អាជីវករលក់ដូរតាមដងផ្លូវ នៅផ្សារដើមគខ្លះ បារម្ភថា អាជ្ញាធរអាចនឹងប្រើហេតុផលផ្សេងៗ ដើម្បីចាប់បង្ខំ ឬបណ្ដេញពួកគេ ឈប់ឲ្យលក់នៅទីតាំងចាស់ នៅផ្សារដើមគ ក្រោយប្រកាសថា ត្រូវរើផ្សារបន្លែ ទៅទីតាំងថ្មី ទៅដាក់លើផ្ទៃបឹងតាមោក ឬ បឹងទំនប់កប់ស្រូវ ទំហំ ២០ហិកតារ នៅឯជាយរាជធានីភ្នំពេញ។ អាជ្ញាធររាជធានីភ្នំពេញ អះអាងថា មិនមានការរុះរើផ្សារដើមគទេ និងស្នើឲ្យអាជីវករ រក្សាភាពស្ងប់ស្ងាត់ ប្រកបរបរទទួលទានជាធម្មតា និងត្រូវជឿទុកចិត្តលើអាជ្ញាធរ។
អាជីវករលក់ចេកចៀនតាមដងផ្លូវ នៅផ្សារដើមគម្នាក់ អ្នកស្រី ណឹម សឿន ប្រាប់ថា មិនទាន់មានភាគីខាងផ្សារ ឬ អាជ្ញាធរ ប្រជុំប្រាប់អ្នកលក់ ពីព័ត៌មាននៃគម្រោងរើផ្សារបន្លែ នៅឡើយទេ គឺឃើញតែតាមសារព័ត៌មានចុះផ្សាយប៉ុណ្ណោះ។ អ្នកស្រី បន្តថា ក្រុមអាជីវករ គ្រាន់តែលឺតគ្នាថា នឹងមានការបញ្ឈប់ ការបោះដុំ បន្លែ ផ្លែឈើ នៅពេលយប់ ដោយឈប់ឲ្យយកមកបោះដុំនៅម្ដុំផ្សារដើមគ និងផ្សារនាគមាស៖ « (អាជ្ញាធរ និងប្រធានផ្សារ) អត់បានដើរប្រាប់ទេ តែគ្រាន់ថាអាជីវករឃើញតាមហ្វេសប៊ុក ឃើញតាមកាសែត។ សំណួរ៖ ពេលគេប្ដូរ តើពិបាកទិញយកមកលក់ ឬ ពិបាកលក់ទេ? ឆ្លើយ៖ ពិបាកអូន ពិបាកទាំងអស់លក់ ទាំងអ្នកទិញ។ តាមពិតទៅ អ្នកលក់ក៏ពិបាកលក់ អ្នកទិញក៏ពិបាកគ្នាទិញដែរ ព្រោះអីឆ្ងាយ។ នរណាទៅទិញ ដីឆ្ងាយពីនេះ ជាង២០គីឡូ គេមិនព្យាយាមទៅទិញទេ»។
សេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ តែទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅដើមឆ្នាំ២០១៩ បង្ហាញថា របបក្រុងភ្នំពេញ បានយល់ព្រមជាគោលការណ៍ យកដីចំនួន២០ហិកតារ នៅបឹងតាមោក ដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់ បន្លែ ផ្លែឈើ និងជាចំណតរថយន្ត។ របបក្រុងភ្នំពេញ ក៏អនុញ្ញាតឲ្យរើផ្សារបន្លែ ពីផ្សារដើមគ ទៅនៅទីតាំងផ្សារដែលនឹងសាងសង់ថ្មី លើផ្ទៃបឹងតាមោក ទំហំ២០ហិកតារ។
ក្រោយដំណឹងនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ អ្នកប្រើប្រាស់បណ្ដាញសង្គម និងក្រុមអ្នកបរិស្ថាន ប្រតិកម្មដោយបារម្ភថា ផ្ទៃបឹងស្ដុកទឹកចុងក្រោយបង្អស់ នៅរាជធានីភ្នំពេញមួយនេះ អាចនឹងមានវាសនាមិនខុសពីផ្ទៃបឹងកក់ បឹងត្របែក បឹងទំពុន ឬ បឹងជើងឯក ដែលរងការលុប ក្រោមហេតុផលអភិវឌ្ឍន៍ ប៉ុន្តែការពិតនៅពីក្រោយការលុបបឹងទាំងនោះ គឺដើម្បីផ្ដល់ឲ្យក្រុមហ៊ុនឯកជនវិនិយោគ ឯពលរដ្ឋធ្លាប់អាស្រ័យផល មិនទទួលបានប្រយោជន៍អ្វីទេ។ ចំណែក អាជីវករផ្សារដើមគខ្លះ បារម្ភថា ពួកគេ នឹងអាចបាត់បង់មុខរបរ ដោយសារ តែការផ្លាស់ប្ដូរទីតាំងថ្មីនេះ។
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន កាលពីថ្ងៃទី៤ មករា បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបញ្ជាក់ខ្លឹមសារ សេចក្ដីជូនដំណឹង ឬ ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថា នឹងមិនមានការរុះរើផ្សារដើមគទេ។ គេហទំព័រហ្វេសប៊ុក (Page facebook) របស់រដ្ឋបាលរាជធានីភ្នំពេញ ផ្សាយបន្ថែមថា រដ្ឋបាលរាជធានីភ្នំពេញបញ្ជាក់សារជាថ្មីថា ពុំមានគម្រោងរុះរើផ្សារដើមគ ឬ តម្រូវឱ្យអាជីវករកំពុងលក់ដូរ នៅផ្សារដើមគ ធ្វើការផ្លាស់ប្ដូរទីតាំងអាជីវកម្មរបស់ខ្លួន ទៅទីតាំងថ្មីណាមួយឡើយ។ ដោយឡែក ចំពោះគម្រោងសាងសង់ផ្សារនៅ បឹងតាមោក គឺដើម្បីសាងសង់ជាផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត សម្រាប់បន្ថែមជាទីតាំងផ្សារ បោះដុំ មួយកន្លែងផ្សេងទៀត ដើម្បីកាត់បន្ថយ និងលុបបំបាត់ការរំលោភយកចិញ្ចើមផ្លូវ ទ្រូងផ្លូវសាធារណៈ ដើម្បីធ្វើជាទីតាំងលក់បន្លែផ្លែឈើ ដែលបង្កការកកស្ទះចរាចរណ៍ ប៉ះពាល់បរិស្ថាន សណ្ដាប់ធ្នាប់ និងអនាម័យតាមដងផ្លូវ។
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បដិសេធមិនផ្ដល់ព័ត៌មានបន្ថែម សម្រាប់រឿងនេះ ដោយបង្វែរឲ្យទៅសួរ អ្នកនាំពាក្យវិញ។ ប៉ុន្តែអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ពុំអាចសុំការអត្ថាធិប្បាយបាន។
ពលរដ្ឋ អាជីវករ អ្នកឃ្លាំមើលសង្គម បញ្ញវន្ត បាននាំគ្នាផ្ដល់យោបល់ជាច្រើន តាមបណ្ដាញសង្គម (facebook)។ អ្នកខ្លះ ផ្ដល់យោបល់ ឲ្យអាជ្ញាធរ សាងសង់ផ្សារដើមគ ឲ្យច្រើនជាន់ទៅលើ ឬ ជ្រើសរើស ទីតាំងផ្សេងក្រៅពី បឹងតាមោក ដើម្បីរើផ្សារបន្លែ ផ្លែឈើ និង ចំណតឡាន។
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ធ្លាប់សន្យាជាមួយក្រុមអ្នកស្រលាញ់បរិស្ថាន ក្នុងវេទិកាថ្នាក់ជាតិលើកទី២ ស្ដីពីការការពារ និងអភិរក្សធនធានធម្មជាតិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ថា ផ្ទៃបឹងតាមោក ត្រូវអនុញ្ញាតឲ្យលុបកន្លែងណា ដែលបង្កឲ្យមានមូសខ្លា ហើយផ្ទៃបឹងទាំងមូល នឹងត្រូវអភិរក្ស ជីកឲ្យជ្រៅ ដើម្បីឲ្យធារទឹក (ដំណើរហូរចុះ) កាន់តែជ្រៅថែមទៀត៖ «តាមោក (ផ្ទៃបឹង) មិនត្រូវឲ្យបាត់ទេ ព្រោះតាមោកជាធារទឹកមួយ គឺមានតែធ្វើឲ្យជ្រៅថែម។ អ៊ីចឹងទេ ជីកឲ្យជ្រៅថែម កុំឲ្យបាត់បង់បឹងតាមោក។ អាហ្នឹងវាជាចំណុចដែលយើង (របបក្រុងភ្នំពេញ) បានខិតខំ។ ឯកន្លែងខ្លះ វាគ្រាន់តែជាកន្លែង កន្លែងខ្លះ វាមិនមែនជាកន្លែងតម្កល់ធារទឹកទេ។ វាក្លាយទៅជាតំបន់ដែលបញ្ចេញមូសខ្លា។ អ៊ីចឹងទេ អាតំបន់ហ្នឹង លុបវាចោលទៅ លុបវាចោលទៅ»។
អ្នកសម្របសម្រួលកម្មវិធីនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក សៅ ពឿន គាំទ្រ ប្រសិនបើគ្មានការបង្ខំឲ្យអាជីវករ ដែលមិនមានតូបក្នុងផ្សារ ឬអ្នកលក់ដូរ នៅខាងក្រៅផ្សារ ត្រូវរើទៅទីតាំងថ្មី។ លោក សៅ ពឿន បន្តថា បើមានការតម្រូវឲ្យអាជីវកររុះរើ អាជ្ញាធរត្រូវមានសំណងសម្រាប់ការខូចខាតលើមុខរបររបស់អាជីវករទាំងនោះ។ ប៉ុន្តែទោះយ៉ាងណា សង្គមស៊ីវិលធ្វើការជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ ផ្ដល់យោបល់ថា ជម្រើសដ៏ល្អមួយទៀត គឺអាជ្ញាធរគួរអភិវឌ្ឍន៍ នៅហ្នឹងកន្លែងតែម្ដង៖ «ផ្សារនេះ (ផ្សារដើមគរ) ជារបស់រដ្ឋ ហើយមិនដឹងថា ដល់ពេលគេដោះដូរទៅ (អាចផ្នែកខ្លះ) តើគេលក់ឲ្យឯកជន ឬក៏យ៉ាងម៉េច? យើងអត់ទាន់ដឹងនៅឡើយទេ ហើយបើសិន ជាលក់ ឲ្យឯកជនដូចកន្លងមកអី គួរតែមានសំណង់ឲ្យពួកគាត់(ក្រុមអាជីវករ) ឲ្យបានតម្លៃទីផ្សារអ៊ីចឹង ទៅ»។
សង្គមស៊ីវិលរូបនេះ យល់ថា បើទោះ ត្រូវបង្កើតផ្សារបន្លែ ផ្លែឈើ និងចំណតរថយន្តថ្មី ប៉ុន្តែ មិនគួរលុបបឹង ដើម្បីបង្កើតផ្សារទេ គឺគួរបង្កើតនៅទីតាំងផ្សេង ហើយរក្សាបឹងទុកស្ដុកទឹកវិញ៕