ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​ប្រទេស​​តំបន់​អាស៊ី​បូព៌ា​សម្រេច​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចិរភាព

ដោយ មាន ​ឫទ្ធិ
2017-12-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជន​អនាថា​ក្រីក្រ​សម្រាក​តាម​​ចិញ្ចើម​ថ្នល់​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០១៤។
ជន​អនាថា​ក្រីក្រ​សម្រាក​តាម​​ចិញ្ចើម​ថ្នល់​មួយ​នា​រាជធានី​ភ្នំពេញ កាល​ពីថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០១៤។
Photo: RFA

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ទើប​នឹង​ចេញផ្សាយ ណែនាំ​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា ចាំបាច់​ត្រូវ​ដាក់​ចេញ​នូវ​គោលនយោបាយ​ថ្មី ដើម្បី​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចិរភាព​សម្រាប់​ទាំងអស់​គ្នា។

របាយការណ៍​ដែល​មាន​ចំណងជើង​ថា «​ផល​ចំណេញ​ពី​ភាព​ចម្រុងចម្រើន​បច្ចុប្បន្ន៖ អព្ភូតហេតុ​តំបន់​អាស៊ីបូព៌ា​សម្រាប់​សតវត្ស​ទី​២១» ចេញផ្សាយ​ថ្ងៃ​ទី​៤ ខែ​ធ្នូ លើកឡើង​ថា ដើម្បី​សម្រេច​បាន​នូវ​កំណើន​សេដ្ឋកិច្ច ប្រកបដោយ​ចិរភាព​សម្រាប់​ទាំងអស់​គ្នា បណ្ដា​ប្រទេស​ទាំងឡាយ​ក្នុង​តំបន់​អាស៊ីបូព៌ា ចាំបាច់​ត្រូវ​ប្រឹងប្រែង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន លូតលាស់​ហួស​ពី​គំរូ «​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​សមភាព»

របាយការណ៍​ពន្យល់​ថា កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចិរភាព​សម្រាប់​ទាំងអស់​គ្នា មាន​ន័យ​ថា ជា​សេដ្ឋកិច្ច​មួយ​ដែល​មិន​ត្រឹមតែ​កាត់បន្ថយ​ភាព​ក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្ដល់​នូវ​ឱកាស​សម្រាប់​បំឡាស់​ទី​សេដ្ឋកិច្ច​ទៅ​រក​ភាព​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត និង​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា។ របាយការណ៍​នេះ​គូស​បញ្ជាក់​ថា បញ្ហា​វិសមភាព​ផ្នែក​សេដ្ឋកិច្ច គឺជា​កង្វល់​ចម្បង​មួយ​ក្នុងចំណោម​បណ្ឌា​ពលរដ្ឋ​នៅ​ទូទាំង​តំបន់​អាស៊ី​បូព៌ា។

អ្នកស្រី វិចតូរីយ៉ា ក្វាក្វា (Victoria Kwakwa) អនុប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក ថ្លែង​ថា ការណ៍​ដែល​ប្រជាជន​ជិត​មួយ​ពាន់​លាន​នាក់ ក្នុង​តំបន់​អាស៊ី​បូព៌ា បាន​ចាក​ផុត​ពី​ភាព​ក្រីក្រ​តោកយ៉ាក ក្នុង​រយៈពេល​មួយ​ជំនាន់​មនុស្ស គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​មួយ។ អ្នកស្រី​បន្ត​ថា ក៏​ប៉ុន្តែ ដើម្បី​ធានា​ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​បូព៌ា រក្សា​បាន​នូវ​កំណើន​សម្រាប់​ទាំងអស់​គ្នា​ប្រកបដោយ​ចិរភាព ប្រទេស​ទាំងនេះ ចាំ​បាច់​ត្រូវ​លៃលក​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ ដោយ​ត្រូវ​លុប​បំបាត់​ចោល​ទាំងស្រុង​នូវ​ភាព​ក្រីក្រ​តោកយ៉ាក កែ​លម្អ​ទស្សនៈ​វិស័យ​សម្រាប់​បំឡាស់​ទី​សេដ្ឋកិច្ច​ទៅ​រក​ភាព​ប្រសើរ​ឡើង និង​ធានា​ឲ្យ​បាន​នូវ​សន្តិសុខ​សេដ្ឋកិច្ច​សម្រាប់​ទាំងអស់​គ្នា។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ របាយការណ៍​ធនាគារ​ពិភពលោក​ដដែល​នេះ ដាក់​ចេញ​នូវ​អនុសាសន៍​សម្រាប់​កែ​លម្អ​សសរស្ដម្ភ​ចំនួន​បី​ធំៗ។ សសរស្ដម្ភ​ទី​មួយ ការ​ជំរុញ​ឲ្យ​មាន​បំឡាស់​ទី​ផ្នែក​សេដ្ឋកិច្ច​ទៅ​រក​ភាព​កាន់តែ​ប្រសើរ​ឡើង ទាមទារ​ឲ្យ​មាន​នូវ​ការ​ផ្សារ​ភ្ជាប់​គម្លាត ក្នុង​ការ​ទទួល​ការងារ និង​សេវាកម្ម ការ​បង្កើន​គុណភាព​ការងារ និង​ការ​លើក​កម្ពស់​ហិរញ្ញវត្ថុ​សម្រាប់​ទាំងអស់​គ្នា។ សសរស្ដម្ភ​ទី​ពីរ ការ​ផ្ដល់​នូវ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើនជាង​មុន តម្រូវ​ឲ្យ​មាន​នូវ​ការ​ពង្រឹង​ប្រព័ន្ធ​ជំនួយ​ផ្នែក​សង្គម ការពង្រីក​ការធានារ៉ាប់រង​ផ្នែក​សង្គម និង​ការ​បង្កើន​ភាព​រឹងមាំ​ទប់​នឹង​វិបត្តិ​នានា។ សសរស្ដម្ភ​ទី​បី ការ​ពង្រឹង​ស្ថាប័ន តម្រូវ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​នៃ​គោលនយោបាយ​ពន្ធ ដើម្បី​ពង្រីក​ធនធាន និង​ការ​លើក​កម្ពស់​ប្រសិទ្ធភាព​កម្មវិធី​ចំណាយ​សម្រាប់​ទាំងអស់​គ្នា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល