ធនាគារ​ពិភពលោក៖ ការ​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​​ជាង​មុន

ដោយ សាន សែល
2016-10-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​សំណង់​កំពុង​ធ្វើ​ការ​នៅ​ការដ្ឋាន​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០១៥។
កម្មករ​សំណង់​កំពុង​ធ្វើ​ការ​នៅ​ការដ្ឋាន​មួយ​កន្លែង​តាម​បណ្ដោយ​ផ្លូវ​ប៉ាស្ទ័រ រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ២០១៥។
Photo: RFA

របាយការណ៍​របស់​ធនាគារ​ពិភពលោក​ដែល​ទើប​ចេញ​ផ្សាយ បង្ហាញ​ថា ការ​ធ្វើ​ធុរកិច្ច ឬ​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជា មាន​ភាព​ងាយស្រួល​ជាង​មុន។ ធនាគារ​ពិភពលោក ផ្ដល់​ចំណាត់​ថ្នាក់​ឲ្យ​កម្ពុជា ប្រសើរ​ជាង​មុន។ ទោះជា​យ៉ាងណា កម្ពុជា ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​បន្ថែម​ទៀត។ ចំណែក​រដ្ឋាភិបាល​អះអាង​ថា ក្រសួង​កំពុង​ធ្វើ​កិច្ចការ​នេះ​ហើយ។

របាយការណ៍ «ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៧៖ ឱកាស​ស្មើ​ភាព​សម្រាប់​ទាំង​អស់​គ្នា» របស់​ធនាគារ​ពិភពលោក​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ផ្ដល់​ចំណាត់​ថ្នាក់​ដល់​កម្ពុជា នៅ​លេខ​រៀង​ទី​១៣១ ក្នុង​ចំណោម ១៩០​ប្រទេស ផ្នែក​បរិយាកាស​អាជីវកម្ម ឬ​ការ​រក​ស៊ី។

ប្រទេស​កម្ពុជា ទទួល​បាន​ពិន្ទុ ៥៤,៧៩ លើ ១០០។ បើ​ប្រៀបធៀប​នឹង​របាយការណ៍​ឆ្នាំ​២០១៦ កម្ពុជា មាន​ភាព​ប្រសើរ​ឡើង ដែល​កាល​ពី​ឆ្នាំ​មុន កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​១២៨ ហើយ​បាន​ពិន្ទុ ៥៤,៥៤៖ «ការ​ធ្វើ​ធុរកិច្ច ឆ្នាំ​២០១៧» ជា​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី​១៤ របស់​ធនាគារ​ពិភពលោក ដែល​ស៊ើប​អង្កេត​បរិយាកាស​អាជីវកម្ម ការ​អនុវត្ត​ច្បាប់​ដែល​ពង្រីក​សកម្មភាព​ពាណិជ្ជកម្ម និង​ច្បាប់​ដែល​រឹត​បន្តឹង​ការ​ធ្វើ​អាជីវកម្ម។ របាយការណ៍​នេះ ពិនិត្យ​មើល​ច្បាប់ និង​គោលនយោបាយ​ទាំង​ឡាយ​របស់​រដ្ឋាភិបាល ទាំង ១០​សូចនាករ​នៃ​ការ​ធ្វើ​អាជីវកម្ម ដូចជា​ការ​ចាប់​ផ្ដើម​អាជីវកម្ម ការ​ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់ ការ​ផ្គត់ផ្គង់​អគ្គិសនី ការ​ចុះ​បញ្ជី​អចលនទ្រព្យ ការ​ទទួល​បាន​ឥណទាន ការ​ការពារ​វិនិយោគិន​ភាគតិច ការ​បង់​ពន្ធ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ព្រំដែន ​ការ​អនុវត្ត​កិច្ចសន្យា និង​ការ​សង​បំណុល។

របាយការណ៍​នេះ​វាយ​តម្លៃ​ថា ការ​ទទួល​បាន​ឥណទាន​សម្រាប់​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា ទទួល​បាន​ពិន្ទុ​ប្រសើរ​ជាង​គេ​ក្នុង​ចំណោម​សូចនាករ​ទាំង​១០ ដោយ​ទទួល​បាន​ពិន្ទុ ៨៥ លើ ១០០។

ធនាគារ​ពិភពលោក​បញ្ជាក់​ថា ស្ថានភាព​នេះ បង្ក​ភាព​ងាយស្រួល​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​នៅ​ក្នុង​ប្រទេស​កម្ពុជា ទទួល​បាន​ទុន។

ប្រធាន​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) ថ្លែង​ថា កម្ពុជា កំពុង​កែប្រែ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​អាជីវកម្ម ហើយ​កំណែ​ទម្រង់​នៅ​កម្ពុជា កំពុង​ជួយ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែល​ជួយ​ប្រជាជន​កម្ពុជា ជា​ច្រើន​ចាក​ចេញ​ពី​ភាព​ក្រីក្រ។

យ៉ាង​ណា​ក៏ដោយ ធនាគារ​ពិភពលោក​ផ្ដល់​យោបល់​ថា កម្ពុជា ចាំបាច់​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ចាប់​ផ្ដើម​អាជីវកម្ម​ចំណាយ​រយៈពេល​ខ្លី​ជាង​នេះ ដោយ​ត្រូវ​កាត់​បន្ថយ​ពេល​វេលា​ចុះ​បញ្ជី និង​មិន​ចាំបាច់​តម្រូវ​ឲ្យ​មាន​ភស្តុតាង​បញ្ជាក់​អំពី​ទុន​ដែល​បាន​ដាក់​តម្កល់ ក្រោយ​ការ​ចុះ​បញ្ជី​នោះ​ទេ។

បន្ថែម​ពី​នេះ របាយការណ៍ «ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៧» បង្ហាញ​ថា សូចនាករ​ដូចជា ការ​អនុវត្ត​កិច្ចសន្យា ឬ​កុងត្រា ការ​ទទួល​បាន​លិខិត​អនុញ្ញាត​សាងសង់ និង​ការ​សង​បំណុល​នៅ​កម្ពុជា មាន​ពិន្ទុ​ក្រោម ៥០ លើ ១០០។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី ឲ្យ​ដឹង​ថា ច្បាប់​ទម្លាប់​ស្តីពី​អាជីវកម្ម​កម្ពុជា មាន​ការ​អនុគ្រោះ​ដល់​វិនិយោគិន ដែល​ជា​ឱកាស​សម្រាប់​ការ​វិនិយោគ។ បើ​ទោះ​ជា​ច្បាប់​ទាំង​នោះ​នៅ​មិន​ទាន់​អនុវត្ត​បាន​តឹងរ៉ឹង​ក្ដី កញ្ញា សុផារី បញ្ជាក់​ថា ក្រសួង​កំពុង​បន្ត​ធ្វើ​កំណែ​ទម្រង់​លើ​ផ្នែក​នេះ៖ «ជា​ជំហាន​ដំបូង យើង​មិន​អាច​ធ្វើ​ដូច​គេ​កើត​ទេ។ យើង​មិន​អាច​ហក់​ទៅ​ទាំង​ផ្ទាំង​ដូច​គេ​កើត។ សព្វថ្ងៃ​នេះ រដ្ឋាភិបាល​ជំរុញ​ទាក់ទាញ​អ្នក​វិនិយោគ​មក​កម្ពុជា សិន។ យើង​កំពុង​កសាង​បណ្ដើរៗ តាម​ក្របខ័ណ្ឌ​ច្បាប់  សេដ្ឋកិច្ច ម៉ាក្រូ​សេដ្ឋកិច្ច គោលនយោបាយ ដែល​កត្តា​ពិចារណា​របស់​អ្នក​វិនិយោគ»

​នៅ​ក្នុង​វិចារណកថា​នៃ​របាយការណ៍ «ការ​ធ្វើ​ធុរកិច្ច​ឆ្នាំ​២០១៧» ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ធនាគារ​ពិភពលោក លោក ប៉ូល រ៉ូមឺរ (Paul M. Romer) គូស​បញ្ជាក់​ថា រដ្ឋាភិបាល​អាច​សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​អាជីវកម្ម​ប្រសើរ​ឡើង ពិសេស​ច្បាប់​ពាណិជ្ជកម្ម​ដែល​មាន​ប្រសិទ្ធភាព និង​ការ​ជួយ​អន្តរាគមន៍​របស់​រដ្ឋាភិបាល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​ការ​រីក​ដុះដាល​អាជីវកម្ម​ថ្មីៗ និង​កាត់​បន្ថយ​ភាព​បរាជ័យ។ លោក​ថា រដ្ឋាភិបាល​មាន​លទ្ធភាព​បង្កើត និង​អនុវត្ត​ច្បាប់ ដើម្បី​ធានា​បរិយាកាស​អាជីវកម្ម​ល្អ​សម្រាប់​ប្រជាពលរដ្ឋ និង​តួអង្គ​សេដ្ឋកិច្ច​ផ្សេង​ទៀត បំពេញ​តួនាទី​ឲ្យ​មាន​ប្រសិទ្ធភាព។

ប្រទេស​ចំនួន​៥ ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ដែល​ត្រូវ​ផ្ដល់​ដោយ​ធនាគារ​ពិភពលោក មាន​ប្រទេស​នូវែលហ្សេឡង់ (New Zealand) លំដាប់​ថ្នាក់​ទី​១ សិង្ហបុរី (Singapore) លំដាប់​ថ្នាក់​ទី​២ ដាណឺម៉ាក (Denmark) លំដាប់​ថ្នាក់​ទី​៣ តំបន់​រដ្ឋបាល​ពិសេស​ហុងកុង នៃ​ប្រទេស​ចិន (Hong Kong SAR, China) លំដាប់​ថ្នាក់​ទី​៤ និង​កូរ៉េ​ខាង​ត្បូង (Republic of South Korea) លំដាប់​ថ្នាក់​ទី​៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល