ភ្ញៀវ​ទេសចរ​មក​ខេត្ត​ព្រះសីហនុ​ថ្ងៃ​បុណ្យ​អុំទូក​ឆ្នាំ​២០១៧​កើន​ជិត​៦​ភាគរយ

ដោយ អាស៊ីសេរី
2017-11-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍ កោះ​ឋានសួគ៌ ឆ្នេរ​ភ្លោះ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០១៧។
RFA

មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ បាន​អះអាងថា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​អន្តរជាតិ ដែល​ចូលទៅ​ទស្សនា​នៅតាម​តំបន់ឆ្នេរ​នា​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ ក្នុង​រយៈពេល ៣​ថ្ងៃ នា​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំ​២០១៧ បាន​កើនឡើង ៥.៩ភាគរយ បើ​ប្រៀបធៀប​ពេលវេលា​ដូចគ្នា​ឆ្នាំ​២០១៦។

ប្រធាន​មន្ទី​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា បាន​ឲ្យ​ដឹង​នៅ​ទី​៥ ខែ​វិច្ឆិកា ថា ចំនួន​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​កើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ នាឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះខែ ឆ្នាំ​២០១៧​នេះ។

លោក​បន្ត​ថា ឆ្នាំនេះ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​ការ​ចាប់អារម្មណ៍​តំបន់ឆ្នេរ នៅ​តាម​បណ្តា​កោះ​មួយចំនួន​រួម មាន ៖ ឆ្នេរ​នៅលើ​កោះរ៉ុង​សន្លឹម ឆ្នេរ​នៅលើ​កោះរ៉ុង មាន​ឆ្នេរ​កោះ​តូច ឆ្នេរ​ឡុងសិត ឆ្នេរ​សុខសាន្ត និង​ឆ្នេរ​ភ្លោះ កោះ​ឋានសួគ៌ នៃ​សង្កាត់​កោះរ៉ុង​ជាដើម។

លោក តាំង សុចិត្តគ្រឹះស្នា ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ចូលមក​កម្សាន្ត​នា​ខេត្ត​ព្រះសីហនុ រយៈពេល ៣​ថ្ងៃ ចាប់​ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែវិច្ឆិកា នៃ​ពិធី​បុណ្យអុំទូក សរុប​មាន​ចំនួន​ប្រមាណ ៨​ម៉ឺន ៥​ពាន់​នាក់ (៨៥០០០) បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ភ្ញៀវ​មាន​ចំនួន ៨​ម៉ឺន ២​រយ​នាក់ (៨០២០០) គឺ​បាន​កើនឡើង​ជិត ៦​ភាគរយ (៥.៩)។ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៧​ម៉ឺន​៤​ពាន់​នាក់ និង​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន​ប្រមាណ ១​ម៉ឺន ១​ពាន់​នាក់ (១១.០៥០) កើន​ប្រមាណ ១៤.៥​ភាគរយ។

លោក គ្រឹះស្នា បន្តទៀតថា ភ្ញៀវ​ទេសចរ​ដែល​ចេញទៅ​កម្សាន្ត តាម​បណ្តា​កោះមាន​ចំនួន​សរុប​ជិត ៦​ម៉ឺន​នាក់ (៥៩៨៨) ក្នុង​នោះ​ស្រី ២.៨៦០។

ចំណែក​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​រួមមាន​៖ រមណីយដ្ឋាន​ក្បាលឆាយ មាន​ភ្ញៀវ​សរុប .៨៣២​នាក់រមណីយដ្ឋាន​ថ្ម​រូង មាន​ភ្ញៀវ​ចំនួន ៧.៣០០រមណីយដ្ឋាន​ពិចនិច មាន​១.៧៨០នាក់

ទន្ទឹម​គ្នា​នេះ លោក តាំង សុចិត្រគ្រឹស្នា បាន​ឲ្យ​ដឹង​ថា ក៏​មាន​ភ្ញៀវទេសចរ​ភាគច្រើន ពិសេស​ភ្ញៀវ​ជាតិ បាន​ត្អូញត្អែរ​ចំពោះ​បញ្ហា​កំណត់​តម្លៃ​សេវា​ស្នាក់នៅ សេវា​ម្ហូបអាហារ​និង​សេវា​ជួល​តុ​អង្គុយ​នៅតាម​ឆ្នេរ​មួយចំនួន​ថា តម្លៃ​ខ្ពស់ និង​បញ្ហា​បរិស្ថាន​គ្មាន​អនាម័យ ដោយ​ការ​សាយភាយ នៃ​ក្លិន​សំរាម ដែល​ត្រូវ​បាន​គេ​បោះចោល​គ្មាន​សណ្ដាប់ធ្នាប់ នៅ​តាម​ផ្លូវ​សាធារណៈ ដោយ​ក្រុមហ៊ុន​ប្រមូល​សំរាម​មិនទាន់​គ្រប់គ្រង​បានល្អ​ទេ។ «សំឡេង»

ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​វិញ លោក ឧត្តមសេនីយ៍​ត្រី ហេង ប៊ុនទី មេ​បញ្ញា​ការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះសីហនុ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា បុណ្យអុំទូក​ឆ្នាំនេះ កម្លាំង​ជំនាញ​គ្រប់​ស្ថាប័ន បាន​សហការគ្នា​ការពារ​សន្តិសុខ​ជូន​ភ្ញៀវ​ជាតិ​អន្តរជាតិ ដែល​ចូល​មក​ទស្សនា ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ មាន​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ល្អ ដោយ​ពុំមាន​បទល្មើស ឬ​បាតុភាព​អ្វី​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល