មន្ត្រី​ការពារ​ព្រៃឈើ​នៅ​មណ្ឌលគិរី ៣​នាក់​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ករណី​ព្រៃឈើ

ដោយ ថន ថារ៉ូ
2019-07-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី។
Photo courtesy of Eng Hy Facebook

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បាន​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​កាន់តែ​ច្រើន ក្នុង​នោះ មាន​ទាំង​មន្ត្រី​ដែល​ទទួលខុស​ត្រូវ​ការពារ​ព្រៃឈើ និង​ឈ្មួញ​រកស៊ី​ព្រៃឈើ​មាន ទាំង​ជនជាតិ​ខ្មែរ និង ជនជាតិ​បរទេស។ សង្គម​ស៊ីវិល ជំរុញ​ឱ្យ​តុលាការ អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង ព្រោះ​បទល្មើស​ព្រៃឈើ​នេះ​ធ្វើ​ឡើង ជា​ប្រព័ន្ធ​ជាច្រើន​ឆ្នាំ​មក​ហើយ។

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បញ្ជូន​មន្ត្រី​ការពារ​ព្រៃឈើ​ក្នុង​ខេត្ត ៣​នាក់ ជនជាតិ​ចិន ៣​នាក់ ជនជាតិ​វៀតណាម ២​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ។

អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់ លោក​ថា នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា មន្ត្រី​អាវុធហត្ថ​ខេត្ត​មណ្ឌលគិរី បញ្ជូន​មន្ត្រី​៣​នាក់​ពាក់ព័ន្ធ​នឹង​បទ ល្មើស​ព្រៃឈើ​នៅ​ក្រុមហ៊ុន​ប៉ាស៊ីហ្វិក ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ បន្ទាប់ពី​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា​។ មន្ត្រី​ទាំង​៣​រូប​នេះ រួមមាន​នាយក​ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រេច លោក ហាន សាខន នាយរង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក សារូ រតនា និង​នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​រយ៉ លោក ហ៊ុន វណ្ណេ។ នៅ​ថ្ងៃ​ដដែល​នេះ មន្ត្រី​កងរាជអាវុធហត្ថ ក៏បាន​ចាប់ខ្លួន និង​បញ្ជូន​ជាតិ​ចិន​៣ និង​វៀតណាម​២​នាក់​ទៅ​តុលាការ​ដែរ។ ជនជាតិ​ចិន​ទាំង​៣​នាក់ គឺ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ក្រុមហ៊ុន​ថាច់វូដ។ ចំណែក​ជនជាតិ​វៀតណាម​២​នាក់ ពាក់ ព័ន្ធ​នឹង​ការ​ប្រមូល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិត​អនុញ្ញាត។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ទាំង​៣​រូប និង ជនជាតិ​ចិន​៣​រូប ត្រូវ​បាន​នាំ​ឃុំខ្លួន​នៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​វិញ ដើម្បី​រង់ចាំ​បន្ត​នីតិវិធី​នៅ​ទី​២៨ ខែ​កក្កដា។ ចំណែក​ជនជាតិ​វៀតណាម​ទាំងពីរ​នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​រួចហើយ ពី​បទ​ប្រមូល​ផល​អនុផល​ព្រៃឈើ ដោយ​គ្មាន​លិខិតអនុញ្ញាត និង​ក្រៅ​ដែន​ព្រៃគប់​កំណត់​ក្នុង​លិខិត​អនុញ្ញាត និង​បទ​ផ្ទេរសិទ្ធិ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​មាត្រា​៩៨ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ៖ «ស្អែកៗ​បន្ត​ទៀត ព្រោះ​ថ្ងៃនេះ​ឃុំខ្លួន​អត់​ទេ ព្រោះ​ឥឡូវ​នៅ​ដំណាក់កាល​សាកសួរ​នៅ​អយ្យការ​នៅ​ឡើយ»

ទន្ទឹមគ្នា​នេះ​ដែរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី លោក ទៀង សុថា បាន​ចេញ​ដីកា បង្គាប់​ឱ្យ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី លោក សាក់ សារុន ចូលខ្លួន​បំភ្លឺ នៅ​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ដើម្បី​សាកសួរ​ពាក់ព័ន្ធ​បទ «​ប្រមូល និង​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត។ ដីកា​បង្គាប់​ឱ្យ​ចូលខ្លួន ដែល​អាស៊ីសេរី​ទទួល​បាន នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា បញ្ជាក់​ថា ក្នុង​ករណី លោក សាក់ សារុន មិន​ព្រម​ចូល​មក​បង្ហាញខ្លួន​តាម ការ​កំណត់​ខាងលើ​ទេ តុលាការ​នឹង​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ លើកឡើង​ថា ចំណាត់ការ​ផ្លូវច្បាប់​លើ​មន្ត្រី និង​អ្នក​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​នេះ​គឺ​ទើបតែ​ចាប់ផ្ដើម ដំណាក់កាល​ដំបូង ខណៈ​បទល្មើស​ព្រៃឈើ​នេះ​កើតឡើង​ដុស​ស្លែ​ទៅ​ហើយ​ក្នុង​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា ការ​ឃាត់ខ្លួន​មន្ត្រី និង​ឈ្មួញ​រកស៊ី​ព្រៃឈើ​នេះ បង្ហាញ​ថា បទល្មើស​ព្រៃឈើ​នៅ​កម្ពុជា កើត​ឡើងជា​ប្រព័ន្ធ​។ លោក​ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ និង ស្ថាប័ន​តុលាការ ចាត់វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង និង​នាំ​ខ្លួន​មន្ត្រី​ធំៗ និង​ក្រុម​មេខ្លោង​រកស៊ី​ព្រៃឈើ ខុសច្បាប់​ដទៃ​ទៀត​ផ្ដន្ទាទោស​តាមច្បាប់៖ «បទល្មើស​ព្រៃឈើ​មិនមែន​ទាល់តែ​គណៈកម្មការ​ជាតិ​ចុះទៅ​ទើប​ផ្ទុះ​ទៅ​ការ​ភ្ញាក់ផ្អើល​ទេ ។ អ្វី​ដែល​ស្ងាត់ស្ងៀម​នេះ​ហើយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ស័យ​ថា បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​វា​កើត​ឡើងជា​ប្រព័ន្ធ មាន​អំពើពុករលួយ​ជា​ប្រព័ន្ធ។ អ៊ីចឹង​អ្វី​ដែល​តុលាការ​កោះហៅ​នេះ​នៅ​មាន​តទៅទៀត។ ជាពិសេស​អ្វី​ដែល​ពលរដ្ឋ​សង្ស័យ​គឺ​មិនមែន​តែ មន្ត្រី​ថ្នាក់ក្រោម​តែ​ប៉ុណ្ណឹង​ទេ អាច​មាន​ថ្នាក់​ខេត្ត​រហូតដល់​ថ្នាក់​ជាតិ»

ការ​ឃាត់ខ្លួន​មន្ត្រី និង​ឈ្មួញ​រកស៊ី​ព្រៃឈើ​ជា​បន្តបន្ទាប់​នេះ កើតឡើង​ក្រោយ​ចាប់ខ្លួន​ឧកញ៉ា ស៊ឹង សំអុល និង​បក្សពួក ៣​នាក់ កាលពី​ថ្ងៃ​ទី​៩ កក្កដា​កន្លង​ទៅ​។ គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​បង្ហាញ​ថា មាន​ក្រុមហ៊ុន​ចំនួន ៥ ដែល​ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​ខេត្ត​មណ្ឌលគិរី ប្រឈម​នឹង​ត្រូវ​ដក​អាជ្ញាប័ណ្ណ។ ក្រុមហ៊ុន​ទាំងនោះ​រួមមាន ក្រុមហ៊ុន​ម៉ាស្ទ័រខេសិន ក្រុមហ៊ុន​ចិន យ៉ាន់ចាវ ក្រុមហ៊ុន ថាច់វូដ ក្រុមហ៊ុន​វិជ្ជរី និង ក្រុមហ៊ុន​ណេងណា។ ទន្ទឹម​គ្នា​នេះ សមត្ថកិច្ច​កំពុង​រក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​៩​នាក់​ទៀត។

កាល​ពី​ពេល​ថ្មីៗ​នេះ អគ្គមេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ប្រកាស​ដាក់​ជីវិត​របស់​ខ្លួន​ម្ដង ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឱ្យ​ទាល់តែ​បាន​។ លោក សៅ សុខា អះអាង​ថា ទោះបីជា​ជនល្មើស​មាន​តំណែង​ប៉ុនណា​ក៏ដោយ ក៏​លោក​បញ្ជា​ឱ្យ​ចាប់​ទាំងអស់​។ ទោះបីជា​យ៉ាងណា សង្គម​ស៊ីវិល​ថា លោក សៅ សុខា អាច​ចាញ់​ពាក្យសន្យា​ព្រោះ​លោកនាយក​រដ្ឋមន្ត្រី ដែល​ធ្លាប់​ប្រកាស​កាត់​ក្បាល​ចោល បើ​មិន​អាច​បង្ក្រាប​ការបំផ្លាញ​ព្រៃឈើ​នោះ នៅ​មិនទាន់​ធ្វើ​តាម​ពាក្យសន្យា​នៅឡើយ​ទេ។

លោក ប៉ែន ប៊ុណ្ណារ៍ លើក​ឡើង​ថា ដើម្បី​ឱ្យ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​ទាំង​ការ​បង្ក្រាប និង​ធ្វើ​ឱ្យ មជ្ឈដ្ឋាន​ព្រៃឈើ​ដូចដើម​ឡើងវិញ គឺ​រដ្ឋាភិបាល ត្រូវ​ស្រាវជ្រាវ​រក​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ក្នុង​រយៈពេល​១៥​ឆ្នាំ ហើយ​នាំ​យក​ទៅ​ផ្ដន្ទាទោស​តាមច្បាប់ និង​តម្រូវ​ឱ្យ​ពួកគេ​សង​សំណង​ដើម្បី យក​ទៅ​ដាំ​ដើមឈើ​ឡើងវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល