អាជីវករ​ត្អូញ​ពី​ការ​លក់​ដូរ​មិន​ដាច់​នៅ​ពេល​​ស្ថានការណ៍​នយោបាយ​តានតឹង

ដោយ ស្ងួន អមរា
2017-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទិដ្ឋភាព​នៅ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧។
ទិដ្ឋភាព​នៅ​ផ្សារ​ធំថ្មី រាជធានី​ភ្នំពេញ ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​អាជីវករ​លក់ដូរ​របរ​កំប៉ិកកំប៉ុក​តាម​ចិញ្ចឹម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ និង​តាម​ខែត្រ​រអ៊ូរទាំ​ថា លក់​មិន​ដាច់ ក្រោយ​ពេល​ដែល​ស្ថានភាព​នយោបាយ​កាន់​តែ​តានតឹង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ពួកគេ​ស្នើ​ឲ្យ​អ្នក​នយោបាយ​ស្រុះស្រួល​គ្នា​ឲ្យ​បាន​ឆាប់ ដើម្បី​ជីវភាព​ពលរដ្ឋ​បាន​ប្រសើរ​ឡើង​វិញ។

​អាជីវករ​លក់​ទូរស័ព្ទដៃ​បោះ​ដុំ​នៅ​តាម​ផ្សារ​ម្នាក់ ឈ្មោះ ទ្រី ម៉េងស្រ៊ុង អះអាង​ថា ចាប់​តាំង​ពី​មាន​វិបត្តិ​នយោបាយ​ក្រោយ​ពេល​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​មក ការ​លក់ដូរ​របស់​លោក​ចេះ​តែ​ធ្លាក់​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លោក​ដាក់​ការ​សង្ស័យ​ថា អ្នក​ទិញ​អាច​លែង​សូវ​សំបូរ​លុយ​ដូច​មុន៖ «អ្ហើយ! អ្នកលក់​ឥឡូវ​ស្ងាត់​ឈឹង! ចង់​ដាច់​បាយ​អស់​ហើយ គ្មាន​អ្នក​ណា​ទិញ​ដូរ​អី ជា​ទូទៅ​ហើយ អ្នកលក់​ឥឡូវ​ស្ងាត់​តែម្ដង។ នៅ​ពេល​រញ៉េរញ៉ៃ​អ៊ីចឹង អ្នក​លក់​ឥឡូវ​ខ្សត់ខ្សោយ​ណាស់ និយាយ​ទៅ​លក់​មិន​ដាច់​តែម្ដង»

​វិបត្តិ​នយោបាយ​ក្នុងប្រទេស​កម្ពុជា ចាប់​ផ្ដើម​កើតឡើង​ខ្លាំង​ក្រោយ​ពេល​រដ្ឋាភិបាល​បំបាត់​សំឡេង​ឯករាជ្យ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​កណ្ដាល​យប់​ថ្ងៃ​ទី​៣ កញ្ញា ដោយ​ចោទ​ប្រកាន់​ពីបទ​ក្បត់​ជាតិ​តាម​បទបញ្ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ បន្ទាប់​មក​ក៏​មាន​ការរំលាយ​គណបក្ស​ប្រឆាំង ហាមឃាត់​សកម្មភាព​ក្បាល​ម៉ាស៊ីន​បក្ស​ប្រឆាំង​ជាង ១០០​នាក់​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​ចុង​ក្រោយ​គឺ​ការ​ចាប់​ខ្លួន​អតីត​បុគ្គលិក​អាស៊ីសេរី ពីរ​រូប ចោទ​ពីបទ​ផ្ដល់ព័ត៌មាន​អន្ដរាយ​ជាតិ​ទៅ​ឲ្យ​រដ្ឋ​បរទេស ព្រម​ទាំង​ការ​ស៊ុមគ្រលុំ​គ្នា​យក​អាសនៈ​តំណាងរាស្ត្រ និង​អាសនៈ​ថ្នាក់​ក្រោម​ជាតិ ទៅ​បែងចែក​ឱ្យ​គ្នា និង​បក្ស​ពួក​ខ្លួន​ដោយ​មិន​ខ្វល់​ពី​សំឡេង​រិះគន់ និង​ថ្កោលទោស។

អ្នក​លក់​អង្ករ​នៅ​ម្ដុំ​ផ្សារ​សំណង់១២ និង​ជា​អ្នក​លក់​អីវ៉ាន់​តាម​អនឡាញ (Online) ឈ្មោះ ទន់ គឹមហួយ អះអាង​ស្រដៀង​នឹង​អាជីវករ​ផ្សេង​ទៀត​ដែរ ពី​ការ​ធ្លាក់​ចុះ​អតិថិជន។ អ្នកស្រី ទន់ គឹមហួយ មើល​ឃើញ​ថា នៅ​ពេល​ប្រទេស​ជាតិ​ជួប​វិបត្តិ អ្នក​នយោបាយ​មិន​ត្រូវ​គ្នា គឺ​ភ្ញៀវ​ទេសចរ​​អន្តរជាតិ​នឹង​ធ្លាក់​ចុះ បណ្ដាល​ឲ្យ​លុយ​ដែល​ហូរ​ចូល​តាម​រយៈ​ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​បាត់បង់​ដែរ៖ «ស្នើ​សុំ​ឲ្យ​រាជរដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ចំពោះ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា... កាល​ណា​កម្មករ​គាត់​អត់​មាន​ប្រាក់ ហើយ​អ្នក​ទេសចរណ៍​ក៏​គាត់​អត់​មក​លេង ចលនា​សាច់ប្រាក់​អត់​ដើរ។ នាង​ខ្ញុំ​ដែល​ជំពាក់​ធនាគារ​ក៏​អត់​មាន​លុយ​សម្រាប់​សង​ធនាគារ អត់​មាន​លុយ​សម្រាប់​ចិញ្ចឹម​កូនចៅ ក្រុម​គ្រួសារ​ត​ទៅ​មុខ​ទៀត។ ដូច្នេះ​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រឆាំង សម្របសម្រួល​គ្នា ដើម្បី​ប្រទេស​យើង​ទាំង​មូល ព្រោះ​បើ​យើង​អត់​មាន​លុយ​ទេ ក៏​យើង​មិន​អាច​ទៅ​ធ្វើ​អ្វី​បាន​ដែរ នាង​ខ្ញុំ​អាជីវករ​តូចតាច លក់ដូរ​ជា​រឿង​សំខាន់»

​អ្នក​លក់​ណែម​នៅ​ម្ដុំ​រូបសំណាក​លោកតា​ដំបងគ្រញូង ក្នុង​ខែត្រ​បាត់ដំបង ម្នាក់ លោក ព្រាប ឃុនសុជាតិ ត្អូញត្អែរ​ថា ចាប់​តាំងពី​មាន​វិបត្តិ​នយោបាយ​កើត​ឡើង​មក អីវ៉ាន់​ចេះ​តែ​កើន​ឡើង ចំណែក​ការ​លក់​ដូរ​វិញ លែង​ដាច់​ដូច​មុន។ លោក​ប្រាប់​ថា ភ្ញៀវ​ទេសចរ​ដែល​មក​លេង​នៅ​ខែត្រ​បាត់ដំបង បច្ចុប្បន្ន លែង​សូវ​ចូល​ទិញ​ណែម​លោក​ដូច​មុន​ទៀត​ហើយ៖ «បញ្ហា​សេដ្ឋកិច្ច យើង​ជា​ប្រជាពលរដ្ឋ ដូចជា​ខ្ញុំ​នេះ​ផ្ទាល់​ដែរ សព​ថ្ងៃ​មាន​ការ​ពិបាក​ក្នុងការ​រកស៊ី​មួយ​ចំនួន ដូចជា​ការទិញ​អីវ៉ាន់​ឡើង​ថ្លៃ ការ​លក់​ដូរ​មិន​បាន​ចំណេញ​ច្រើន មាន​ការ​ពិបាក​ក្នុង​ការ​លក់ដូរ ដូច្នេះ​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ឲ្យ​ខាង​រដ្ឋាភិបាល ក៏​ដូចជា​ថ្នាក់ដឹកនាំ និង​ខាង​គណបក្ស​នយោបាយ​ដែល​មាន​វិបត្តិ​នយោបាយ​ផ្ទាល់​នេះ ឲ្យ​ពួកគាត់​សម្របសម្រួល​គ្នា​ដើម្បី​កុំ​ឲ្យ​មាន​វិបត្តិ​ដូច្នេះ»

​កន្លង​មក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ឬ​អស់​លោក​អ្នកធំ​ក្នុង​ជួរ​រដ្ឋាភិបាល ស្រែក​បន្ទរ​គ្នា​អះអាង​ថា ប្រទេស​កម្ពុជា គ្មាន​វិបត្តិ​នយោបាយ​ទេ គឺ​មាន​តែ​អ្នក​នយោបាយ​មាន​វិបត្តិ​តែប៉ុណ្ណោះ។ សង្គម​ស៊ីវិល និង​អ្នកតាមដាន​នយោបាយ ហៅ​ការសម្រេចចិត្ត​បន្តឹង​ស្ថានការណ៍​នយោបាយ​កម្ពុជា លែង​ដើរ​ផ្លូវ​កណ្ដាល ហើយ​ងាក​ទៅ​រក​ប្លុក​កុម្មុយនិស្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​ជា​ការ​ធ្វើ​នយោបាយ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច ឬ​ឈាន​ដល់​ចំណុច​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។ ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ឱ្យ​គណបក្ស​ប្រឆាំង ទទួល​ខុស​ត្រូវ​នៅ​ពេល​បរទេស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មក​លើ​ប្រទេស​កម្ពុជា។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ការ​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ឡើង​កំដៅ​នេះ ថា​ជា​យុទ្ធសាស្ត្រ​រក្សា​សន្តិភាព និង​បង្ការ​កុំ​ឲ្យ​កម្ពុជា មាន​បដិវត្ត​ពណ៌។

​អាជីវករ​លក់​ស្លា​ម្លូរ​នៅ​ខែត្រ​កំពង់ចាម ម្នាក់ ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​កូន​ដែល​កំពុង​រៀនសូត្រ​នៅ​ក្រុង​ភ្នំពេញ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កាន់​តែ​ឡើង​កំដៅ​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ៖ «អ្នក​នៅ​តាម​ខេត្ត​ដឹង​ស្រាប់​ហើយ គាត់​ឮ​ដំណឹង​ហ្នឹង គាត់​ភ័យ​ខ្លាច គាត់​បារម្ភ ហើយ​កូន​គាត់​អត់​ហ៊ាន​ទៅ​ណា​មក​ណា និយាយ​ទៅ​ក្ដី​បារម្ភ​របស់​គាត់​ហ្នឹង​គឺ​ចំពោះ​ហ្នឹង។ មួយ​ទៀត បើកាលណា​សិស្ស​សាលា ហើយ​អ្នក​រក​ស៊ី បើ​កាលណា​អត់​បាន​ចេញ​ប្រកប​របរ​រក​ស៊ី គ្រួសារ​ហ្នឹង​ម៉េច​រក​បាន​ចំណូល ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ហ្នឹង​កាត់​ជំនួយ​ពី​ប្រទេស​យើង​ផង​ដែរ ហើយ​បើ​សិន​កាត់​ជំនួយ​ហើយ ធ្វើ​ឲ្យ​ប្រទេស​យើង​ហ្នឹង​កាន់​តែ​លំបាក ហើយ​ប្រឈម​នឹង​ភាព​អត់​មាន​ការងារ​ធ្វើ»

​អាជីវករ​ព្រមាន​ថា  ប្រសិនបើ​ស្ថានភាព​នយោបាយ​ដ៏​តានតឹង​នេះ មិន​បាន​វិល​ត្រឡប់​ទៅ​រក​ភាព​ប្រសើរ​ទេ ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​កើត​មាន​សម្រាប់​កម្ពុជា ពី​សំណាក់​បណ្ដា​ប្រទេស​ដែល​បញ្ជា​ទិញ​ផលិតផល​ពី​ស្រុក​ខ្មែរ។ នៅ​ពេល​ដែល​មាន​ទណ្ឌកម្ម អាជីវករ​បារម្ភ​ថា ជីវភាព​របស់​ពួកគេ​នឹង​កាន់​តែ​ធ្លាក់​ដុនដាប​ជាង​នេះ​ទៀត។ ពួកគេ​យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​ត្រូវ​កែសម្រួល​បរិយាកាស​នយោបាយ និង​រក្សា​ទំនាក់ទំនង​ការទូត​ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូរ​អភិវឌ្ឍន៍​របស់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

very easy, if Cambodia government want គណបក្ស​ប្រឆាំង respond,គណបក្ស​កាន់​អំណាច should give back the power to គណបក្ស​ប្រឆាំង. Cambodia will go back to normal as before.

Dec 09, 2017 12:51 PM

អ្នក​អាន​អនាមិក

នេះជានយោបាយ ជិះសេះលែងដៃ បំផ្លាញសេដ្ឋកិច្ចប្រជាពលរដ្ឋ របស់ជនល្មោភអំណាច ហ៑ុន សែន ខ្លាំងខាងបំផ្លាញខ្មែរខ្លួនអែង !

Dec 08, 2017 10:58 PM

អ្នក​អាន​អនាមិក

our government have a big big economic china will help Cambodia soon but not now

Dec 08, 2017 08:16 PM

គេហទំព័រ​ទាំងមូល