ពលរដ្ឋ​ថា តម្លៃ​ឡាន​ឈ្នួល​នៅ​តែ​ឡើង​ថ្លៃ ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ

ដោយ តាំង សារ៉ាដា
2018-04-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ដើរ​តម្រង់​ទៅ​រថយន្ត​ឈ្នួល​នៅ​ម្ដុំ​ក្បាលថ្នល់ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។
ពលរដ្ឋ​ដើរ​តម្រង់​ទៅ​រថយន្ត​ឈ្នួល​នៅ​ម្ដុំ​ក្បាលថ្នល់ រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១៧។
Photo: RFA

ពលរដ្ឋ​ស្នាក់​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ទៅ​លេង​ស្រុក​កំណើត ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ និង​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រាប់​ថា តម្លៃ​ឡាន​ឈ្នួល បាន​ចាប់​ផ្ដើម​ឡើង​ថ្លៃ​ជា​បណ្ដើរៗ ហើយ។

អង្គការ​សង្គម​ស៊ីវិល ផ្តល់​អនុសាសន៍​ថា របប​ក្រុង​ភ្នំពេញ ត្រូវ​បញ្ចេញ​រថយន្ត​ក្រុង​របស់​រដ្ឋ​បន្ថែម​ទៀត ហើយ​ត្រូវ​គិត​គូរ​ពី​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ផង ទើប​ការ​អំពាវនាវ​ឲ្យ​ឡាន​ឈ្នួល​កុំ​តម្លើង​ថ្លៃ​ អាច​មាន​ប្រសិទ្ធិភាព។

ពលរដ្ឋ និស្សិត កម្មករ និង​មន្ត្រី​រាជការ​ខ្លះ បាន​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជធានី​ភ្នំពេញ ជា​បណ្ដើរៗ ហើយ ស្រប​ពេល​ដែល​ពួក​គេ​អះអាង​ថា តម្លៃ​ឡាន​ឈ្នួល​ដឹក​អ្នក​ដំណើរ ក៏​មាន​ការ​កើន​ឡើង​ជា​បណ្ដើរៗ ដែរ។

អ្នក​ធ្វើការងារក្រុមហ៊ុនឯកជនម្នាក់ លោក រម្យ មនោ ប្រាប់​ថា ការ​អំពាវនាវ ឬ​ការ​ព្រមាន​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ឡាន​ឈ្នួល​ឯកជន​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​នោះ មិន​មាន​ប្រសិទ្ធភាព​ទេ។ លោក​ប្រាប់​ថា ក្រៅ​ពី​តម្លើង​ថ្លៃ រថយន្ដ​ឈ្នួល​ក៏​បាន​បន្ថែម​មនុស្ស​ច្រើន​ជាង​ថ្ងៃ​ធម្មតា​ដែរ។ ទោះ​ដឹង​ថា ឡាន​ឡើង​ថ្លៃ និង​ត្រូវ​ជិះ​ប្រជ្រៀត​គ្នា​ក៏​ដោយ លោក រម្យ មនោ ប្រាប់​ថា គាត់​គ្មាន​ជម្រើស​អ្វី ក្រៅ​ពី​ជិះ​រថយន្ដ​ឈ្នួល​ឯកជន ទៅ​លេង​ស្រុក​កំណើត​នៅ​ឯ​ខេត្ត​សៀមរាប​នោះ​ទេ៖ «ថ្លៃ​មែន​នឹង​បង​ ពេល​មុន​ខ្ញុំ​ជិះ​តែ​ប្រាំបួន​រៀល​ ឥលូវ​ចូល​ ឆ្នាំ ឡើង​ដល់​ទៅ​ដប់ប្រាំ​រៀល មិន​ដឹង​ម៉េច​បង​ឡើង​ម៉ង​នឹង»

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ជួប​កម្មករ កាល​ពី​ថ្ងៃ​ទី​២៨ មីនា អំពាវនាវ​ដូច​រាល់​ឆ្នាំ​ដែរ គឺ​សូម​កុំ​ឲ្យ​ម្ចាស់​រថយន្ត​ដំឡើង​ថ្លៃ​សំបុត្រ នៅ​រដូវ​ចូល​ឆ្នាំ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ដល់​អ្នក​ដែល​ទៅ​លេង​ស្រុក​កំណើត ដើម្បីអបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ។

ក្រៅ​ពី​ការ​អំពាវនាវ​របប​ក្រុង​ភ្នំពេញ បាន​បញ្ចេញ​រថយន្ដ​ក្រុង​សាធារណៈ​ចំនួន ៦០​គ្រឿង ដើម្បី​ដឹក​អ្នក​ដំណើរ​ដោយ​ឥត​គិត​ថ្លៃ ទៅ​លេង​ស្រុក​កំណើត​តាម​ផ្លូវ​ជាតិ​មួយ​ចំនួន។ រថយន្ដ​ក្រុង​សាធារណៈ ដែល​របប​ក្រុង​ភ្នំពេញ សន្យា​ដឹក​ជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្លៃ នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​ទី​១២ មេសា។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ថា សម្រាប់​ផ្លូវ​ជាតិ​លេខ​១ អ្នក​ដំណើរ​ត្រូវ​ឡើង​រថយន្ត​នៅ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ឆ្ពោះ​ទៅ​ខេត្ត​កណ្តាល ព្រៃវែង និង​ខេត្ត​ស្វាយរៀង។

សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ ធ្វើ​ដំណើរ​ទៅ​ខេត្ត​តាកែវ កំពត កែប ត្រូវ​ឡើង​រថយន្ដ​នៅ​មុខ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរ​ជើង ង​៧០ ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ។ ផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ ឡើង​រថយន្ត​នៅ​ចំណុច​ប្រសព្វ រវាង​ផ្លូវ​ជាតិ​លេខ​៤ និង​មហាវិថី​ឈ្នះ​ឈ្នះ ឬ​ផ្លូវ​កប់​ស្រូវ នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែនជ័យ។ ផ្លូវ​ជាតិ​លេខ​៥ ត្រូវ​ឡើង​រថយន្ត​ចំណត​សួនច្បារ​ឫស្សីកែវ ឬ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ឆ្ពោះ​ទៅ​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និង​បន្ទាយមានជ័យ។

ឯ​ផ្លូវជាតិ​លេខ​៦ អ្នក​ដំណើរ​ត្រូវ​ឡើង​រថយន្ត​សាធារណៈ​​នៅម្តុំ​រង្វង់​ព្រហ្ម​មុខ​បួន​គល់​ស្ពាន​ជ្រោយ​ចង្វារ ក្នុង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប​ជ្រោយ​ចង្វារ ក្រុមហ៊ុន OCIC ឆ្ពោះ​ទៅ​ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប។

លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ដល់​ម្ចាស់​រថយន្ដ​ឈ្នួល​ទាំង​អស់​ថា ប្រសិន​បើ​វិធានការ​របស់​លោក​បែប​នេះ​ហើយ នៅ​តែ​មាន​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ទៀត នៅ​ឆ្នាំ​ក្រោយ របប​លោក​នឹង​ពិចារណា​បញ្ចេញ​រថយន្ដ​សាធារណៈ​ចំនួន ២០០​គ្រឿង។

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ស្រង់​សំដី​ពលរដ្ឋ​ថា មិន​មែន​តែ​អ្នក​រត់​រថយន្ដ​ឈ្នួល​ឯកជន (តួរីស) ទេ ដែល​មាន​ការ​ដំឡើង​ថ្លៃ ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ធំៗ ដូចជា​ក្រុមហ៊ុន សូរិយា ឬ​ក្រុមហ៊ុន ខេ.អេស.អូ នៅ​ម្ដុំ​ផ្សារ​ដើម​គ ក៏​ដំឡើង​ថ្លៃ​ខុស​ថ្ងៃ​ធម្មតា​ដែរ។ អ្នក​រត់​រថយន្ដ​ឈ្នួល​ម្នាក់​ប្រាប់​ថា ការ​ដំឡើង​ថ្លៃ​ឈ្នួល ក៏​ដោយសារ​តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​ដែរ។

ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ៉ន ពៅ ថា ដើម្បី​ឲ្យ​អ្នក​ដំណើរ​ទទួល​បាន​ប្រយោជន៍​ពិត​ប្រាកដ និង​ធ្វើ​ឲ្យ​ការ​អំពាវនាវ​របស់​អាជ្ញាធរ​មាន​ប្រសិទ្ធភាព របប​ក្រុង​ភ្នំពេញ ត្រូវ​បញ្ចុះ​ថ្លៃ​សាំង ពិនិត្យ​មើល​ការ​ដាក់​ប៉ុស្ដិ៍​ស្ទាក់​យក​លុយ​របស់​ប៉ូលីស និង​ការ​ដំឡើង​ថ្លៃ​ចំណត ពេល​បុណ្យ​ចូល​ឆ្នាំ។ លោក វ៉ន ពៅ យល់​ថា របប​ក្រុង​ភ្នំពេញ គួរ​បន្ថែម​រថយន្ដ​សាធារណៈ​ទៀត ទៅ​ខេត្ត​ឆ្ងាយៗ ដែល​មិន​ទាន់​មាន និង​ត្រូវ​ស្ថាបនា​ផ្លូវ​រថភ្លើង​ទៅ​ខេត្ត​ឆ្ងាយ​ជា​ដើម។ ម្យ៉ាង​ទៀត លោក វ៉ន ពៅ ក៏​ស្នើសុំ​ឲ្យ​របប​ក្រុង​ភ្នំពេញ មាន​យន្ដការ​ច្បាស់លាស់ ចំពោះ​តម្លៃ​របស់​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ៖ «យើង​គិត​ហើយ​ទីផ្សារ​សេរី ប៉ុន្តែ​យើង​ឃើញ​ទៅ​មើល​សៀវភៅ​បន្ទុក​វិញ​ផង​ដែរ។ សៀវភៅ​បន្ទុក​ដែល​រដ្ឋ​ឲ្យ​ក្រុមហ៊ុន​កំណត់​ថ្លៃ​រដ្ឋ​អាច​យក​មក​ពិនិត្យ​ឡើង​វិញ ថា​វា​យ៉ាង​ណា រដ្ឋាភិបាល​គាត់​ត្រូវ​មើល​ឡើង​វិញ ព្រោះ​អី​ប្រទេស​គេ​ជិត​ខាង​គេ​ធ្វើ​បាន រឿង​អី​ប្រទេស​យើង​ដូច​គេ​ធ្វើ​មិន​បាន គួរ​គិត​ឡើង​វិញ​បាទ»

ក្រៅ​ពី​ការ​ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ អាជ្ញាធរ ពលរដ្ឋ និងសង្គមស៊ីវិល ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​បើកបរ​ទាំង​អស់ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​កំឡុង​មុន និង​ក្រោយ ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល