា​មួយ​ប្លែក។ នេះ​ជា​ហៅថា អំណាច​ពីរ។ ខ្ញុំ​មិនទាន់​និយាយ​ទេ បើ​លោក​ចង់​ដឹង គឺ​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង។ នេះ​គេ​ហៅថា បដិវត្ត​ពណ៌ មិន​ខុស​ទេ»

កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ សហគមន៍​ឃុំ​ស្ដៅ ស្រុក​សេសាន ប្រមាណ ៤០​នាក់ បាន​នាំ​គ្នា​ឃាត់​រថយន្ត​ដឹក​ឈើ ៣​គ្រឿង បំណង​ឲ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​អាជ្ញាធរ​បែរជា​រំដោះ​រថយន្ត​ទាំងនោះ​ឲ្យ​ឈ្មួញ​ទៅវិញ។ ក៏ប៉ុន្តែ​មេឃុំ​ស្តៅ​បដិសេធ​ថា អាជ្ញាធរ​មិនបាន​ដោះលែង​រថយន្ត​ដឹក​ឈើ​ទាំង​នោះ​ទេ គឺ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​ករណី​នេះ និង​បញ្ជូន​វត្ថុ​តាង​អនុវត្ត​ច្បាប់​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខែត្រ​ស្ទឹងត្រែង។

ពលរដ្ឋ​ម្នាក់​ក្នុងចំណោម​ពលរដ្ឋ​ច្រើន​ទៀត ដែល​ចូលរួម​តវ៉ា​នោះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៣ ធ្នូ ថា ពលរដ្ឋ​បង្ខំចិត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ដោយសារ​អាជ្ញាធរ​មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ ពុំ​មែន​ប្រមូល​ផ្គុំ​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ទេ។ លោក​កត់សម្គាល់​ថា បើ​ពលរដ្ឋ​ប្រទះឃើញ​បទល្មើស​ព្រៃឈើ រួច​ជូនដំណឹង​ទៅ​អាជ្ញាធរ​អនុវត្ត​ច្បាប់ ក៏ប៉ុន្តែ​បែរជា​សម្របសម្រួល ដើម្បី​ទទួល​ផល​ប្រយោជន៍​ពី​ជនល្មើស គឺជា​ទង្វើ​នាំ​ឲ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត៖ «អាជ្ញាធរ​ឃុំ​គាត់​ចោទប្រកាន់​មក​ពួក​យើង​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​យើង​ធ្វើ​នេះ​ក្នុងនាម​ជា​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុងនាម​ការពារ​ធន​ធាន​ធម្មជាតិ។ តែ​បែរជា​អាជ្ញាធរ​ចោទ​ថា តវ៉ា​នេះ​ជា​ការ​ខុស​ទាំងស្រុង»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ឲ្យ​ដឹង​ថា សហគមន៍​ប្រមូល​ផ្ដុំ​គ្នា​ទប់ស្កាត់​បទល្មើស​ព្រៃឈើ ពុំ​មែន​ជា​រឿង​ខុសច្បាប់​ទេ ផ្ទុយទៅវិញ​អាជ្ញាធរ​ជំនាញ​ត្រូវ​ផ្ដល់​កិច្ចសហការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​លើក​រឿង​នយោបាយ ជា​លេស​មក​ដោះស្រាយ​បញ្ហា​នោះ​ទេ។ លោក​យល់ថា ការចោទប្រកាន់​ពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា បដិវត្ត​ពណ៌​ផ្ដួល​រំលំ​រដ្ឋាភិបាល ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ ហាក់ជា​លេស​របស់​អាជ្ញាធរ ដាក់​សម្ពាធ​ទៅ​ពលរដ្ឋ​មិន​ឲ្យ​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ស្វែងរក​ដំណោះស្រាយ​រឿង​បទល្មើស​ព្រៃឈើ៖ «លោក​មេឃុំ​ចោទ​ថា បដិវត្ត​ពណ៌។ អ៊ីចឹង​យើង​ត្រូវ​ឲ្យ​និយមន័យ​បដិវត្ត​ពណ៌​ឲ្យ​បាន​ត្រឹមត្រូវ វា​មានន័យថា​ម៉េច​ខ្លះ។ មិនមែន​ចេះតែ​ចោទ​ប្រជាពលរដ្ឋ ៤០​នាក់​ដោយ​មិន​មាន​អាវុធ ចេះតែ​ថា បដិវត្ត​ពណ៌​ដែរ​ទេ គឺ​មិន​ត្រឹមត្រូវ​ទេ»

កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា អភិបាលរង​ស្រុក​សេសាន​មួយ​រួប និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ អម​ដោយ​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ បាន​រំដោះ​រថយន្ត​ដឹក​ឈើ ៣​គ្រឿង ជា​ប្រភេទ​រថយន្ត​ប៉ា​កុង​ដែល​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ព្រៃ​ក្បែរ​សហគមន៍​រស់នៅ។ អ្នកភូមិ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ឋិត​ក្នុង​ឃុំ​ស្តៅ កើតមាន​ច្រើន​ឆ្នាំ​មក​ហើយ រហូត​មក​ទល់​ពេលនេះ បង្ក​ប៉ះពាល់ ជីវភាព និង​ជីវិត​រស់នៅ​របស់​សហគមន៍​នៅ​តំបន់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល