អាជីវករ​រំពឹង​ថា​សាធារណជន​ចាប់​អារម្មណ៍​ផលិតផល​ក្នុង​ពិព័រណ៍​បុណ្យ​អុំ​ទូក

ដោយ អ៊ុំ រង្សី
2016-11-12
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្តង់​ពិព័រណ៍​ទំនិញ​នៅ​កោះពេជ្រ ត្រៀម​សម្រាប់​ពិធី​បុណ្យ​អុំ​ទូក។ រូប​ថត​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsy
ស្តង់​ពិព័រណ៍​ទំនិញ​នៅ​កោះពេជ្រ ត្រៀម​សម្រាប់​ពិធី​បុណ្យ​អុំ​ទូក។ រូប​ថត​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Um Raingsy
RFA/Um Raingsy

អាជីវករ និង​ក្រុមហ៊ុន​ដែល​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិព័រណ៍​នា​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ រំពឹង​ថា នឹង​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​មក​ចូលរួម ព្រមទាំង​ចាប់​អារម្មណ៍​ផលិតផល​ទាំង​នោះ។

គិត​មក​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នេះ នៅ​តាម​កន្លែង​សំខាន់ៗ គិត​ចាប់​ពី​រមណីយដ្ឋាន​វត្តភ្នំ បរិវេណ​សួន​ច្បារ​វត្ត​បទុមវតី ក្បែរ​ព្រះបរមរាជវាំង ពិសេស​បរិវេណ​ទីក្រុង​រណប​កោះ​ពេជ្រ នា​រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជីវករ និង​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​បាន​រៀបចំ​ត្រៀម​ស្តង់​តាំង​ពិព័រណ៍ ដើម្បី​ដាក់​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​បី​ថ្ងៃ​នេះ។

តំណាង​ក្រុមហ៊ុន ជីង ថៃ លក់​ខ្នើយ និង​កម្រាល​ពូក អ្នកស្រី អេង លាង និយាយ​ថា អ្នកស្រី​បាន​ជួល​ស្តង់​រយៈពេល​បី​ថ្ងៃ ក្នុង​តម្លៃ ៥០០​ដុល្លារ។ អ្នកស្រី​រំពឹង​ថា នឹង​មាន​ប្រជាពលរដ្ឋ​ទាំង​តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ មក​ចូល​រួម ហើយ​ចាប់អារម្មណ៍​ផលិតផល​តាំង​ពិព័រណ៍​ច្រើន បន្ទាប់​ពី​កម្ពុជា បាន​ផ្អាក​ពិធី​បុណ្យ​នេះ​ជា​ច្រើន​ឆ្នាំ៖ «ឆ្នាំ​នេះ​ខ្ញុំ​រំពឹង​ថា មនុស្ស​ច្រើន​ជាង ព្រោះ​ឆ្នាំ​នេះ​យើង​អុំ​ទូក រាល់​ឆ្នាំ​យើង​អត់​ដែល​អុំ​ទូក​ទេ សង្ឃឹម​ថា ប្រហែល​លក់​ដាច់ ព្រោះ​អីវ៉ាន់​ទាំង​នេះ ខ្ញុំ​នាំ​មក​ផ្ដាច់​មុខ​ពី​ប្រទេស​ចិន និង​ហុងកុង ហេតុ​នេះ​ខ្ញុំ​ជឿ​ថា គេ​អត់​មាន​លក់​ដូច​ខ្ញុំ​នោះ»

​ទន្ទឹម​គ្នា​នេះ​ដែរ ជា​ម្ចាស់​ស្តង់​លក់​នាឡិកាដៃ លោក សុខ ភាព នា​មជ្ឈមណ្ឌល​កោះ​ពេជ្រ ឲ្យ​ដឹង​ដែរ​ថា លោក​នឹង​ដាក់​លក់​ចំនួន ៤​ថ្ងៃ។ លោក​ថា ផលិតផល​ដែល​ដាក់​លក់​សម្រាប់​បុណ្យ​អុំ​ទូក លោក​នាំ​ចូល​ពី​ប្រទេស​ថៃ និង​សិង្ហបុរី។ លោក​ក៏​រំពឹង​ថា នឹង​រក​ចំណូល​បាន​ច្រើន​ពី​ការ​តាំង​ពិព័រណ៍​នេះ។ លោក​ក៏​អំពាវ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន ទាំង​សម្ភារៈ និង​លុយ​កាក់​នា​ឱកាស​ចូល​រួម​ពិធី​បុណ្យ​នេះ៖ «ពេល​មក​លេង​បុណ្យ​អុំ​ទូក យើង​គួរ​ណា​ប្រុង​ប្រយ័ត្ន ដូច​ជា​​កុំ​ដើរ​ប្រជ្រៀត​គ្នា កុំ​ច្រាន​គ្នា កុំ​ឲ្យ​កើត​មាន​បញ្ហា​ដូច​ឆ្នាំ​មុន​ទៀត»

​ចំណែក​ម្ចាស់​ស្តង់​ពិព័រណ៍​លក់​សម្ភារៈ​ផ្ទះបាយ លោក មាស សុវណ្ណារ៉ា មិន​រំពឹង​ថា នឹង​រក​ចំណូល​បាន​ច្រើន​ពី​ពិធី​តាំង​ពិព័រណ៍​នេះ​ប៉ុន្មាន​នោះ​ទេ។ លោក​យល់​ថា ប្រជាពលរដ្ឋ​អាច​នឹង​នៅ​ភ័យ​ខ្លាច​ព្រឹត្តិការណ៍​ស្លាប់​មនុស្ស​នៅ​ស្ពាន​ពេជ្រ កាល​ពី​ឆ្នាំ​២០១០ ខណៈ​កសិករ​ជា​ច្រើន​ជួប​វិបត្តិ​ធ្លាក់​ថ្លៃ​ស្រូវ និង​រក​ចំណូល​មិន​បាន។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ត្រៀម​កម្លាំង​ការពារ​ឲ្យ​បាន​តឹងរ៉ឹង​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ដែល​ចូល​រួម​ពិធី​បុណ្យ​នេះ។

គិត​ចាប់​ពី​រមណីយដ្ឋាន​វត្តភ្នំ បរិវេណ​សួនច្បារ​វត្ត​បទុមវតី ក្បែរ​ព្រះបរមរាជវាំង ពិសេស​បរិវេណ​នាទី​ក្រុង​រណប​កោះ​ពេជ្រ នា​រាជធានី​ភ្នំពេញ មាន​ស្តង់​ពិព័រណ៍​ផលិតផល​ប្រើប្រាស់ រួម​មាន​សំលៀកបំពាក់ គ្រឿង​សំអាង ម្ហូប​អាហារ ព្រម​ទាំង​ឧបករណ៍ និង​សម្ភារៈ​ប្រើប្រាស់​ជា​ច្រើន​ទៀត។ ប៉ុន្តែ​ស្តង់​ពិព័រណ៍​ផលិតផល​ស្រាបៀរ បាន​តាំង​បង្ហាញ​មាន​លក្ខណៈ​លេច​ធ្លោ​ធំដុំ និង​មាន​ចំនួន​ច្រើន​ជាង​គេ​រហូត​មាន​ការ​ប្រគំតន្ត្រី និង​ផ្ដល់​ជា​រង្វាន់ ថែម​ទាំង​បញ្ចុះ​តម្លៃ​ចំពោះ​ផលិត​របស់​ខ្លួន​ថែម​ទៀត។ ករណី​នេះ ត្រូវ​បាន​ពលរដ្ឋ និង​សង្គម​ស៊ីវិល បង្ហាញ​ក្តី​បារម្ភ​ចំពោះ​សុខភាព និង​សុវត្ថិភាព​របស់​ពលរដ្ឋ​ដែល​ចូល​រួម​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ។

ករណី​នេះ​ត្រូវ​បាន​ប្រធាន​អង្គការ​សម្ព័ន្ធ​អន្តរជាតិ ទប់ស្កាត់​ផល​ប៉ះពាល់​គ្រឿង​ស្រវឹង (IARD) លោក គង់ សុវណ្ណ បាន​ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ថា ជា​ការ​កត់សម្គាល់​ក្នុង​ពិធី​បុណ្យ​ជាតិ​ម្ដងៗ លោក​តែង​ឃើញ​ក្រុមហ៊ុន​ស្រាបៀរ​ដាក់​តាំង​ពិព័រណ៍ និង​ឃោសនា​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ​របស់​ខ្លួន​តាម​រូបភាព​ផ្សេងៗ និង​ចំណាយ​ធំដុំ​លើ​សកម្មភាព​នេះ។ លោក​ថា បញ្ហា​នេះ​ដោយសារ​កម្ពុជា មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង។

​លោក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គួរ​ត្រៀម​កម្លាំង​ចុះ​រឹត​បន្តឹង​អនុវត្តន៍​ច្បាប់​ចរាចរណ៍ ព្រោះ​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​ស្លាប់ និង​របួស​ជាង ៩០% កើត​ឡើង​មក​ពី​បើកបរ​មិន​គោរព​ច្បាប់​ក្នុង​ល្បឿន​លឿន  និង​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង៖ «នៅ​ក្នុង​អំឡុង​ពេល​បុណ្យ​អុំ​ទូក​ហ្នឹង បើសិនជា​មាន​ការ​ដាក់​គោលដៅ រឹត​បន្តឹង​ច្បាប់ ពិសេស​ការ​បើកបរ​នៅ​ក្នុង​ឥទ្ធិពល​គ្រឿង​ស្រវឹង​នេះ នោះ​ជា​វិធានការ​បឋម​នៅ​ក្នុង​ការ​ទប់​ស្កាត់»

​ឆ្លើយ​តប​នឹង​ការ​តាំង​ពិព័រណ៍​នេះ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កញ្ញា សឹង សុផារី មិន​បាន​បញ្ជាក់​ច្បាស់​ពី​ចំនួន​ក្រុមហ៊ុន​តាំង​ពិព័រណ៍​មាន​ប៉ុន្មាន និង​មាន​ផលិតផល​អ្វី​ខ្លះ​នា​ពិធី​បុណ្យ​នេះ​នៅ​ឡើយ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា រាល់​ការ​តាំង​ពិព័រណ៍​ផលិតផល​ស្រាបៀរ គឺ​ជា​ទម្លាប់ និង​ដើម្បី​អបអរ​ពិធី​បុណ្យ​ធំៗ​ប៉ុណ្ណោះ មិន​មែន​ក្រសួង​ពាណិជ្ជកម្ម​ជា​អ្នក​បើកដៃ​ឲ្យ​តាំង​ពិព័រណ៍​នោះ​ទេ។ ទោះ​យ៉ាង​ណា អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ស្នើ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ព័ត៌មាន​ទៅ​សមត្ថកិច្ច​ភ្លាមៗ នៅ​ពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​ណា​មួយ​កើត​ឡើង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល